នំម៉ាណាប្រចាំថ្ងៃ
សេចក្តី​ពិត​ដែល​អ្នក​អាច​ទុកចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

សេចក្តី​ពិត​ដែល​អ្នក​អាច​ទុកចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 7, 2026

«សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺជា​ព្រះបន្ទូល​របស់​ទ្រង់»។ យ៉ូហាន ១៧:១៧
វប្បធម៌​បែប​ហេតុផល​និយម និង​សម្ភារៈ​និយម នៅ​ក្រោយ​សម័យ​ភ្លឺ​ស្វាង​និយម បាន​ផ្តល់​ឲ្យ​នូវ​ដំណោះ​ស្រាយ​ប្លែកៗ សម្រាប់​សំណួរ និង​បញ្ហា​ធំៗ​បំផុត​របស់​មនុស្ស​។ គេ​ប្រាប់​យើង​ថា វិទ្យាសាស្ត្រ​បាន​វាយ​ជំនឿ​សាសនា​ឲ្យ​បាក់ស្បាត ហើយ​រាល់​ការ​និយាយ​អំពី​ព្រះ ឬ​ព្រះ​គម្ពីរប៊ីប ត្រូវ​បាន​គេ​បដិសេធ និង​ចាត់​ទុក​ជា​អបិយ​ជំនឿ​នៅ​សម័យ​មុន​ប៉ុណ្ណោះ​។ គេ​បាន​ចាត់​ទុក​ជំនឿ​គ្រីស្ទាន ជា​ការ​លោត​ចូល​ទៅ​ក្នុង​ភាព​ងងឹត ឬ​លោត​ចូល​ទៅ​ក្នុង​ភាព​ងងឹត​ងងុល​នៃ​បញ្ញា​។ 
ដូច​នេះ បញ្ហា​ប្រឈម​ធំ​បំផុត ចំពោះ​ជំនឿ​លើ​ព្រះគ្រីស្ទ គឺជា​ការ​សម្រេច​ចិត្ត​ថា យើង​នឹង​ជឿ​ព្រះបន្ទូល​របស់​ព្រះ ហើយ​មាន​ការ​ស្កប់​ចិត្ត​ចំពោះ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​ឬ​ទេ​។ ក្នុង​វប្បធម៌​របស់​យើង យូរៗ​ម្តង យើង​ចាំបាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា «តើ​ខ្ញុំ​ជឿ​ព្រះ​គម្ពីរប៊ីប​ទេ? តើ​ខ្ញុំ​ពិតជា​បាន​ប្រុង​ប្រៀប​ចិត្ត ដើម្បី​ជឿ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ដែរ​ឬ​ទេ?»
យើង​អាច​មាន​ទំនុក​ចិត្ត​លើ​សេចក្តី​បន្ទាល់​នៃ​ព្រះ​គម្ពីរប៊ីប ដោយសារ​ហេតុផល​គ្រប់​ប្រភេទ​។ យើង​អាច​ពិចារណា អំពី​ភាព​ស្មោះ​ត្រង់​មិន​អាច​ប្រកែក​បាន​នៃ​បទ​គម្ពីរ និង​ភាព​អាច​ទុកចិត្ត​បាន​ផ្នែក​ប្រវត្តិ​សាស្ត្រ ដែល​មាន​ការ​អះអាង​ជា​លម្អិត ឬ​សូម្បីតែ​របៀប​ដែល​ព្រះ​គម្ពីរប៊ីប​នាំ​ឲ្យ​មាន​សេចក្តី​ជំនឿ​ក្នុង​វប្បធម៌​ផ្សេង​គ្នា ជាង២ពាន់​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ មូល​ហេតុ​សំខាន់​បំផុត ដែល​យើង​ចុះ​ចូល​អំណាច​នៃ​ព្រះ​គម្ពីរប៊ីប គឺ​ដោយសារ​ការ​ចុះ​ចូល​នេះ ជា​លទ្ធផល​នៃ​ការ​ចុះ​ចូល​នឹង​ភាពជា​ព្រះអម្ចាស់​នៃ​ព្រះគ្រីស្ទ​។ នេះ​ជា​ហេតុផល​មួយ​ដែល​មាន​លក្ខណៈ​មូលដ្ឋាន​បំផុត ឬ​លើស​ពី​ការ​ការពារ​ផ្សេង​ទៀត​ដែល​យើង​អាច​រកបាន​។ ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​នៃ​យើង ទ្រង់​ជឿ​លើ​ព្រះ​គម្ពីរប៊ីប ដូច​នេះ យើង​ក៏​ត្រូវ​ជឿ​ផង​ដែរ​។ ព្រះអង្គ​ទទួល​ស្គាល់​អំណាច​នៃ​ព្រះបន្ទូល​ព្រះ ដូច​នេះ យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ផង​ដែរ​។
នៅ​ក្នុង​ការ​អធិស្ឋាន​របស់​ព្រះអង្គ ក្នុង​នាម​ជា​ស​ម្តេច​សង្ឃ នៅ​ពេលយប់​មុន​ពេល​ព្រះអង្គ​សុគត ព្រះ​អង្គ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​ថា «សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺជា​ព្រះបន្ទូល​របស់​ទ្រង់»។ គួរ​កត់​សំគាល់​ថា ព្រះអង្គ​មិន​បាន​ដាក់​លក្ខ​ខណ្ឌ នៅ​ត្រង់​ចំណុច​នេះ​ទេ​។ ព្រះអង្គ​មាន​បន្ទូល​ច្បាស់​ថា ព្រះបន្ទូល​របស់​ព្រះ គឺជា​សេចក្តី​ពិត​។ ហេតុ​នេះ​ហើយ សំណួរ​បន្ទាន់​ដែល​យើង​ត្រូវ​សួរ​នោះ​គឺ តើ​ខ្ញុំ​ជឿ​ព្រះយេស៊ូវ​ទេ? ហើយ​បើ​ខ្ញុំ​ជឿ​ព្រះយេស៊ូវ នោះ​ខ្ញុំ​ក៏​ជឿ​ពាក្យ​ដែល​ព្រះអង្គ​មាន​បន្ទូល​ចេញ​មក​ផង​ដែរ​។ ដូច​នេះ ខ្ញុំ​ទទួល​ស្គាល់​អ្វី​ដែល​ព្រះអង្គ​បាន​បង្រៀន អំពី​ព្រះ​គម្ពីរប៊ីប​។ ដូច​នេះ ខ្ញុំ​ឱប​ក្រសោប​យក​ព្រះ​គម្ពីរប៊ីប ដូច​ព្រះអង្គ​ដែរ​។
បើ​អ្នក​បាន​ភ្លក់ និង​ឃើញ​សេចក្តី​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នក​ត្រូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ថា នឹង​ឱប​ក្រសោប​យក​ព្រះបន្ទូល​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​។ ក្នុង​លោកិយ​របស់​យើង ដែល​មាន​ពេញ​ដោយ​ការ​ភាន់​ភាំង និង​ការ​ប៉ះ​ទង្គិច​គ្នា ក្រៅ​ពី​ព្រះ​គម្ពីរប៊ីប គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​ភាព​នឹងនរ​ឡើយ​។ ហេតុ​នេះ​ហើយ អ្នក​ខ្លះ​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ថា ការ​ឱប​ក្រសោប​ព្រះ​គម្ពីរប៊ីប គឺ​ស្មើ​នឹង​ការ​លោត​ចូល​ទៅ​ក្នុង​ភាព​ងងឹត​។ ប៉ុន្តែ តាម​ពិត ពេលណា​អ្នកអាន​ព្រះ​គម្ពីរប៊ីប ដោយ​ជំនឿ​ថា ព្រះ​គម្ពីរ​គឺជា​ព្រះបន្ទូល​ព្រះ ហើយ​ពាក្យ​គ្រប់​ម៉ាត់​សុទ្ធតែ​ពិត នោះ​អ្នក​នឹង​បាន​ដឹង​ថា ព្រះបន្ទូល​គឺជា​ចង្កៀង​បំភ្លឺ​ជើង និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​អ្នក(ទំនុក​ដំកើង ១១៩:១០៥)។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​ដំកើង ១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១៨-១៩ និង រ៉ូម ៧

ប្រភេទ