នំម៉ាណាប្រចាំថ្ងៃ
ភាព​ពិការ​ខាង​វិញ្ញាណ

ភាព​ពិការ​ខាង​វិញ្ញាណ

ដោយAlistair Begg

January 9, 2026

«វេទនា​ដល់ទី​ក្រុង​រឹង​ចចេស ហើយ​ស្មោកគ្រោក គឺ​ដល់ទី​ក្រុង​ដែល​សង្កត់សង្កិន​គេ វា​មិន​បាន​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ ហើយ​មិន​ទុក​ចិត្ត​ទ្រង់​សោះ ក៏​ឥត​ចូល​ទៅ​ជិត​ព្រះ​នៃ​ខ្លួន​ឡើយ»។ សេផានា ៣:១-២
អ្នកជឿ​ព្រះ​ខ្លះ​បាន​ដើរ​ទៅ​រក​ភាព​ពិការ​​ខាង​វិញ្ញាណ ដោយ​មិន​ដឹង​ខ្លួន​។ វា​មិនមែន​ជា​អ្វី​ដែល​យើង​បាន​ជ្រើសរើស​ទេ​។ គ្មាន​នរណា​ម្នាក់​ចង់​សម្រេច​ចិត្ត​ទទួលយក​ភាព​ជាប់​គាំង និង​ភាព​ពិការ​នោះ​ឡើយ​។ ប៉ុន្តែ មាន​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​រក​គ្រោះ​មហន្ត​រាយ​។ តើមាន​អ្វី​អាច​បណ្តាល​ឲ្យ​មាន​ភាព​ពិការ​ និង​អន្តរាយ​យ៉ាង​ដូច​នេះ ដល់​វិញ្ញាណ​មនុស្ស? 
ភាព​ពិការ​ដ៏​ហិនហោច​ដូច​នេះ ច្រើនតែ​បណ្តាល​មកពី​ការ​ស្តាប់​ឮ​ព្រះ​សូរសៀង​ព្រះ ក្នុង​ព្រះ​គម្ពីរប៊ីប ហើយ​មិន​បាន​ស្តាប់​បង្គាប់​ព្រះអង្គ​។ គឺ​មិន​ខុសពី​ការ​មើល​ឃើញ​ព្រះ​ភក្ត្រ​ព្រះអង្គ តាមរយៈ​ព្រះ​គម្ពីរប៊ីប តែ​សម្រេច​ចិត្ត​មិន​អើពើ​ចំពោះ​ព្រះអង្គ​។ ទង្វើ​នេះ​គឺជា​ការ​ប្រឈម​មុខ​ដាក់​សេចក្តី​ពិត​មកពី​ព្រះអាទិករ​របស់​អ្នក ហើយ​អះអាង​ថា អ្នក​ចេះ​ជាង​ព្រះអង្គ ក្នុង​នាម​អ្នក​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​។
នៅ​សម័យ​ហោរា​សេផានា ព្រះ​វិញ្ញាណ​របស់​ព្រះ​បាន​កែ​តម្រង់​រាស្រ្ត​របស់​ព្រះ ដោយ​ប្រើ​ពាក្យ «វេទនា​ហើយ» ជា​ការ​ព្រមាន អំពី​ការ​រស់នៅ​ជា​ឈ្លើយសឹក និង​ជាប់​ច្រវាក់​។ «ទីក្រុង​ដែល​ទទួលរង​ការ​កៀបសង្កត់» គឺជា​ទីក្រុង​យេរូសាឡិម គឺជា​ទីក្រុង​នៃ​រាស្រ្ត​របស់​ព្រះ​។ រឿង​ដែល​អាច​កើត​ឡើង​ចំពោះ​ទីក្រុង​យេរូសាឡិម ក្នុង​ន័យ​ខាង​សាច់ឈាម ក៏​នឹង​កើត​ឡើង​ចំពោះ​យើង ក្នុង​ន័យ​ខាង​វិញ្ញាណ​ផង​ដែរ បើសិន​ជា​យើង​បដិសេធន៍​មិន​ព្រម​ស្តាប់​ព្រះ​សូរសៀង​របស់​ព្រះ ហើយ​មិន​ទទួលយក​ការ​កែ​តម្រង់​ពី​ព្រះអង្គ​។ ព្រះពរ ជីវិត និង​កម្លាំង មិន​អាច​កើត​មាន នៅ​កន្លែង​ដែលគេ​មិន​អើពើ ឬ​មិន​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះអង្គ​ឡើយ​។
ដូច​នេះ ចូរ​យើង​សួរ​ខ្លួនឯង​នូវ​សំណួរ​ពិបាកៗ ជា​ជាង​សន្និដ្ឋាន​ថា ការ​ព្រមាន​ទាំង​អស់​នេះ សម្រាប់​តែ​អ្នក​ដទៃ​។ នេះ​ជា​ទង្វើ​ដ៏​ឆ្លាតវៃ​។ តើ​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​អ្នក អំពី​ទម្លាប់​នៃ​ការ​ប្រព្រឹត្ត​បាប ក្នុង​ជីវិត​អ្នក ដែល​អ្នក​បាន​សម្រេច​ចិត្ត​ថា នឹង​ប្រកាន់​ខ្ជាប់​តាម​ដោយ​មិន​លែង​ឬ​ទេ? តើ​ព្រះអង្គ​បាន​មាន​បន្ទូល​មក​កាន់​អ្នក អំពី​ការ​មាន​ទម្លាប់​ដ៏​បរិសុទ្ធ ដែល​អ្នក​គួរតែ​មាន ហើយ​តើ​អ្នក​ដឹង​ថា អ្នក​គួរតែ​បង្កើត​ទម្លាប់​នោះ តែ​អ្នក​មិន​ដែល​បាន​បង្កើត​ឬ? តើ​ព្រះអង្គ​បាន​មាន​បន្ទូល​មក​កាន់​អ្នក អំពី​ការ​ផ្សះផ្សា ដែល​ចាំបាច់​ត្រូវ​កើត​មាន ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​គ្រួសារ​ខាង​សាច់ឈាម ឬ​ក្នុង​គ្រួសារ​នៃ​ព្រះ​ឬ​ទេ? 
សូម​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះអង្គ​តែងតែ​ទទួល​ស្វាគមន៍​កូន​ព្រះអង្គ ដោយ​ព្រះ​ហស្ត​បើកចំហ ពេលណា​យើង​ងាក​ទៅ​រក​ព្រះអង្គ ហើយ​ស្តាប់​តាម​ព្រះ​សូរសៀង​របស់​ព្រះអង្គ​ឡើយ​វិញ​។ ដោយសារ​ព្រះគ្រីស្ទ​ «បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (១យ៉ូហាន ១:៩)។ ពេលណា​យើង​មាន​ការ​បន្ទាប​ខ្លួន​ដែល​ល្មម​នឹង​ឲ្យ​យើង​ស្តាប់​តាម​ព្រះ​សូរសៀង​របស់​ព្រះអង្គ ហើយ​ទុកចិត្ត​ព្រះអង្គ យើង​នឹង​បាន​អរសប្បាយ​នឹង​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ​ឡើង​វិញ​។ តើ​ព្រះវិញ្ញាណបរិសុទ្ធ​កំពុង​បណ្តាល​ចិត្ត​អ្នក​យ៉ាងណា​ខ្លះ ខណៈ​ពេល​ដែល​អ្នក​អាន​ខ​គម្ពីរ​នេះ នៅ​ថ្ងៃ​នេះ? ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​បំផុត សម្រាប់​ឲ្យ​យើង បោះ​ជំហាន​ចេញពី​ភាព​ពិការ​ខាង​វិញ្ញាណ ហើយ​ស្វែងរក​ព្រះគុណ ក្នុង​ព្រះ​ពាហុ​នៃ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ សេផានា ៣:១-១៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២៣-២៤ និង រ៉ូម ៨:២២-៣៩

ប្រភេទ