នំម៉ាណាប្រចាំថ្ងៃ
សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់

សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់

ដោយAlistair Begg

January 10, 2026

«អ្នក​រាល់​គ្នា​ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជាមួយនឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នកជឿ បែប​យ៉ាងណា​ដោយ​បរិសុទ្ធ សុ​ចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន ដូចជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​នីមួយ​ៗ ដូចជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន នឹង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ​ហើយ​ក្នុង​សិរី​ល្អ​របស់​ទ្រង់»។ ១ថែស្សាឡូនិច ២:១០-១២
យើង​ដឹង​ច្បាស់ ដោយ​ឥត​សង្ស័យ​ថា ការ​រស់នៅ និង​ការងារ​របស់​សាវ័ក​ប៉ុល បាន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ពិភពលោក​។ ប៉ុន្តែ តើ​មាន​អ្វី​បណ្តាល​ចិត្ត​គាត់ ហើយ​តាំង​គាត់​ឲ្យ​ជាប់​នៅ​ក្នុង​បេសកកម្ម​នោះ? 
សំបុត្រ​ទីមួយ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ នៅ​ទីក្រុង​ថែស្សាឡូនីច បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​យល់​ដឹង​ដ៏​ប្រសើរ អំពី​កត្តា​អ្វី​ខ្លះ ដែល​បាន​បណ្តាល​ចិត្ត​គាត់​។ គាត់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ច្បាស់​លាស់ ចំពោះ​សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់​មក​លើ​សេចក្តី​ពិត​នៃ​ព្រះបន្ទូល​ព្រះ និង​រាស្រ្ត​របស់​ព្រះអង្គ​។ កត្តា​ទាំង​ពីរ​នេះ​បាន​គួប​ផ្សំ​គ្នា និង​បាន​ជំរុញ​ឲ្យ​ការងារ​គាត់​បន្ត​ដំណើរ​ការ​ទៅមុខ​។ សាវ័ក​ប៉ុល​បាន​ដឹង​ថា ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ពីរ​ប្រភេទ​នេះ មិន​អាច​មាន​ទម្ងន់​ធ្ងន់​ជាង​គ្នា​បាន​ឡើយ ពុំ​នោះ​ទេ ការខាតបង់​ដ៏​ធំ​នឹង​កើត​មាន​មិនខាន​។ សេចក្តី​ពិត ដោយ​គ្មាន​សេចក្តី​ស្រឡាញ់​នាំ​ឲ្យ​មាន​ភាព​តឹង​រឹង ដែល​អាច​បណ្តាល​ឲ្យ​មនុស្ស​ធ្វើ​ការងារ​បម្រើ​ព្រះ ដើម្បី​ផល​ចំណេញ​ផ្ទាល់​ខ្លួន​។ សេចក្តី​ស្រឡាញ់​ដែល​គ្មាន​សេចក្តី​ពិត មិន​មាន​ការ​ចាក់​ឫស​បាន​រឹងមាំ ហើយ​បណ្តាល​ឲ្យ​មាន​ការងារ​បម្រើ​ព្រះ ដែល​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ដំណឹង​ល្អ​។ 
សាវ័ក​ប៉ុល​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ឥទ្ធិពល ទ្រព្យ​សម្បត្តិ ឬ​ប្រជាប្រិយ​ភាព​ឡើយ​។ គាត់​គ្រាន់​តែ​ចង់​ឃើញ​បង​ប្អូន​រួម​ជំនឿ​របស់​គាត់ «ដើរ​តាម​របៀប​ដែល​សក្តិ​សមនឹង​ព្រះអម្ចាស់»។ គាត់​ពិតជា​ចង់​ឃើញ​ពួកគេ​មាន​ភាព​ពេញវ័យ​ខាង​វិញ្ញាណ​។ ក្នុង​គំនិត និង​សំណេរ​របស់​សាវ័ក​ប៉ុល ការ​ដើរ​ដែល​សក្តិ​សមនឹង​ព្រះ គឺ​មានន័យថា យើង​រស់នៅ ដោយ​ការ​ដឹង​ថា ព្រះអង្គ​បាន​ទទួល​ចិញ្ចឹម​យើង​ក្នុង​នគរ​របស់​ព្រះអង្គ ដោយសារ​ព្រះគុណ​។ យើង​មិន​អាច​កសាង​នគរ​ណា​ផ្សេង​ទៀត​ឡើយ​។ យើង​មិន​ត្រូវ​ព្យាយាម​បង្កើត​អាណាចក្រ​ណាមួយ សម្រាប់​ខ្លួនឯង ឬ​សម្រាប់​ពួក​ជំនុំ ឬ​ក៏​សម្រាប់​ការងារ​បម្រើ​ព្រះ​របស់​យើង​ទេ ហើយក៏​មិន​ត្រូវ​ផ្ដោត​ទៅលើ​ភាព​ជោគជ័យ ឬ​ប្រជាប្រិយ​ភាព​ដែរ​។ យើង​ត្រូវ​មាន​ចិត្ត​ដែល​ចង់​មើល​ឃើញ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ព្រះគ្រីស្ទ ក្នុង​ជីវិត​របស់​យើង និង​បុរស​ស្ត្រី​នៅ​ជុំ​វិញ​យើង ជា​ការ​ប្ដេជ្ញា​ចិត្ត​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត និង​ការ​រស់នៅ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជាជាង​ស្មោះ​ស្ម័គ្រ​ចំពោះ​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​។ 
លោក ​យ៉ូហាន បាទីស្ទ បាន​ធ្វើ​ជា​គំរូ​នៃ​ការ​បន្ទាប​ខ្លួន នៅពេល​ដែល​គាត់​ប្រកាស អំពី​ព្រះគ្រីស្ទ​ថា «ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ»(យ៉ូហាន ៣:៣០)។ គាត់​ដឹង​ថា គាត់​គ្រាន់តែ​ជា​អ្នក​បម្រើ​ព្រះអម្ចាស់ បាន​ទទួល​តែ​អ្វី​ដែល «បាន​ប្រទាន​ពី​ស្ថាន​សួគ៌​មក​ឲ្យ​ប៉ុណ្ណោះ»(ខ.២៧)។ មិត្តសំឡាញ់​របស់​កូន​កំឡោះ ដែល​បាន​ជួយ​រៀបចំ​ពិធី​មង្គល​ការ មិន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មក​លើ​ខ្លួន​គាត់ ឬ​ចង់​បាន​កូន​ក្រមុំ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ គាត់​អរ​សប្បាយ ពេល​ដែល​បាន​ឃើញ​កូន​កំឡោះ​អរ​សប្បាយ​។ ដូច​គ្នា​នេះ​ដែរ យើង​ក៏​ត្រូវ​មាន​ក្តី​អំណរ​ដ៏​ពោរ​ពេញ ដោយ​ដឹង​ថា ព្រះគ្រីស្ទ​កំពុង​តាម​រក និង​សង្គ្រោះ​កូន​ក្រមុំ​របស់​ទ្រង់ ដែល​ជា​ពួក​ជំនុំ ទោះ​ព្រះអង្គ​ប្រើ​យើង តាម​របៀប​ដែល​គេ​កត់​សំគាល់​យើង​ឬ​អត់​ក៏ដោយ​។
នៅពេល​ដែល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត ឬ​ឆ្លើយតប​ចំពោះ​ការ​អន់ថយ ឬ​ក៏​យក​អសារ​អ្នក​ដទៃ ឬមួយ​ធ្វើ​ការ​បម្រើ​ព្រះ តើ​អ្នក​មាន​បំណង​ចិត្ត​ដែល​គ្រាន់តែ​ចង់ «ដើរ​តាម​របៀប​ដែល​សក្តិ​សមនឹង​ព្រះអម្ចាស់» ឬ​ទេ? តើ​អ្នក​ចង់​ធ្វើ​ជា​មនុស្ស​ដែល​មាន​សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់​ឬ​ទេ? ស៊ូ​ឲ្យ​គេ​និយាយ​អំពី​អ្នក ដូច​ដែលគេ​និយាយ​អំពី​សាវ័ក​ប៉ុល​ថា អ្នក​ស្រឡាញ់​សេចក្តី​ពិត​របស់​ព្រះ ហើយ​អ្នក​ពិតជា​ស្រឡាញ់​រាស្រ្ត​របស់​ព្រះ​។


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៤:១-៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២៥-២៦ និង រ៉ូម ៩:១-១៥

ប្រភេទ