នំម៉ាណាប្រចាំថ្ងៃ
ទទួល​ស្គាល់​ដែន​កំណត់​របស់​យើង

ទទួល​ស្គាល់​ដែន​កំណត់​របស់​យើង

ដោយAlistair Begg

January 12, 2026

«កាល​យើង​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ... នោះ​យើង​បាន​យល់​ពី​ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែងរក​ឲ្យ​ដឹងពី​អស់​ទាំង​ការ ដែល​កើត​មាននៅ​ក្រោម​ថ្ងៃ​មិន​បាន»។ សា​ស្តា ៨:១៦-១៧
យើង​រាល់​គ្នា​សុទ្ធតែ​ចង់​បាន​ចម្លើយ​។ យើង​ស្រេក​ឃ្លាន​ចង់​បាន​ភាព​ច្បាស់​លាស់ ក្នុង​ជីវិត​ដែល​មាន​ភាព​មិន​ច្បាស់​លាស់​ គ្មាន​ទី​បញ្ចប់ ហើយ​ជា​ពិសេស នៅពេល​ដែល​យើង​មាន​អារម្មណ៍​ថា លោកិយ ឬ​កាលៈទេសៈ​របស់​យើង​មាន​ភាព​វឹកវរ​។ ចូរ​យើង​គ្រាន់តែ​គិត​អំពី​អ្នក​ជំនាញ​ទាំង​អស់ ដែល​យើង​បាន​ស្វែងរក​ការ​ណែនាំ​ពី​ពួកគេ ដែល​មាន​ដូចជា អ្នក​ជំនាញ​ផ្នែក​សុខាភិបាល អ្នក​ជំនាញ​ខាង​សង្គម អ្នក​ជំនាញ​ផ្នែក​នយោបាយ ។​ល​។ ប៉ុន្តែ ទោះ​សម័យ​របស់​យើង​មាន​ចំនួន​អ្នក​ជំនាញ​ច្រើន​ជាង​សម័យ​មុនៗ​ក៏ដោយ ក៏​ដំណើរ​ស្វែងរក​ភាព​ច្បាស់​លាស់ នៅតែ​មិន​ខុសពី​សម័យ​មុន​ទេ​។ ក្នុង​សម័យ​ណា​ក៏ដោយ មនុស្ស​ជាតិ​បាន​ស្វែងរក​គំរូ ឬ​ហេតុផល ដើម្បី​ឲ្យ​ពួកគេ​អាច​យល់​អំពី​ព្រឹត្តិការណ៍​ធំៗ​ក្នុង​ប្រវត្តិ​សាស្ត្រ និង​រឿង​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ពួកគេ​។
កណ្ឌ​គម្ពីរ​សា​ស្តា​បាន​ចែង​អំពី​ការ​ស្វែងរក​ភាព​ច្បាស់​លាស់ នៅ​សម័យ​បុរាណ​។ អ្នក​និពន្ធ​នៃ​កណ្ឌ​គម្ពីរ​សា​ស្តា បាន​ចែក​ចាយ​ដល់​យើង អំពី​ការ​ដែល​គាត់​ព្យាយាម​យល់ «គ្រប់​ទាំង​អស់​ដែល​កើត​មាននៅ​ក្រោម​មេឃ» ដោយ «ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចំកួត នឹង​សេចក្ដី​ផ្ដេសផ្ដាស»(សា​ស្តា ១:១៣,១៧)។ តែ​នៅ​ទី​បញ្ចប់ គាត់​បាន​សន្និដ្ឋាន​ថា «មនុស្ស​នឹង​ស្វែងរក​ឲ្យ​ដឹងពី​អស់​ទាំង​ការ ដែល​កើត​មាននៅ​ក្រោម​ថ្ងៃ​មិន​បាន»។ មនុស្ស​ភាគ​ច្រើន​អាច​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ងាយ​ស្រួល​ថា យើង​រាល់​គ្នា​សុទ្ធតែ​ត្រូវ​ការ​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​រស់នៅ និង​សង្កេត​មើល​លោកិយ​នៅ​ជុំ​វិញ​យើង​។ យើង​អាច​ឆ្លើយតប​ចំពោះ​សេចក្តី​ពិត​នេះ ដោយ​ប្រាជ្ញា ដោយ​បន្ទាប​ខ្លួន​យើង ហើយ​រស់នៅ ដោយ​ពន្លឺ​នៃ​ព្រះបន្ទូល​ព្រះ​។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា យើង​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​យើង​ដឹង អំពី​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ចង់​ដឹង តែ​ព្រះអង្គ​បាន​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ​។ ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ គឺជា​ការ​ទទួល​ស្គាល់ និង​ថែម​ទាំង​ឱប​ក្រសោប​យក​ដែន​កំណត់​នេះ​។
បើ​យើង​ត្រូវ​មើលទៅ​សកម្មភាព និង​គោល​បំណង​ទាំង​អស់​របស់​ព្រះអង្គ ឲ្យ​បាន​មួយរយ​ភាគរយ នោះ​គឺ​មិន​ខុសពី​ការ​សម្លឹង​មើល​ព្រះ​អា​ទិត្យ​ឲ្យ​ចំ ដោយ​ភ្នែក​ទទេ​នោះ​ឡើយ​។ ពន្លឺ​សម្រាប់​ឲ្យ​យើង​រស់នៅ​តាម បាន​បើក​បង្ហាញ​នៅ​ក្នុង​ព្រះ​គម្ពីរប៊ីប​ហើយ​។ ព្រះបន្ទូល​ព្រះ​បំភ្លឺ​ផ្លូវ​របស់​យើង «ការ​បើក​សំដែង​ព្រះបន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់»(ទំនុក​ដំកើង ១១៩:១៣០)។ ពន្លឺ​នោះ​អាច​នឹង​មិន​បំភ្លឺ​បរិវេណ​ជុំ​វិញ​យើង តែ​ប្រាកដ​ជា​បំភ្លឺ​ផ្លូវ​នៅ​ពីមុខ​យើង បើសិន​ជា​យើង​ដើរ ដោយ​ការ​ទុកចិត្ត និង​ស្តាប់​បង្គាប់​។
ជាជាង​ធ្វើ​ឲ្យ​ខ្លួន​យើង​រវល់​នឹង​អ្វី​ដែល​មិន​អាច​យល់​បាន យើង​ចាំបាច់​ត្រូវ​ចូល​ទៅ​រក​ព្រះ​គម្ពីរប៊ីប ដោយ​ការ​បន្ទាប​ខ្លួន ដោយ​ចិត្ត​រំពឹង និង​ភាព​ខ្ជាប់ខ្ជួន ដើម្បី​ឲ្យ​យើង​អាច​រក​ឃើញ​ពន្លឺ ដែល​ព្រះ​គម្ពីរ​ផ្តល់​ឲ្យ​យើង​។ យើង​មិន​អាច​យល់​អំពី​ជីវិត​បាន​ទាំងស្រុង​ទេ តែ​យើង​អាច​យល់​អំពី​វា​បាន​គ្រប់​គ្រាន់ ហើយ​ច្រៀង​ជា​មួយ​លោក ​វីលៀម ខោភ័រ(William Cowper)ថា:
នៅ​ក្នុង​ជម្រៅ​នៃ​ប្រាជ្ញា ដែល​យើង​មិន​អាច​យល់​បាន
ព្រះអង្គ​បាន​រក្សា​ទុក​ផែនការ​ដ៏​រុងរឿង​របស់​ទ្រង់
ហើយ​ធ្វើ​តាម​បំណង​ព្រះទ័យ ដែល​មាន​អំណាច​គ្រប់​គ្រង​ទាំងស្រុង​។ 6
ទស្សនៈ​អំពី​ជីវិត នៅ​ក្រោម​កម្តៅ​ថ្ងៃ ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​សា​ស្តា ជួយ​ឲ្យ​យើង​ទុកចិត្ត​កាន់តែ​ខ្លាំង​ថា បំណង​ព្រះទ័យ​ទ្រង់ និង​នាំមក​នូវ​សណ្ដាប់ធ្នាប់ ​តាម​ពេល​វេលា និង​ផ្លូវ​របស់​ទ្រង់ គឺ​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ការ​អ្វី​ដែល​ហាក់​ដូចជា​ភាន់​ច្រឡំ ។ ព្រះអង្គ​នឹង​ប្រើ​កាលៈទេសៈ​ទាំង​អស់​របស់​យើង ដើម្បី​សម្រេច​បំណង​ព្រះទ័យ ដែល​ទ្រង់​មាន​សម្រាប់​មនុស្ស​ទាំង​អស់ អស់​កល្ប​ជានិច្ច​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ សា​ស្តា ៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ២៩-៣០ និង រ៉ូម ១០
 

ប្រភេទ