នំម៉ាណាប្រចាំថ្ងៃ
ការ​ប្រកាស​ជំនឿ​ដែល​មាន​ចំណាស់​បំផុត

ការ​ប្រកាស​ជំនឿ​ដែល​មាន​ចំណាស់​បំផុត

ដោយAlistair Begg

January 13, 2026

«ដើម្បី​កាល​ណា​ឮ​ព្រះ​នាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន​សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ សំរាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា»។ ភីលីព ២:១០-១១
ចាប់​តាំង​ពីដើម​ដំបូង​មក ពួក​ជំនុំ​បាន​ឈរ​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ​នៃ​ព្រះបន្ទូល​ព្រះ ដោយ​មើល​ទៅ​រចនា​សម្ព័ន្ធ​នៃ​គោល​ជំនឿ និង​សេចក្តី​ថ្លែង​ការ​នៃ​សេចក្តី​ជំនឿ ដើម្បី​សង្ខេប​គោល​លទ្ធិ​ស្នូល​នៃ​ជំនឿ​គ្រីស្ទាន ដោយ​ចិត្ត​ស្មោះ​ត្រង់​។ អ្នក​ប្រហែល​ជា​បាន​សូត្រ​គោល​ជំនឿ​របស់​ពួក​សាវ័ក ឬ​គោល​ជំនឿ​របស់​ក្រុម​ប្រឹក្សា​ណៃសៀ ឬ​អ្នក​ប្រហែល​ជា​បាន​ប្រើ​សេចក្តី​ថ្លែង​នៃ​ជំនឿ​របស់​វេសមីនស្ទ័រ ជា​ជំនួយ​ក្នុង​ការ​ស្វែង​យល់​របស់​អ្នក អំពី​ចំណុច​ណាមួយ​នៃ​គោលលទ្ធិ​។
លក្ខណៈ​ប្រវត្តិសាស្ត្រ​នៃ​គោល​ជំនឿ និង​សេចក្តី​ថ្លែង​នៃ​ជំនឿ​ទាំង​នេះ បាន​បង្ហាញ​ឲ្យ​យើង​ដឹង អំពី​របៀប​ដែល​ជំនឿ​គ្រីស្ទបរិស័ទ បាន​បន្ត​ឈរជើង អស់​ជា​ច្រើន​ជំនាន់​។ ឧទាហរណ៍ គោល​ជំនឿ​របស់​ក្រុម​ប្រឹក្សា​ណៃសៀ​មាន​ដើម​កំណើត​ចាប់​តាំងពី​ឆ្នាំ៣២៥ គ.ស ជា​ពេល​ដែល​ក្រុម​ប្រឹក្សា​នៅ​ទីក្រុង​ណៃសៀ​បាន​កំណត់​យក​គោល​ជំនឿ​នេះ​ជា​លើក​ដំបូង​។ 
៧០០​ឆ្នាំ គឺ​ជា​រយៈ​ពេល​ដ៏​យូរ! ប៉ុន្តែ លំនាំ​នៃ​ការ​ប្រកាស​សេចក្តី​ជំនឿ​នេះ មិន​មាន​ចំណាស់​ជាងគេ​នោះ​ទេ ព្រោះ​មាន​ការ​ប្រកាស​សេចក្តី​ជំនឿ​ដែល​មាន​អាយុ​កាល​ចាស់​ជាង​នេះ​ទៀត គឺ​តាំង​ពីដើម​ដំបូង​នៃ​កំណើត​ពួក​ជំនុំ​។ ការ​ប្រកាស​ជំនឿ​នោះ មានតែ៣ពាក្យ​ប៉ុណ្ណោះ​គឺ ព្រះយេស៊ូវ​គឺជា​ព្រះអម្ចាស់​។
យើង​អាច​ឃើញ​ការ​ប្រកាស​សេចក្តី​ជំនឿ​មាន​ចំណាស់​បំផុត ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំងមូល ក្នុង​បទ​គម្ពីរ​ដែល​មាន​ដូចជា រ៉ូម ១០:៩ ១កូរិនថូស ១២:៣ និង ភីលីព ២:‌១១​។ ក្នុង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការ​ដូច​នេះ គ្រីស្ទបរិស័ទ​សម័យ​ដើម បាន​ថ្លែង​អំពី​អត្ត​សញ្ញាណ​របស់​ព្រះយេស៊ូវ យ៉ាង​ស៊ី​ជម្រៅ​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះ​នាម​ទ្រង់ ដោយ​ប្រើ​អក្សរ​ហេព្រើតែ៤អក្សរ​ប៉ុណ្ណោះ ដែល​គេ​បាន​បកប្រែ​ជា​ពាក្យ YHWH ក្នុង​ភាសា​អង់គ្លេស ដែល​អ្នក​ខ្លះ​បាន​អាន​ថា «យ៉ាវេហ៍» ឬ «យេហូវ៉ា»។ ព្រះ​នាម​នេះ ក៏​មាន​ការ​ប្រែ​សម្រួល​មក​ជា​ពាក្យ ព្រះអម្ចាស់​។ នៅពេល​ដែល​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ជា​ភាសា​ហេព្រើរ ត្រូវ​បាន​បក​ប្រែ​ជា​ភាសាក្រិក ពាក្យ យ៉ាវេហ៍ ជាង៦ពាន់ដង ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទាំងមូល ត្រូវ​បាន​កែ​សម្រួល​មក​ជា​ពាក្យ ព្រះអម្ចាស់ ជា​ភាសា​ក្រិក​អាន​ថា kurios ។ ដូច​នេះ ការ​ប្រកាស​ថា «ព្រះយេស៊ូវ​គឺជា​ព្រះអម្ចាស់» គឺ​មិន​គ្រាន់តែ​ជា​ការ​ហៅ​ព្រះគ្រីស្ទ​ថា ម្ចាស់ ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បញ្ជាក់​ថា ព្រះ​អង្គ​ជា​ព្រះ​យ៉ាង​ពេញលេញ និង​ទាំងស្រុង​។ 
អ្នក​ខ្លះ​បាន​ព្យាយាម​ប្រកែក​ថា ព្រះ​គម្ពីរ​សញ្ញា​ថ្មី មិន​ពិតជា​បាន​បញ្ជាក់​អត្ត​សញ្ញាណ​ព្រះ​យេស៊ូវ​ថា​ជា​ព្រះ ប៉ុន្តែ ពួកគេ​មិន​អាច​បដិសេធ​សេចក្តី​ពិត​បានទេ​។ ការ​ប្រកាស​ថា ព្រះអង្គ​គឺជា​ព្រះអម្ចាស់ គឺជា​ការ​ហៅ​ព្រះ​អង្គ​ថា ព្រះយេហូវ៉ា យ៉ាង​ច្បាស់​ណាស់​។ ព្រះអង្គ​មិន​គ្រាន់តែ​ជា​គ្រូ​បង្រៀន ឬ​អ្នក​ប្រោស​ជំងឺ ឬ​អ្នក​ធ្វើ​ការ​អស្ចារ្យ តែ​ក៏​ជា​ព្រះ ដែល​បាន​យក​កំណើត​ជា​មនុស្ស​។ ការ​ប្រកាស​ដែល​មាន​ចំណាស់​ជាងគេ​នេះ បាន​ទាមទារ​ឲ្យ​យើង​មាន​ការ​ជញ្ជឹង​គិតថា តើ​ខ្ញុំ​ពិតជា​បាន​ប្រកាស ដោយ​ដាក់​ជីវិត ក៏​ដូចជា​ដោយ​បបូរ​មាត់​ខ្ញុំ​ថា ព្រះយេស៊ូវ​ជា​ព្រះ​អម្ចាស់​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​បាន​ជឿ​ថា ព្រះអង្គ​មាន​សិទ្ធិ​កាន់​កាប់​ជីវិត​ខ្ញុំ​ទាំងស្រុង និង​តម្រូវ​ឲ្យ​ខ្ញុំ​មាន​ភាព​ស្មោះ​ស្ម័គ្រ និង​ការ​ស្តាប់​បង្គាប់​ឬ​ទេ? តើ​ខ្ញុំ​ពិតជា​ទទួល​ស្គាល់​ថា ព្រះអង្គ​ជ្រាប​ច្បាស់​ជាង​ខ្ញុំ ហើយ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​លះបង់​ថ្វាយ​ព្រះអង្គ ដោយ​មិន​សំចៃ​ទុក​អ្វី​សោះ​ឬ​ទេ? 
ដូច​នេះ ពាក្យ «ព្រះយេស៊ូវ​គឺជា​ព្រះអម្ចាស់» មិនមែន​ជា​ពាក្យ​ច្រំ​ដែល​នោះ​ទេ តែ​ក៏​មិនមែន​ជា​ពាក្យ​ដែល​គួរ​ឲ្យ​ខ្លាច​ដែរ​។ ព្រោះ​ព្រះអម្ចាស់​មាន​ព្រះទ័យ​សប្បុរស និង​ល្អ ទ្រង់ «មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស និង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ»(និក្ខមនំ ៣៤:៦)។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ គឺ​មានន័យថា ព្រះអង្គ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង មុន​ពេល​ព្រះ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌​។ ដោយសារ​ព្រះអង្គ​គឺជា​ព្រះអម្ចាស់ នោះ​ព្រះអង្គ​តែងតែ​អាច​បង្គាប់​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​លះបង់ ហើយ​ដោយសារ​ព្រះអង្គ​ស្រឡាញ់​អ្នក នោះ​អ្នក​តែងតែ​អាច​ថ្វាយ​បង្គំ​ព្រះអង្គ ដោយ​អំណរ​។ 
ដូច​នេះ តើ​អ្នក​នឹង​ប្រកាស​អំពី​អ្វី​នៅ​ថ្ងៃ​នេះ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ និក្ខមនំ ៣៤:១-១០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៣១-៣២ និង រ៉ូម ១១:១-១៨

ប្រភេទ