នំម៉ាណាប្រចាំថ្ងៃ
លែង​នឹក​ចាំ​ព្រះអម្ចាស់

លែង​នឹក​ចាំ​ព្រះអម្ចាស់

ដោយAlistair Begg

January 14, 2026

«ដូច្នេះ​ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឈរនឹង​នៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រំឭក​អ្នក​រាល់​គ្នា​បន្តិច នៅ​ចំពោះ​ព្រះយេហូវ៉ា ពី​គ្រប់​ទាំង​ការ​សុចរិត ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​។ គឺ​កាល​យ៉ាកុប​បាន​ចូល​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ពួក​ឰយុកោ​នៃ​អ្នក​រាល់​គ្នា​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា នោះ​ទ្រង់​ក៏​ចាត់​ម៉ូសេ​នឹង​អើរ៉ុន​ឲ្យ​ទៅ​នាំ​ពួក​ឰយុកោ នៃ​អ្នក​រាល់​គ្នា​ចេញ ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​ឲ្យ​គេ​មាន​ទីលំនៅ​នៅ​ទីនេះ​។ ប៉ុន្តែ​គេ​បាន​ភ្លេច​ចោល​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​គេ​វិញ»។ ១សាំយូអែល ១២:៧-៩
បញ្ហា​ជា​ច្រើន​កើត​មាន នៅពេល​ដែល​យើង​ភ្លេច​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង​។
កាល​ហោរា​សាំយូអែល​គិត​ឃើញថា គាត់​ជិត​ដល់​ចុង​បញ្ចប់​នៃ​ការងារ​របស់​គាត់​ជា​ហោរា ហើយ​ត្រៀម​ខ្លួន​ចាក​ចេញពី​ពួក​អ៊ីស្រាអែល គាត់​ចង់​ឲ្យ​ពួកគេ​នឹក​ចាំ​ថា ព្រះ​ទ្រង់​ល្អ​ក្រៃ​លែង​ចំពោះ​ពួកគេ​។ (តែ​ក្រោយមក គាត់​មាន​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត សម្រាប់​ធ្វើ​ការ​បម្រើ​ព្រះ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​គាត់ ឲ្យ​ទៅ​ព្រមាន និង​ប្រកាស​ការ​ជំនុំ​ជម្រះ​មក​លើ​ស្តេច​សូល)។ ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះគុណ និង​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​ម្តង​ហើយ​ម្តង​ទៀត ហើយ​ទោះ​ពួកគេ​បាន​ទទួល​ការ​ដាស់តឿន​ជា​ច្រើន​ដង​ថា «ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង»(ចោទិយកថា ៨:១១) ក៏​ពួក​គេ​នៅ​តែ​បែរ​ខ្នង​ដាក់​ព្រះអង្គ ដោយ​បង្ហាញ​ភាព​សាវ៉ា​របស់​ពួកគេ​។ តាម​ពិត ក្នុង​ជំនាន់​របស់​ពួក​ចៅហ្វាយ ដែល​លោក ​សាំយូអែល​គឺជា​ពួក​ចៅហ្វាយ​ចុង​ក្រោយ ពួក​អ៊ីស្រាអែល​បាន «ភ្លេច​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ» ហើយក៏​បាន​បម្រើ​ព្រះ​ក្លែងក្លាយ​វិញ(ពួក​ចៅហ្វាយ ៣:៧)។
ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គ្រូ​នៃ​កណ្ឌ​គម្ពីរ​សា​ស្តា ក៏​បាន​សរសេរ​ថា «ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង»(សា​ស្តា ១២:‌១)។ ការ​ថ្លែង​ដូច​នេះ គឺ​មាន​ន័យ​លើស​ពី​ការ​នឹក​ចាំ​ថា មាន​ព្រះអាទិករ​មួយ​អង្គ ដែល​បង្កើត​របស់​សព្វ​សារពើ​មក​។ បាន​សេចក្តី​ថា យើង​ត្រូវ​ពឹង​ផ្អែកលើ «សេចក្តី​ល្អ» របស់​ព្រះ​។ ពួក​អ៊ីស្រាអែល​មិន​បាន​នឹក​ចាំ​ព្រះអង្គ ហើយ​តាម​ពិត ពួកគេ​បាន​សម្រេច​ចិត្ត​បំភ្លេច​ព្រះអង្គ ព្រោះ​ពួក​គេ​ធុញ​ទ្រាន់​នឹង​ការ​ពិចារណា​អំពី​សេចក្តី​បរិសុទ្ធ និង​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​។ ហើយ​ហោរា​សាំយូអែល​ក៏បាន​ប្រាប់​ពួក​គេ​ថា ពួកគេ​មិន​បាន​គិត​អំពី​ព្រះអង្គ​ទេ!
ទោះ​ពួក​បណ្តាជន​បាន​បោះបង់ចោល​ព្រះអង្គ ហើយ​ភ្លេច​កិច្ច​ការ​ដ៏​សុ​ចរិត​របស់​ព្រះអង្គ​ក៏ដោយ ក៏​ព្រះអង្គ​នៅតែ​មិន​បាន​បោះបង់ចោល​ពួកគេ​។ ជានិច្ច​ជា​កាល ដោយ​សេចក្តី​មេត្តា ព្រះអង្គ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះ​អង្គ​សុចរិត នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​រាស្រ្ត​របស់​ទ្រង់ និង​មាន​ព្រះគុណ ក្នុង​ការ​ជួយ​សង្គ្រោះ ហើយ​មាន​ព្រះទ័យ​អត់​ធ្មត់ ជាមួយ​រាស្រ្ត​របស់​ទ្រង់​។
យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ឆាប់​វិនិច្ឆ័យ​ពួក​អ៊ីស្រាអែល ដោយ​ឥត​ត្រា​ប្រណី​ឡើយ​។ ព្រះអង្គ​ប្រកបដោយ​ព្រះគុណ​ចំពោះ​យើង​ជា​បរិបូរ​ផង​ដែរ ហើយ​ពេល​ខ្លះ យើង​ក៏បាន​សម្រេច​ចិត្ត​បំភ្លេច​ព្រះអង្គ​។ ពេលណា​យើង​វង្វេង​ចេញពី​ផ្លូវ​ចង្អៀត ពេលណា​យើង​ព្យាយាម​រអិល​ចេញពី​ការ​គ្រប់​គ្រង​របស់​ក្សត្រ​ដ៏​មាន​ចេស្ដា​របស់​យើង នោះ​មានន័យថា យើង​មិន​បាន​ចាំ​ថា ព្រះ​ទ្រង់​ជា​នរណា និង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង ពោល​គឺ​ភ្លេច​ថា ព្រះ​អង្គ​បាន​កប់​យើង​ជា​មួយ​ព្រះអង្គ នៅ​ក្នុង​ពិធី​ជ្រមុជ​ទឹក ហើយ​ប្រោស​ឲ្យ​យើង​ងើប​ឡើង​ពី​ទឹក ឲ្យ​ដើរ​ក្នុង​ជីវិត​ថ្មី(រ៉ូម ៦:៤)។ 
បើ​អ្នក​នៅ​ជាប់​ក្នុង​ព្រះគ្រីស្ទ អ្នក​មិនមែន​ជា​ខ្លួន​អ្នក​កាលពី​មុន​ទេ​។ អ្នក​បាន​ក្លាយ​ជា​សមាជិក​នៃ​រាស្រ្ត​មួយ​ដែល​នឹង​រស់​ជា​រៀង​រហូត​។ ដូច​នេះ ពេលណា​អ្នក​ជួប​ការ​ល្បួង ចូរ​ឈប់​បង្អង់​សិន ដើម្បី​នឹក​ចាំ​អំពី​ព្រះអាទិករ​របស់​អ្នក​។ ចូរ​ពិចារណា​អំពី​សេចក្តី​ល្អ និង​សេចក្តី​បរិសុទ្ធ​របស់​ព្រះ ទាំង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ និង​ការ​ដក​ពិសោធន៍​របស់​អ្នក ហើយ​អរ​ព្រះគុណ​ព្រះអង្គ ដែល​មាន​ក្តី​មេត្តា​បរិបូរ ក្នុង​ការ​ប្រឈម​មុខ​ដោះ​ស្រាយ​ជាមួយ​អ្នក​។ ចូរ​កុំ​ភ្លេច​ឲ្យសោះ​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ពួក​ចៅហ្វាយ ៣:៧-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៣៣-៣៥ និង រ៉ូម ១១:១៩-៣៦

ប្រភេទ