
លែងនឹកចាំព្រះអម្ចាស់
ដោយAlistair Begg
January 14, 2026
«ដូច្នេះឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាឈរនឹងនៅ ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិច នៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងការសុចរិត ដែលទ្រង់បានប្រព្រឹត្តនឹងអ្នករាល់គ្នា ហើយនឹងពួកឰយុកោអ្នករាល់គ្នា។ គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ ហើយពួកឰយុកោនៃអ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ចាត់ម៉ូសេនឹងអើរ៉ុនឲ្យទៅនាំពួកឰយុកោ នៃអ្នករាល់គ្នាចេញ ពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ។ ប៉ុន្តែគេបានភ្លេចចោលព្រះយេហូវ៉ាជាព្រះនៃគេវិញ»។ ១សាំយូអែល ១២:៧-៩
បញ្ហាជាច្រើនកើតមាន នៅពេលដែលយើងភ្លេចការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង។
កាលហោរាសាំយូអែលគិតឃើញថា គាត់ជិតដល់ចុងបញ្ចប់នៃការងាររបស់គាត់ជាហោរា ហើយត្រៀមខ្លួនចាកចេញពីពួកអ៊ីស្រាអែល គាត់ចង់ឲ្យពួកគេនឹកចាំថា ព្រះទ្រង់ល្អក្រៃលែងចំពោះពួកគេ។ (តែក្រោយមក គាត់មានពេលជាច្រើនឆ្នាំទៀត សម្រាប់ធ្វើការបម្រើព្រះ គឺដូចដែលព្រះទ្រង់បានត្រាស់ហៅគាត់ ឲ្យទៅព្រមាន និងប្រកាសការជំនុំជម្រះមកលើស្តេចសូល)។ ព្រះទ្រង់បានបើកបង្ហាញព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះអង្គម្តងហើយម្តងទៀត ហើយទោះពួកគេបានទទួលការដាស់តឿនជាច្រើនដងថា «ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯង»(ចោទិយកថា ៨:១១) ក៏ពួកគេនៅតែបែរខ្នងដាក់ព្រះអង្គ ដោយបង្ហាញភាពសាវ៉ារបស់ពួកគេ។ តាមពិត ក្នុងជំនាន់របស់ពួកចៅហ្វាយ ដែលលោក សាំយូអែលគឺជាពួកចៅហ្វាយចុងក្រោយ ពួកអ៊ីស្រាអែលបាន «ភ្លេចព្រះអម្ចាស់ជាព្រះរបស់ពួកគេ» ហើយក៏បានបម្រើព្រះក្លែងក្លាយវិញ(ពួកចៅហ្វាយ ៣:៧)។
ប៉ុន្មានឆ្នាំក្រោយមក គ្រូនៃកណ្ឌគម្ពីរសាស្តា ក៏បានសរសេរថា «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»(សាស្តា ១២:១)។ ការថ្លែងដូចនេះ គឺមានន័យលើសពីការនឹកចាំថា មានព្រះអាទិករមួយអង្គ ដែលបង្កើតរបស់សព្វសារពើមក។ បានសេចក្តីថា យើងត្រូវពឹងផ្អែកលើ «សេចក្តីល្អ» របស់ព្រះ។ ពួកអ៊ីស្រាអែលមិនបាននឹកចាំព្រះអង្គ ហើយតាមពិត ពួកគេបានសម្រេចចិត្តបំភ្លេចព្រះអង្គ ព្រោះពួកគេធុញទ្រាន់នឹងការពិចារណាអំពីសេចក្តីបរិសុទ្ធ និងព្រះចេស្ដារបស់ព្រះអង្គ។ ហើយហោរាសាំយូអែលក៏បានប្រាប់ពួកគេថា ពួកគេមិនបានគិតអំពីព្រះអង្គទេ!
ទោះពួកបណ្តាជនបានបោះបង់ចោលព្រះអង្គ ហើយភ្លេចកិច្ចការដ៏សុចរិតរបស់ព្រះអង្គក៏ដោយ ក៏ព្រះអង្គនៅតែមិនបានបោះបង់ចោលពួកគេ។ ជានិច្ចជាកាល ដោយសេចក្តីមេត្តា ព្រះអង្គបង្ហាញឲ្យគេដឹងថា ព្រះអង្គសុចរិត នៅក្នុងការប្រឈមមុខដាក់រាស្រ្តរបស់ទ្រង់ និងមានព្រះគុណ ក្នុងការជួយសង្គ្រោះ ហើយមានព្រះទ័យអត់ធ្មត់ ជាមួយរាស្រ្តរបស់ទ្រង់។
យើងត្រូវមានការប្រុងប្រយ័ត្ន មិនត្រូវឆាប់វិនិច្ឆ័យពួកអ៊ីស្រាអែល ដោយឥតត្រាប្រណីឡើយ។ ព្រះអង្គប្រកបដោយព្រះគុណចំពោះយើងជាបរិបូរផងដែរ ហើយពេលខ្លះ យើងក៏បានសម្រេចចិត្តបំភ្លេចព្រះអង្គ។ ពេលណាយើងវង្វេងចេញពីផ្លូវចង្អៀត ពេលណាយើងព្យាយាមរអិលចេញពីការគ្រប់គ្រងរបស់ក្សត្រដ៏មានចេស្ដារបស់យើង នោះមានន័យថា យើងមិនបានចាំថា ព្រះទ្រង់ជានរណា និងបានធ្វើអ្វីខ្លះសម្រាប់យើង ពោលគឺភ្លេចថា ព្រះអង្គបានកប់យើងជាមួយព្រះអង្គ នៅក្នុងពិធីជ្រមុជទឹក ហើយប្រោសឲ្យយើងងើបឡើងពីទឹក ឲ្យដើរក្នុងជីវិតថ្មី(រ៉ូម ៦:៤)។
បើអ្នកនៅជាប់ក្នុងព្រះគ្រីស្ទ អ្នកមិនមែនជាខ្លួនអ្នកកាលពីមុនទេ។ អ្នកបានក្លាយជាសមាជិកនៃរាស្រ្តមួយដែលនឹងរស់ជារៀងរហូត។ ដូចនេះ ពេលណាអ្នកជួបការល្បួង ចូរឈប់បង្អង់សិន ដើម្បីនឹកចាំអំពីព្រះអាទិកររបស់អ្នក។ ចូរពិចារណាអំពីសេចក្តីល្អ និងសេចក្តីបរិសុទ្ធរបស់ព្រះ ទាំងនៅក្នុងប្រវត្តិសាស្ត្រ និងការដកពិសោធន៍របស់អ្នក ហើយអរព្រះគុណព្រះអង្គ ដែលមានក្តីមេត្តាបរិបូរ ក្នុងការប្រឈមមុខដោះស្រាយជាមួយអ្នក។ ចូរកុំភ្លេចឲ្យសោះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ពួកចៅហ្វាយ ៣:៧-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ៣៣-៣៥ និង រ៉ូម ១១:១៩-៣៦