នំម៉ាណាប្រចាំថ្ងៃ
ហេតុ​អ្វី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​សំខាន់?

ហេតុ​អ្វី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​សំខាន់?

ដោយAlistair Begg

January 16, 2026

«ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជាមុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដីអត់ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយសារ​គម្ពីរ»។ រ៉ូម ១៥:៤
យើង​អាច​យល់​អំពី​សារៈសំខាន់​នៃ​ព្រះបន្ទូល​ព្រះ សម្រាប់​ជីវិត​យើង តែ​ក្នុង​ជម្រៅ​ចិត្ត​យើង យើង​ក៏​អាច​ឆ្ងល់​ថា ហេតុ​អ្វី​យើង​គួរតែ​សិក្សា​អំពី​រឿង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​។ តើ​មនុស្ស​ក្នុង​សម័យ​ទំនើប​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ ពី​ការ​សិក្សា​រឿង​ទាំង​នោះ? ហេតុ​អ្វី​យើង​មិន​ផ្ដោត​ទៅលើ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​រឿង​ដែល​និយាយ​អំពី​ការ​អ្វី​ដែល​ព្រះយេស៊ូវ និង​សាវ័ក​របស់​ទ្រង់​បាន​ធ្វើ និង​បាន​មាន​បន្ទូល?
ចម្លើយ​នោះ​គឺ : រឿង​នីមួយៗ គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​​សម័យ​បុរាណ ដែល​មាន​សារៈសំខាន់ មិន​គ្រាន់តែ​សម្រាប់​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរប៊ីប ឬ​សម្រាប់​ប្រទេស​អ៊ីស្រាអែល តែ​ក៏​សម្រាប់​យើង​ផង​ដែរ ហើយ​ជា​ការ​ពិត​ណាស់ គឺ​សំខាន់​សម្រាប់​ពិភពលោក​ទាំងមូល! ការ​អះអាង​ដូច​នេះ ស្តាប់​មើលទៅ​ហាក់​ដូច​និយាយ​ពន្លើស​។ ប៉ុន្តែ បើ​យើង​រៀន​ព្រះ​គម្ពីរប៊ីប ដោយ​មាន​ការ​ចាក់ចុច​ចិត្ត​ណាមួយ ក្នុង​គំនិត យើង​នឹង​ចាប់​ផ្តើម​យល់ ហើយ​ជឿ ដូច​ដែល​សាវ័ក​ប៉ុល​បាន​ជឿ​ច្បាស់​ថា កណ្ឌ​គម្ពីរ​សញ្ញា​ចាស់​ត្រូវ​បាន​និពន្ធ​មក សម្រាប់​យើង ដើម្បី​បង្រៀន ហើយក៏​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម​។
ការ​ចាក់ចុច​ចិត្ត​ទីមួយ ធ្វើ​ឲ្យ​យើង​ដឹង​ថា រឿង​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរប៊ីប​មាន​ការ​រួបរួម​គ្នា ចាប់​តាំង​ពី​រឿង​នៃ​ការ​បង្កើត ក្នុង​កណ្ឌ​លោកុប្បត្ដិ រហូត​ដល់​រឿង​នៃ​ការ​បង្កើត​ជា​ថ្មី​ក្នុង​កណ្ឌ​វិវរណៈ​។ នៅ​ចន្លោះ​រឿង​ទាំង​ពីរ​នេះ គឺ​មាន​ការ​កត់​ត្រា​អំពី​ការ​ធ្លាក់​ចូល​អំពើបាប​របស់​មនុស្ស​ជាតិ ភាព​វឹកវរ និង​ភាព​ប្រេះ​បែក​នៃ​ចក្រវាល ដែល​កើត​ចេញពី​ការ​ធ្លាក់​ចូល​នោះ​។ តាមរយៈ​រឿង​ទាំង​អស់​នោះ យើង​រក​ឃើញ​រឿង​នៃ​ការ​ប្រោស​លោះ ផែនការ និង​គោលបំណង​របស់​ព្រះ ក្នុង​ការ​ប្រមូល​រាស្រ្ត​របស់​ព្រះអង្គ​។ យើង​ចាំ​បាច់​ត្រូវ​អាន​រឿង​នោះ​ទាំងមូល ពីដើម​ដល់​ចប់​។
ការ​ចាក់ចុច​ចិត្ត​ទីពីរ ក្នុង​ការ​ដឹកនាំ​ការ​សិក្សា​ព្រះបន្ទូល​ព្រះ គឺ​បាន​ធ្វើ​ឲ្យ​យើង​ដឹង​ថា ការ​រួបរួម​ក្នុង​ព្រះ​គម្ពីរប៊ីប​នេះ មិន​គ្រាន់តែ​ដោយសារ​ព្រះ​គម្ពីរប៊ីប​គឺជា​ការ​ប្រមូល​ផ្តុំ​ឯកសារ​ខាង​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោយសារ​ព្រះ​គម្ពីរ​ប៊ីប​ផ្ទុក​ទៅ​ដោយ​ព្រះបន្ទូល​ព្រះ ដែល​មនុស្ស​បាន​សរសេរ «ដោយសារ​ព្រះវិញ្ញាណបរិសុទ្ធ​ទ្រង់​បណ្ដាល»(២ពេត្រុស ១:២១)។ យើង​ចាំ​បាច់​ត្រូវ​អាន​ព្រះបន្ទូល​ទាំង​អស់ ដែល​ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​ប្រាប់​យើង​។ 
ទីបី មាន​ការ​ចាក់ចុច ឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​គម្ពីរប៊ីប ដើម្បី​យល់​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ ប្រវត្តិ​សាស្ត្រ​ដ៏​តូច​របស់​យើង​ម្នាក់ៗ និង​ទី​កន្លែង​របស់​យើង​ក្នុង​ប្រវត្តិ​សាស្ត្រ​។ យើង​មិន​អាច​យល់​រឿង​ជា​ច្រើន​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ជីវិត​យើង និង​នៅ​ជុំ​វិញ​យើង​បាន​ឡើយ បើ​យើង​មិន​យល់​អំពី​និស្ស័យ​សាច់ឈាម​របស់​មនុស្ស និង​អំណាច​គ្រប់​គ្រង​របស់​ព្រះ ដែល​កំពុង​ធ្វើ​ការ ដូច​ដែល​បាន​បើក​សម្ដែង​ក្នុង​ព្រះ​គម្ពីរប៊ីប​ទេ​នោះ។
ទី​បួន យើង​មាន​ការ​ចាក់​ចុច​ថា ព្រះ​គម្ពីរប៊ីប​រាប់​បញ្ចូល​ទាំង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​កណ្ឌ​គម្ពីរ​និយាយ​អំពី​ព្រះយេស៊ូវ​។ បើ​យើង​ងាក​​ចេញ​ពី​ព្រះយេស៊ូវ យើង​មិន​គ្រាន់តែ​វង្វេង​ផ្លូវ​ក្នុង​ចក្រវាល​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​វង្វេង​ផ្លូវ ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរប៊ីប​ផង​ដែរ​។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​ចង្អុល​បង្ហាញ​យើង​ទៅ​រក​ព្រះគ្រីស្ទ និង​រៀបចំ​ខ្លួន​យើង​សម្រាប់​ព្រះគ្រីស្ទ ហើយ​បង្ហាញ​រូប​ភាព​ព្រះគ្រីស្ទ​ដល់​យើង​។ សំណួរ​មួយ​ដែល​យើង​គួរតែ​សួរ​ខ្លួនឯង​ជា​និច្ច​នោះ​គឺ «តើ​សេចក្តី​ដែល​បាន​ចែង​ទាំង​នេះ​ បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ដំណឹង​ល្អ​អំពី​ព្រះគ្រីស្ទ​ដូច​ម្តេច​ខ្លះ?»
នៅពេល​ដែល​ការ​ចាក់ចុច​ចិត្ត​នេះ​បាន​ជាប់​ក្នុង​គំនិត​យើង ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ចាស់ យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​គម្ពីរ​សញ្ញា​ចាស់​គឺជា​សេចក្តី​បង្រៀន​។ មិន​តែ​ប៉ុណ្ណោះ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ផ្តល់​ឲ្យ​យើង​នូវ​ក្តី​សង្ឃឹម តាមរយៈ​ការ​បើក​បង្ហាញ​អំពី​ព្រះ​អង្គ​សង្គ្រោះ​។ កាលណា​យើង​អាន​ផ្នែក​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ជា​កណ្ឌ​គម្ពីរ​ដែល​ព្រះអង្គ​បាន​និពន្ធ​អំពី​ព្រះរាជបុត្រា តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​ក៏​មាន​ការ​កើន​ឡើង នូវ​ក្តី​សង្ឃឹម ការ​យល់​ដឹង និង​ការ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ធីម៉ូថេ ៣:១២-១៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៣៩-៤០ និង រ៉ូម ១៣

ប្រភេទ