នំម៉ាណាប្រចាំថ្ងៃ
នៅ​មាន​វគ្គ​បន្ត...

នៅ​មាន​វគ្គ​បន្ត...

ដោយAlistair Begg

January 17, 2026

«...ទាំង​ប្រកា​ស​ប្រាប់​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្ដី ពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នកណា​ឃាត់​ឃាំង​ឡើយ» កិច្ចការ ២៨:៣១
កាល​ខ្ញុំ​កំពុង​ចម្រើន​វ័យ​ធំឡើង ខ្ញុំ​បាន​មើល​កម្មវិធី​ទូរទស្សន៍ ដោយ​ទំនុក​ចិត្ត​ថា កម្មវិធី​ផ្សាយ​ទាំង​អស់​នោះ​នឹង​ឈាន​ទៅ​ការ​បញ្ចប់ ដែល​ត្រូវ​ពេល និង​សម​ហេតុផល​។ ទោះ​នោះ​ជា​កម្មវិធី​ផ្សាយ Bonanza ឬ The Dick Van Dyke Show, ឬក៏ Perry Mason ក្តី ខ្ញុំ​អាច​ដឹង​ច្បាស់​ថា កម្មវិធី​នោះ​នឹង​មាន​ការ​បញ្ចប់​ដ៏​ត្រឹម​ត្រូវ​។ កម្មវិធី​ផ្សាយ​ដែល​មិន​ល្អ មិន​បាន​បញ្ចប់​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​កញ្ចក់​ទូរទស្សន៍ យើង​ឃើញ​ពាក្យ «សូម​រង់​ចាំ​ទស្សនា​វគ្គ​បន្ត...»។ ស្រដៀង​គ្នា​នេះ​ដែរ រឿង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ក៏​មាន​សាច់​រឿង​ដែល​មិន​ទាន់​បាន​បញ្ចប់ បានជា​យើង​អាច​ដឹង​ថា រឿង​ទាំងមូល​នៅ​មាន​វគ្គ​បន្ត​ទៀត​។ 
លោក ​លូកា បាន​និពន្ធ​កណ្ឌ​គម្ពីរ​កិច្ចការ ដោយ​មិន​បាន​ផ្ដោត​ទៅលើ​​ប្រវត្តិ​របស់​សាវ័ក​ប៉ុល​នោះ​ទេ​។ ប៉ុន្តែ គាត់​កំពុង​បង្ហាញ​ឲ្យ​គេ​ដឹង អំពី​ព្រះ​ចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​បាន​ធ្វើ​ការ​ក្នុង​ការ​ផ្សាយ​ព្រះបន្ទូល​ព្រះ ក្នុង​លោកិយ តាមរយៈ​បុគ្គល​ជា​ច្រើន ក្នុង​រឿង​ដែល​កំពុង​បើក​បង្ហាញ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​។ គាត់​មិន​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន ឲ្យ​បញ្ចប់​សាច់​រឿង​នោះ​ដោយ​ខ្លួនឯង​នោះ​ទេ តែ​បាន​អញ្ជើញ​ពួកគេ ឲ្យ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​រឿង​ដែល​កំពុង​បន្ត​ទៅមុខ​។
ពាក្យ​ចុង​ក្រោយ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​ជា​ភាសាក្រិក គឺ​ពាក្យ អាខូលីតូស(akolytos) ដែល​មានន័យថា «មិន​មាន​អ្វី​អាច​បង្អាក់​បាន»។ ពាក្យ​នេះ​មាន​ភាព​ស៊ីសង្វាក់​គ្នា​នឹង​សំណេរ​របស់​សាវ័ក​ប៉ុល ក្នុង​អំឡុង​ពេល​គាត់​ជាប់គុក​ជា​លើកទី២ ដែល​បញ្ជាក់​ថា «ខ្ញុំ​រង​ទុក្ខ ទាំង​ជាប់​ចំណង​ដូចជា​មនុស្ស​អាក្រក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ប៉ុន្តែ ព្រះបន្ទូល​មិន​បាន​ជាប់​ចំណង​ទេ»(២ធីម៉ូថេ ២:៩)។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា កណ្ឌ​គម្ពីរ​កិច្ចការ​បាន​បញ្ចប់ តែ​សកម្មភាព​នៅតែ​បន្ត​។ កណ្ឌ​គម្ពីរ​កិច្ចការ បាន​ចាប់​ផ្តើម​ការ​និយាយ​អំពី​ព្រះ​រាជ​កិច្ច​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​បាន​ធ្វើការ​តាមរយៈ​ពួក​ជំនុំ​ទ្រង់ ដែល​បាន​ពង្រីក​មកដល់​សង្គម និង​សម័យ​កាល​របស់​យើង​។
តាម​ពិត រឿង​ដែល​បាន​បើក​បង្ហាញ​អំពី​ការ​ប្រោស​លោះ​បាប ដែល​យើង​រក​ឃើញ​ខ្លួន​យើង​ក្នុង​រឿង​នោះ បាន​ចាប់​ផ្តើម​មុន​កណ្ឌ​គម្ពីរ​កិច្ចការ​ជំពូក១ តាំងពី​យូរ​មក​ហើយ​។ យើង​បាន​ឃើញ​រឿង​នេះ​ជា​លើក​ដំបូង នៅពេល​ដែល​ព្រះ​ទ្រង់​សន្យា​លោក ​អ័ដាម និង​នាង  ​អេវ៉ា ថា សមាជិក​គ្រួសារ​របស់​ពួកគេ​ម្នាក់​នឹង​ជាន់​ក្បាល​សាតាំង ហើយ​ស្អាង​ឡើង​វិញ នូវ​អ្វី​ដែល​បាប​បាន​បំផ្លាញ(លោកុប្បត្ដិ ៣:‌១៥)។ យើង​ក៏​ឃើញ​រឿង​មួយ​ទៀត ដែល​ក្នុង​នោះ ព្រះអង្គ​ប្រាប់​លោក ​អ័ប្រាហាំ​ថា «គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង»(២២:‌១៨)។ ជានិច្ច​ជា​កាល ផែនការ​របស់​ព្រះវរបិតា គឺ​ដើម្បី​ប្រទាន​ប្រជា​ជាតិ​ទាំងឡាយ​ដល់​ព្រះរាជបុត្រា ធ្វើ​ជា​មរតក(ទំនុក​ដំកើង ២:៨)។ ព្រះបន្ទូល​សន្យា​ជា​ចម្បង​នេះ គឺ​បាន​សរុប​ព្រះបន្ទូល​សន្យា​ទាំង​អស់ ហើយ​មាន​ភាព​សក្តិ​សមនឹង​ឲ្យ​យើង​រស់នៅ ឬ​ថែម​ទាំង​ស្លាប់​ដើម្បី​ព្រះបន្ទូល​សន្យា​នេះ​។
ជីវិត​របស់​អ្នក​បាន​កត់ទុក​ក្នុង​រឿង​ដ៏​អស្ចារ្យ​នេះ​។ ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ការ​ដោយ​ព្រះ​ចេស្ដា ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ នៅតែ​បន្ត​ធ្វើ​កិច្ចការ​របស់​ទ្រង់ ក្នុង​ពេល​សព្វថ្ងៃ​។ ការ​បន្ត​ផ្សាយ​ដំណឹង​ល្អ​ថា ព្រះ​យេស៊ូវ​គឺជា​ក្សត្រ​ដែល​បាន​សន្យា​តាំងពី​យូរ​មក​ហើយ​ថា ទ្រង់​នឹង​យាង​មក និង​ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​យើង​ត្រូវ​ការ មិន​បាន​បញ្ចប់​នៅពេល​ដែល​សាវ័ក​ប៉ុល​ទៅ​ទីក្រុង​រ៉ូម ឬ​នៅពេល​ដែល​ដំណឹង​ល្អ​បាន​មកដល់​ទ្វារ​ផ្ទះ​របស់​អ្នក​ឡើយ​។ ព្រះ​ទ្រង់​នៅតែ​បន្ត​ចែក​ចាយ​ដំណឹង​ល្អ ហើយ​នៅតែ​ត្រាស់ហៅ​រាស្រ្ត​ទ្រង់​ឲ្យ​ផ្សាយ​ដំណឹង​ល្អ ដោយ​គ្មាន​បញ្ឈប់​បាន​ឡើយ​។ ទោះ​អ្នក​លះបង់​ជីវិត​អ្នក ដើម្បី​ផ្សាយ​ដំណឹង​ល្អ ក្នុង​នាម​ជា​បេសកជន​នៅ​ក្រៅ​ប្រទេស ឬ​អ្នក​ស្វែងរក​ឱកាស​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​នាំ​គ្រួសារ មិត្ត​ភក្តិ មិត្ត​រួម​ការងារ និង​អ្នក​ជិត​ខាង​ឲ្យ​ស្គាល់​ព្រះ​អង្គ​ក្តី ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ចូល​រួម​នៅ​ក្នុង​រឿង​សំខាន់​បំផុត​នៅ​គ្រប់​សម័យ​កាល​ទាំង​អស់ ដែល​នឹង​ត្រូវ​ប្រាប់ អស់​កល្ប​ជានិច្ច​។ បើ​អ្នក​មិន​ចង់​ឲ្យ​ជីវិត​អ្នក​មាន​ការ​កត់ទុក​ក្នុង​រឿង​ដ៏​អស្ចារ្យ​នេះ ដែល​មិន​ទាន់​បាន​បញ្ចប់ តើ​អ្នក​ចង់​ប្រើ​ជីវិត​អ្នក​ធ្វើ​អ្វី​វិញ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​ដំកើង ២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៤១-៤២ និង រ៉ូម ១៤

ប្រភេទ