
ហេតុអ្វីព្រះគម្ពីរសញ្ញាចាស់សំខាន់?
ដោយAlistair Begg
January 16, 2026
«ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ»។ រ៉ូម ១៥:៤
យើងអាចយល់អំពីសារៈសំខាន់នៃព្រះបន្ទូលព្រះ សម្រាប់ជីវិតយើង តែក្នុងជម្រៅចិត្តយើង យើងក៏អាចឆ្ងល់ថា ហេតុអ្វីយើងគួរតែសិក្សាអំពីរឿងក្នុងព្រះគម្ពីរសញ្ញាចាស់។ តើមនុស្សក្នុងសម័យទំនើបអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពីការសិក្សារឿងទាំងនោះ? ហេតុអ្វីយើងមិនផ្ដោតទៅលើព្រះគម្ពីរសញ្ញាថ្មី និងរឿងដែលនិយាយអំពីការអ្វីដែលព្រះយេស៊ូវ និងសាវ័ករបស់ទ្រង់បានធ្វើ និងបានមានបន្ទូល?
ចម្លើយនោះគឺ : រឿងនីមួយៗ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រសម័យបុរាណ ដែលមានសារៈសំខាន់ មិនគ្រាន់តែសម្រាប់តួអង្គក្នុងព្រះគម្ពីរប៊ីប ឬសម្រាប់ប្រទេសអ៊ីស្រាអែល តែក៏សម្រាប់យើងផងដែរ ហើយជាការពិតណាស់ គឺសំខាន់សម្រាប់ពិភពលោកទាំងមូល! ការអះអាងដូចនេះ ស្តាប់មើលទៅហាក់ដូចនិយាយពន្លើស។ ប៉ុន្តែ បើយើងរៀនព្រះគម្ពីរប៊ីប ដោយមានការចាក់ចុចចិត្តណាមួយ ក្នុងគំនិត យើងនឹងចាប់ផ្តើមយល់ ហើយជឿ ដូចដែលសាវ័កប៉ុលបានជឿច្បាស់ថា កណ្ឌគម្ពីរសញ្ញាចាស់ត្រូវបាននិពន្ធមក សម្រាប់យើង ដើម្បីបង្រៀន ហើយក៏បានផ្តល់ឲ្យយើងនូវក្តីសង្ឃឹម។
ការចាក់ចុចចិត្តទីមួយ ធ្វើឲ្យយើងដឹងថា រឿងទាំងអស់ក្នុងព្រះគម្ពីរប៊ីបមានការរួបរួមគ្នា ចាប់តាំងពីរឿងនៃការបង្កើត ក្នុងកណ្ឌលោកុប្បត្ដិ រហូតដល់រឿងនៃការបង្កើតជាថ្មីក្នុងកណ្ឌវិវរណៈ។ នៅចន្លោះរឿងទាំងពីរនេះ គឺមានការកត់ត្រាអំពីការធ្លាក់ចូលអំពើបាបរបស់មនុស្សជាតិ ភាពវឹកវរ និងភាពប្រេះបែកនៃចក្រវាល ដែលកើតចេញពីការធ្លាក់ចូលនោះ។ តាមរយៈរឿងទាំងអស់នោះ យើងរកឃើញរឿងនៃការប្រោសលោះ ផែនការ និងគោលបំណងរបស់ព្រះ ក្នុងការប្រមូលរាស្រ្តរបស់ព្រះអង្គ។ យើងចាំបាច់ត្រូវអានរឿងនោះទាំងមូល ពីដើមដល់ចប់។
ការចាក់ចុចចិត្តទីពីរ ក្នុងការដឹកនាំការសិក្សាព្រះបន្ទូលព្រះ គឺបានធ្វើឲ្យយើងដឹងថា ការរួបរួមក្នុងព្រះគម្ពីរប៊ីបនេះ មិនគ្រាន់តែដោយសារព្រះគម្ពីរប៊ីបគឺជាការប្រមូលផ្តុំឯកសារខាងជំនឿសាសនាប៉ុណ្ណោះទេ តែក៏ដោយសារព្រះគម្ពីរប៊ីបផ្ទុកទៅដោយព្រះបន្ទូលព្រះ ដែលមនុស្សបានសរសេរ «ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាល»(២ពេត្រុស ១:២១)។ យើងចាំបាច់ត្រូវអានព្រះបន្ទូលទាំងអស់ ដែលព្រះអង្គបានសម្រេចព្រះទ័យប្រាប់យើង។
ទីបី មានការចាក់ចុច ឲ្យយើងដឹងថា យើងត្រូវការព្រះគម្ពីរប៊ីប ដើម្បីយល់ប្រវត្តិសាស្ត្រមនុស្សជាតិ ប្រវត្តិសាស្ត្រដ៏តូចរបស់យើងម្នាក់ៗ និងទីកន្លែងរបស់យើងក្នុងប្រវត្តិសាស្ត្រ។ យើងមិនអាចយល់រឿងជាច្រើនដែលបានកើតឡើងនៅក្នុងជីវិតយើង និងនៅជុំវិញយើងបានឡើយ បើយើងមិនយល់អំពីនិស្ស័យសាច់ឈាមរបស់មនុស្ស និងអំណាចគ្រប់គ្រងរបស់ព្រះ ដែលកំពុងធ្វើការ ដូចដែលបានបើកសម្ដែងក្នុងព្រះគម្ពីរប៊ីបទេនោះ។
ទីបួន យើងមានការចាក់ចុចថា ព្រះគម្ពីរប៊ីបរាប់បញ្ចូលទាំងព្រះគម្ពីរសញ្ញាចាស់ គឺជាកណ្ឌគម្ពីរនិយាយអំពីព្រះយេស៊ូវ។ បើយើងងាកចេញពីព្រះយេស៊ូវ យើងមិនគ្រាន់តែវង្វេងផ្លូវក្នុងចក្រវាលប៉ុណ្ណោះទេ តែយើងក៏វង្វេងផ្លូវ ក្នុងការសិក្សាព្រះគម្ពីរប៊ីបផងដែរ។ ព្រះគម្ពីរសញ្ញាចាស់ចង្អុលបង្ហាញយើងទៅរកព្រះគ្រីស្ទ និងរៀបចំខ្លួនយើងសម្រាប់ព្រះគ្រីស្ទ ហើយបង្ហាញរូបភាពព្រះគ្រីស្ទដល់យើង។ សំណួរមួយដែលយើងគួរតែសួរខ្លួនឯងជានិច្ចនោះគឺ «តើសេចក្តីដែលបានចែងទាំងនេះ បានបង្ហាញឲ្យខ្ញុំឃើញដំណឹងល្អអំពីព្រះគ្រីស្ទដូចម្តេចខ្លះ?»
នៅពេលដែលការចាក់ចុចចិត្តនេះបានជាប់ក្នុងគំនិតយើង ក្នុងការសិក្សាព្រះគម្ពីរសញ្ញាចាស់ យើងអាចមានទំនុកចិត្តថា ព្រះគម្ពីរសញ្ញាចាស់គឺជាសេចក្តីបង្រៀន។ មិនតែប៉ុណ្ណោះ ព្រះគម្ពីរសញ្ញាចាស់បានផ្តល់ឲ្យយើងនូវក្តីសង្ឃឹម តាមរយៈការបើកបង្ហាញអំពីព្រះអង្គសង្គ្រោះ។ កាលណាយើងអានផ្នែកជាច្រើនក្នុងព្រះគម្ពីរសញ្ញាចាស់ ជាកណ្ឌគម្ពីរដែលព្រះអង្គបាននិពន្ធអំពីព្រះរាជបុត្រា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នោះយើងក៏មានការកើនឡើង នូវក្តីសង្ឃឹម ការយល់ដឹង និងការមានលក្ខណៈដូចព្រះអង្គសង្គ្រោះនៃយើង។
ព្រះគម្ពីរសញ្ជឹងគិត៖ ២ធីម៉ូថេ ៣:១២-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ៣៩-៤០ និង រ៉ូម ១៣