នំម៉ាណាប្រចាំថ្ងៃ
គំនិត​យោបល់ និង​ការ​កម្សាន្ត​ចិត្ត​ដ៏​ជាប់​លាប់

គំនិត​យោបល់ និង​ការ​កម្សាន្ត​ចិត្ត​ដ៏​ជាប់​លាប់

ដោយAlistair Begg

January 19, 2026

«ទូល​បង្គំ​នឹង​សរសើរ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូល​បង្គំ អើ ចិត្ត​ក៏​បង្គាប់​ដល់​ទូល​បង្គំ​នៅ​វេលា​យប់​ដែរ»។ ទំនុក​ដំកើង ១៦:៧
មនុស្ស​ភាគ​ច្រើន​ទទួល​ការ​ប្រឹក្សា​យោបល់​ជាប់​ជានិច្ច គឺ​ហាក់​ដូចជា នៅ​គ្រប់​ទី​កន្លែងណា​ដែល​ពួកគេ​ទៅដល់​។ មនុស្ស​ម្នាក់ៗ សៀវភៅ​នីមួយៗ ក៏​ដូច​ជា​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម កំពុងតែ​ព្យាយាម​និយាយ​ប្រាប់​យើង អំពី​ការ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​មាន​ភាព​ពេញលេញ​ជាង​មុន​។ ខ្ញុំ​សង្ឃឹមថា ព័ត៌មាន​ខ្លះ​ដែល​បាន​ចូល​ក្នុង​ជីវិត​យើង មាន​លក្ខណៈ​គោរព​កោត​ខ្លាច​ព្រះ និង​សម​ស្រប​នឹង​ព្រះ​គម្ពីរប៊ីប​។ បើ​យើង​និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ យើង​អាច​រស់នៅ ដោយ​មិន​ទទួល​ព័ត៌មាន​ផ្សេង​ទៀត​ក៏បាន​។
ប៉ុន្តែ ចុះ​បើសិន​ជា​យើង​មិន​ទទួល​សម្រង់​សម្ដី​ខ្លីៗ និង​ប្រើ​បណ្ដាញ​សង្គម​ទាំង​នោះ តែ​យើង​អាច​ទៅ​រក​ប្រភព​នៃ​ប្រាជ្ញា​ដែល​មិន​ចេះ​រីង​ស្ងួត​វិញ? ចុះ​បើសិន​ជា​យើង​អាច​ទទួល​ការ​ប្រឹក្សា​ពី​អង្គ​បុគ្គល​ម្នាក់ ដែល​គាត់​មិន​ត្រូវ​ការ​ការ​ប្រឹក្សា​ពី​នរណា​ម្នាក់​ទាល់តែសោះ? 
នេះ​ជា​អ្វី​ដែល​ស្តេច​ដាវីឌ​ទទួល​បាន​លើក​ឡើង ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៦ ដែល​បាន​ចែងថា «ទូល​បង្គំ​នឹង​សរសើរ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូល​បង្គំ»។ តើ​យើង​អាច​ទទួល​គំនិត​យោបល់​នេះ ដោយ​របៀបណា? ព្រះអង្គ​បាន​បង្ហាញ​ដួង​ព្រះទ័យ​របស់​ព្រះអង្គ ឲ្យ​យើង​បាន​ស្គាល់ តាមរយៈ​ភាព​គ្រប់​គ្រាន់​នៃ​ព្រះបន្ទូល​ទ្រង់​។ ការ​បង្ហាញ​នេះ​គឺជា​អំណោយ​ធំ​បំផុត​។ តើ​ព្រះ​ទ្រង់​បាន​លាក់​បាំង​អ្វី ក្នុង​ព្រះ​គម្ពីរ​របស់​ទ្រង់ ដែល​យើង​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប​ឬ​ទេ? តើមាន​ការ​ប្រៀន​ប្រដៅ​ដ៏​ល្ងង់​ខ្លៅ ឬ​មាន​កំហុស​នៅ​ក្នុង​ព្រះបន្ទូល​ទ្រង់​ទេ? ទេ មិន​ដែល​មាន​ទេ! ព្រះ​ទ្រង់​គឺជា​អ្នក​ប្រឹក្សា​យោបល់​ដែល​សំខាន់​បំផុត​។ ព្រះបន្ទូល​ព្រះអង្គ គឺជា​ប្រាជ្ញា​ដែល​គ្មាន​ទី​បញ្ចប់​។ មិន​តែ​ប៉ុណ្ណោះ ពេលណា​អ្នក​អធិស្ឋាន ព្រះអង្គ​មិន​ដែល​ជាប់​រវល់​នោះ​ទេ​។ គ្មាន​ពេលណា​ដែល​អ្នក​មិន​អាច​និយាយ​ទៅ​កាន់​ព្រះអង្គ​នោះ​ឡើយ​។
ព្រះ​ទ្រង់​ប្រទាន​ការ​ប្រឹក្សា​ប្រកបដោយ​ប្រាជ្ញា ដែល​ក្នុង​នោះ យើង​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ប្រកាស​ថា «ដោយ​ព្រោះ​ទ្រង់​គង់នៅ​ខាង​ស្ដាំ​ទូល​បង្គំ បាន​ជា​ទូល​បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ»(ទំនុក​ដំកើង ១៦:៨)។ នៅ​ក្នុង​ខ​គម្ពីរ​ផ្សេង​ទៀត លោក ​អេសាភ បាន​អធិស្ឋាន​ថា «ទូល​បង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ច ទ្រង់​បាន​កាន់​ដៃ​ស្ដាំ​នៃ​ទូល​បង្គំ
ទ្រង់​នឹង​នាំ​ទូល​បង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់ រួច​នឹង​ទទួល​ទូល​បង្គំ​ចូល​ក្នុង​សិរី​ល្អ»(៧៣:២៣-២៤)។ យើង​ប្រៀប​ដូច​ក្មេងៗ​ដើរ​ឆ្លង​ផ្លូវ ដ៏​មមាញឹក ហើយ​ព្រះវរបិតា​នៃ​យើង​កាន់ដៃ​យើង​ឆ្លង​ផ្លូវ​នោះ។ រថយន្ត​ដែល​បើក​ចុះ​ឡើង​ៗពីមុខ​យើង​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច ប៉ុន្តែ ដោយសារ​ព្រះអង្គ​នៅ​ខាង​ស្តាំ​យើង តើ​យើង​មាន​អ្វី​ត្រូវ​ភ័យ​ខ្លាច​ទៀត? 
ព្រះអង្គ​នឹង​ដឹកដៃ​យើង នៅ​តាម​ផ្លូវ​ជីវិត ហើយ​ព្រះអង្គ​នឹង​មិន​បោះបង់​យើង​ចោល​ឡើយ​។ យើង​អាច​មាន​អំណរ ជាប់​ជានិច្ច​នៅ​ក្នុង​ព្រះអង្គ(ទំនុក​ដំកើង ១៦:៩-១១)។ យើង​អាច​ដឹង​ច្បាស់​ពី​រឿង​នេះ ព្រោះ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​បាន​យាង​ទៅ​ផ្នូរ មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​យើង ដោយ​ព្រះ​ជន្ម​មិន​ចេះ​ពុក​ផុយ(កិច្ចការ ២:២៥-៣២) ហើយ​ព្រះអង្គ ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ជឿ​ព្រះអង្គ(១កូរិនថូស ១៥:២០)។ 
ផ្លូវ​ដែល​ព្រះយេស៊ូវ​បាន​ដើរ ក៏​ជា​ផ្លូវ​ដែល​ព្រះអង្គ​នាំ​យើង​ទៅ​ផង​ដែរ​។ អ្នក​ក៏​ត្រូវ​លីឈើ​ឆ្កាង​របស់​អ្នក ហើយ​ដើរ​តាម​ព្រះអម្ចាស់​(ម៉ាថាយ ១៦:២៤)។ អ្នក​ក៏​នឹង​ជួប​ការ​លំបាក ហើយ​ថែម​ទាំង​មាន​ការ​ឈឺ​ចាប់​​។ ប៉ុន្តែ ក្នុង​ការ​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​អស់​នោះ មិន​ដែល​មាន​ពេលណា ដែល​អ្នក​គ្មាន​គំនិត​យោបល់​ប្រកប​ដោយ​ប្រាជ្ញា​ពី​ព្រះវរបិតា​ឡើយ​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ងាក​ទៅ​រក​គំនិត​យោបល់​របស់​ព្រះអង្គ​។ ហើយក៏​គ្មាន​ពេល​ដែល​អ្នក​គ្មាន​ការ​កម្សាន្ត​ចិត្ត​ពី​ព្រះអង្គ​ដែរ​។ ចូរ​ប្រាកដ​ថា អ្នក​បាន​សម្រាក ក្នុង​ការ​កម្សាន្ត​ចិត្ត​នោះ​។ ហើយក៏​គ្មាន​ពេលណា​ដែល​ព្រះ​ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ មិន​បាន​ឈោង​មកដល់​អ្នក​ដែរ​។ ចូរ​ប្រាកដ​ថា អ្នក​បាន​នឹក​ចាំ​អំពី​ព្រះ​ហស្ត​របស់​ព្រះអង្គ​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​ដំកើង ១៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៤៦-៤៨ និង រ៉ូម ១៥:១៤-៣៣

ប្រភេទ