នំម៉ាណាប្រចាំថ្ងៃ
សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​ខ្លាច​សេចក្តី​ស្លាប់

សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ការ​ខ្លាច​សេចក្តី​ស្លាប់

ដោយAlistair Begg

January 20, 2026

«ដូច្នេះ ដែល​កូនចៅ​បាន​ប្រកប​ដោយ​សាច់ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត​។ ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់១ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ»។ ហេព្រើរ ២:១៤-១៥
សេចក្តី​ស្លាប់​មិនមែន​ជា​ប្រធានបទ ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​គេ​ចង់​យក​មក​ពិចារណា​នោះ​ឡើយ​។ យើង​មិន​ចូល​ចិត្ត​គិត អំពី​របៀប​ដែល​រូបកាយ និង​គំនិត​របស់​យើង​ឈប់​មាន​ដំណើរ​ការ​នោះ​ទេ​។ ដោយ​មាន​ការ​ជំរុញ​ពី​​ការ​ភ័យ​ខ្លាច​ចំពោះ​សេចក្តី​ស្លាប់ មនុស្ស​ដែល​មាន​បំណង​ល្អ បាន​ចំណាយ​លុយ​ច្រើន​សន្ធឹក ​ដើម្បី​បញ្ឈប់​សេចក្តី​ស្លាប់ ហើយ​ស្វែងរក​អត្ថន័យ​របស់​ជីវិត​។ ប៉ុន្តែ សូម្បីតែ​ការ​ប្រឹង​ប្រែ​ខ្លាំង​បំផុត ក៏​នៅតែ​មិន​អាច​ស្វែងរក​ចម្លើយ សម្រាប់​សំណួរ​សំខាន់​បំផុត​ក្នុង​ជីវិត ដែល​បាន​សួរ​ថា​ តើ​ខ្ញុំ​ជា​នរណា? តើ​ជីវិត​ខ្ញុំ​មាន​ប្រភព​មកពីណា? តើ​ខ្ញុំ​នឹង​ទៅណា​ពេល​ដែល​ខ្ញុំ​ស្លាប់​ទៅ? 
នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​។ លោក ​អ័ដាម និង​នាង  ​អេវ៉ា​ក៏បាន​ធ្វើ​ដូច​នេះ​ដែរ ក្នុង​បទ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៣ នៅពេល​ដែល​ពួក​គេ​ស្តាប់​តាម​ការ​បោក​បញ្ឆោត​របស់​សាតាំង​ថា «អ្នក​មិន​ស្លាប់​ជា​ពិត​មែនទេ ... អ្នក​នឹង​បាន​ដូចជា​ព្រះ​ដែរ»(លោកុប្បត្ដិ ៣:៤-៥)។ ពេល​នោះ វា​បាន​ផ្តល់​ឲ្យ​ក្តី​សង្ឃឹម​ក្លែងក្លាយ ធ្វើ​ឲ្យ​ពួក​គេ​ស្វាគមន៍​បាប និង​សេចក្តី​ស្លាប់​ចូល​មក​ក្នុង​លោកិយ​។ យើង​នៅតែ​បន្ត​ជឿ​ការ​កុហក​នេះ​ដែរ​។ យើង​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួនឯង​ដូច​ព្រះ ដោយ​មាន​ចិត្ត​បង្កើត​អត្ថន័យ​ជីវិត​សម្រាប់​ខ្លួនឯង និង​មាន​គោលដៅ​រស់នៅ​ជា​រៀង​រហូត​។ ប៉ុន្តែ សេចក្តី​ស្លាប់​នៅតែ​បន្ត​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច ដោយ​ចង​យើង​ជាប់​ក្នុង​ការ​ភ័យ​ខ្លាច​។ នៅពេល​ដែល​សញ្ញា​នៃ​ភាព​ចាស់ជរា​បាន​លេច​ឡើង នៅពេល​ដែល​ជំងឺ​ចាប់​ផ្តើម​ធ្វើទុក្ខ នៅពេល​ដែល​គេ​ហែ​សព​កាត់​ពីមុខ​យើង យើង​ក៏បាន​នឹក​ចាំ​ថា ក្តី​សង្ឃឹម​ក្លែងក្លាយ​របស់​យើង មិន​មានន័យ​អ្វី​ទេ​។ យើង​ត្រូវតែ​ស្វែងរក​ចម្លើយ​ពិត​ប្រាកដ​។
មនុស្ស​ម្នាក់ៗ​ដាក់​ក្តី​សង្ឃឹម​របស់​ខ្លួន ទៅលើ​អ្វីមួយ​។ ចូរ​យើង​ដាក់​ក្តី​សង្ឃឹម​របស់​យើង ទៅលើ​កម្លាំង និង​អំណាច​ដ៏​ស្ថិត​ស្ថេរ​នៃ​ព្រះបន្ទូល​ព្រះ​។ ពេលណា​យើង​ចង់​រត់​ចេញពី​គំនិត​ដែល​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​ដែល​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត ចូរ​យើង​រត់​ទៅ​ក្រាប​ទាប​ឈើ​ឆ្កាង ជា​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​រំដោះ​អ្នក «ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់១ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ»។ ហេតុ​អ្វី​ព្រះ​យេស៊ូវ​យាង​ចុះពី​ស្ថាន​សួគ៌? «ដោយហេតុ​នោះ​បានជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ»(១យ៉ូហាន ៣:៨)។ ដោយសារ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ ព្រះអង្គ​បាន​បំបិទ​សំឡេង​ដែល​ល្បួង​យើង​ទៅ​រក​ក្តី​សង្ឃឹម​ក្លែងក្លាយ ព្រះ​អង្គ​ទទួល​យក​បាប និង​ការ​បះបោរ​របស់​យើង ហើយ​លើក​លែង​ទោស​យើង ហើយ​ព្រះអង្គ​រំដោះ​យើង​រួចពី​ការ​ភ័យ​ខ្លាច​គ្រប់​យ៉ាង គឺ​សូម្បីតែ​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​ក៏ដោយ​។ ក្នុង​ការ​ដក​បាប​ចេញពី​យើង ព្រះយេស៊ូវ​បាន​ដក​សំឡេង​របស់​សាតាំង​ចេញ​។ វា​គ្មាន​អ្វី​សម្រាប់​ចោទ​ប្រកាន់​យើង​​ទេ ហើយក៏​គ្មាន​អ្វី​ឈរ​នៅ​ចន្លោះ​យើង និង​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​ជា​រៀង​រហូត​។ 
ដូច​នេះ សេចក្តី​ស្លាប់​មិន​គួរ​ចាប់ចង​គ្រីស្ទបរិស័ទ ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ទៀត​ទេ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ថា «បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នកជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត»(រ៉ូម ១០:៩)។ តើ​បាន​សង្គ្រោះ​រួចពី​អ្វី? គឺ​សង្គ្រោះ​រួច​ពី​បាប រួចពី​ការ​ជំនុំជម្រះ រួចពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់ និង​ស្ថាននរក រួចពី​ការ​ភ័យ​ខ្លាច​ផ្នូរ និង​សង្គ្រោះ​ឲ្យ​បាន​រួច​អស់​កល្ប​ជានិច្ច​។
នេះ​គឺជា​ជីវិត​អស់​កល្ប​ដែល​លោកិយ​ស្រេក​ឃ្លាន​ចង់​បាន តែ​មិន​អាច​រក​ឃើញ​។ វា​មិនមែន​ជា​ការ​គេច​ចេញ​ពី​សេចក្តី​ស្លាប់ តែ​ជា​ការ​គេច​ចេញ​ឆ្លង​កាត់​សេចក្តី​ស្លាប់ ហើយ​ជា​ហេតុផល​ដែល​ព្រះយេស៊ូវ​បាន​ចាកចោល​សិរី​ល្អ​នៅ​ស្ថាន​សួគ៌ ហើយ​យក​កំណើត​ជា​មនុស្ស​ដូច​យើង និង​ជា​មូល​ហេតុ​ដែល​ព្រះអង្គ​សុគត​ដូច​ជន​ឧក្រិដ្ឋ​។
នៅពេល​ដែល​អ្នក​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​អ្នក​ទុក​ដាក់​ក្តី​សង្ឃឹម នៅ​ក្នុង​ការ​អ្វីមួយ​ក្នុង​លោកិយ​នេះ ហើយ​បោក​បញ្ឆោត​អ្នក​ឲ្យ​មាន​ភាព​ងងឹត​ងងល់ ឬ​នៅពេល​ដែល​អ្នក​ពិចារណា​អំពី​ភាព​ចាស់ជរា ភាព​ផុយ​ស្រួយ និង​សេចក្តី​ស្លាប់ ដោយ​ការ​ភ័យ​ខ្លាច​ដែល​កំពុង​តែ​កើន​ឡើង ចូរ​ប្រាប់​ខ្លួន​ឯង​ថា ទ្រង់​បាន​បំផ្លាញ​អារក្ស ដែល​វា​មាន​អំណាច​មក​លើ​សេចក្ដី​ស្លាប់ ហើយ​ព្រះអង្គ​ក៏បាន​រំដោះ​អ្នក​ឲ្យ​លែង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​សេចក្តី​ស្លាប់​ទៀត​។ ចូរ​យើង​រៀន​ស្គាល់​ធាតុ​ពិត​របស់​សេចក្តី​ស្លាប់ ហើយ​យើង​នឹង​ស្គាល់​ធាតុ​ពិត​នៃ​ជីវិត ដែល​កូន​របស់​ព្រះ​ម្នាក់ៗ​មាន ដែល​មាន​ភាព​អស់​កល្ប​ជានិច្ច មាន​សេរី​ភាព និង​ពេញ​ដោយ​អំណរ​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ៧:៥៤-៦០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៤៩-៥០ និង រ៉ូម ១៦

ប្រភេទ