នំម៉ាណាប្រចាំថ្ងៃ
អំណាច ក្នុង​ភាព​កម្សោយ

អំណាច ក្នុង​ភាព​កម្សោយ

ដោយAlistair Begg

January 22, 2026

«បានជា​មាន​បន្លា១ចាត់មក​ក្នុង​សាច់ឈាម​ខ្ញុំ គឺជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ​។ ខ្ញុំ​បាន​សូម​អង្វរ​ដល់​ព្រះអម្ចាស់៣ដង ឲ្យ​សេចក្ដី​នោះ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ​។ តែ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កម្សោយ»។ ២កូរិនថូស ១២:៧-៩
ការ​លំបាក ការ​ខក​ចិត្ត បរាជ័យ និង​ភាព​កម្សោយ សុទ្ធតែ​ជា​អ្វី​ដែល​យើង​មិន​អាច​ជៀស​រួច​ក្នុង​ជីវិត​។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​គិត​ដែរ​ឬ​ទេ​ថា បញ្ហា​ទាំង​អស់​នេះ​អាច​មាន​ប្រយោជន៍ ដល់​ការងារ​បម្រើ​ព្រះគ្រីស្ទ​? យើង​ច្រើនតែ​និយាយ ឬ​គិតថា «ព្រះអង្គ​អាច​ប្រើ​ខ្ញុំ​បាន​ច្រើន​ជាង ឬ​ល្អ​ជាង​នេះ បើសិន​ជា​ខ្ញុំ​មិន​មាន​បញ្ហា​ទាំង​អស់​នេះ ឬ​កាលៈទេសៈ​របស់​ខ្ញុំ​មាន​ភាព​ខុស​ប្លែក​ពី​នេះ ឬមួយ​ខ្ញុំ​មាន​សុខ​ភាព ឬ​កាយ​សម្បទា​ល្អ​ជាង​នេះ»។ យើង​ប្រហែល​ជា​ប្រាថ្នា ឲ្យ​ខ្លួនឯង​អាច​ធ្វើ​ជា​មនុស្ស​ម្នាក់ ខុសពី​ខ្លួន​យើង​ក្នុង​ពេល​សព្វថ្ងៃ ជា​ជាង​ជឿ​ព្រះ​គម្ពីរ​ដែល​បាន​ចែងថា ព្រះ​ទ្រង់​បាន​បង្កើត​យើង​ឲ្យ​ចេញ​ជា​រូបរាង​ឡើយ ក្នុង​ផ្ទៃ​ម្តាយ​របស់​យើង ដោយ​មាន​គោលបំណង និង​ភាព​ល្អិត​ល្អន់ ហើយ​មើល​ការ​ខុស​ត្រូវ​មក​លើ​យើង​ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំងពី​ពេល​នោះ​មក(ទំនុក​ដំកើង ១៣៩:១៣) ដោយ​បង្កើត និង​សូន​យើង​ម្នាក់ៗ ឲ្យ​មាន​លក្ខណៈ​ជា​បុគ្គល​ពិសេស​រៀងៗ​ខ្លួន​។ 
ពេលណា​យើង​មាន​ការ​សង្ស័យ​ថា យើង​ជា​មនុស្ស​គ្មាន​តម្លៃ សាតាំង​ក៏បាន​ប្រញាប់​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចោទ​សួរ​ថា តើ​យើង​អាច​ទុក​ចិត្ត​លើ​ចារិត​លក្ខណៈ និង​ព្រះបន្ទូល​សន្យា​របស់​ព្រះ​បាន​ដែរ​ឬ​ទេ? ផ្ទុយ​ទៅវិញ សាវ័ក​ប៉ុល​បាន​ហៅ​ភាព​កម្សោយ ដែល​ជា​បន្លា​ក្នុង​សាច់​នោះ​ថា ទេវតា​របស់​អារក្ស​សាតាំង​។ ហេតុ​អ្វី? ព្រោះ​សាតាំង​ធ្លាប់​បាន​ប្រើ​វា ដើម្បី​ធ្វើ​ឲ្យ​សាវ័ក​ប៉ុល​មាន​ការ​សង្ស័យ​ថា «ប៉ុល ហេតុ​អ្វី​ឯង​វេទនា​យ៉ាង​នេះ? ហេតុ​អ្វី​ពេត្រុស​មិន​មាន​បន្លា​នេះ​ក្នុង​សាច់​គាត់? បើ​អ្នក​មិន​មាន​វា​ទេ តើ​ការងារ​របស់​អ្នក​នឹង​មិន​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​ទេឬ? តើ​ព្រះ​មិន​ចម្លង​អ្នក​ឲ្យ​រួច​ផុត​ពី​បន្លា​នេះ​ទេឬ?» ប៉ុន្តែ ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌​ជ្រាប​ច្បាស់​អំពី​រឿង​នេះ ហើយ​ទ្រង់​កំពុង​គូរ​រូប នៅ​លើ​ផ្ទាំង​គំនូរ​ដែល​ធំ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​អ្នក​មើល​ឃើញ​ផ្ទាំង​គំនូរ​នោះ តែមួយ​ផ្នែក​តូច​ប៉ុណ្ណោះ​។ គោលបំណង​របស់​ព្រះអង្គ មិនមែន​ដើម្បី​​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក ឆ្លង​កាត់​ជីវិត​នៅ​លើ​ផែនដី មាន​ភាព​សប្បាយ​រីករាយ ឬ​ដើម្បី​ឲ្យ​ក្តី​ស្រមៃ​របស់​អ្នក​ក្លាយ​ជា​ការ​ពិត​ឡើយ​។ ព្រះអង្គ​មាន​គោលបំណង​ធំជាង​នេះ​ឆ្ងាយ​ណាស់ គឺ​ដើម្បី​ឲ្យ​យើង​ត្រឡប់​ដូចជា​រូប​អង្គ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​។ 
លោក​គ្រូ​ចនន បឺរិជ(John Berridge) ជា​គ្រូ​អធិប្បាយ​នៅ​សតវត្សរ៍ទី១៨ បាន​សង្កេត​ឃើញថា «គ្រីស្ទបរិស័ទ​មិន​ដែល​លង់​លក់​ក្នុង​ភ្លើង ឬ​ក្នុង​ទឹក​ឡើយ តែ​ពួកគេ​ស្ទើរ​លក់​ស្ទើរ​ភ្ញាក់ នៅ​ក្នុង​ភាព​សុខ​ស្រួល​ក្រោម​ពន្លឺ​ថ្ងៃ»។9 យើង​សប្បាយ​ភ្លេច​ខ្លួន ហើយ​ចាប់​ផ្តើម​ពឹង​ផ្អែកលើ​ខ្លួនឯង នៅពេល​ដែល​ជីវិត​មាន​ភាព​រលូន ហើយ​ទុក​ចិត្ត​ថា យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់ មិន​ត្រូវ​ការ​ឲ្យ​ព្រះ​អង្គ​ជួយ​យើង។ ហេតុ​នេះ​ហើយ ព្រះអង្គ​ក៏បាន​ប្រទាន​បន្លា​ក្នុង​សាច់​យើង ដោយ​ព្រះគុណ​ទ្រង់ ដើម្បី​ដាស់​យើង​ឲ្យ​ភ្ញាក់​ខ្លួន​។ 
ព្រះ​ទ្រង់​មិន​បាន​កែ​ប្រែ​ការ​ឈឺ​ចាប់​របស់​សាវ័ក​ប៉ុល​ឡើយ នៅពេល​ដែល​ព្រះអង្គ​ប្រាប់​សាវ័ក​ប៉ុល​ថា «គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្ដី​កម្សោយ»។ ទ្រង់​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​គាត់​។ សាវ័ក​ប៉ុល​អាច​ឈប់​ផ្ដោត​ទៅលើ​ភាព​កម្សោយ​របស់​គាត់ ហើយ​ចាប់​ផ្តើម​ឲ្យ​តម្លៃ​មក​លើ​កម្លាំង​របស់​ព្រះគ្រីស្ទ ជា​អំណោយ​តាមរយៈ​ទុក្ខ​លំបាក​នោះ​។ ភ្លាមៗ​នោះ បន្លា​ក៏បាន​ក្លាយ​ជា​ផ្កា​កុលាប គឺជា​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ប្រទាន​ដោយ​ការ​ប្រោស​លោះ ជា​ជាង​ប្រទាន​តែ​ទុក្ខ​លំបាក​។ ចំពោះ​ទុក្ខ​លំបាក​ដែល​សាតាំង​បាន​បង្ក​ដោយ​កិច្ច​កល្ប ព្រះអង្គ​បាន​ប្រើ​វា​ជា​ប្រយោជន៍​ដល់​យើង បណ្តាល​ចិត្ត​យើង​ឲ្យ​ងាក​បែរ​ទៅ​រក​ព្រះគ្រីស្ទ ដោយ​ការ​ពឹង​ផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា ដូច​កូន​ក្មេង និង​ការ​អធិស្ឋាន​។ បញ្ហា​ដែល​យើង​ចង់​រត់​គេ​ចេញ ឬ​លាក់​ខ្លួន​ឲ្យ​រួច​ផុត​ពី​វា ឬ​ក៏​បិទ​បាំង​វា គឺជា​បញ្ហា​ដែល​អាច​បើក​ទ្វារ​ភ្លាមៗ ឲ្យ​យើង​ចូល​ទៅ​រក​ការងារ​បម្រើ​ព្រះ ដែល​យើង​មិន​នឹក​ស្មាន​ដល់​។ តើ​អ្នក​ធ្លាប់​គិត​អំពី​សេចក្តី​ពិត​នេះ​ទេ? តើ​អ្នក​ធ្លាប់​ពិចារណា​ថា ភាព​ខ្វះ​ចន្លោះ ការ​ខក​ចិត្ត និង​ភាព​កម្សោយ​របស់​អ្នក អាច​ជា​ទ្រព្យ​សម្បត្តិ​ដ៏​ពិត មិនមែន​ជា​ឧបសគ្គ​រារាំង​​ការងារ​របស់​អ្នក​មិន​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​បញ្ហា​ទាំង​អស់​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះអង្គ? ចូរ​កុំ​មើល​ឃើញ​ភាព​កម្សោយ​របស់​អ្នក ជា​ឧបសគ្គ​ដល់​ការ​បម្រើ​ព្រះ​ឡើយ តែ​ត្រូវ​មើល​ឃើញ​វា​ជា​ឱកាស ដើម្បី​បម្រើ​ព្រះអង្គ​វិញ​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២កូរិនថូស ៤:៧-១៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៣-៤ និង ម៉ាកុស ១:២៣-៤៥

ប្រភេទ