នំម៉ាណាប្រចាំថ្ងៃ
មាន​អំណាច​គ្រប់​គ្រង​មក​លើ​ការ​ឈឺ​ចាប់​របស់​អ្នក

មាន​អំណាច​គ្រប់​គ្រង​មក​លើ​ការ​ឈឺ​ចាប់​របស់​អ្នក

ដោយAlistair Begg

January 23, 2026

«ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើបាប មនុស្ស​នេះ ឬ​ឪពុក​ម្ដាយ​របស់​គាត់ បានជា​គាត់​កើតមក​ខ្វាក់​ដូច្នេះ ព្រះយេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា មិនមែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្ដាយ​គាត់​បាន​ធ្វើបាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ»។ យ៉ូហាន ៩:២-៣
ជួនកាល ព្រះ​ទ្រង់​មាន​អ្វីមួយ​សម្រាប់​យើង ដែល​ល្អ​ប្រសើរ​ជាង​ចម្លើយ​សម្រាប់​សំណួរ​របស់​យើង​។ កាល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ឃើញ​បុរស​ម្នាក់​ខ្វាក់​ពី​កំណើត(យ៉ូហាន ៩:១) ពួកគេ​ជជីក​សួរ​ព្រះ​អង្គ​ថា តើ​បុរស​នោះ​ខ្វាក់​ពី​កំណើត ដោយសារ​កំហុស​របស់​អ្នកណា? ប៉ុន្តែ ចម្លើយ​របស់​ព្រះយេស៊ូវ​បាន​បង្ហាញថា ពួក​សាវ័ក​កំពុង​សួរ​សំណួរ​ខុស​។ ជាជាង​សួររក​អ្នក​ដែល​បណ្តាល​ឲ្យ​បុរស​នោះ​ខ្វាក់​ភ្នែក ពួកគេ​ចាំបាច់​ត្រូវ​រៀន​សូត្រ​អំពី​អំណាច​គ្រប់​គ្រង ដែល​ព្រះ​ទ្រង់​មាន​មក​លើ​ទុក្ខ​លំបាក​។ 
ពួកគេ​បាន​សន្និដ្ឋាន​ថា អំពើបាប និង​ទុក្ខ​វេទនា មាន​ការ​ជាប់​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​។ ជា​ទូទៅ ការ​សន្និដ្ឋាន​ដូច​នេះ​មាន​ភាព​ត្រឹម​ត្រូវ​។ បទ​គម្ពីរ លោកុប្បត្ដិ​ជំពូក៣ បាន​បញ្ជាក់​ច្បាស់​ថា បាប​ដែល​បាន​ចូល​មក​ក្នុង​លោកិយ បាន​ធ្វើ​ឲ្យ​ខូច​សេចក្តី​ល្អ​របស់​លោកិយ​។ គ្រប់​ទាំង​បន្លា និង​ដើម​អញ្ចាញ ដែល​ជា​ការ​មិន​ចុះ​សម្រុង​គ្នា ភាព​វឹកវរ ជំងឺ ។​ល​។ គឺ​សុទ្ធតែ​ជា​ផល​វិបាក នៃ​ការ​មិន​ស្តាប់​បង្គាប់​របស់​លោក ​អ័ដាម និង​នាង  ​អេវ៉ា​។ ការ​សន្និដ្ឋាន​របស់​ពួក​សាវ័ក​អំពី​ភាព​ពិការ​របស់​បុរស​នោះ អាច​ឲ្យ​យើង​យល់​បាន ប៉ុន្តែ នៅពេល​ដែល​ពួក​គេ​សន្និដ្ឋាន​ថា ទុក្ខ​វេទនា​របស់​បុគ្គល​ណា​ម្នាក់ តែងតែ​បណ្តាល​មកពី​អំពើបាប​របស់​គាត់ នោះ​ពួកគេ​គិត​ខុស​ហើយ​។ 
យើង​មាន​ការ​កម្សាន្ត​ចិត្ត នៅពេល​ដែល​បាន​ដឹង​ថា កាលពី​ជាង២ពាន់​ឆ្នាំ​មុន អ្នក​ដែល​ជិត​ស្និទ្ធ​បំផុត​នឹង​ព្រះយេស៊ូវ ក៏​មាន​សំណួរ​អំពី​ទុក្ខ​វេទនា​ផង​ដែរ​។ យើង​ក៏​ប្រឈម​មុខ​ដាក់​សំណួរ​ដូច​នេះ​ នៅពេល​ដំណឹង​ដែល​យើង​ទទួល​បាន​ពី​គ្រូ​ពេទ្យ មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​យើង​សង្ឃឹមថា​នឹង​បានឮ ហើយ​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ គឺ​ប្រហែល​នៅពេល​ដែល​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ជួប​ការ​ឈឺ​ចាប់ ដែល​យើង​មិន​អាច​ដក​ចេញពី​ជីវិត​គាត់​បាន​។ យើង​ក៏​ប្រឈម​មុខ​ដាក់​ការ​ឈឺ​ចាប់​ផង​ដែរ ខណៈ​ពេល​ដែល​យើង​ជជែក​ជាមួយ​មនុស្ស​ក្នុង​សហគមន៍​របស់​យើង​។
នៅពេល​ដែល​យើង​បើក​មើល​ព្រះ​គម្ពីរប៊ីប យើង​ឃើញថា ទោះ​យើង​ត្រូវ​បង់​ថ្លៃ សម្រាប់​បាប​របស់​យើង​ក៏ដោយ ក៏​ទុក្ខ​លំបាក​ដែល​យើង​ឆ្លង​កាត់ មិនមែន​សុទ្ធតែ​ជា​ការ​បង់​ថ្លៃ​នោះ​ឡើយ​។ ព្រះបន្ទូល​ព្រះ​មិន​បាន​នាំ​ឲ្យ​យើង​ស្គាល់​ព្រះ​មួយ​អង្គ ដែល​អង្គុយ​ទស្សនា​យើង​ជួប​ការ​ឈឺ​ចាប់ ដោយ​មិន​ខ្វល់​អំពី​ទុក្ខ​លំបាក​របស់​យើង​នោះ​ឡើយ​។ ផ្ទុយ​ទៅវិញ ព្រះបន្ទូល​ទ្រង់​បាន​នាំ​យើង​ងាក​ទៅ​រក​ព្រះ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​បាន​យល់​អំពី​ការ​បដិសេធន៍ ការ​ឈឺ​ចាប់ និង​ការ​សោក​សង្រេង ក្នុង​កំរិត​ទាប​បំផុត ព្រោះ​ព្រះអង្គ​ក៏​ធ្លាប់​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​អស់​នោះ​ដែរ​។ មិន​តែ​ប៉ុណ្ណោះ ព្រះអង្គ​បាន​ទទួលរង​ទុក្ខ​លំបាក​ទាំង​នោះ ដើម្បី​យើង​រាល់​គ្នា​។ ព្រះអង្គ​បាន «​ទ្រាំទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត»(អេសាយ ៥៣:៤) ហើយ​ក្នុង​ការ​ទទួលរង​បន្ទុក​ដ៏​ធ្ងន់​របស់​អំពើបាប​យើង នៅ​លើ​អង្គ​ទ្រង់ ព្រះ​អង្គ​បាន​រង​ទ្រាំ ដើម្បី​ឲ្យ «សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅតែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី​ល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ»(២កូរិនថូស ៤:‌១៧)។ 
ព្រះយេស៊ូវ​បាន​ប្រទាន​ការ​ប្រោស​ឲ្យ​ជា ដល់​បុរស​ដែល​ពិការ​ភ្នែក​ពី​កំណើត(យ៉ូហាន ៩:៦-៧) ហើយក៏​បាន​ប្រទាន​សេចក្តី​សង្គ្រោះ​ដល់​អ្នក ដែល​មាន​បាប​ពី​កំណើត​ផង​ដែរ​។ យើង​ប្រហែល​មិន​យល់ថា ហេតុ​អ្វី​ព្រះ​ទ្រង់​បាន​ដឹកនាំ​យើង តាម​ផ្លូវ​នៃ​ជីវិត​នេះ​ទេ ប៉ុន្តែ យើង​មាន​ក្តី​អំណរ​ដែល​រួច​ផុត​ពី​ការ​ឈឺ​ចាប់​អស់​កល្ប​ជានិច្ច ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ដោយ​ដឹង​ថា ព្រះអង្គ​កំពុង​ដឹកនាំ​យើង​ទៅ​រក​ផ្ទះ​នៅ​ស្ថាន​សួគ៌ ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​អស់​នោះ​។ តើ​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ទិសដៅ​ឬ​ទេ? តើ​កាលៈទេសៈ​ដ៏​លំបាក​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ចង់​ស្តី​បន្ទោស​អ្នក​ដទៃ​ឬ? ព្រះ​ទ្រង់​បាន​រង​ទុក្ខ និង​សុគត​ជំនួស​អ្នក ហើយ​ព្រះអង្គ​បាន​សន្យា​ថា ព្រះអង្គ​នឹង​មិន​បោះបង់ ឬ​ចាកចោល​អ្នក​ឡើយ(ហេព្រើរ ១៣:៥)។ ព្រះអង្គ​មិន​មាន​ការ​ភ្ញាក់​ផ្អើល ដោយសារ​ស្ថានភាព ឬ​ទុក្ខ​លំបាក​របស់​អ្នក​ឡើយ​។ ព្រះ​អង្គ​ប្រហែល​មិន​ប្រទាន​ចម្លើយ​សម្រាប់​អ្នក​ក្នុង​ពេល​ឥឡូវ​នេះ តែ​ព្រះអង្គ​បាន​ប្រទាន​ឈើ​ឆ្កាង ជា​ការ​ធានា​ថា ដើម្បី​ប្រយោជន៍​ដល់​អ្នក​អស់​កល្ប​ជានិច្ច គ្មាន​ការ​អ្វី​ដែល​ពិបាក​ពេក​សម្រាប់​ព្រះអង្គ​ឡើយ​។ ចូរ​យើង​ចូល​មក​រក​ព្រះអង្គ ដោយ​នាំ​ការ​ឈឺ​ចាប់ និង​ការ​ភាន់​ភាំង​របស់​អ្នក នោះ​ព្រះអង្គ​នឹង​ប្រទាន​ការ​សម្រាក​ដល់​អ្នក​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ៩:១-១១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៥-៦ និង ម៉ាកុស ២

ប្រភេទ