
មានអំណាចគ្រប់គ្រងមកលើការឈឺចាប់របស់អ្នក
ដោយAlistair Begg
January 23, 2026
«ពួកសិស្សទូលសួរទ្រង់ថា លោកគ្រូ តើអ្នកណាបានធ្វើបាប មនុស្សនេះ ឬឪពុកម្ដាយរបស់គាត់ បានជាគាត់កើតមកខ្វាក់ដូច្នេះ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មិនមែនដោយព្រោះអ្នកនេះ ឬឪពុកម្ដាយគាត់បានធ្វើបាបទេ គឺដើម្បីឲ្យការរបស់ព្រះ បានសំដែងមក ក្នុងខ្លួនគាត់វិញ»។ យ៉ូហាន ៩:២-៣
ជួនកាល ព្រះទ្រង់មានអ្វីមួយសម្រាប់យើង ដែលល្អប្រសើរជាងចម្លើយសម្រាប់សំណួររបស់យើង។ កាលពួកសិស្សរបស់ព្រះយេស៊ូវបានឃើញបុរសម្នាក់ខ្វាក់ពីកំណើត(យ៉ូហាន ៩:១) ពួកគេជជីកសួរព្រះអង្គថា តើបុរសនោះខ្វាក់ពីកំណើត ដោយសារកំហុសរបស់អ្នកណា? ប៉ុន្តែ ចម្លើយរបស់ព្រះយេស៊ូវបានបង្ហាញថា ពួកសាវ័កកំពុងសួរសំណួរខុស។ ជាជាងសួររកអ្នកដែលបណ្តាលឲ្យបុរសនោះខ្វាក់ភ្នែក ពួកគេចាំបាច់ត្រូវរៀនសូត្រអំពីអំណាចគ្រប់គ្រង ដែលព្រះទ្រង់មានមកលើទុក្ខលំបាក។
ពួកគេបានសន្និដ្ឋានថា អំពើបាប និងទុក្ខវេទនា មានការជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ជាទូទៅ ការសន្និដ្ឋានដូចនេះមានភាពត្រឹមត្រូវ។ បទគម្ពីរ លោកុប្បត្ដិជំពូក៣ បានបញ្ជាក់ច្បាស់ថា បាបដែលបានចូលមកក្នុងលោកិយ បានធ្វើឲ្យខូចសេចក្តីល្អរបស់លោកិយ។ គ្រប់ទាំងបន្លា និងដើមអញ្ចាញ ដែលជាការមិនចុះសម្រុងគ្នា ភាពវឹកវរ ជំងឺ ។ល។ គឺសុទ្ធតែជាផលវិបាក នៃការមិនស្តាប់បង្គាប់របស់លោក អ័ដាម និងនាង អេវ៉ា។ ការសន្និដ្ឋានរបស់ពួកសាវ័កអំពីភាពពិការរបស់បុរសនោះ អាចឲ្យយើងយល់បាន ប៉ុន្តែ នៅពេលដែលពួកគេសន្និដ្ឋានថា ទុក្ខវេទនារបស់បុគ្គលណាម្នាក់ តែងតែបណ្តាលមកពីអំពើបាបរបស់គាត់ នោះពួកគេគិតខុសហើយ។
យើងមានការកម្សាន្តចិត្ត នៅពេលដែលបានដឹងថា កាលពីជាង២ពាន់ឆ្នាំមុន អ្នកដែលជិតស្និទ្ធបំផុតនឹងព្រះយេស៊ូវ ក៏មានសំណួរអំពីទុក្ខវេទនាផងដែរ។ យើងក៏ប្រឈមមុខដាក់សំណួរដូចនេះ នៅពេលដំណឹងដែលយើងទទួលបានពីគ្រូពេទ្យ មានភាពផ្ទុយស្រឡះពីអ្វីដែលយើងសង្ឃឹមថានឹងបានឮ ហើយដែលធ្ងន់ធ្ងរបំផុតនោះ គឺប្រហែលនៅពេលដែលមនុស្សជាទីស្រឡាញ់របស់យើងជួបការឈឺចាប់ ដែលយើងមិនអាចដកចេញពីជីវិតគាត់បាន។ យើងក៏ប្រឈមមុខដាក់ការឈឺចាប់ផងដែរ ខណៈពេលដែលយើងជជែកជាមួយមនុស្សក្នុងសហគមន៍របស់យើង។
នៅពេលដែលយើងបើកមើលព្រះគម្ពីរប៊ីប យើងឃើញថា ទោះយើងត្រូវបង់ថ្លៃ សម្រាប់បាបរបស់យើងក៏ដោយ ក៏ទុក្ខលំបាកដែលយើងឆ្លងកាត់ មិនមែនសុទ្ធតែជាការបង់ថ្លៃនោះឡើយ។ ព្រះបន្ទូលព្រះមិនបាននាំឲ្យយើងស្គាល់ព្រះមួយអង្គ ដែលអង្គុយទស្សនាយើងជួបការឈឺចាប់ ដោយមិនខ្វល់អំពីទុក្ខលំបាករបស់យើងនោះឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលទ្រង់បាននាំយើងងាកទៅរកព្រះដែលបានសុគតនៅលើឈើឆ្កាង ដែលបានយល់អំពីការបដិសេធន៍ ការឈឺចាប់ និងការសោកសង្រេង ក្នុងកំរិតទាបបំផុត ព្រោះព្រះអង្គក៏ធ្លាប់ឆ្លងកាត់ទុក្ខលំបាកទាំងអស់នោះដែរ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានទទួលរងទុក្ខលំបាកទាំងនោះ ដើម្បីយើងរាល់គ្នា។ ព្រះអង្គបាន «ទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត»(អេសាយ ៥៣:៤) ហើយក្នុងការទទួលរងបន្ទុកដ៏ធ្ងន់របស់អំពើបាបយើង នៅលើអង្គទ្រង់ ព្រះអង្គបានរងទ្រាំ ដើម្បីឲ្យ «សេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ»(២កូរិនថូស ៤:១៧)។
ព្រះយេស៊ូវបានប្រទានការប្រោសឲ្យជា ដល់បុរសដែលពិការភ្នែកពីកំណើត(យ៉ូហាន ៩:៦-៧) ហើយក៏បានប្រទានសេចក្តីសង្គ្រោះដល់អ្នក ដែលមានបាបពីកំណើតផងដែរ។ យើងប្រហែលមិនយល់ថា ហេតុអ្វីព្រះទ្រង់បានដឹកនាំយើង តាមផ្លូវនៃជីវិតនេះទេ ប៉ុន្តែ យើងមានក្តីអំណរដែលរួចផុតពីការឈឺចាប់អស់កល្បជានិច្ច ក្នុងព្រះវត្តមានព្រះអង្គ ដោយដឹងថា ព្រះអង្គកំពុងដឹកនាំយើងទៅរកផ្ទះនៅស្ថានសួគ៌ ឆ្លងកាត់ទុក្ខលំបាកទាំងអស់នោះ។ តើអ្នកធ្លាប់បានឆ្លងកាត់ទុក្ខលំបាកយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកបាត់បង់ទិសដៅឬទេ? តើកាលៈទេសៈដ៏លំបាករបស់អ្នក ធ្វើឲ្យអ្នកចង់ស្តីបន្ទោសអ្នកដទៃឬ? ព្រះទ្រង់បានរងទុក្ខ និងសុគតជំនួសអ្នក ហើយព្រះអង្គបានសន្យាថា ព្រះអង្គនឹងមិនបោះបង់ ឬចាកចោលអ្នកឡើយ(ហេព្រើរ ១៣:៥)។ ព្រះអង្គមិនមានការភ្ញាក់ផ្អើល ដោយសារស្ថានភាព ឬទុក្ខលំបាករបស់អ្នកឡើយ។ ព្រះអង្គប្រហែលមិនប្រទានចម្លើយសម្រាប់អ្នកក្នុងពេលឥឡូវនេះ តែព្រះអង្គបានប្រទានឈើឆ្កាង ជាការធានាថា ដើម្បីប្រយោជន៍ដល់អ្នកអស់កល្បជានិច្ច គ្មានការអ្វីដែលពិបាកពេកសម្រាប់ព្រះអង្គឡើយ។ ចូរយើងចូលមករកព្រះអង្គ ដោយនាំការឈឺចាប់ និងការភាន់ភាំងរបស់អ្នក នោះព្រះអង្គនឹងប្រទានការសម្រាកដល់អ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ៩:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៥-៦ និង ម៉ាកុស ២