នំម៉ាណាប្រចាំថ្ងៃ
ពួក​បរិសុទ្ធ​ក្នុង​ព្រះគ្រីស្ទ

ពួក​បរិសុទ្ធ​ក្នុង​ព្រះគ្រីស្ទ

ដោយAlistair Begg

January 25, 2026

«សំបុត្រ​ប៉ុល នឹង​ធីម៉ូថេ ជា​បាវ​បំរើ​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ...»។ ភីលីព ១:១
តើ ពាក្យ «ពួក​បរិសុទ្ធ» ក្នុង​បទ​គម្ពីរ​នេះ មានន័យ​ដូច​ម្តេច​ខ្លះ? តើ​មនុស្ស​ម្នាក់​ក្លាយ​ជា​ពួក​បរិសុទ្ធ ដោយ​របៀបណា? តើ​ពួក​បរិសុទ្ធ​មាន​តួនាទី​អ្វី​ខ្លះ ក្នុង​ពួក​ជំនុំ? 
ក្នុង​ប្រវត្តិសាស្ត្រ​ពួក​ជំនុំ មាន​បុគ្គល​ជា​ច្រើន ដែល​ព្រះ​ទ្រង់​បាន​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព តាម​របៀប​ដ៏​ពិសេស និង​គួរ​ឲ្យ​កត់​សំ​គាល់ ប៉ុន្តែ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គ្មាន​ក្បួន​ជា​មូលដ្ឋាន​ណាមួយ​ដែល​បញ្ជាក់​ថា នរណា​ខ្លះ​អាច​មាន​ងារ​ជា​ពួក​បរិសុទ្ធ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត អាច​គ្រាន់តែ​មាន​ឈ្មោះ​ជា​គ្រីស្ទបរិស័ទ​ធម្មតា​នោះ​ឡើយ​។ តាម​ព្រះ​គម្ពីរប៊ីប ពួក​បរិសុទ្ធ​មិនមែន​ជា​គ្រីស្ទបរិស័ទ​មួយ​ក្រុម​ដែល​ពិសេស និង​លេច​ធ្លោ និង​បាន​ធ្វើ​អ្វីមួយ ដោយ​សេចក្តី​ជំនឿ​ពិសេស​ខុសគេ​នោះ​ឡើយ​។ ពួក​បរិសុទ្ធ​គឺជា​គ្រីស្ទបរិស័ទ​ធម្មតា ដែល​ដើរ​តាម​ព្រះយេស៊ូវ​។ ពាក្យ «ពួក​បរិសុទ្ធ» គ្រាន់តែ​ជា​ពាក្យ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែលគេ​បាន​ប្រើ សម្រាប់​សំដៅ​ទៅលើ​អ្នកជឿ​ម្នាក់ៗ​។ ក្នុង​សេចក្តី​ផ្តើម នៃ​សំបុត្រ​របស់​សាវ័ក​ប៉ុល ជា​ញឹក​ញាប់ គាត់​បាន​ហៅ​អ្នក​ទទួល​សំបុត្រ​របស់​គាត់​ថា «ពួក​បរិសុទ្ធ»។ ពាក្យ​នេះ​មាន​ន័យ​ថា «អ្នក​ដែល​បាន​ញែក​ចេញ» ឬ «មនុស្ស​ដែល​បរិសុទ្ធ» ហើយ​គ្រីស្ទបរិស័ទ​ទាំង​អស់ គឺជា​អ្នក​ដែល​ព្រះ​ទ្រង់​បាន​ញែក​ចេញ ពី​ជីវិត​ដែល​រស់​ក្នុង​បាប​កាលពី​មុន និង​ញែក​ចេញ​ថ្វាយ​ព្រះគ្រីស្ទ​។ ពួកគេ​គឺជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ព្រះអង្គ និយាយ​រួម ពួកគេ​គឺជា​ពួក​បរិសុទ្ធ​។ ហើយ​បើ​អ្នក​នៅ ក្នុង​ព្រះគ្រីស្ទ នោះ​អ្នក​ក៏​ជា​ពួក​បរិសុទ្ធ​ដែរ​។
ដូច​នេះ គន្លឹះ​ដើម្បី​ក្លាយ​ជា​ពួក​បរិសុទ្ធ គឺ​យើង​ត្រូវ​នៅ​ក្នុង​ព្រះគ្រីស្ទ មិនមែន​ដោយសារ​យើង​មាន​ប្រវត្តិរូប មាន​ការ​ប្រព្រឹត្ត​ល្អ​ដែល​លេច​ធ្លោ​នោះ​ទេ​។ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា តាម​និស្ស័យ​សាច់ឈាម យើង​បាន​ស្លាប់ «ក្នុង​លោក ​អ័ដាម» ហើយ​បើ​យើង​មិន​បាន​ចូល​ក្នុង​ព្រះគ្រីស្ទ​ទេ យើង​នៅតែ​ជាប់​ក្នុង​លោក ​អ័ដាម ហើយ​នឹង​ស្លាប់​ក្នុង​បាប​របស់​យើង(១កូរិនថូស ១៥:២២)។ ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​ធ្វើ​អ្វី​ដែល​លោក ​អ័ដាម​មិន​បាន​ធ្វើ តាម​បង្គាប់​របស់​ព្រះ ហើយ​ស្អាង​ឡើង​វិញ នូវ​អ្វី​ដែល​បាន​ខូច​ខាត ដោយសារ​ការ​អ្វី​ដែល​គាត់​បាន​ធ្វើ​ កាល​គាត់​ធ្លាក់​ចូល​ក្នុង​អំពើបាប​។ ព្រះអង្គ​បាន​នាំ​មនុស្ស​ចេញពី​ការ​រស់នៅ​ក្នុង​លោក ​អ័ដាម ចូល​ទៅ​រក​ជីវិត​ថ្មី​ក្នុង​ព្រះគ្រីស្ទ ដោយសារ​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ដែល​បាន​លោះ​បាប​យើង​។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា «បាន​ជា​បើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះថា​បាន​កើតជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់ជា​ថ្មី​វិញ»(២កូរិនថូស ៥:១៧)។ ដូច​នេះ សំណួរ​ដែល​យើង​ត្រូវ​សួរ​អំពី​អត្តសញ្ញាណ​ជា​ពួក​បរិសុទ្ធ គឺ​មិនមែន​សួរ​ថា «តើ​ខ្ញុំ​នៅ​ក្នុង​ពួក​ជំនុំ» នោះ​ទេ តែ​សួរ​ថា «តើ​ខ្ញុំ​នៅ​ក្នុង​ព្រះគ្រីស្ទ​ឬទេ?» ការ​ដែល​យើង​នៅ «ក្នុង​ពួក​ជំនុំ» គឺជា​ការ​ល្អ ប៉ុន្តែ ដែល​មនុស្ស​ម្នាក់​អាច «នៅ​ក្នុង​យានដ្ឋាន» ហើយ​មិន​បាន​ប្រែ​ក្លាយ​ជា​ឡាន​ជា​យ៉ាងណា នោះ​មនុស្ស​ក៏​អាច​នៅ «ក្នុង​ពួក​ជំនុំ» ដោយ​មិន​បាន​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ផង​ដែរ​។ បើ​យើង​មិន​នៅ​ក្នុង​ព្រះគ្រីស្ទ​ទេ យើង​នៅតែ​រស់នៅ​ក្នុង​ជីវិត​ចាស់ ដែល​ប្រហែល​កាន់​តាម​សាសនា​តែ​សម្បក​ក្រៅ និង​មាន​ការ​ចាប់​អារម្មណ៍​ខាង​វិញ្ញាណ តែ​មិន​បាន​ផ្លាស់​ប្រែ​ពី​ឫសគល់​មក​ទេ​។
តើ​អ្នក​នៅ​ក្នុង​ព្រះគ្រីស្ទ​ទេ? បើ​អ្នក​នៅ​ក្នុង​ព្រះអង្គ នោះ​អ្នក​គឺជា​ពួក​បរិសុទ្ធ​ហើយ! អ្នក​នឹង​ទទួល​បាន​ព្រះពរ និង​អត្ថ​ប្រយោជន៍​ទាំង​អស់ ពី​ការ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​អ្នក​មាន​ឯកសិទ្ធិ ក្នុង​ការ​រស់នៅ​ថ្វាយ​ព្រះអង្គ​។ ការ​ដែល​សាវ័ក​ប៉ុល​បាន​ហៅ​គ្រីស្ទាន​ធម្មតា​ថា ពួក​បរិសុទ្ធ គឺ​បាន​ក្រើនរំឮក​ពួក​គេ​ថា «នេះ​ជា​អត្ត​សញ្ញាណ​របស់​អ្នក ហើយ​អ្នក​ត្រូវ​រស់នៅ​យ៉ាង​ដូច​នេះឯង​។ អ្នក​ត្រូវតែ​ខុស​ប្លែក​ពី​លោកិយ​។ អ្នក​គឺជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​។ ចូរ​អរ​សប្បាយ​នៅ​ថ្ងៃ​នេះ ក្នុង​ពេល​នេះ បើ​ព្រះ​អង្គ​បាន​ញែក​អ្នក​ចេញ​សម្រាប់​ព្រះអង្គ ហើយ​ចូរ​រស់នៅ ដោយ​សេរី​ភាព ក្នុង​ការ​សរសើរ​ដំកើង​សិរី​ល្អ​របស់​ព្រះអង្គ​»។ 

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ១:១-១៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ១០-១៣ និង ម៉ាកុស ៤:១-២០

ប្រភេទ