នំម៉ាណាប្រចាំថ្ងៃ
ព្រះ​អង្គ​នឹង​ពរ​អ្នក

ព្រះ​អង្គ​នឹង​ពរ​អ្នក

ដោយAlistair Begg

January 26, 2026

«កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យសោះ ពីព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយដៃ​ស្ដាំ​ដ៏​សុចរិត​របស់​អញ»។ អេសាយ ៤១:១០
មាន​រឿង​មួយ​បាន​ដំណាល អំពី​គ្រូ​គង្វាល​ម្នាក់ ដែល​កំពុង​រើ​បន្ទប់​សម្រាប់​អាន​សៀវភៅ​ទៅ​ផ្ទះ​ថ្មី​របស់​គាត់ ហេតុ​នេះ​ហើយ គាត់​ត្រូវ​រើ​សៀវភៅ​រាប់​រយ​ក្បាល ចេញពី​បណ្ណាល័យ​របស់​គាត់​។ ប៉ុន្តែ គាត់​មិន​បាន​ធ្វើ​កិច្ច​ការ​នេះ​តែ​ម្នាក់ឯង​ទេ​។ គាត់​បាន​នាំ​កូន​ប្រុស​អាយុ៤ឆ្នាំ​របស់​គាត់​ទៅជា​មួយ ដើម្បី​ជួយ​កាន់​សម្ភារៈ​មួយ​ចំនួន​ឡើង​ទៅ​ជាន់លើ​។ ឪពុក​ម្នាក់​នេះ​មិន​ចង់​ឲ្យ​កូន​ប្រុស​តូច​ល្អិត​របស់​គាត់ ធ្វើ​ការ​ហួស​កម្លាំង​ទេ បានជា​គាត់​ឲ្យ​វា​កាន់​ក្រដាស​មួយដុំ និង​ទស្សនាវដី្ត​បួន​ប្រាំ​ក្បាល​។ ប៉ុន្តែ នៅពេល​ដែល​លោក​គ្រូ​គង្វាល​ចុះ​មក​ជាន់​ក្រោម​វិញ បន្ទាប់​ពី​បាន​តម្រៀប​សៀវភៅ​បាន​មួយ​គំនរ​ក្នុង​បន្ទប់​អាន​សៀវភៅ​ហើយ គាត់​ក៏​បានឮ​កូន​ប្រុស​គាត់​ស្រែកយំ នៅ​លើ​ជណ្តើរ​ខាងលើ​។
គាត់​ក៏បាន​ប្រញាប់​ឡើង​ទៅ​រក​កូន​តូច​របស់​គាត់ ដែល​កំពុង​ព្យាយាម​លើក​សៀវភៅ​ខគម្ពីរ​យោង​មាន​ទំហំ​ធំ ​ក្រាស់ ​ហើយ​ធ្ងន់​លើស​សមត្ថ​ភាព​របស់​វា​។ បុរស​ជា​ឪពុក​ក៏បាន​ប្រាប់​កូន​ប្រុស​គាត់​ថា «ប៉ា​មិន​ដែល​ឲ្យ​កូន​ទ្រាំទ្រ​ការ​លំបាក​ដូច​នេះ​ទេ​។ ប៉ា​មិន​ដែល​ចង់​ឲ្យ​កូន​កាន់​របស់​ធ្ងន់​អញ្ចឹង ដោយ​ខ្លួនឯង​ឡើយ!»។ បន្ទាប់មក គាត់​ក៏បាន​លើក​​កូន​ប្រុស​គាត់​ពរ ជា​មួយ​នឹង​បន្ទុក​ដ៏​ធ្ងន់​របស់​វា ឡើង​ទៅ​ជាន់លើ​។
តើមាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ព្យាយាម​សែង​បន្ទុក​លើស​ទម្ងន់​ដែល​ព្រះអង្គ​មិន​ដែល​ឲ្យ​យើង​សែង ដោយ​ខ្លួនឯង! យើង​ជា​អ្នក​ជ្រើសរើស​ឲ្យ​ខ្លួនឯង​ព្រួយ​បារម្ភ​អំពី​រឿង​នេះ ឬ​រឿង​នោះ នៅពេល​ដែល​ព្រះ​ទ្រង់​មិន​បាន​ឲ្យ​យើង​សែង​បន្ទុក​របស់​យើង​តែ​ម្នាក់ឯង​។ ព្រះវរបិតា​នៃ​យើង​សព្វ​ព្រះទ័យ​ឲ្យ​យើង​ផ្ទេរ​ការ​ថប់​បារម្ភ​ទាំង​អស់​ដល់​ព្រះអង្គ(១ពេត្រុស ៥:៧)។ ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​ទទួលយក ហើយ​សែង​ទាំង​ខ្លួន​យើង និង​បញ្ហា​របស់​យើង ទោះ​តាមរយៈ​កិច្ចការ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ​ដោយ​ផ្ទាល់ ឬ​តាមរយៈ​រាស្រ្ត​របស់​ព្រះអង្គ ដែល​ជួយ​សម្រាល​បន្ទុក​គ្នា​ទៅវិញ​ទៅមក ដោយ​ក្តី​ស្រឡាញ់​ក៏ដោយ(កាឡាទី ៦:២)។ 
ចូរ​យើង​ស្រមៃ​អំពី​គ្រូ​គង្វាល​ដែល​បាន​លើក​ពរ​កូន​ប្រុស​គាត់ និង​សៀវភៅ​ជា​បន្ទុក​របស់​វា ក្នុង​ពេល​តែមួយ​។ ហោរា​អេសាយ​បាន​ធ្វើ​ការ​ពិពណ៌នា​អំពី​ព្រះ​នៃ​យើង ដោយ​ប្រើ​រូប​ភាព​ដូច​នេះឯង ឲ្យ​យើង​ដឹង​ថា ព្រះអង្គ​មិន​គ្រាន់តែ​សព្វ​ព្រះទ័យ​នឹង​ជួយ តែ​ក៏​អាច​ជួយ​យើង ក្នុង​ពេល​ដែល​យើង​ត្រូវ​ការ​ព្រះ​អង្គ​ជួយ​យើង​។ យើង​គ្មាន​ហេតុផល​ដែល​ត្រូវ​ព្រួយ​បារម្ភ ភ័យ​ខ្លាច ឬ​អស់​សង្ឃឹម​នោះ​ឡើយ​។ ព្រះ​អង្គ​បាន​ប្ដេជ្ញា​ព្រះទ័យ​ថា នឹង​ចម្រើន​កម្លាំង ហើយ​ទ្រទ្រង់​យើង​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​សន្យា​ថា «គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់​ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់ស គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង» (អេសាយ ៤៦:៤)។
តើ​អ្នក​កំពុង​សែង​បន្ទុក​អ្វី នៅ​ថ្ងៃ​នេះ? អ្នក​មាន​ព្រះ​មួយ​អង្គ ដែល​តែងតែ​គង់នៅ​ក្បែរ ហើយ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ​គ្មាន​ដែន​កំណត់​ឡើយ​។ ព្រះ​អង្គ​នឹង​ជួយ​អ្នក​។ ព្រះ​អង្គ​នឹង​ពរ​អ្នក​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​ទូល​សូម​ព្រះ​អង្គ​ជួយ​អ្នក​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៤១:៥-១៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ១៤-១៦ និង ម៉ាកុស ៤:២១-៤១

ប្រភេទ