នំម៉ាណាប្រចាំថ្ងៃ
ថ្វាយ​បញ្ហា​របស់​អ្នក​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ

ថ្វាយ​បញ្ហា​របស់​អ្នក​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ

ដោយAlistair Begg

January 27, 2026

«រីឯ​សារ៉ាយ ប្រពន្ធ​អាប់រ៉ាម នាង​មិន​បង្កើត​កូន​ឲ្យ​គាត់​សោះ តែ​នាង​មាន​បាវ​ស្រី​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​ហាការ
ដូច្នេះ សារ៉ាយ​ក៏​និយាយ​ទៅ​អាប់​រ៉ាម​ថា មើល ព្រះយេហូវ៉ា​ទ្រង់​បង្ខាំង​មិន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ហេតុ​នោះ សូម​អ្នក​អញ្ជើញ​ចូល​ទៅ​ឯ​បាវ​ស្រី​របស់​ខ្ញុំ​ចុះ ប្រហែល​ជា​ខ្ញុំ​នឹង​បាន​កូន​ដោយសារ​វា អាប់​រ៉ាម​ក៏​ស្ដាប់​តាម»។ លោកុប្បត្ដិ ១៦:១-២
ជីវិត​មាន​ការ​ពិបាក ហើយ​ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ គឺ​មិន​មាន​ន័យ​ថា យើង​បាន​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ទេ​។ 
ពេលណា​យើង​ប្រឈម​មុខ​ដាក់​ជំងឺ ការ​បាត់បង់​ការងារ ការ​ឈឺ​ក្បាល និង​ការ​បែក​បាក់​ទំនាក់​ទំនង និង​ជួប​បញ្ហា​ផ្សេង​ទៀត មាន​សំណួរ​ជា​មូលដ្ឋាន​មួយ ដែល​យើង​ចាំបាច់​ត្រូវ​សួរ​ខ្លួនឯង: តើ​យើង​នឹង​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​ជំនឿ ឬ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា តាម​ទំនើង​ចិត្ត​របស់​យើង​ឬ? 
លោក ​អ័ប្រាហាំ​គឺជា​មនុស្ស​ដូច​យើង​ផង​ដែរ ដោយ​គាត់​បាន​ឆ្លង​កាត់​ភាព​ជោគជ័យ ក៏​ដូចជា​បរាជ័យ ក្នុង​ការ​ដើរ​ខាង​វិញ្ញាណ​។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​គ្រួសារ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​ធំ​មួយ និង​ធ្វើ​ជា​ព្រះពរ ដល់​លោកិយ​ទាំងមូល តាមរយៈ​មនុស្ស នៅ​ក្នុង​ជាតិ​សាសន៍​នោះ(លោកុប្បត្ដិ ១២:‌១-៣)។ លោក ​អ័ប្រាហាំ និង​នាង  ​សារ៉ា មាន​វ័យ​ចាស់ ហើយ​មិន​ទាន់​មាន​កូន​នៅឡើយ​ទេ តែ​ពួកគេ​នឹង​មាន «កូន​ប្រុស​ម្នាក់» ដែល​នឹង​ស្នង​មរតក​របស់​ពួកគេ(១៥:៤)។ លោក ​អ័ប្រាហាំ «ក៏​ជឿ​ដល់​ព្រះយេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្ដី​ជំនឿ​នោះ ទុក​ជា​សេចក្ដី​សុចរិត​ដល់​គាត់»(ខ.៦)។ 
ប៉ុន្តែ បន្ទាប់ពី​ពួក​គេ​បាន​រង់​ចាំ​អស់​ជា​ច្រើន​ឆ្នាំ សេចក្តី​ជំនឿ​របស់​លោក ​អ័ប្រាហាំ​មាន​ការ​រេរា​។ តាម​ការ​សន្និដ្ឋាន ពី​មួយ​ខែ​ទៅ​មួយ​ខែ សេចក្តី​សង្ឃឹម​របស់​ពួកគេ​​មាន​ការ​ឡើង​ចុះៗ ហើយ​ជា​ច្រើន​ខែ​ឆ្នាំ​កន្លង​ផុត​ទៅ នាង  ​សារ៉ា​មាន​វ័យ​កាន់តែ​ចាស់ កាន់តែ​សោកសៅ និង​កាន់តែ​ខ្វះ​ភាព​អត់​ធ្មត់​។ ដូច​នេះ ពួកគេ​ក៏​បាន​ឈាន​ទៅ​ដល់​វិបត្តិ​នៃ​សេចក្តី​ជំនឿ​។ ពួក​គេ​ដឹង​ថា ព្រះ​មាន​ពិតមែន ព្រះ​ទ្រង់​មាន​គ្រប់​ចេស្ដា ហើយ​ព្រះអង្គ​បាន​សន្យា​ថា ពួកគេ​នឹង​មាន​កូន​ប្រុស​ម្នាក់ ប៉ុន្តែ ​ពួកគេ​ក៏​ដឹង​ដែរ​ថា ខ្លួន​មិន​ទាន់​មាន​កូន​នៅឡើយ​ទេ​។ តើ​ពួក​គេ​នឹង​បណ្តោយ​ឲ្យ​សំណួរ​ក្នុង​ចិត្ត​បំផ្លាញ​សេចក្តី​ជំនឿ​របស់​ពួកគេ ឬ​ពួកគេ​អនុញ្ញាត​ឲ្យ​ជំនឿ​របស់​ពួក​គេ​លប់​បំបាត់​សំណួរ​ដែល​មាន​ក្នុង​ចិត្ត? 
ខ​គម្ពីរ​ខាងលើ​បាន​ពិពណ៌នា អំពី​ការ​សម្រេច​ចិត្ត​ដ៏​សោកសៅ ដោយ​ពួកគេ​បាន​ស្វែងរក​ដំណោះ​ស្រាយ តាម​ទំនើង​ចិត្ត និង​តាម​សមត្ថភាព​របស់​ខ្លួនឯង​។ នៅ​ក្នុង​ការ​សង្ស័យ និង​ភាព​អស់​សង្ឃឹម នាង  ​សារ៉ា​ក៏បាន​បង្គាប់​លោក ​អ័ប្រាហាំ ឲ្យ​ទៅ​រួម​ដំណេក​ជា​មួយ​នាង  ​ហាការ ជា​ស្រី​បម្រើ ដោយ​សង្ឃឹមថា ពួកគេ​នឹង​ទទួល​បាន​កូន​ដែល​ព្រះ​ទ្រង់​បាន​សន្យា ហើយ​លោក ​អ័ប្រាហាំ​ក៏បាន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​នេះ​។
នេះ​ជា​ការ​សម្រេច​ចិត្ត​ខុស​។ ពួក​គេ​សង្ស័យ​ថា ព្រះ​ទ្រង់​ប្រហែល​មិន​គោរព​ព្រះបន្ទូល​សន្យា​របស់​ទ្រង់​ឡើយ បានជា​ពួកគេ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ការ​សន្យា​នោះ​ក្លាយ​ជា​ការ​ពិត ដោយ​ទង្វើ​អសីលធម៌​របស់​ពួកគេ​។ ពួកគេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​គិត​ស្មាន​ថា វា​មាន​ភាព​ងាយ​ស្រួល​។ ពួកគេ​មិន​សួរ​ថា ទង្វើ​នេះ​ត្រឹម​ត្រូវ​ឬ​អត់ទេ តែ​ពួកគេ​សួរ​រកតែ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ទៅរួច​។ ពួក​គេ​បណ្តោយ​ឲ្យ​អារម្មណ៍ ដែល​ផ្តេក​ផ្តួល​តាម​ទិដ្ឋភាព​ជាក់​ស្តែង ដឹកនាំ​ការ​សម្រេច​ចិត្ត ទាស់​ប្រឆាំង​នឹង​ជំនឿ​របស់​ពួក​គេ ហើយ​ការ​ធ្វើ​ដូច​នេះ នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ ទុក្ខ​វេទនា និង​ការ​ឈឺ​ក្បាល​កាន់តែ​ខ្លាំង សម្រាប់​ខ្លួនឯង និង​នាង  ​ហាការ​។ ពួកគេ​គិត​ឃើញថា ការ​អារកាត់​ដោយ​ខ្លួនឯង នឹង​នាំមក​នូវ​ភាព​ងាយ​ស្រួល​ជាង តែ​ផ្ទុយ​ទៅវិញ រឿង​ស្មុគស្មាញ​បាន​កើត​ឡើង​។ 
ពេលណា​យើង​ទុក​សេចក្តី​ជំនឿ​ចោល ហើយ​ប្រឹង​ជួយ​ខ្លួនឯង យើង​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ភាព​ស្មុគស្មាញ​។ យើង​នឹង​ជួប​ភាព​វឹកវរ និង​ការ​ឈឺ​ក្បាល ពេលណា​យើង​ព្យាយាម​ធ្វើ​អ្វីៗ​តាម​ទំនើង​ចិត្ត ធ្វើ​ផែនការ​តាម​បំណង​ចិត្ត​ខ្លួនឯង ជាជាង​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​។ ជំនឿ និង​ការ​រង់​ចាំ ត្រូវ​ដើរ​ទន្ទឹម​គ្នា​។ ចូរ​កុំ​អស់​សង្ឃឹម ពេលណា​អ្នក​កំពុង​អង្គុយ​ក្នុង​បន្ទប់​រង់​ចាំ​នៃ​ជីវិត​។ ជានិច្ច​ជា​កាល ការ​ទុកចិត្ត និង​ការ​រង់​ចាំ​ព្រះអម្ចាស់ គឺជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ​។ តើ​អ្នក​ចាំបាច់​ត្រូវ​រស់នៅ យ៉ាង​ដូច​នេះ ក្នុង​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក នៅ​ថ្ងៃ​នេះ? 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូប ១:១៣-២១
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ១៧-១៩ និង ម៉ាកុស ៥:១-២០
 

ប្រភេទ