
ការដឹងគុណព្រះ ការអធិស្ឋាន និងក្តីអំណរកាន់តែខ្លាំង
ដោយAlistair Begg
January 28, 2026
«ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្ដី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា។ ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នា ដោយអំណរនៅគ្រប់វេលាដែលខ្ញុំអធិស្ឋានជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង ដរាបដល់ឥឡូវនេះ។ ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ»។ ភីលីព ១:៣-៦
សេចក្តីអធិស្ឋានរបស់យើង មានការឆ្លុះបញ្ចាំងជាច្រើន អំពីខ្លួនយើង និងមនុស្សនៅជុំវិញយើង។
សាវ័កប៉ុល និងអ្នកជឿព្រះ នៅទីក្រុងភីលីព មានអំណរ នៅក្នុងការធ្វើការជាដៃគូរ ដែលបានចាក់ឫសក្នុងដំណឹងល្អ។ ទំនាក់ទំនងរបស់ពួកគេ មិនមែនជាការប្រកបដែលនៅត្រឹងមួយកន្លែង ដោយពឹងផ្អែកតែបន្តិចបន្តួច ទៅលើសេចក្តីជំនឿរួមនោះទេ។ ផ្ទុយទៅវិញ ពួកគេមានមិត្តភាពកាន់តែស៊ីជម្រៅដែលមានផលផ្លែ ខណៈពេលដែលពួកគេបន្ត «តតាំងជាមួយគ្នា ដោយនូវសេចក្ដីជំនឿ ខាងឯដំណឹងល្អ» ហើយ «បង្ហើយសេចក្ដីសង្គ្រោះ» របស់ពួកគេ «ដោយកោតខ្លាច ហើយញាប់ញ័រ» (ភីលីព ១:២៧ ២:១២)។ ការរស់នៅរបស់ពួកជំនុំនៅទីក្រុងភីលីព មានការរីកចម្រើន ទាំងនៅក្នុងទំនាក់ទំនងជាមួយសាវ័កប៉ុល ដែលជាអ្នកបម្រើរបស់ពួកគេ ក៏ដូចជានៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះរបស់ពួកគេ។ ដោយសារភាពជាដៃគូនេះ សាវ័កប៉ុលអាចមានការដឹងគុណព្រះអម្ចាស់ ការអធិស្ឋាន និងអំណរកាន់តែខ្លាំងឡើង។ ដើម្បីឲ្យពួកជំនុំមានការចម្រើនឡើងខាងវិញ្ញាណ ទំនាក់ទំនងក្នុងចំណោមសមាជិក ត្រូវតែមានការដឹងគុណព្រះពិតប្រាកដ។ ការដឹងគុណព្រះយ៉ាងដូចនេះ មិនគួរអាស្រ័យទៅលើភាពល្អឥតខ្ចោះរបស់អ្នកដទៃឡើយ ព្រោះយើងរាល់គ្នាសុទ្ធតែនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ ផ្ទុយទៅវិញ ភាពខ្វះចន្លោះរបស់យើងគួរតែជំរុញចិត្តយើងឲ្យអធិស្ឋានឲ្យគ្នាទៅវិញទៅមក! ជាងនេះទៅទៀត ការដឹងគុណព្រះអស់ពីចិត្ត ជួយឲ្យការងារបម្រើព្រះដែលមានផលផ្លែ មានដំណើរការទៅមុខ។
យើងអាចមើលឃើញភាពជាដៃគូរបស់សាវ័កប៉ុល នៅក្នុងសេចក្តីអធិស្ឋានរបស់គាត់។ គឺដូចដែលគាត់បានប្រាប់ពួកគេថា «ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នា ដោយអំណរនៅគ្រប់វេលាដែលខ្ញុំអធិស្ឋានជានិច្ច»។ គាត់មិនគ្រាន់តែអធិស្ឋានឲ្យអ្នកដែលសុខសប្បាយ ឬអ្នកដែលនៅក្បែរគាត់ប៉ុណ្ណោះទេ តែគាត់អធិស្ឋានឲ្យគេរាល់គ្នា។ យើងក៏ចាំបាច់ត្រូវធ្វើដូចគាត់ផងដែរ! ជាការពិតណាស់ បើយើងអធិស្ឋានឲ្យមនុស្សដែលយើងច្រើនតែពិបាកអធិស្ឋានឲ្យជាងគេ យើងនឹងបានដឹងថា ពួកគេពិតជាអាចក្លាយជាដៃគូល្អបំផុតរបស់យើង។ យើងថែមទាំងអាចគិតថា ពួកគេបានផ្លាស់ប្រែ តែទន្ទឹមនឹងនោះ យើងក៏ដឹងផងដែរថា យើងបានផ្លាស់ប្រែ ព្រោះការអធិស្ឋានដ៏ជាប់លាប់របស់យើង បានទទួលការបណ្តាលពីការដឹងគុណព្រះអង្គ។
អំណរដ៏ពោរពេញកើតមាន ពេលណាយើងធ្វើការជាដៃគូរ ក្នុងការអធិស្ឋានជាមួយគ្នា។ ការអធិស្ឋានខ្លះមានការឈឺចាប់ ដោយជៀសមិនរួច។ យើងឈឺចិត្ត ពេលដែលយើងជួយរំលែកបន្ទុកបងប្អូនប្រុសស្រីរបស់យើង ដែលកំពុងមានការឈឺចាប់ ដោយសារកូន ទំនាក់ទំនងប្តីប្រពន្ធ ការបាត់បង់ការងារ ជំងឺ ឬការកាន់ទុក្ខរបស់ពួកគេ។ ប៉ុន្តែ នៅពេលផ្សេងទៀត ការអធិស្ឋានមិនមានលក្ខណៈដូចការហែលបញ្ច្រាសខ្សែទឹកនោះទេ តែការអធិស្ឋានអាចដូចទឹកជ្រោះ ដែលធ្វើឲ្យយើងមានអំណរទាំងអស់គ្នា។ ពេលណាយើងរួមគ្នាអធិស្ឋានទូលថ្វាយអំពីស្ថានភាព តម្រូវការ និងជ័យជម្នះរបស់យើង នៅពីមុនបល្ល័ង្កនៃព្រះគុណ ការប្រកបគ្នានឹងនាំមកនូវអំណរ។ នេះជាអារម្មណ៍ដែលសាវ័កប៉ុលមាន ចំពោះពួកជំនុំនៅទីក្រុងភីលីព។ គាត់បានអធិស្ឋាន ដោយចិត្តសោកសៅ និងដោយក្តីសង្ឃឹម ក៏ដូចជាអធិស្ឋានដោយអំណរ ដោយសារពួកគេបានធ្វើជាដៃគូរដំណឹងល្អជាមួយគាត់។
យើងអាចរៀនសូត្រពីសាវ័កប៉ុល។ គាត់ដឹងថា ការប្រកបគ្នាជាមួយអ្នកជឿដទៃទៀត អាចនាំមកនូវការដឹងគុណព្រះ ការអធិស្ឋានកាន់តែខ្ជាប់ខ្ជួន និងអំណរ។ តើការអធិស្ឋានរបស់អ្នក សម្រាប់ដៃគូរដំណឹងល្អរបស់អ្នក បានឆ្លុះបញ្ចាំងអំពីការអធិស្ឋានរបស់សាវ័កប៉ុល សម្រាប់ដៃគូរដំណឹងល្អរបស់គាត់យ៉ាងណាខ្លះ?
ព្រះគម្ពីរសញ្ជឹងគិត៖ ភីលីព ១:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ២០-២២ និង ម៉ាកុស ៥:២១-៤៣