នំម៉ាណាប្រចាំថ្ងៃ
អ្នក​ដឹកនាំ ដែល​កោត​ខ្លាច​ព្រះ

អ្នក​ដឹកនាំ ដែល​កោត​ខ្លាច​ព្រះ

ដោយAlistair Begg

January 29, 2026

«លំដាប់​នោះ សាំយូអែល​ប្រាប់​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា មើល ខ្ញុំ​បាន​ស្ដាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​បាន​សូម​ដល់​ខ្ញុំ​ហើយ ខ្ញុំ​បាន​តាំង​ឲ្យ​មាន​ស្ដេច​លើ​អ្នក​រាល់​គ្នា ឥឡូវ​នេះ មើល ស្ដេច​ទ្រង់​យាង​នៅមុខ​អ្នក​រាល់​គ្នា ឯ​ខ្ញុំ‍​ៗ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ​ផង ហើយ​មើល កូន​ខ្ញុំ​នៅ​ជាមួយនឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​ដើរ​នៅមុខ​អ្នក​រាល់​គ្នា​តាំងតែពី​ក្មេង ដរាប​ដល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​ទីនេះ​ស្រាប់ ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​នៅមុខ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​នេះ​ចុះ តើ​ខ្ញុំ​បាន​យក​គោ​របស់​អ្នកណា ឬ​យក​លា​របស់​អ្នកណា តើ​ខ្ញុំ​បាន​បំភាន់​បំបាត់​ឬ​សង្កត់សង្កិន​អ្នកណា តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​ដៃ​អ្នកណា ដើម្បី​ឲ្យ​ខ្ញុំ​ធ្មេច​ភ្នែក នោះ​ខ្ញុំ​នឹង​សង​ដល់​អ្នក​រាល់​គ្នា​វិញ»។ ១សាំយូអែល ១២:១-៣
ការ​ដឹក​នាំ​គ្រប់​ប្រភេទ សុទ្ធ​តែ​ងាយ​មាន​កំហុស​។ បើ​អ្នក​ធ្វើ​ការ​ជា​គ្រូ​បង្រៀន ​ធ្វើ​ជា​អ្នកដឹកនាំ​ឧស្សាហ៍​កម្ម អ្នកដឹកនាំ​នយោបាយ ឬ​ធ្វើ​ការ​ជា​គ្រូ​គង្វាល​ក្តី អ្នក​មាន​ការ​ចេញ​មុខ​ចេញ​មាត់​ច្រើន​ជា​ប្រចាំ ហើយ​ស្ថិត​នៅ​ចំពោះ​មុខ​នៃ​ការ​ពិនិត្យ​ពិច័យ​របស់​អ្នក​ដទៃ​។ ដូច​នេះ អ្នក​អាច​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​។ 
នៅពេល​ដែល​ស្តេច​សូល​ឡើង​កាន់​អំណាច​ជា​អ្នក​ដឹកនាំ​ប្រទេស តួនាទី​របស់​ហោរា​សាំយូអែល ជា​ពួក​ចៅហ្វាយ​ក៏​ហៀបនឹង​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ​។ គាត់​ក៏បាន​ទទួល​ស្គាល់​ថា ប្រវត្តិ​សាស្ត្រ​នៃ​ជនជាតិ​អ៊ីស្រាអែល​បាន​ឈាន​ដល់​ចំនុច​របត់​ដ៏​សំខាន់​មួយ ដូច​នេះ គាត់​ក៏បាន​ប្រើ​ឱកាស​ពេល​នោះ ដើម្បី​បន្សល់​ទុក​កេរ​ដំណែល​របស់​គាត់​។ គាត់​ពេញ​ចិត្ត​នឹង​មុខ​នាទី​ដែល​មាន​ឯកសិទ្ធិ​ពិសេស ប៉ុន្តែ គាត់​មិន​បាន​ផ្ដោត​ទៅលើ​ជំនាញ និង​យុទ្ធសាស្ត្រ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​សាសន៍​អ៊ីស្រាអែល​នោះ​ទេ​។ ផ្ទុយ​ទៅវិញ គាត់​បាន​សង្កត់​ធ្ងន់​ទៅលើ​ចារិត​លក្ខណៈ​របស់​គាត់ ដែល​ត្រូវ​ដើរ​នៅ​ចំពោះ​ព្រះអម្ចាស់ តាំងពី​ក្មេង​មក និង​ត្រូវ​មាន​សេចក្តី​សុចរិត​នៅ​ចំពោះ​មុខ​ពួក​បណ្តាជន ហេតុ​នេះ​ហើយ គាត់​អាច​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់ និង​សេចក្តី​ល្អ​របស់​ព្រះអម្ចាស់ ដល់​ពួក​បណ្តាជន ដោយ​អំណរ តាម​រយៈ​ចារិត​លក្ខណៈ​របស់​គាត់​។
បន្ទាប់ពី​ហោរា​សាំយូអែល​បាន​ក្រើន​រំឭក​អំពី​ប្រវត្តិ​របស់​គាត់ គាត់​ក៏​បាន​ធ្វើ​នូវ​រឿង​មួយ ដែល​អ្នក​ដឹកនាំ​ជា​ច្រើន​មិន​ហ៊ាន​ធ្វើ និង​មិន​ធ្វើ​មិន​កើត​គឺ គាត់​បាន​ដាក់​ខ្លួន​គាត់​នៅ​ចំពោះ​មុខ​ពួក​បណ្តាជន ហើយ​សុំ​ឲ្យ​ពួកគេ​ធ្វើ​បន្ទាល់ ទាក់ទង​នឹង​ភាព​ត្រឹម​ត្រូវ​របស់​គាត់ ក្នុង​ភាពជា​អ្នក​ដឹកនាំ​។ គាត់​ស្ម័គ្រ​ចិត្ត​ឈរ​ចំពោះ​មុខ​ពួកគេ ដើម្បី​ឲ្យ​ពួក​គេ​កំណត់​ថា ការ​ដឹកនាំ​របស់​គាត់​បាន​ប្រឡូកប្រឡាក់​ទៅ​ដោយ​ការ​សូក​ប៉ាន់ ឬ​ការ​លើក​ដំកើង​ខ្លួន​ឯង​ឬ​អត់​។ នេះ​ជា​ការ​ប្រថុយ​ប្រថាន! ខណៈ​ពេល​ដែល​ពួក​បណ្តាជន​ពិចារណា​សំណួរ​របស់​លោក ​សាំយូអែល ពួក​គេ​រក​មិន​ឃើញ​កំហុស​របស់​គាត់ ទាំង​នៅ​ក្នុង​ចារិត​លក្ខណៈ ក៏​ដូចជា​ការ​ដឹកនាំ និង​ឥទ្ធិពល ដែល​គាត់​មាន​។ បានជា​ពួកគេ​ធ្វើ​បន្ទាល់​ថា «លោក​មិន​ដែល​បំភាន់​បំបាត់​ឬ​សង្កត់សង្កិន​យើង​ខ្ញុំ​ឡើយ ក៏​មិន​ដែល​ទទួល​សំណូក​ពី​ដៃ​អ្នកណា​ដែរ»(១សាំយូអែល ១២:៤)។ គាត់​មិន​បាន​ប្រើ​មុខ​តំណែង​របស់​គាត់ ដើម្បី​ស្វែងរក​ភាព​មាន​បាន ឬ​ដើម្បី​សង្កត់សង្កិន​អ្នកណា​ឡើយ​។ គេ​បាន​ធ្វើ​ការ​បញ្ជាក់​ច្បាស់​ថា ការ​ដឹកនាំ​របស់​គាត់​មាន​ភាព​ស្អាត​ស្អំ​។
ដោយសារ​មនុស្ស​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​នេះ មក​លើ​អ្នក​ដឹកនាំ យើង​ចាំ​បាច់​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ដឹកនាំ​ជា​ប្រចាំ ហើយ​បើសិន​ជា​ព្រះ​អម្ចាស់​ទត​ឃើញ​យើង​សក្តិ​សម​នឹង​តូ​នាទី​ជា​អ្នក​ដឹកនាំ ចូរ​យើង​ទទួលយក​តួនាទី​នោះ ដោយ​ភាព​ម៉ត់ចត់ ដោយ​ពិចារណា អំពី​គោលបំណង​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​យើង​។ សាវ័ក​យ៉ាកុប​បាន​ដាស់តឿន​យើង មិន​ឲ្យ​ទទួលយក​តួនាទី​ជា​អ្នក​ដឹកនាំ​ច្រើន​គ្នា​ពេក ដោយ​ភាព​រាក់​កំផែល ឬ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ក្នុង​ពួក​ជំនុំ​។ «បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ជា​គ្រូ​ច្រើន​គ្នា​ពេក​ឡើយ ពីព្រោះ​ដឹង​ហើយ​ថា យើង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាងគេ»(យ៉ាកុប ៣:១)។ 
តើ​អ្នក​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ដឹកនាំ​ល្អ​ឬ​ទេ? បើ​ដូច្នោះ​មែន ចូរ​ដឹង​ថា ខណៈ​ពេល​ដែល​ពួកគេ​បម្រើ​ព្រះអម្ចាស់​ដោយ​ប្រុង​ប្រយ័ត្ន នោះ​ពួកគេ​ក៏​ត្រូវ​ការ​អ្នក​អធិស្ឋាន​ឲ្យ អ្នក​លើក​ទឹក​ចិត្ត និង​អ្នក​គាំទ្រ​ពួក​គាត់​ផង​ដែរ! ចូរ​ប្រាកដ​ថា អ្នក​អធិស្ឋាន​ឲ្យ​ពួក​គេ​ជា​ទៀង​ទាត់ ហើយ​ព្យាយាម​ស្អាង​ពួកគេ​ឡើង ជា​ញឹក​ញាប់​។ តើ​អ្នក​ជា​អ្នក​ដឹកនាំ​មែនទេ? បើ​ដូច្នោះ​មែន ចូរ​យក​គំរូ​តាម​ហោរា​សាំយូអែល​ចុះ ដោយ​ដើរ​នៅ​ចំពោះ​ព្រះអម្ចាស់ ដោយ​សុចរិត ក្នុង​ការ​ដឹកនាំ​របស់​អ្នក ដើម្បី​ឲ្យ​ចារិត​លក្ខណៈ​នៃ​ការ​ដឹកនាំ​របស់​អ្នក​មាន​ភាព​ស្មោះ​ត្រង់ និង​ភាព​ត្រឹម​ត្រូវ និង​ដើម្បី​ឲ្យ​គំរូ​របស់​អ្នក សក្តិ​សមនឹង​ឲ្យ​គេ​ដើរ​តាម​។

 ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ធីម៉ូថេ ៣:១-១៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ២៣-២៥ និង ម៉ាកុស ៦:១-២៩

ប្រភេទ