នំម៉ាណាប្រចាំថ្ងៃ
ស្គាល់​ព្រះគ្រីស្ទ​ពី​គ្រប់​ជ្រុង

ស្គាល់​ព្រះគ្រីស្ទ​ពី​គ្រប់​ជ្រុង

ដោយAlistair Begg

January 30, 2026

«នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ តើ​មិន​គួរ​ឲ្យ​ព្រះគ្រីស្ទ​រង​ទុក្ខ​ទាំង​នោះ ហើយ​ចូល​ទៅ​ក្នុង​សិរី​ល្អ​នៃ​ទ្រង់​វិញ​ទេ​ឬ​អី រួច​ទ្រង់​ក៏​ស្រាយ​ន័យ​សេចក្ដី ដែល​តំរូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំងឡាយ ឲ្យ​គេ​ស្ដាប់ ចាប់​តាំងពី​គម្ពីរ​លោក ​ម៉ូសេ នឹង​គម្ពីរ​ពួក​ហោរា​រៀងមក»។ លូកា ២៤:២៥-២៧
តើ​អ្នក​រំពឹង​ថា ជីវិត​ដែល​ដើរ​តាម​ព្រះយេស៊ូវ នឹង​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? 
កណ្ឌ​គម្ពីរ​លូកា​មិន​បាន​ប្រាប់​យើង​ច្រើន អំពី​ពេល​ដែល​ព្រះយេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គេ​ឃើញ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ ផ្ទុយ​ទៅវិញ កណ្ឌ​គម្ពីរ​នេះ​បាន​នាំ​យើង​ផ្ដោត​ចិត្ត​ទៅលើ​ទំនាក់​ទំនង​រវាង​ព្រះគ្រីស្ទ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​មនុស្ស​ពីរ​នាក់​ដែល​កំពុង​ដើរ​ទៅ​ភូមិ​អេម៉ោស គឺ​បុគ្គល​ដែល​កំពុង​រេរា នៅ​ចន្លោះ​សេចក្តី​ជំនឿ និង​ការ​ភ័យ​ខ្លាច ខណៈ​ពេល​ដែល​ពួកគេ​ព្យាយាម​ស្វែង​យល់​អត្ថន័យ​នៃ​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង​។
នៅ​ក្នុង​ការ​សុគត​របស់​ព្រះយេស៊ូវ អ្នកជឿ​ព្រះអង្គ​នៅ​សម័យ​ដើម​កំពុង​ប្រឈម​មុខ​ដាក់​បញ្ហា​មួយ​។ ពួក​គេ​សង្ឃឹមថា ព្រះយេស៊ូវ​គឺជា​ព្រះ​មែស៊ី តែ​ក្តី​សង្ឃឹម​នោះ​បាន​ស្លាប់​ជាមួយ​ព្រះអង្គ​ហើយ​។ ជា​ការ​ពិត​ណាស់ កណ្ឌ​គម្ពីរ​លូកា​បាន​ចែងថា ពួកគេ «បាន​សង្ឃឹមថា គឺ​លោក​នេះ​ហើយ ជា​ព្រះ​ដែល​រៀប​នឹង​ប្រោស​លោះ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន»(លូកា ២៤:២១)។ បុគ្គល​ទាំង​នេះ​បាន​រំពឹង​ថា នៅពេល​ដែល​ព្រះ​មែស៊ី​យាង​មក ព្រះអង្គ​នឹង​នាំមក​នូវ​ជ័យ​ជម្នះ សន្តិភាព និង​យុត្តិ​ធម៌ ដែល​នឹង​ហូរ​ចុះ​មក ដូច​ទន្លេ​ដ៏​ធំ(អេម៉ុស ៥:២៤)។ ប៉ុន្តែ ក្តី​សង្ឃឹម​នេះ​បាន​រលាយ នៅពេល​ដែល​ព្រះអង្គ​សុគត ដែល​បាន​បង្ហាញថា អំពើ​អយុត្តិធម៌​ហាក់​ដូច​ជា​មាន​ជ័យជម្នះ​ហើយ​។
ប៉ុន្តែ មាន​រឿង​ល្អ​ជាង​នេះ​ទៀត​ហៀបនឹង​កើត​ឡើង ព្រោះ «កាល​គេ​កំពុងតែ​និយាយ​គ្នា ហើយ​រិះ​គិត​ដូច្នេះ នោះ​ព្រះយេស៊ូវ​ក៏​ចូល​មក យាង​ជាមួយនឹង​គេ​ដែរ»(លូកា ២៤:‌១៥)។ ព្រះយេស៊ូវ​បាន​ជ្រាប​អំពី​ការ​ភាន់​ភាំង និង​ភាព​អស់​សង្ឃឹម​របស់​ពួកគេ បានជា​ព្រះអង្គ «ក៏​ស្រាយ​ន័យ​សេចក្ដី ដែល​តំរូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំងឡាយ ឲ្យ​គេ​ស្ដាប់ ចាប់​តាំងពី​គម្ពីរ​លោក ​ម៉ូសេ នឹង​គម្ពីរ​ពួក​ហោរា​រៀងមក»។
ព្រះអង្គ​ធ្វើ​ដូច​នេះ មិន​មែន​ដោយសារ​ពួកគេ​មិនបាន​ជឿ​ព្រះ​អង្គ ឬ​មិន​បាន​ដឹង​អំពី​រឿង​ជាក់​លាក់​មួយ​ចំនួន ដែល​ពួក​ហោរា​បាន​ធ្វើ និង​និយាយ​នោះ​ទេ​។ ប៉ុន្តែ នៅ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​គិត​អំពី​អត្ត​សញ្ញាណ​របស់​ព្រះ​មែស៊ី ពួកគេ​មិន​បាន​យល់​អំពី​រូប​ភាព​ដែល​ធំជាង​។ ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​មក​លើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួក​ហោរា​បាន​ថ្លែង​ឡើយ​។ ពួក​គេ​បាន​ផ្ដោត​ទៅលើ​រឿង​នោះ​តែមួយ​ចំហៀង​ប៉ុណ្ណោះ​។ ពួកគេ​គិត​តែ​រឿង​ជ័យ​ជម្នះ​ប៉ុណ្ណោះ ប៉ុន្តែ ពួកគេ​មិន​បាន​ដឹង​ទេ​ថា សិរី​ល្អ និង​ជ័យ​ជម្នះ​កំពុង​រង់​ចាំ នៅ​ចុង​ផ្លូវ​នៃ​ទុក្ខ​វេទនា ឬ​ថែម​ទាំង​សេចក្តី​ស្លាប់​ទៀត​ផង​។
យើង​មិន​អាច​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​មែស៊ី ដោយ​កាត់​ផ្តាច់​ព្រះ​អង្គ​ចេញ​ពី​ឈើ​ឆ្កាង​នោះ​ឡើយ​។ ព្រះយេស៊ូវ​បាន​បញ្ជាក់​ច្បាស់​ថា ជ័យ​ជម្នះ​ពិត​ជា​បាន​រង់​ចាំ​តែ​អស់អ្នក​ដែល​បាន​ជឿ​ពាក្យ ​ដែល​ព្រះអង្គ​មាន​បន្ទូល ក្នុង​បទ​គម្ពីរ លូកា ៩:២៣ ថា «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួនឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ»។ តើ​អ្នក​ស្ម័គ្រ​ចិត្ត​ដើរ​តាម​ផ្លូវ​នៃ​ទុក្ខ​វេទនា ដើម្បី​អរសប្បាយ​នឹង​ជីវិត​ដែល​នឹង​បាន​រស់នៅ​ជាមួយ​ព្រះអង្គ ក្នុង​សិរី​ល្អ​របស់​ទ្រង់​ឬ​ទេ? តើ​អ្នក​កំពុង​ប្រឈម​មុខ​ដាក់​ការ​បែរ​ចេញពី​ព្រះអង្គ ដោយសារ​ព្រះអង្គ​មិន​បាន​ប្រទាន​ជោគជ័យ​ក្នុង​ជីវិត ដែល​ព្រះអង្គ​មិន​បាន​សន្យា​ថា នឹង​ប្រទាន​អ្នក​ឬ? ចូរ​ប្រាកដ​ថា អ្នក​បាន​យល់​សាច់​រឿង​ទាំងមូល ដើម្បី​កុំ​ឲ្យ​ភាព​អន់ថយ និង​ទុក្ខ​លំបាក​វាយ​បំបាក់​ជំនឿ​របស់​អ្នក ឬ​បំផ្លាញ​ក្តី​អំណរ ដែល​កើត​ចេញពី​ការ​ដឹង​ថា នៅ​ចុង​បញ្ចប់​នៃ​ផ្លូវ​ដ៏​ពិបាក ក្នុង​ការ​ដើរ​តាម​ក្សត្រ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ មាន​ជ័យ​ជម្នះ​ដែល​កំពុង​រង់​ចាំ ឲ្យ​យើង​ឃើញ​ព្រះ​ភក្ត្រ និង​រស់នៅ​ក្នុង​នគរ​ដ៏​អស់​កល្ប​របស់​ព្រះអង្គ​។ ទោះ​ជីវិត​នេះ​មាន​ការ​ពិបាក ឬ​មាន​រឿង​ល្អ​យ៉ាងណា​ក៏ដោយ ក៏​រឿង​ដែល​ល្អ​ជាង​តែងតែ​រង់​ចាំ​នៅ​ចុង​ផ្លូវ​ខាង​មុខជា​និច្ច​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ធីម៉ូថេ ៤:៦-៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ២៦-២៧ និង ម៉ាកុស ៦:៣០-៥៦

ប្រភេទ