នំម៉ាណាប្រចាំថ្ងៃ
គ្មាន​អ្វី​រា​រាំង​គោលបំណង​របស់​ព្រះអង្គ

គ្មាន​អ្វី​រា​រាំង​គោលបំណង​របស់​ព្រះអង្គ

ដោយAlistair Begg

January 31, 2026

«ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះយេហូវ៉ា ហើយ​ទាស់​នឹង​ព្រះអង្គ ដែល​ទ្រង់​បាន​លាប​ប្រេង​ឲ្យ ដោយ​ពាក្យ​ថា ចូរ​យើង​ផ្ដាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែចង​របស់​ទ្រង់​ពី​យើង​ចេញ​។ ឯ​ព្រះ​ដែល​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​សើច ព្រះអម្ចាស់​ទ្រង់​នឹង​ចំអក​ឲ្យ​គេ​។ រួច​ទ្រង់​នឹង​មាន​បន្ទូល​ដល់​គេ​ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ ព្រម​ទាំង​បំភ័យ​គេ ដោយ​សេចក្ដី​ឃោរឃៅ​ផង​ថា អញ​បាន​តាំង​ស្ដេច​របស់​អញ​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​អញ»។ ទំនុក​ដំកើង ២:២-៦
កាលពី​ឆ្នាំ១៩៣៩ លោក ​ចន ហឺ​មិន បាវិន(Johan Herman Bavinck) ជា​ទេវ​វិទូ​ជនជាតិ​ហូឡង់ បាន​សង្កេត​ឃើញថា «វប្បធម៌​របស់​យើង​ដែល​មាន​មូលដ្ឋាន​នៅ​លើ​ការ​បំពេញ​ចិត្ត​ខ្លួនឯង កាន់តែ​មាន​ទំនោរ​ទៅ​រក​ការ​ដួល​រលំ ដោយ​ជៀស​មិន​រួច នៅ​ថ្ងៃ​ណាមួយ ដោយ​នាំ​មនុស្ស​ជាតិ​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះ​មហន្ត​រាយ​ជា​សកល​។ វា​ប្រហែល​មិន​កើត​ឡើង​ភ្លាមៗ​ទេ តែ​វា​ប្រាក​ជា​នឹង​មកដល់ នៅពេល​ណាមួយ»។ 10
បើ​លោក ​បាវិន​នៅ​មាន​ជីវិត​រស់​ដល់​ពេល​សព្វថ្ងៃ គាត់​នឹង​បាន​ឃើញថា សង្គម​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន កំពុងតែ​ស្ថិត​ក្នុង​កាលៈទេសៈ ដូច​ការ​ព្យាករណ៍​របស់​គាត់​ណាស់​។ គេ​បាន​បង្រៀន​យើង​ឲ្យ​ជឿ​ថា សម្ភារៈ​និយម ភាព​ទាន់​ចិត្ត និង​ភាព​ម្ចាស់​ការ​នៃ​បុគ្គល​ម្នាក់ៗ គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​ខ្លួនឯង​ស្កប់​ចិត្ត ហើយ​នៅពេល​ដែលគេ​មិន​អាច​រក​ឃើញ​ការ​ស្កប់​ចិត្ត​តាម​របៀប​នេះ​បាន តើ​សង្គម​របស់​យើង​ងាក​ទៅ​រក​ចម្លើយ​នៅ​ទីណា?
យើង​មិន​គួរ​មាន​ការ​យល់​ច្រឡំ​ថា យើង​អាច​យល់​អំពី​បញ្ហា​ទាំង​អស់​ក្នុង​ពិភពលោក តាម​ការ​បក​ស្រាយ ​តាម​បែប​លោកិយ​នោះ​ឡើយ​។ ព្រះ​គម្ពីរប៊ីប​បាន​ប្រាប់​យើង​ថា មនុស្ស​ជាតិ​មាន​ការ​ទាស់​ប្រឆាំង​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ​។ ខណៈ​ពេល​ដែល​យើង​ពិចារណា អំពី​កាលៈទេសៈ​របស់​យើង តាម​ការ​បង្រៀន​របស់​ព្រះ​គម្ពីរ យើង​អាច​ទទួល​ស្គាល់​ថា​ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ចង់​មានន័យ​ដូច​នេះឯង នៅពេល​ដែល​គាត់​សរសេរ​ថា «ហេតុ​អ្វី​បានជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជនជាតិ​ទាំងពួង​មាន​គំនិត​ជា​ឥតសារ​ដូច្នេះ? ពួក​មហាក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះយេហូវ៉ា ហើយ​ទាស់​នឹង​ព្រះអង្គ ដែល​ទ្រង់​បាន​លាប​ប្រេង​ឲ្យ»។
បើ​យើង​ចង់​ឈរ​មាំ នៅ​ចំពោះ​មុខ​នៃ​ការ​ទាស់​ប្រឆាំង និង​ការ​បៀតបៀន យើង​ត្រូវ​ចាំ​ថា ព្រះ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ ហើយ​គេ​មិន​អាច​ឈ្នះ​ព្រះអង្គ​បាន​ឡើយ​។ ការ​បើក​បង្ហាញ​បំណង​ព្រះទ័យ ដែល​ព្រះ​អង្គ​មាន​ពី​អស់​កល្ប​ជា​និច្ច​មក ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទាន​ដែល​ត្រឹម​ត្រូវ​តាម​ព្រះ​គម្ពីរប៊ីប​។ ព្រះអង្គ​ជា​អ្នក​បង្កើត​។ ព្រះអង្គ​មាន​បន្ទូល ហើយ​ព្រះអង្គ​សម្រេច​។ សូម្បីតែ​គ្រោះ​មហន្ត​រាយ ក្នុង​ពិភពលោក ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ តាម​ផែនការ​ទ្រង់​។ ព្រះអង្គ​បាន​តាំង​ព្រះមហាក្សត្រ​ទ្រង់​ឲ្យ​គ្រង​រាជ ហើយ​គ្មាន​អ្វី​រារាំង​បំណង​ព្រះទ័យ​ទ្រង់​បាន​ឡើយ​។ ហើយ​រាស្រ្ត​របស់​ព្រះអង្គ ដែល​ជា​ពួក​ជំនុំ មិន​ត្រូវ​ដកថយ​ឡើយ តែ​ត្រូវ​សម្រុក​ទៅមុខ! យើង​ត្រូវតែ​រំឭក​ខ្លួន​ឯង និង​អ្នក​ដទៃ​ថា ខ្មាំង​សត្រូវ​របស់​យើង​ជា​នរណា ដោយ​ចាំ​ថា សង្គ្រាម​របស់​យើង គឺ​ជា​ការ​ទាស់​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ «ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ​វិញ»(អេភេសូរ ៦:១២)។ ហើយ​យើង​ត្រូវ​តែ​រំឭក​ខ្លួនឯង និង​អ្នក​ដទៃ​ថា អ្នក​មាន​ជ័យ​ជម្នះ គឺជា​ក្សត្រ ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ និង​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​។
ខណៈ​ពេល​ដែល​យើង​ពិចារណា អំពី​ភាព​ផ្ទុយ​គ្នា​ស្រឡះ រវាង​ព្រះ​ដែល​មាន​អធិបតេយ្យ​ភាព និង​លោកិយ​ដែល​មាន​ពេញ​ដោយ​ការ​បះបោរ យើង​គួរ​តែ​ងាក​ទៅ​រក​ព្រះអង្គ ដោយ​ការ​អធិស្ឋាន​។ ជា​ការ​ពិត​ណាស់ សាវ័ក​ប៉ុល​បាន​ក្រើន​រំឭក​អ្នកអាន​សំបុត្រ​គាត់ ឲ្យ​អធិស្ឋាន និង​ទូល​អង្វរ​គ្រប់​យ៉ាង «ដោយ​ព្រះ​វិញ្ញាណ ​រាល់​ពេល​រាល់​វេលា»(អេភេសូរ ៦:១៨) ដោយ​គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ដោយ​សេចក្តី​ពិត ដែល​ថា «គ្រឿងសស្ត្រាវុធ​ពិជ័យសង្គ្រាម​របស់​យើង​ខ្ញុំ មិនមែន​ជា​របស់​ខាង​សាច់ឈាម​ទេ គឺជា​ឥទ្ធិ​ឫទ្ធិ​ដែល​មកពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំមួន​វិញ»(២កូរិនថូស ១០:៤)។ យើង​អាច​អធិស្ឋាន និង​រស់នៅ ដោយ​ចិត្ត​ក្លាហាន ព្រោះ​ព្រះ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​។ ទ្រង់​កំពុង​សម្រេច​គោលបំណង​របស់​ព្រះអង្គ ហើយ​គ្មាន​អ្វី គ្មាន​នរណា​ម្នាក់​ដែល​អាច​ទាស់​ប្រឆាំង​នឹង​បំណង​ព្រះទ័យ​ទ្រង់ ដែល​លើក​ដំកើង​មហា​ក្សត្រ​របស់​ទ្រង់ និង​ប្រទាន​ពរ​រាស្រ្ត​របស់​ព្រះអង្គ​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេភេសូរ ៦:១០-២០
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ២៩-២៩ និង ម៉ាកុស ៧:១-១៣
 

ប្រភេទ