នំម៉ាណាប្រចាំថ្ងៃ
ព្រះ​ទ្រង់​បញ្ចប់​កិច្ចការ​ដែល​ព្រះអង្គ​បាន​ចាប់​ផ្តើម

ព្រះ​ទ្រង់​បញ្ចប់​កិច្ចការ​ដែល​ព្រះអង្គ​បាន​ចាប់​ផ្តើម

ដោយAlistair Begg

February 1, 2026

«ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះអង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់តែ​ពេញ​ខ្នាត​ឡើង ទាល់តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ» ។ ភីលីព ១:៦
ពេលណា​ព្រះ​ទ្រង់​ចាប់​ផ្តើម​កិច្ចការ​អ្វីមួយ ព្រះអង្គ​តែងតែ​បន្ត​ធ្វើ​រហូត​ដល់​ចប់​សព្វ​គ្រប់​ ។ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក១៦ អ្នក​ស្រី លីឌា គឺ​ជា​ស្ត្រី​ជោគជ័យ​ក្នុង​មុខ​ជំនួញ ដែល​មាន​ផ្ទះ​ដ៏​ស្រស់​ស្អាត​នៅ​ទីក្រុង​ភីលីព​ ។ គាត់​មាន​ចំណាប់​អារម្មណ៍​មក​លើ​ជំនឿ​គ្រីស្ទាន ហើយ​បន្ទាប់​មក ជីវិត​គាត់​ក៏​បាន​ផ្លាស់​ប្រែ (កិច្ចការ ១៦:១៤-១៥) ។ តើ​មាន​រឿង​អ្វី​កើត​ឡើង? ព្រះ​ទ្រង់​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ក្នុង​ជីវិត​គាត់​ ។ ក្រោយ​មក ក្នុង​ជំពូក​ដដែល​នោះ យើង​ឃើញថា មេ​គុក​នៅ​ទីក្រុង​ភីលីព ដែល​កំពុង​ធ្វើ​ការ​ក្នុង​វេន​ពេលយប់ ក៏​មាន​ការ​ផ្លាស់​ប្តូរ​ភ្លាមៗ​ផង​ដែរ​ (ខ.៣០-៣៤) ។ តើ​មាន​រឿង​អ្វី​កើត​ឡើង? ព្រះ​ទ្រង់​ក៏បាន​ចាប់​ផ្តើម​ធ្វើ​ការ​ក្នុង​ជីវិត​គាត់​ផង​ដែរ​ ។ ដូច​នេះ យើង​អាច​ស្រមៃ​ថា នៅពេល​ដែល​អ្នក​ស្រី​លីឌា និង​មេ​គុក បាន​ជួប​ការ​ល្បួង​ឲ្យ​បោះបង់​ចោល​ក្តី​ជំនឿ ព្រះ​បន្ទូល​ព្រះ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ក៏បាន​ក្រើន​រំឭក​ពួក​គេ​ថា «ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់តែ​ពេញ​ខ្នាត​ឡើង ទាល់តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ» ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា អ្នក​មិន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​នោះ​ក្នុង​ជីវិត​អ្នក​ទេ ហើយ​អ្នក​ក៏​មិន​បញ្ចប់​ការ​ល្អ​នោះ​ដែរ​ ។ បើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​បន្ត​ធ្វើ​ការ​ល្អ​នោះ​ទៀត​ទេ នោះ​អ្នក​គិត​ត្រូវ​ហើយ​ ។ អ្នក​មិន​អាច​ធ្វើ​បានទេ​ ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ធ្វើ ព្រះអង្គ​អាច​ធ្វើ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ការ​ល្អ​នោះ​ ។ 
ព្រះ​ទ្រង់​មាន​ផែនការ​រយៈ​ពេល​វែង សម្រាប់​ឲ្យ​រាស្រ្ត​ទ្រង់​ម្នាក់ៗ​មើល​ឃើញ និង​មាន​ចំណែក​នៅ​ក្នុង​សិរី​ល្អ​របស់​ព្រះ​រាជ​បុត្រា​ព្រះអង្គ​ ។ នេះ​ជា​គោលដៅ​នៃ​ការ​ល្អ​ដែល​ព្រះអង្គ​កំពុង​ធ្វើ​ ក្នុង​ជីវិត​យើង (រ៉ូម ៨:២៨-៣០) ។ ដូច​នេះ យើង​មាន​ភាព​ចាំបាច់ ក៏​ដូចជា​មាន​លទ្ធ​ភាព​បន្ត​​រត់​ប្រណាំង​ខាង​វិញ្ញាណ ចម្ងាយ​ឆ្ងាយ ដូច​អ្នក​ស្រី​លីឌា និង​មេគុក​នោះ​ផង​ដែរ​ ។ 
ព្រះ​ទ្រង់​ប្រទាន​យើង​រាល់​គ្នា នូវ​អំណោយ​ជា​ច្រើន​ ។ នេះ​ជា​ការ​ពិតមែន ប៉ុន្តែ ជីវិត​យើង​អាច​ហាក់​ដូចជា​មាន​ពេញ​ទៅ​ដោយ​ការ​ខក​ចិត្ត​ ។ យើង​បន្ត​ចាញ់​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ ។ យើង​មាន​ការ​សង្ស័យ ហើយ​កាលៈទេសៈ​នៃ​ជីវិត​ធ្វើ​ឲ្យ​យើង​ពិបាក​បន្ត​ដំណើរ​ក្នុង​សេចក្តី​ជំនឿ​ ។ ប៉ុន្តែ យើង​អាច ហើយ​យើង​នឹង​បន្ត​ដំណើរ​ទៅមុខ​ទៀត ព្រោះ​ព្រះ​គម្ពីរ​បាន​សន្យា​ដល់​យើង​ថា ព្រះ​នៃ​យើង ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​នោះ ទ្រង់​ក៏​នឹង​បញ្ចប់​វា​ផង​ដែរ​ ។ ហើយ​ខណៈ​ពេល​ដែល​យើង​មាន​ការ​ជំពប់​ដួល នៅ​តាម​ផ្លូវ ហើយ​ជួប​ការ​លំបាក​ជា​ច្រើន យើង​ជួប​ការ​ល្បួង​ឲ្យ​ចុះ​ពីលើ​ភ្នំ បោះបង់​ចោល​ស្បែកជើង​សម្រាប់​ឡើង​ភ្នំ ហើយ​ពាក់​ស្បែកជើង​ផ្ទាត់​វិញ ក្នុង​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​ ។ ប៉ុន្តែ នៅ​លើកំពូល​ភ្នំ មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​យ៉ាង​ខ្លាំង សក្តិ​សមនឹង​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់ និង​ហត់នឿយ នៅ​តាម​ផ្លូវ! ហើយ​ព្រះបន្ទូល​ព្រះ​បាន​ក្រើន​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​បន្ត​ដំណើរ​ទៅមុខ តែ​បន្តិច​ទៀត​ទៅដល់​ហើយ​ ។ ចូរ​កុំ​ព្រួយ​បារម្ភ​អំពី​ពេល​ថ្ងៃ​ស្អែក​ ។ ព្រះ​ទ្រង់​នៅតែ​ជួយ​អ្នក​ ។ ចូរ​បន្ត​ដើរ​តាម​ផ្លូវ​នោះ​នៅ​ថ្ងៃ​នេះ​ ។ 
ព្រះ​ទ្រង់​នឹង​បញ្ចប់​កិច្ចការ​ដែល​ព្រះអង្គ​បាន​ចាប់​ផ្តើម​ ។ ហើយ​បើ​អ្នក​ទុកចិត្ត​ព្រះគ្រីស្ទ នោះ​ព្រះអង្គ​បាន​ចាប់​ផ្តើម​រឿង​ដ៏​អស់​កល្ប​ក្នុង​អ្នក​ ។ ពេលណា​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​ពេក ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ចំពោះ​មុខ​អ្នក ឬ​នៅ​ពេល​ដែល​ផ្លូវ​ហាក់​ដូច​ជា​ចោទ​ពេក ចូរ​ស្វែងរក​ការ​កម្សាន្ត​ចិត្ត​ក្នុង​សេចក្តី​ពិត​ដែល​ថា : 
ឈ្មោះ​របស់​ខ្ញុំ​ដែល​មាន​នៅ​លើ​ព្រះ​ហស្ត​ព្រះអង្គ 
មិន​ចេះ​រលប់​ឡើយ ព្រោះ​ព្រះ​អង្គ​បាន​ចារ​ឈ្មោះ​ខ្ញុំ ដោយ​ព្រះគុណ​ដ៏​អស់​កល្ប​ ។ 
ជា​ការ​ពិត​ណាស់ ខ្ញុំ​នឹង​ស៊ូ​ទ្រាំ​ដល់ទី​បញ្ចប់ ព្រោះ​ព្រះអង្គ​បាន​ធានា​ដល់​ខ្ញុំ​ហើយ​ ។ 
ខ្ញុំ​មិន​ទាន់​មាន​អំណរ​ពោរ​ពេញ​ដូច​ពួក​បរិសុទ្ធ​នៅ​ស្ថាន​សួគ៌ 
តែ​ខ្ញុំ​បាន​សុខ​សាន្ត​ក្នុង​ពេល​សព្វថ្ងៃ ដោយសារ​ព្រះគ្រីស្ទ​ ។11 


ខគម្ពីរ​ជញ្ជឹង​គិត៖ ទំនុក​ដំកើង ១២១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖  អេសាយ ៣០-៣១ និង ម៉ាកុស ៧:១៤-៣៧
 

ប្រភេទ