
ព្រះទ្រង់បញ្ចប់កិច្ចការដែលព្រះអង្គបានចាប់ផ្តើម
ដោយAlistair Begg
February 1, 2026
«ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ» ។ ភីលីព ១:៦
ពេលណាព្រះទ្រង់ចាប់ផ្តើមកិច្ចការអ្វីមួយ ព្រះអង្គតែងតែបន្តធ្វើរហូតដល់ចប់សព្វគ្រប់ ។ ក្នុងបទគម្ពីរកិច្ចការ ជំពូក១៦ អ្នកស្រី លីឌា គឺជាស្ត្រីជោគជ័យក្នុងមុខជំនួញ ដែលមានផ្ទះដ៏ស្រស់ស្អាតនៅទីក្រុងភីលីព ។ គាត់មានចំណាប់អារម្មណ៍មកលើជំនឿគ្រីស្ទាន ហើយបន្ទាប់មក ជីវិតគាត់ក៏បានផ្លាស់ប្រែ (កិច្ចការ ១៦:១៤-១៥) ។ តើមានរឿងអ្វីកើតឡើង? ព្រះទ្រង់បានចាប់ផ្តើមធ្វើការក្នុងជីវិតគាត់ ។ ក្រោយមក ក្នុងជំពូកដដែលនោះ យើងឃើញថា មេគុកនៅទីក្រុងភីលីព ដែលកំពុងធ្វើការក្នុងវេនពេលយប់ ក៏មានការផ្លាស់ប្តូរភ្លាមៗផងដែរ (ខ.៣០-៣៤) ។ តើមានរឿងអ្វីកើតឡើង? ព្រះទ្រង់ក៏បានចាប់ផ្តើមធ្វើការក្នុងជីវិតគាត់ផងដែរ ។ ដូចនេះ យើងអាចស្រមៃថា នៅពេលដែលអ្នកស្រីលីឌា និងមេគុក បានជួបការល្បួងឲ្យបោះបង់ចោលក្តីជំនឿ ព្រះបន្ទូលព្រះក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងភីលីពក៏បានក្រើនរំឭកពួកគេថា «ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ» ។ អាចនិយាយម្យ៉ាងទៀតថា អ្នកមិនបានចាប់ផ្តើមធ្វើការល្អនោះក្នុងជីវិតអ្នកទេ ហើយអ្នកក៏មិនបញ្ចប់ការល្អនោះដែរ ។ បើអ្នកមានអារម្មណ៍ថា អ្នកមិនអាចបន្តធ្វើការល្អនោះទៀតទេ នោះអ្នកគិតត្រូវហើយ ។ អ្នកមិនអាចធ្វើបានទេ ។ ប៉ុន្តែ ព្រះទ្រង់បានធ្វើ ព្រះអង្គអាចធ្វើ ហើយព្រះអង្គនឹងធ្វើការល្អនោះ ។
ព្រះទ្រង់មានផែនការរយៈពេលវែង សម្រាប់ឲ្យរាស្រ្តទ្រង់ម្នាក់ៗមើលឃើញ និងមានចំណែកនៅក្នុងសិរីល្អរបស់ព្រះរាជបុត្រាព្រះអង្គ ។ នេះជាគោលដៅនៃការល្អដែលព្រះអង្គកំពុងធ្វើ ក្នុងជីវិតយើង (រ៉ូម ៨:២៨-៣០) ។ ដូចនេះ យើងមានភាពចាំបាច់ ក៏ដូចជាមានលទ្ធភាពបន្តរត់ប្រណាំងខាងវិញ្ញាណ ចម្ងាយឆ្ងាយ ដូចអ្នកស្រីលីឌា និងមេគុកនោះផងដែរ ។
ព្រះទ្រង់ប្រទានយើងរាល់គ្នា នូវអំណោយជាច្រើន ។ នេះជាការពិតមែន ប៉ុន្តែ ជីវិតយើងអាចហាក់ដូចជាមានពេញទៅដោយការខកចិត្ត ។ យើងបន្តចាញ់ការល្បួងឲ្យប្រព្រឹត្តអំពើបាប ។ យើងមានការសង្ស័យ ហើយកាលៈទេសៈនៃជីវិតធ្វើឲ្យយើងពិបាកបន្តដំណើរក្នុងសេចក្តីជំនឿ ។ ប៉ុន្តែ យើងអាច ហើយយើងនឹងបន្តដំណើរទៅមុខទៀត ព្រោះព្រះគម្ពីរបានសន្យាដល់យើងថា ព្រះនៃយើង ដែលបានចាប់ផ្តើមធ្វើការល្អនោះ ទ្រង់ក៏នឹងបញ្ចប់វាផងដែរ ។ ហើយខណៈពេលដែលយើងមានការជំពប់ដួល នៅតាមផ្លូវ ហើយជួបការលំបាកជាច្រើន យើងជួបការល្បួងឲ្យចុះពីលើភ្នំ បោះបង់ចោលស្បែកជើងសម្រាប់ឡើងភ្នំ ហើយពាក់ស្បែកជើងផ្ទាត់វិញ ក្នុងដំណើរត្រឡប់ទៅផ្ទះ ។ ប៉ុន្តែ នៅលើកំពូលភ្នំ មានទេសភាពដ៏ស្រស់ស្អាតយ៉ាងខ្លាំង សក្តិសមនឹងឲ្យយើងស៊ូទ្រាំនឹងការឈឺចាប់ និងហត់នឿយ នៅតាមផ្លូវ! ហើយព្រះបន្ទូលព្រះបានក្រើនរំឭកយើងម្តងហើយម្តងទៀត ឲ្យបន្តដំណើរទៅមុខ តែបន្តិចទៀតទៅដល់ហើយ ។ ចូរកុំព្រួយបារម្ភអំពីពេលថ្ងៃស្អែក ។ ព្រះទ្រង់នៅតែជួយអ្នក ។ ចូរបន្តដើរតាមផ្លូវនោះនៅថ្ងៃនេះ ។
ព្រះទ្រង់នឹងបញ្ចប់កិច្ចការដែលព្រះអង្គបានចាប់ផ្តើម ។ ហើយបើអ្នកទុកចិត្តព្រះគ្រីស្ទ នោះព្រះអង្គបានចាប់ផ្តើមរឿងដ៏អស់កល្បក្នុងអ្នក ។ ពេលណាអ្នកមានអារម្មណ៍ថាពិបាកពេក ក្នុងការធ្វើដំណើរនៅចំពោះមុខអ្នក ឬនៅពេលដែលផ្លូវហាក់ដូចជាចោទពេក ចូរស្វែងរកការកម្សាន្តចិត្តក្នុងសេចក្តីពិតដែលថា :
ឈ្មោះរបស់ខ្ញុំដែលមាននៅលើព្រះហស្តព្រះអង្គ
មិនចេះរលប់ឡើយ ព្រោះព្រះអង្គបានចារឈ្មោះខ្ញុំ ដោយព្រះគុណដ៏អស់កល្ប ។
ជាការពិតណាស់ ខ្ញុំនឹងស៊ូទ្រាំដល់ទីបញ្ចប់ ព្រោះព្រះអង្គបានធានាដល់ខ្ញុំហើយ ។
ខ្ញុំមិនទាន់មានអំណរពោរពេញដូចពួកបរិសុទ្ធនៅស្ថានសួគ៌
តែខ្ញុំបានសុខសាន្តក្នុងពេលសព្វថ្ងៃ ដោយសារព្រះគ្រីស្ទ ។11
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣០-៣១ និង ម៉ាកុស ៧:១៤-៣៧