
មានក្តីស្រឡាញ់ពិតប្រាកដ
ដោយAlistair Begg
February 8, 2026
«រួចសាំយូអែលវិញទៅឯរ៉ាម៉ាវិញទៅ ហើយសូលទ្រង់ឡើងទៅឯលំនៅទ្រង់នៅគីបៀរ ជាស្រុករបស់ទ្រង់វិញដែរ ។
ឯសាំយូអែលលោកលែងមកសួរសូលទៀត រហូតដល់លោកស្លាប់ តែសាំយូអែលសោកស្ដាយនឹងសូលណាស់» ។ ១សាំយ៉ូអែល ១៥:៣៤-៣៥
ស្តេចសូលមានការចាត់ផ្តើមដ៏ល្អ ក្នុងការគ្រប់គ្រងទឹកដីអ៊ីស្រាអែលធ្វើជាស្តេចទីមួយ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ទ្រង់បានប្រព្រឹត្តខុសជាច្រើន ហើយក៏បរាជ័យក្នុងការដឹកនាំ ។ បញ្ហារបស់ទ្រង់ មិនមែនជាការខ្វះសមត្ថភាព តែជាការខ្វះការស្តាប់បង្គាប់ ។ ហេតុនេះហើយ ហោរាសាំយូអែល ក៏បានប្រឈមមុខដាក់ស្តេចសូល អំពីរឿងដែលទ្រង់បះបោរទាស់នឹងព្រះបន្ទូលព្រះ ហើយក៏បានទូលទ្រង់ថា ព្រះអម្ចាស់បានបដិសេធមិនឲ្យទ្រង់ធ្វើជាស្តេចទៀតទេ (១សាំយ៉ូអែល ១៥:២៣) ។ មានភស្តុតាងបង្ហាញថា ហោរាសាំយូអែលមានសេចក្តីស្រឡាញ់ចំពោះស្តេចសូល ហេតុនេះហើយកំហុសរបស់ស្តេចសូល បានធ្វើឲ្យគាត់មានការសោកសង្រេង ។
ហោរាសាំយូអែលបានអរសប្បាយនឹងឯកសិទ្ធិ និងមុខតំណែងពិសេស ជាអ្នកនាំព្រះបន្ទូលព្រះ មកកាន់រាស្រ្តរបស់ព្រះអង្គ ប៉ុន្តែ គាត់មិនឈរឱបដៃមើលទេ នៅពេលដែលគាត់បានដឹងអំពីកំហុសរបស់ស្តេចសូល ។ លោកហោរាស្រឡាញ់មនុស្សដែលស្ថិតក្រោមការថែរក្សារបស់គាត់ ហេតុនេះហើយគាត់សោកសង្រេងចំពោះអំពើបាប និងទុក្ខវេទនារបស់ពួកគេ ។ ហើយការសោកស្តាយនេះ ក៏បាននាំឲ្យគាត់អធិស្ឋាន ។ នៅពេលមួយនោះ គាត់មានការខកចិត្តចំពោះទង្វើរបស់ពួកបណ្តាជន ហើយក៏បានប្រកាសថា «សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានឲ្យអ្នករាល់គ្នានោះឡើយ» (១សាំយ៉ូអែល ១២:២៣) ។ លោកហោរាសោកសង្រេងចំពោះពួកគេ ហើយអធិស្ឋានឲ្យពួកគេ ព្រោះគាត់យកចិត្តទុកដាក់ចំពោះពួកគេ ។
ភាពជាអ្នកដឹកនាំមានឯកសិទ្ធិពិសេស ។ ប៉ុន្តែ ឯកសិទ្ធិទាំងនោះ ក៏មានហានិភ័យផងដែរ ។ ដើម្បីឲ្យការដឹកនាំមានប្រសិទ្ធភាព អ្នកដឹកនាំត្រូវមានសេចក្តីស្រឡាញ់ចំពោះមនុស្សដែលគាត់ដឹកនាំ ហេតុនេះហើយ បន្ទុកជាអ្នកដឹកនាំ មានការជាប់ទាក់ទងដោយផ្ទាល់ នឹងមនុស្សដែលគាត់កំពុងដឹកនាំ ។ ជួនកាល ពួកគេធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំង ហើយជួនកាល ពួកគេរងទុក្ខជាខ្លាំងផងដែរ ហើយបញ្ហានេះជាបន្ទុកដ៏ធ្ងន់របស់អ្នកដឹកនាំល្អ ។ គឺដូចដែលយើងបានឃើញគំរូរបស់ហោរាសាំយូអែល អ្នកគង្វាលមិនមានតួនាទីថ្កោលទោសអ្នកដែលបានជំពប់ដួល ក្រោមការដឹកនាំរបស់គាត់ឡើយ ។ ផ្ទុយទៅវិញ តួនាទីរបស់អ្នកគង្វាល គឺត្រូវសោកសង្រេង ។ បើយើងមានចិត្ត គំនិត និងគោលបំណងតែមួយ នោះយើងក៏មានការប៉ះពាល់ផ្លូវអារម្មណ៍ជាទម្ងន់ផងដែរ នៅពេលដែលពួកគេជំពប់ដួល ។
ភាពជាអ្នកដឹកនាំត្រូវមានលក្ខណៈដូចនេះឯង ប៉ុន្តែ គំរូរបស់ហោរាសាំយូអែលគួរតែបានបណ្តាលចិត្តយើងរាល់គ្នា ឲ្យឈប់បង្អង់ ហើយសួរខ្លួនឯងថា «តើមានអ្វីធ្វើឲ្យខ្ញុំយំ? តើមានអ្វីធ្វើឲ្យខ្ញុំញញឹម? ហើយតើខ្ញុំត្រូវធ្វើដូចម្តេច នៅពេលដែលខ្ញុំយំ និងនៅពេលដែលខ្ញុំញញឹម?» ចម្លើយសម្រាប់សំណួរទាំងនេះ គឺជាសញ្ញាបញ្ជាក់ថា អ្នកកំពុងមានការរីកលូតលាស់ខាងវិញ្ញាណ ដល់កំរិតណាហើយ ។ ចូរប្រាកដថា ជីវិតរបស់អ្នកមានការបង្ហាញចេញនូវក្តីស្រឡាញ់ពិតប្រាកដ ដល់មនុស្សនៅជុំវិញអ្នក និងជាពិសេសមនុស្សដែលព្រះអម្ចាស់បានឲ្យអ្នកមានការទទួលខុសត្រូវមកលើ តាមរបៀបណាមួយ គឺក្តីស្រឡាញ់ពិតប្រាកដ ដែលសោកសង្រេង ចំពោះបាបរបស់ពួកគេ និងខ្វល់អំពីទុក្ខលំបាករបស់ពួកគេ ។ ហើយត្រូវប្រាកដថា អ្នកឆ្លើយតបចំពោះពួកគេ ដូចហោរាសាំយូអែល គឺដោយអធិស្ឋានដោយចិត្តស្មោះត្រង់ ដល់ព្រះដែលបានសន្យាថា ថ្ងៃមួយ ខណៈពេលដែលអ្នកឈរក្នុងព្រះវត្តមានទ្រង់ ព្រះអង្គនឹង «ជូតអស់ទាំងទឹកភ្នែក» ពីភ្នែកអ្នកចេញ (វិវរណៈ ២១:៤) ។
ខគម្ពីរជញ្ជឹងគិត៖ ១ថែស្សាឡូនិច ៣:៥-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៤៥-៤៦ និង ម៉ាកុស ១១:២០-៣៣