
មានចិត្តសប្បុរសដូចព្រះវរបិតា
ដោយAlistair Begg
February 7, 2026
«ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត» ។ ម៉ាថាយ ៧:១១
ពេលណាមនុស្សម្នាក់កើតជាថ្មី ពួកគេចាប់ផ្តើមជីវិតថ្មី ហើយបានទទួលចិញ្ចឹមក្នុងគ្រួសាររបស់ព្រះ ។ កូនព្រះដែលមានព្រះវិញ្ញាណបរិសុទ្ធគង់សណ្ឋិតនៅ ក៏បានចាប់ផ្តើមបង្ហាញចារិតលក្ខណៈរបស់ព្រះវរបិតា តាមរយៈការប្រព្រឹត្តរបស់ពួកគេ ។ អាចនិយាយម្យ៉ាងទៀតថា ពីមួយពេលទៅមួយពេល កូនរបស់ព្រះគួរតែលូតលាស់ ឲ្យមានលក្ខណៈដូចព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ ។
សេចក្តីសប្បុរសរបស់ព្រះអម្ចាស់ គឺជាលក្ខណៈសម្បត្តិដែលលេចធ្លោមួយផងដែរ ដែលបានបង្ហាញក្នុងព្រះគម្ពីរប៊ីបទាំងមូល ។ កណ្ឌគម្ពីរយ៉ាកុបបានចែងថា «គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ» (យ៉ាកុប ១:១៧) ។ សាវ័កប៉ុលក៏បានធ្វើការពិពណ៌នាស្រដៀងនេះផងដែរ ដោយចោទជាសំណួរថា «ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង?» (រ៉ូម ៨:៣២) ។ ព្រះវរបិតានៃយើងសប្បុរស ហើយព្រះគម្ពីរប៊ីបក៏បានបង្រៀនរាស្រ្តព្រះអង្គឲ្យមានចិត្តសប្បុរសផងដែរ ។ សេចក្តីសប្បុរសនោះ គឺត្រូវមានក្នុងផ្នែកទាំងអស់នៃជីវិតយើង ដែលរាប់បញ្ចូលទាំងផ្នែកហិរញ្ញវត្ថុរបស់យើង ។
សេចក្តីសប្បុរសដែលថ្វាយព្រះកិត្តិនាមដល់ព្រះ គឺត្រូវបានបង្ហាញចេញមក ក្នុងការឆ្លើយតបចំពោះព្រះគុណព្រះអង្គ ។ រឿងនេះសំខាន់ ព្រោះមានការជជែកគ្នា និងការគិតជាច្រើន អំពីរឿងហិរញ្ញវត្ថុ ដែលមិនមានភាពត្រឹមត្រូវ ត្រង់ចំណុចនេះ ។ បើយើងព្យាយាមលើកទឹកចិត្តខ្លួនឯងឲ្យដាក់ដង្វាយសម្រាប់ការងារដំណឹងល្អ ដោយមិនបាននឹកចាំព្រះគុណព្រះទេ នោះការប្រឹងប្រែងនោះ មិនមានបំណងចិត្តត្រឹមត្រូវតាំងពីដំបូងមក ។ ការព្យាយាមនេះតែងតែបណ្តាលឲ្យមានការថ្វាយ ដែលព្រះទ្រង់មិនសព្វព្រះទ័យ គឺការថ្វាយដោយគ្មានអំណរ ។ បើយើងថ្វាយដោយបង្ខំចិត្ត នោះយើងមិនថ្វាយដោយអំណរ តែដោយចិត្តទើសទាល់វិញ ។ ការថ្វាយដោយទើសទាល់ គឺដោយសារយើងគិតថា យើងត្រូវតែថ្វាយ ។ ការថ្វាយតាមកាតព្វកិច្ច គឺដោយសារយើងគិតថា យើងចាំបាច់ត្រូវថ្វាយ ។ តែការថ្វាយដោយការដឹងគុណព្រះ គឺដោយសារយើងគិតថា ខ្ញុំចង់ថ្វាយ ។ នេះជារបៀបដែលយើងគួរថ្វាយដង្វាយ ។
ដើម្បីឲ្យយើងចម្រើនឡើង ខាងឯសេចក្តីសប្បុរសយ៉ាងដូចនេះ យើងចាំបាច់ត្រូវចម្រើនឡើង ខាងឯការដឹងគុណព្រះ ។ បើអ្នកចង់មានចារិតលក្ខណៈដូចព្រះគ្រីស្ទ ក្នុងការឲ្យ អ្នកចាំបាច់ត្រូវយល់ថា អ្វីៗគ្រប់យ៉ាងដែលអ្នកមាន គឺសុទ្ធតែជាការប្រទានរបស់ព្រះអង្គ រាប់ចាប់តាំងពីកំណើតខាងសាច់ឈាម ដល់សេចក្តីជំនឿលើព្រះ និងអ្វីៗទាំងអស់ដែលអ្នកមាន (១កូរិនថូស ៤:៧) ។ គ្រប់យ៉ាងគឺដោយសារព្រះគុណព្រះ ។ ចូរសួរថា តើយើងអាចឆ្លើយតប ចំពោះព្រះគុណរបស់ព្រះអង្គ ដោយរបៀបណា បើមិនមែនដោយការថ្វាយដង្វាយ ដោយសប្បុរស ដោយអំណរទេនោះ?
បានសេចក្តីថា បើយើងកំណាញ់ ក្នុងការថ្វាយដង្វាយសម្រាប់ការងារដំណឹងល្អ នោះមានន័យថា យើងមានការយល់ដឹងរាក់កំផែល អំពីចារិតលក្ខណៈ និងសេចក្តីល្អរបស់ព្រះអង្គ ។ តើការថ្វាយដង្វាយរបស់យើង បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដែលយើងជាមួយព្រះអង្គ និងការប្ដេជ្ញាចិត្តចំពោះព្រះគ្រីស្ទ ដោយរបៀបណា នៅកន្លែងណា នៅពេលណា និងដោយមូលហេតុអ្វី? របៀបដែលយើងចាត់ចែងថវិកាប្រចាំខែ ក៏បានបង្ហាញឲ្យយើងដឹងច្បាស់ អំពីរឿងនេះផងដែរ ។
ដូចនេះ ចូរសួរខ្លួនឯងថា តើទម្លាប់នៃការចាយវាយរបស់ខ្ញុំ បានឆ្លុះបញ្ចាំងដូចម្តេចខ្លះ អំពីការប្ដេជ្ញាចិត្តរបស់ខ្ញុំ ចំពោះព្រះគ្រីស្ទ និងការយល់ដឹងរបស់ខ្ញុំ អំពីព្រះគុណរបស់ព្រះអង្គ? តើនឹងមានអ្វីខ្លះផ្លាស់ប្តូរ បើសិនជាការថ្វាយរបស់ខ្ញុំ គឺជាការដឹងគុណដ៏ហូរហៀរ ចំពោះព្រះ សម្រាប់អ្វីៗគ្រប់យ៉ាង ដែលព្រះអង្គបានប្រទាន? ព្រះទ្រង់ជាអ្នកប្រទាន ហើយព្រះអង្គប្រទានកូនព្រះអង្គ នូវការត្រាស់ហៅ និងក្តីអំណរ ក្នុងការផ្លាស់ប្រែ ឲ្យមានចារិតលក្ខណៈដូចព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ រ៉ូម ៨:៣១-៣៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៤៣-៤៤ និង ម៉ាកុស ១១:១-១៩