
មានសេចក្តីចេះដឹង និងយោបល់
ដោយAlistair Begg
February 10, 2026
«ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្ដីចេះដឹង នឹងយោបល់គ្រប់ជំពូក ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ ព្រមទាំងមានពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទសំរាប់ជាសិរីល្អ ហើយជាសេចក្ដីសរសើរដល់ព្រះផង» ។ ភីលីព ១:៩-១១
អ្នកខ្លះមានចិត្តស្កប់ស្កល់ពេកចំពោះសេចក្តីជំនឿដ៏រាក់កំផែលរបស់ខ្លួន ដែលមានលក្ខណៈមិនខុសពីពាក្យស្លោកដ៏ទាក់ទាញមួយឃ្លា ដែលគេយកទៅបិទនៅពីក្រោយយានជំនិះ ដោយមិនមានភាពស៊ីជម្រៅក្នុងសេចក្តីពិត ។ ពាក្យស្លោកទាំងនោះអាចបង្ហាញឲ្យគេបានដឹងថាខ្លះៗ អំពីលក្ខណៈនៃជីវិតគ្រីស្ទបរិស័ទ ប៉ុន្តែ ពាក្យតែពីរបីម៉ាត់មិនអាចសង្ខេបអត្ថន័យនៃជំនឿគ្រីស្ទបរិស័ទ ឲ្យគេអាចយល់គ្រប់ជ្រុងជ្រោយបានទេ ។ ម្យ៉ាងទៀត មនុស្សម្នាក់អាចមានការយល់ដឹងគ្រប់យ៉ាង អំពីព្រះគម្ពីរប៊ីប ហើយអាចមានចំណេះដឹងជ្រៅជ្រះអំពីគោលលទ្ធិដ៏ស្មុគស្មាញក្នុងជំនឿ ប៉ុន្តែ មិនមានការប្រកបជិតស្និទ្ធជាមួយព្រះ ដែលនាំឲ្យស្គាល់ព្រះអង្គច្បាស់នោះឡើយ ។
សាវ័កប៉ុលដឹងថា ជំនឿគ្រីស្ទានពិតប្រាកដ មានភាពស៊ីជម្រៅជាងវិធីសាស្រ្តទាំងនេះ ។ ហេតុនេះហើយ គាត់បានអធិស្ឋានសូមឲ្យសេចក្តីស្រឡាញ់របស់អ្នកអានសំបុត្រគាត់ មានការចម្រើនឡើង ក្នុងការចេះដឹង និងយោបល់គ្រប់ជំពូក ។ គឺសេចក្តីស្រឡាញ់បែប អាហ្កាពេ (agape) ជាសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលមានការលះបង់អង្គទ្រង់ ។
ក្នុងខគម្ពីរទាំងនេះ ពាក្យ «ចេះដឹង» គឺមិនគ្រាន់តែសំដៅទៅលើចំណេះដឹង ក្នុងការរៀនសូត្រ តែក៏សំដៅទៅលើចំណេះដឹង ដែលអាចកើតមាន ដោយសារព្រះទ្រង់បង្ហាញអង្គទ្រង់ឲ្យពួកគេស្គាល់ តាមរយៈការប្រកបជិតស្និទ្ធជាមួយព្រះអង្គ ដែលស្រដៀងនឹងភាពស្និទ្ធស្នាល ដែលកើតមានក្នុងចំណងអាពាហ៍ពិពាហ៍ ។ ពេលណាយើងអរសប្បាយនឹងសេចក្តីស្រឡាញ់ប្រភេទនេះ យើងក៏អាចអរសប្បាយនឹងឯកសិទ្ធិ ដែលអាចនិយាយថា «ព្រះអង្គអើយ ព្រះគម្ពីរប៊ីបបានចែងថា ព្រះអង្គនឹងបង្ហាញអង្គទ្រង់ដល់ទូលបង្គំ ។ សូមព្រះអង្គបង្ហាញអង្គទ្រង់ឲ្យទូលបង្គំបានស្គាល់ផង!»
តែសាវ័កប៉ុលក៏បានអធិស្ឋានសូមឲ្យមានការចេះដឹងផងដែរ ។ គាត់ដឹងថា សេចក្តីស្រឡាញ់អាចបែកឆ្វេងយ៉ាងធ្ងន់ធ្ងរ បើសិនជាមិនមានការតម្រង់ទិសដៅ ឲ្យបានត្រឹមត្រូវ តាមរយៈការយល់ដឹង និងសមត្ថភាពសម្រេចចិត្តបានត្រឹមត្រូវ និងមានក្រមសីលធម៌ទេនោះ ។ យើងអាចប្រព្រឹត្តខុសធ្ងន់ធ្ងរ ទោះយើងមានចេតនាល្អបំផុតក៏ដោយ ។ ការចេះដឹងដែលយើងត្រូវការ មានប្រភពមកពីការសិក្សា និងការយល់ខគម្ពីរ ។ ពេលណាយើងរៀនសូត្រ និងរស់នៅក្នុងព្រះវត្តមានព្រះ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ យើងអាចផ្លាស់ប្រែ មានលក្ខណៈដូចព្រះអង្គ ។ គំនិត និងអារម្មណ៍របស់យើង មានភាពសមស្របនឹងរបៀបដែលព្រះអង្គគិត និងមានអារម្មណ៍ ។ ហេតុនេះហើយ ក្រៅពីការស្រឡាញ់ព្រះ និងចង់ធ្វើអ្វីដែលត្រឹមត្រូវ យើងក៏ចង់ដឹងផងដែរថា ការធ្វើអ្វីដែលត្រឹមត្រូវ មានលក្ខណៈដូចម្តេច ក្នុងកាលៈទេសៈខុសៗគ្នា ក្នុងជីវិតយើង ។ ដូចនេះ តើអ្នកកំពុងអធិស្ឋានសូមក្តីអំណរ ក្នុងការប្រកបជិតស្និទ្ធយ៉ាងដូចនេះ និងសូមឲ្យមានក្តីស្រឡាញ់ចំពោះព្រះអង្គ ដោយប្រាជ្ញា ហើយអធិស្ឋានឲ្យអ្នកដទៃមានក្តីអំណរ និងក្តីស្រឡាញ់ដូចនេះដែរឬទេ?
រៀងរាល់ពេលដែលថ្ងៃថ្មីមកដល់ អ្នកមានឱកាសប្ដេជ្ញាចិត្តជាថ្មី ដើម្បីមានភាពពេញវ័យយ៉ាងពេញលេញ ក្នុងព្រះអម្ចាស់យេស៊ូវ ដោយស្គាល់សេចក្តីស្រឡាញ់ និងសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះអង្គឲ្យបានច្បាស់ ហើយឲ្យការស្គាល់ច្បាស់នេះបានចូលកាន់តែជ្រៅក្នុងជំនឿរបស់អ្នក ហើយស្រឡាញ់ព្រះរបស់អ្នកកាន់តែខ្លាំង ។ ហើយពេលណាសេចក្តីស្រឡាញ់របស់អ្នកមានការចម្រើនឡើង ជីវិតអ្នកក៏នឹងពេញដោយសេចក្តីល្អពិតប្រាកដ ដែលថ្វាយសិរីល្អ និងការសរសើរដល់ព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ ២កូរិនថូស ៣:១៥-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៥០-៥២ និង ម៉ាកុស ១២:២៨-៤៤