
អរសប្បាយនឹងជីវិតនៅក្រោមពន្លឺថ្ងៃ
ដោយAlistair Begg
February 11, 2026
«មានការឥតមានទំនងម្យ៉ាង ដែលតែងតែមាននៅផែនដី គឺមានមនុស្សសុចរិតដែលទទួលសំណងតាមអំពើរបស់មនុស្សអាក្រក់វិញ ១ទៀត មានមនុស្សអាក្រក់ដែលទទួលសំណងតាមអំពើរបស់មនុស្សសុចរិតដែរ យើងថាសេចក្ដីនោះជាការឥតមានទំនងសោះ ។ រួចយើងបាននិយមខាងសេចក្ដីសប្បាយ ពីព្រោះនៅក្រោមថ្ងៃ មនុស្សឥតមានអ្វីល្អជាងការស៊ីផឹក ហើយមានចិត្តរីករាយនោះទេ ដ្បិតមានតែការប៉ុណ្ណោះ ជាផលពីការនឿយហត់របស់ខ្លួន ដែលនឹងនៅជាប់រាល់តែថ្ងៃអស់១ជីវិតខ្លួន ដែលព្រះទ្រង់បានប្រទានឲ្យរស់នៅក្រោមថ្ងៃ» ។ សាស្តា ៨:១៤-១៥
ជាការពិតណាស់ គ្មានការធានាថា មនុស្សម្នាក់អាចដឹងថា ខ្លួននឹងស្លាប់នៅថ្ងៃណាឡើយ ។ ប៉ុន្តែ យើងអាចដឹងច្បាស់ថា ថ្ងៃនោះនឹងមកដល់មិនខាន បើសិនជាព្រះយេស៊ូវមិនទាន់បានយាងមកវិញ មុនពេលយើងស្លាប់ទេនោះ ។ ព្រះគម្ពីរប៊ីបបានចែងថា ទំរាំថ្ងៃនេះមកដល់ យើងនឹងបន្តរស់នៅក្នុងលោកិយ ដែលពេញទៅដោយភាពអាសាឥតការ មានការអាក្រក់នៅជុំវិញយើង បាបនៅក្នុងយើង និងភាពវឹកវរដែលហាក់ដូចជាកើតមានកាន់តែញឹកញាប់ ។ យើងនឹងឃើញពួកមនុស្សអាក្រក់ចម្រុងចម្រើន ហើយនឹងឃើញអ្នកដែលកោតខ្លាចព្រះ ជួបទុក្ខលំបាក ។ គឺដូចដែលកណ្ឌគម្ពីរសាស្តាបានបង្ហាញសេចក្តីពិតនេះ តាមរបៀបដ៏សោកសៅថា «មានការឥតមានទំនងម្យ៉ាង ដែលតែងតែមាននៅផែនដី» ។
តាមការសង្កេតមើលផែនដីយ៉ាងដូចនេះ អាចធ្វើឲ្យយើងធ្លាក់ចូលទៅក្នុងទុក្ខសោក ឈឺចាប់ និងអស់សង្ឃឹម ។ ប៉ុន្តែ អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាមិនបានទុកឲ្យយើងមានអារម្មណ៍សោកសៅដូចនេះទេ ។ ផ្ទុយទៅវិញ គាត់បានបង្រៀន ដោយពាក្យគួរឲ្យភ្ញាក់ផ្អើលថា «នៅក្រោមថ្ងៃ មនុស្សឥតមានអ្វីល្អជាងការស៊ីផឹក ហើយមានចិត្តរីករាយនោះទេ» ។ តាមការសង្កេត : មនុស្សមិនអាចគ្រប់គ្រងជីវិតខ្លួនឯងបានទេ ។ តាមការបង្រៀនរបស់គាត់ : ចូរទទួលយកភាពរីករាយដ៏សាមញ្ញនៃជីវិត!
តើធ្វើដូចម្តេចឲ្យមនុស្សម្នាក់អាចស្គាល់ភាពរីករាយពិតប្រាកដដូចនេះ នៅពេលដែលជីវិតមានពេញដោយភាពឥតប្រយោជន៍ និងអយុត្តិធម៌ ហើយថ្ងៃស្លាប់នឹងមកដល់? មានតែអ្នកដែលស្គាល់សេចក្តីពិតទេ ដែលអាចស្គាល់ភាពរីករាយដូចនេះបាន ។ យើងអាចស្គាល់ភាពរីករាយដែលព្រះប្រទាន ដោយសេរី និងដោយគ្មានកំហុស ព្រោះយើងស្គាល់ព្រះអង្គ ។ ជាការពិតណាស់ យើងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ តាមរយៈការអរសប្បាយនឹងអំណោយដែលព្រះអង្គបានប្រទាន ។ សាវ័កប៉ុលបានពិពណ៌នាថា ព្រះទ្រង់ «ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ» (១ធីម៉ូថេ ៦:១៧) ។ ការពិតដែលថា ភាពរីករាយដ៏សាមញ្ញ មិនបានផ្តល់ឲ្យយើងនូវភាពស្កប់ស្កល់បំផុត គឺមិនមានន័យថា ភាពរីករាយទាំងនោះមិនបានផ្តល់ឲ្យនូវការស្កប់ចិត្តសោះនោះឡើយ ។ ការដឹងថា យើងនឹងមានជីវិតអស់កល្បបន្ទាប់ពីលាចាកលោកទៅ រំដោះយើងឲ្យមានសេរីភាព ដើម្បីអរសប្បាយនឹងជីវិត «នៅក្រោមថ្ងៃ» ។ គឺដូចដែលអ្នកនិពន្ធទំនុកសកលបានពិពណ៌នាថា :
ផ្ទៃមេឃនៅខាងលើមានពណ៌ខៀវស្រទន់
ផែនដីមានរាងមូល មានពណ៌បៃតងស្រស់
ជីវិតទាំងអស់សុទ្ធតែមានពណ៌
ដែលភ្នែករបស់អ្នកមិនជឿព្រះគ្រីស្ទ មិនដែលបានឃើញ ។16
តើនៅពេលណា អ្នកបានសួរនរណាម្នាក់ថា «តើអ្នកអរសប្បាយនឹងជីវិតរបស់អ្នកទេ?» តើអ្នកបានសួរខ្លួនឯងយ៉ាងដូចនេះ នៅពេលណា? នេះជាសំណួរដ៏ល្អ ដែលគ្រីស្ទបរិស័ទគួរតែសួរ! យើងដឹងថា លោកិយមានភាពប្រេះបែក ហើយអំណោយល្អទាំងអស់សុទ្ធតែមកពីព្រះ ។ ដូចនេះ ចូរថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ដោយអរសប្បាយនឹងការផឹកកាហ្វេលើកក្រោយទៀត អរសប្បាយនឹងប្តីប្រពន្ធរបស់ខ្លួននៅថ្ងៃបន្ទាប់ អរសប្បាយនឹងការងារ នៅថ្ងៃស្អែក អរសប្បាយនឹងការអ្វីដែលធ្វើឲ្យអ្នកញញឹម នៅពេលក្រោយ ដែលទាំងអស់នេះគឺជាអំណោយមកពីព្រះអង្គ ។ ព្រះអង្គបានប្រទានព្រះពរទាំងនេះដល់អ្នក ដើម្បីឲ្យអ្នកបានអរសប្បាយ ដោយការថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ដើម្បីឲ្យអ្នកបាននិយាយជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា «ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង» (ទំនុកដំកើង ១១៨:២៤) ។
ខគម្ពីរជញ្ជឹងគិត៖ ១ធីម៉ូថេ ៦:៦-១០,១៧-១៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៥៣-៥៥ និង ម៉ាកុស ១៣:១-២០