
ញែកថ្ងៃសាប្ប័ទជាបរិសុទ្ធ ផ្នែកទី២
ដោយAlistair Begg
March 1, 2026
«ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ» ។ និក្ខមនំ ២០:៩-១០
ក្នុងមេរៀនមុន យើងបានស្វែងយល់អំពីក្រឹត្យវិន័យទី៤ ដែលនៅតែមានសារៈសំខាន់ចំពោះជីវិតយើង ក្នុងលក្ខណៈជាព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ឥឡូវនេះ យើងអាចគិតអំពីអត្ថប្រយោជន៍នៃការកាន់តាមក្រឹត្យវិន័យនេះវិញម្តង ។ ប៉ុន្តែ យើងត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលដែលយើងធ្វើការបកស្រាយឲ្យបានជាក់លាក់ អំពីការគោរពថ្ងៃសាប្ប័ទ ។ និយាយរួម ព្រះអម្ចាស់យេស៊ូវ បានប្រើពាក្យធ្ងន់ៗមកលើពួកផារិស៊ី ដោយសារពួកគេប្រកាន់ខ្ជាប់នូវថ្ងៃសាប្ប័ទ មិនមែនដើម្បីស្តាប់បង្គាប់ព្រះនោះទេ តែដើម្បីតាំងខ្លួនជាមនុស្សសុចរិត (ម៉ាកុស ២:២៣-៣:៦) ។ ដូចនេះ ចូរយើងមានចិត្តដែលញាប់ញ័រ និងការបន្ទាបខ្លួន នៅពេលដែលយើងពិចារណា អំពីរបៀបដែលយើងត្រូវនឹកចាំ និងញែកថ្ងៃសាប្ប័ទជាបរិសុទ្ធ ។ តើយើងអាចជម្នះការខ្វល់ខ្វាយខាងឯលោកិយ អំពីការសម្រាកលំហែ ការកម្សាន្តសប្បាយ និងការងារយ៉ាងដូចម្តេចខ្លះ ដោយមិនរារាំងការអរសប្បាយ និងការថ្វាយបង្គំរបស់យើង នៅថ្ងៃអាទិត្យ ?
ជាបឋម ចូរយើងគិតអំពីការថ្វាយបង្គំរួម ។ តើមានការសន្ទនាអ្វី ដែលអ្នកមានជាធម្មតា មុនពេលកម្មវិធីថ្វាយបង្គំព្រះចាប់ផ្តើម ? តើអ្នកជជែកគ្នាអំពីរឿងខាងវិញ្ញាណ ឬជជែកគ្នា តែអំពីរឿងកីឡា គ្រួសារ ឬរឿងខាងសាច់ឈាមផ្សេងទៀត ? យើងចាំបាច់ត្រូវមានឆន្ទៈ ក្នុងការដាក់អាទិភាពទៅលើរឿងខាងវិញ្ញាណ ក្នុងគំនិត និងនៅលើបបូរមាត់របស់យើង ។ បើអ្នកចង់តាំងចិត្តថា អ្នកនឹងរៀបចំខ្លួនថ្វាយបង្គំព្រះ ដោយចាត់ទុករឿងខាងវិញ្ញាណជាអាទិភាព ដែលសំខាន់ជាងរឿងធំៗផ្សេងទៀត ក្នុងសប្តាហ៍នីមួយៗនោះខ្ញុំហ៊ានធានាថា ការផ្លាស់ប្តូរនឹងកើតមានក្នុងរបៀបដែលអ្នកចំណាយពេលវេលានៅព្រះវិហារ ។ អ្នកក៏ត្រូវមានផ្នត់គំនិងដូចនេះផងដែរ នៅក្រោយកម្មវិធីថ្វាយបង្គំនៅព្រះវិហារ ។ បន្ទាប់ពីអ្នកបានច្រៀងបទចម្រៀងចុងក្រោយ ហើយកម្មវិធីថ្វាយបង្គំព្រះក៏បានបញ្ចប់ តើគំនិត និងការសន្ទនារបស់អ្នកវិលត្រឡប់យ៉ាងឆាប់រហ័ស ទៅរករឿងខាងឯលោកិយវិញទេ ? ក្រោយកម្មវិធីថ្វាយបង្គំព្រះ បើយើងប្ដេជ្ញាចិត្តចំណាយពេលជជែកគ្នា អំពីភាពធំឧត្តមរបស់ព្រះ សេចក្តីពិតនៃព្រះបន្ទូល និងភាពអស្ចារ្យនៃរបៀបដែលព្រះអង្គកែតម្រង់យើង ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក អំពីទុក្ខលំបាកដែលយើងជួបប្រទះ និងអំពីពេលអនាគត នោះយើងនឹងបានយល់កាន់តែច្បាស់ អំពីខគម្ពីរក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបានបង្គាប់យើងឲ្យលើកទឹកចិត្តគ្នាទៅវិញទៅមក (ហេព្រើរ ១០:២៥) និយាយសេចក្តីពិតទៅវិញទៅមក (អេភេសូរ ៤:២៥) និងស្អាងគ្នាទៅវិញទៅមក (១ថែស្សាឡូនិច ៥:១១) ព្រោះយើងនឹងត្រូវប្រព្រឹត្តយ៉ាងដូចនេះ ក្នុងការរស់នៅ ។
ស្រដៀងគ្នានេះដែរ ក្នុងរឿងផ្ទាល់ខ្លួន នៅថ្ងៃនៃព្រះអម្ចាស់ ឬថ្ងៃសាប្ប័ទ យើងក៏គួរតែដាក់អាទិភាព ឲ្យការចម្រើនឡើងខាងវិញ្ញាណផងដែរ ។ រឿងផ្ទាល់ខ្លួននោះ អាចជាការថ្វាយបង្គំប្រចាំគ្រួសារ ការអានសៀវភៅកែតម្រង់ ការអធិស្ឋាន ការពិភាក្សា អំពីអ្វីដែលគ្រូគង្វាលបានអធិប្បាយកាលពីពេលព្រឹកមិញ ។ល ។ យើងមិនត្រូវបណ្តោយឲ្យខ្លួនយើងបាត់បង់អំណរខាងវិញ្ញាណ នៅថ្ងៃអាទិត្យ ដោយសារការខ្វល់ខ្វាយ អំពីរឿងខាងសាច់ឈាម ក្នុងថ្ងៃផ្សេងទៀតនៃសប្តាហ៍នោះឡើយ ។
បើអ្នកចង់ទទួលអត្ថប្រយោជន៍ពីការរក្សាថ្ងៃសាប្ប័ទ ហើយបើអ្នកចង់អនុវត្តតាមក្រឹត្យវិន័យទី៤ ឲ្យបានត្រឹមត្រូវ នោះសកម្មភាពរបស់អ្នកត្រូវទទួលការជំរុញពីសេចក្តីជំនឿ ហើយអ្នកត្រូវមានការអនុវត្តន៍ តាមការបណ្តាលចិត្តនោះ ។ ចូរជៀសវាងការបង្កើតច្បាប់បន្ថែមពីលើក្រឹត្យវិន័យនេះ ដែលគ្រាន់តែបានជំរុញឲ្យអ្នកតាំងខ្លួនជាមនុស្សសុចរិត ប៉ុន្តែ ចូរពិចារណា អំពីចំណុចដែលអ្នកត្រូវកែប្រែ ។ តើអ្នកនឹងញែកថ្ងៃសាប្ប័ទជាបរិសុទ្ធ នៅអាទិត្យក្រោយ យ៉ាងដូចម្តេចខ្លះ ?
ខគម្ពីរជញ្ជឹងគិត៖ អេសាយ ៥៨:១៣-៥៩:២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ៣១-៣៣ និង យ៉ាកុប ២