នំម៉ាណាប្រចាំថ្ងៃ
ផ្លូវ​នៃ​សន្តិភាព

ផ្លូវ​នៃ​សន្តិភាព

ដោយAlistair Begg

March 8, 2026

«កាល​ទ្រង់​យាង​ទៅ​បង្កើយ នឹង​ឃើញ​ទីក្រុង​ហើយ នោះ​ក៏​ទ្រង់​ព្រះ​កន្សែង​នឹង​ក្រុង​នោះ​ថា ឱ​ឯង ឯង​អើយ នៅ​ថ្ងៃ​របស់​ឯងនេះ គួរ​ណាស់​តែឯង​បាន​ស្គាល់​សេចក្ដី ដែល​សំរាប់​ឲ្យ​ឯង​បាន​សុខ​សាន្ត​ទៅអេះ ប៉ុន្តែ​ឥឡូវ​នេះ សេចក្ដី​ទាំង​នោះ​បាន​កំបាំង​នឹង​ភ្នែក​ឯង​ហើយ» ។ លូកា ១៩:៤១-៤២
បទ​គម្ពីរ​លូកា ជំពូក១៩ បាន​ផ្តល់​ឱកាស​សម្រាប់​ឲ្យ​យើង​ពិនិត្យ​មើល​ការ​បក​ស្រាយ​របស់​ទេវវិទូ​ពី​សម័យ​ដើម​មួយ​ចំនួន អំពី «ព្រះ​ភ័ក្ត្រ​របស់​ព្រះ ក្នុង​សាច់ឈាម​ជា​មនុស្ស» ។ 
កាល​ព្រះរាជបុត្រា​នៃ​ព្រះ​ចូល​ទៅ​ក្នុង​ទីក្រុង​យេរូសាឡិម ជាទី​ក្រុង​របស់​ព្រះ ទ្រង់​ក៏​បាន​ព្រះ​កន្សែង​ ។ តើ​ហេតុ​អ្វី ? គឺ​ដោយសារ​ព្រះអង្គ​អាណិត​ប្រជាជន​ក្នុង​ទីក្រុង​នោះ ដែល​នឹង​ទទួល​សេចក្តី​ជំនុំជម្រះ នៅពេល​ខាង​មុខ​ ។
ព្រះយេស៊ូវ​ស្រឡាញ់​ទីក្រុង​នេះ ហើយ​ព្រះ​អង្គ​ជ្រាប​ថា ប្រជាជន​ដែល​មក​ស្វាគមន៍​ព្រះអង្គ មិន​បាន​យល់​អំពី​ប្រភេទ​នៃ​សន្តិភាព​ដែល​ទ្រង់​នឹង​ប្រទាន​ពួកគេ​ទេ គឺ​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត​ដែល​ពួកគេ​អាច​ទទួល​បាន តាមរយៈ​ការ​ស្គាល់​ព្រះអង្គ ហើយ​មនុស្ស​ជា​ច្រើន​នឹង​បដិសេធ​ព្រះអង្គ និង​បដិសេធ​សន្តិភាព​ដែល​ព្រះអង្គ​ប្រទាន​ ។
បញ្ហា​នេះ​មិន​មានន័យថា សាសន៍​យូដា​មិន​ចង់​បាន​សន្តិភាព​នោះ​ទេ​ ។ ជា​ការ​ពិត​ណាស់ ពួកគេ​ស្រេក​ឃ្លាន​​សន្តិភាព​ ។ ប៉ុន្តែ ពួកគេ​គិត​ស្មានថា សន្តិភាព​នោះ​នឹង​កើត​មាន​តាមរយៈ​កងទ័ព ឬ​នយោបាយ ដោយ​សង្ឃឹមថា ការ​យាង​មកដល់​របស់​ព្រះយេស៊ូវ នឹង​នាំ​ឲ្យ​ពួក​គេ​មាន​ជ័យ​ជម្នះ​មក​លើ​អំណាច​របស់​ចក្រភព​រ៉ូម៉ាំង​ ។ ពួកគេ​គិតថា សន្តិភាព​ដែល​ពួកគេ​ត្រូវ​ការ​បំផុត គឺជា​សន្តិភាព​ជាមួយ​មនុស្ស​ ។ ពួកគេ​មិន​បាន​ដឹង​ទេ​ថា នៅ​ក្នុង​ការ​ចង់​បាន​សន្តិភាព​នោះ ពួក​គេ​កំពុង​បដិសេធ​ព្រះរាជសារ ដែល​ព្រះយេស៊ូវ​បាន​នាំមក និង​បដិសេធ​មិន​ព្រម​ទទួល​សន្តិភាព​ដ៏​ធំ​ប្រសើរ​ដែល​ព្រះអង្គ​កំពុង​បង្កើត​ឲ្យ​មាន​នោះ​ ។ ដូច​នេះ ព្រះយេស៊ូវ​បាន​ព្រះ​កន្សែង ដោយសារ​ភាព​ល្ងង់​ខ្លៅ និង​ងងឹត​ងងល់​របស់​ពួកគេ​ ។
តាម​ពិត យើង​ក៏​មាន​លក្ខណៈ​មិន​ខុសពី​ពួក​សាសន៍​យូដា​ដែល​បាន​ឃើញ​ព្រះអង្គ នៅ​សប្តាហ៍​បរិសុទ្ធ​ទីមួយ​ ។ តាម​និស្ស័យ​សាច់ឈាម យើង​ក៏​មាន​ភាព​ខ្វាក់​ខាង​វិញ្ញាណ ដោយសារ​អំពើបាប​របស់​យើង​ ។ យើង​ច្រើនតែ​គិតថា អំពើ​បាប​គឺជា​ការ​អ្វី​ដែល​យើង​មិន​គួរ​ធ្វើ តែ​យើង​នៅតែ​ធ្វើ ឬ​ជា​ការ​អ្វី​ដែល​យើង​ខកខាន​មិន​បាន​ធ្វើ ទោះ​យើង​ដឹង​ថា យើង​មិន​គួរ​ធ្វើ​ក៏ដោយ​ ។ ប៉ុន្តែ តាម​ពិត អំពើ​បាប​មាននៅ​ក្នុង​ចិត្ត​យើង មុន​នឹង​វា​ក្លាយ​​​ទៅជា​ការ​ប្រព្រឹត្ត​ ។ វា​ធ្វើ​ឲ្យ​យើង​ងងឹត​ងងល់ មិន​ដឹង​ថា យើង​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ​ទេ​ ។ យើង​មិន​អាច​មើល​ដឹង​ថា យើង​ត្រូវ​ការ​សន្តិភាព​របស់​ព្រះអង្គ​ទេ​ ។ យើង​មិន​អាច​មើល​ដឹង​ថា យើង​ខ្វះ​សន្តិភាព​ជាមួយ​អ្នក​ដទៃ ដោយសារ​យើង​ខ្វះ​សន្តិភាព​ជាមួយ​ព្រះអាទិករ​របស់​យើង​ ។ យើង​មិន​អាច​មើល​ឃើញ​របៀប​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​សន្តិ​ភាព​តាមរយៈ​ព្រះយេស៊ូវ​ឡើយ​ ។ 
មនុស្ស​ម្នាក់ៗ​ខ្វះ​សន្តិភាព នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ក៏​ដូចជា​ក្នុង​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ​ ។ មានតែ​ទំនាក់​ទំនងជា​មួយ​ព្រះ​អង្គ​ម្ចាស់​នៃ​សន្តិភាព​ទេ ដែល​អាច​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ដែល​បាន​យាង​មក​ដើម្បី​មាន​ជ័យ​ជម្នះ​មក​លើ​បាប ទ្រង់​នឹង​យាង​មក​ម្តង​ទៀត ដើម្បី​គ្រប់​គ្រង និង​សោយរាជ្យ​ធ្វើ​ជា​ក្សត្រ ដែល​បាន​យាង​មក ក្នុង​លក្ខណៈ​ជា​ហោរា​ដែល​ប្រកា​ស​ព្រះបន្ទូល ចូល​ទៅ​ក្នុង​ភាព​ល្ងង់​ខ្លៅ និង​ភាព​ងងឹត​ងងល់​របស់​យើង​ ។
ព្រះ​គម្ពីរប៊ីប​បាន​ចែងថា ជា​ដំបូង​យើង​ត្រូវ​ផ្សះផ្សា​ឲ្យ​ជា​ជាមួយ​ព្រះ​ជា​មុន​សិន ទើប​យើង​អាច​រក​ឃើញ​សន្តិភាព​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ប្រទាន​សន្តិភាព​នោះ នៅ​ក្នុង​ព្រះយេស៊ូវ និង​ព្រះ​រាជ​កិច្ច​របស់​ព្រះអង្គ​ ។ ដូច​នេះ ចូរ​យើង​ជញ្ជឹង​គិត​អំពី​សន្តិភាព​ដែល​យើង​មាន​ជាមួយ​ព្រះអាទិករ​ដោយ​អំណរ ដោយសារ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះរាជបុត្រា​ព្រះអង្គ​ ។ ចូរ​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​បាន​បើក​ភ្នែក​អ្នក ឲ្យ​មើល​ឃើញ​អ្វី ដែល​បាប​បាន​លាក់​បាំង​មិន​ឲ្យ​ពួក​បណ្តាជន​នៅ​ទីក្រុង​យេរូសាឡិម​មើល​ឃើញ​ ។ ហើយ​ចូរ​អធិស្ឋាន​ថា ចិត្ត​របស់​អ្នក​នឹង​មាន​សេចក្តី​អាណិត ដូច​ព្រះអង្គ​ដែរ ដើម្បី​ឲ្យ​អ្នក​សម្រក់​ទឹក​ភ្នែក សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​សន្តិភាព នៅ​កន្លែង​ខុស ហើយ​សូម​ឲ្យ​ទឹក​ភ្នែក​អ្នក​បណ្តាល​ចិត្ត​អ្នក​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​សន្តិភាព​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​ប្រទាន និង​សុគត​ដើម្បី​បង្កើត​ឲ្យ​មាន​សន្តិភាព​ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ កូល៉ុស ១:១៥-២៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ៨-១០ និង ១កូរិនថូស ៤

ប្រភេទ