នំម៉ាណាប្រចាំថ្ងៃ
អួត​ក្នុង​សេចក្តី​កម្សោយ

អួត​ក្នុង​សេចក្តី​កម្សោយ

ដោយAlistair Begg

March 9, 2026

«ឯ​អ្នកណា​ដែល​អួត នោះ​ត្រូវ​អួត​តែ​ក្នុង​ព្រះអម្ចាស់​ប៉ុណ្ណោះ ដ្បិត​មិនមែន​ជា​អ្នក​ដែល​ផ្ទុកផ្ដាក់​ខ្លួនឯង ដែល​បាន​លើក​តាំង​នោះ​ទេ គឺជា​អ្នកណា​ដែល​ព្រះអម្ចាស់​ទ្រង់​ផ្ទុកផ្ដាក់​វិញ​ទេតើ» ។ ២កូរិនថូស ១០:១៧-១៨
លោកិយ​តែងតែ​មាន​ភាព​រហ័សរហួន ក្នុង​ការ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ជឿ​លើ​ខ្លួនឯង ហើយ​អួត​ខ្លួន​ ។ 
នៅ​សម័យ​របស់​សាវ័ក​ប៉ុល ក៏​ដូច​សម័យ​សព្វថ្ងៃ កាលណា​អ្នក​អាច​និយាយ​អំពី​ខ្លួនឯង អំពី​អ្វី​ដែល​អ្នក​បាន​ធ្វើ និង​អ្វី​ដែល​អ្នក​មាន​ផែនការ​ថា​នឹង​ធ្វើ នោះ​អ្នក​នឹង​មាន​ឱកាស​កាន់តែ​ច្រើន ដែល​អាច​ជួយ​ឲ្យ​អាជីព​របស់​អ្នក​កាន់តែ​ចម្រើន​ឡើង មាន​គេ​ចូល​ចិត្ត​កាន់តែ​ច្រើន ហើយ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា អ្នក​ជា​មនុស្ស «ជោគជ័យ» ។ ហើយ​បើ​យើង​មិន​ប្រយ័ត្ន​ទេ ការ​គិត​ដូច​នេះ​នឹង​ជ្រួត​ជ្រាប​ក្នុង​ផ្នត់​គំនិត ដែល​យើង​មាន​ចំពោះ​ជីវិត​យើង ដែល​រាប់​បញ្ចូល​ទាំង​ការងារ​បម្រើ​ព្រះ​ផង​ដែរ​ ។ យើង​សួរ​ខ្លួន​ឯង​ថា «តើ​ខ្ញុំ​បាន​ធ្វើ​ការ «ធំ​ឧត្តម»ទេ ? តើ​គេ​ចូល​ចិត្ត​ខ្ញុំ​ទេ ? តើ​ខ្ញុំ​បាន​ជោគជ័យ​ទេ ?» ប៉ុន្តែ យោង​តាម​សាវ័ក​ប៉ុល «ការ​អ្វី​ដែល​អ្នក​និយាយ​អំពី​ខ្លួនឯង មិន​មានន័យ​អ្វី ក្នុង​ការងារ​របស់​ព្រះ​ទេ​ ។ ប៉ុន្តែ គឺ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​អំពី​អ្នក​ទៅវិញ​ទេ ដែល​ពិតជា​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ» (២កូរិនថូស ១០:១៨) ។ 
សំបុត្រ​ទីពីរ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​ឆ្លង​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លាំង​ ។ ក្នុង​សំបុត្រ​នោះ​ក៏​មាន​ផ្នែក​ដែល​គាត់​និយាយ​ការពារ​ការងារ​របស់​គាត់ នៅ​ចំពោះ​មុខ​នៃ​ការរិះគន់​ដ៏​ខ្លាំង​ក្លា​ ។ សាវ័ក​ប៉ុល​មិន​ខ្វល់​អំពី​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ទេ ប៉ុន្តែ គាត់​ខ្វល់​អំពី​អវយវៈ​នៃ​រូបកាយ​ព្រះគ្រីស្ទ ដែល​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​គាត់​ ។ ហើយ​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​នេះ គាត់​ក៏បាន​និយាយ​ការ​ពិត អំពី​ការ​អួត​ខ្លួន និង​ការ​បន្ទាប​ខ្លួន ដែល​យើង​ត្រូវតែ​ទុកដាក់​នៅ​ក្នុង​ចិត្ត​យើង​ ។
សាវ័ក​ប៉ុល​អាច​វាយ​បក​ទៅ​អ្នករិះគន់​គាត់​យ៉ាង​ងាយ​ស្រួល ដោយ​និយាយ​អំពី​អំនួត​របស់​ពួក​គេ​ (២កូរិនថូស ១២:២១ខ-២៣ក) ប៉ុន្តែ ផ្ទុយ​ទៅវិញ គាត់​បាន​ប្រើ​ដំណោះ​ស្រាយ​ផ្សេង​វិញ (ខ.២៣ខ-២៩) ។ គាត់​មិន​បាន​អួត​អំពី​តួនាទី និង​ការងារ​ដែល​គាត់​បាន​ធ្វើ​ថ្វាយ​ព្រះ​ទេ តែ​គាត់​បាន​និយាយ​យ៉ាង​ក្បោះក្បាយ អំពី​ទុក្ខ​វេទនា និង​ភាព​កម្សោយ​របស់​គាត់​ ។ គាត់​បាន​ចែក​ចាយ​អំពី​ទុក្ខ​លំបាក និង​ភាព​កម្សោយ​ទាំង​អស់​នេះ ព្រោះ​គាត់​បាន​ចាត់​ទុក​បញ្ហា​ទាំង​អស់​នេះ​ថា​មាន​ប្រយោជន៍ ជា​គន្លឹះ​ដើម្បី​ឲ្យ​គាត់​បាន​ស្គាល់ និង​ដក​ពិសោធន៍​ជា​មួយ​ព្រះ​ចេស្តា​របស់​ព្រះ និង​របៀប​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​គាត់​ខ្សោយ មុន​ពេល​ព្រះអង្គ​ធ្វើ​ការ​តាមរយៈ​គាត់​ ។ គេ​ច្រើនតែ​មើល​រំលង​គោលការណ៍ ត្រង់​ចំណុច​នេះ​ ។ យើង​ចង់​ឲ្យ​មនុស្ស​ម្នាក់ៗ​ដឹង​ថា យើង​មាន​ម្ចាស់​ការ​មក​លើ​ជីវិត​ខ្លួនឯង យើង​ជោគជ័យ ហើយ​យើង​មិន​មាន​បញ្ហា​អ្វី​ទេ​ ។ ប៉ុន្តែ តើ​យើង​ដឹង​ទេ​ថា ខ្លួនឯង​កំពុង​ធ្វើ​អ្វី​ ? តាម​ពិត យើង​កំពុងតែ​លើក​តម្កើង​ភាព​ជោគជ័យ​របស់​យើង ជា​ជាង​លើក​តម្កើង​ព្រះគ្រីស្ទ! យើង​ចង់​ឲ្យ​គេ​សរសើរ​ថា យើង​ខ្លាំង ជា​ជាង​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះអង្គ​ ។ យើង​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួនឯង​ល្អ​តែ​សម្បក​ក្រៅ ទោះ​យើង​គ្រាន់តែ​ជា​ឆ្នាំង​ដី​ដែល​ផុយ​ស្រួយ​ក៏ដោយ​ ។ យើង​ភ្លេច​ថា សម្រស់ ឬ​តម្លៃ​ពិត​ប្រាកដ កើត​ចេញពី​អ្វី​ដែល​នៅ​ខាង​ក្នុង គឺ​ចេញពី​ព្រះ​ចេស្តា​របស់​ព្រះ​គ្រីស្ទ ដែល​ចែងចាំង​ពន្លឺ តាមរយៈ​ចំណុច​ខ្វះខាត និង​ភាព​កម្សោយ​របស់​យើង​ ។ យើង​មិន​អាច​អួត អំពី​ការ​អ្វី​ដែល​​ព្រះ​ទ្រង់​កំពុង​ធ្វើ ធ្វើ​មើលតែ​យើង​សមនឹង​ឲ្យ​ព្រះអង្គ​ធ្វើ​ការ​នោះ​សម្រាប់​យើង ឬ​អួត​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ​តាមរយៈ​យើង ធ្វើ​មើលតែ​យើង​កំពុងតែ​ធ្វើ​កិច្ចការ​នោះ​ដោយ​ខ្លួនឯង​នោះ​ឡើយ​ ។ គ្មាន​អ្វី​ដែល​អាក្រក់​ជាង​អំនួត​ខាង​វិញ្ញាណ​ឡើយ ព្រោះ​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ឈើ​ឆ្កាង​ទេ​ ។ ចូរ​ប្រាកដ​ថា នៅ​ក្នុង​ភាព​ជោគជ័យ និង​បរាជ័យ​របស់​អ្នក បទចម្រៀង​របស់​អ្នក​នៅតែ​ច្រៀង​ដដែល​ថា :
ខ្ញុំ​គ្មាន​អ្វី​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ឡើយ អ្វីៗ​ដែល​ខ្ញុំ​មាន គឺ​ព្រះ​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ​ ។
ខ្ញុំ​មាន​អ្វី​គ្រប់​យ៉ាង ដោយសារ​ព្រះគុណ​ព្រះអង្គ ពេល​ដែល​ខ្ញុំ​ជឿ​ព្រះអង្គ​ ។ 
ដូច​នេះ ខ្ញុំ​គ្មាន​ហេតុផល​ដែល​ត្រូវ​អួត ដ្បិត​ព្រះអង្គ​បាន​បន្ទាប​អំនួត​របស់​ខ្ញុំ
ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​មាន​បាប ដែល​ព្រះ​ទ្រង់​បាន​សង្គ្រោះ​ដោយសារ​ព្រះគុណ​ ។ 21


ខគម្ពីរ​ជញ្ជឹង​គិត៖ ២កូរិនថូស ១១:២១ខ-៣៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ១១-១៣ និង ១កូរិនថូស ៥

ប្រភេទ