នំម៉ាណាប្រចាំថ្ងៃ
សុ​ចរិត​ក្នុង​ការ​ប្រព្រឹត្តិ

សុ​ចរិត​ក្នុង​ការ​ប្រព្រឹត្តិ

ដោយAlistair Begg

March 10, 2026

«ដ្បិត​កាលពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូចជា​មនុស្ស​ភ្លឺ​ចុះ ដ្បិត ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាននៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្ដី​សុ​ចរិត​នឹង​សេចក្ដី​ពិត​ ។ ចូរ​លមើល​ឲ្យ​ដឹង​សេចក្ដី​អ្វី ដែល​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ​ចុះ» ។ អេភេសូរ ៥:៨-១០
ការ​រាប់​ជា​សុចរិត គួរតែ​បណ្តាល​ចិត្ត​យើង​ឲ្យ​រស់នៅ​ដោយ​សុចរិត​ ។ 
យើង​បាន​សុចរិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រីស្ទ​តែ​ប៉ុណ្ណោះ គឺ​មិនមែន​ដោយសារ​អំពើល្អ​ឡើយ ។ យើង​មិន​ត្រូវ​មើល​រំ​លេង​សេចក្តី​ពិត​នេះ​ឡើយ​ ។ ប៉ុន្តែ យើង​ក៏​ត្រូវ​ដឹង​ថា សេចក្តី​សុចរិត​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​យើង បង្ហាញ​ចេញ​មក នៅ​ក្នុង​ការ​ប្រព្រឹត្ត​ដែល​សុចរិត​ ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា ក្នុង​នាម​យើង​ជា​អ្នកជឿ យើង​ត្រូវតែ «​ដើរ​ដូចជា​មនុស្ស​ភ្លឺ» ។ តើ​ហេតុ​អ្វី ? ព្រោះ «ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាននៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្ដី​សុចរិត​នឹង​សេចក្ដី​ពិត» ។ និយាយ​ឲ្យ​ខ្លី ព្រះអម្ចាស់​ធ្វើ​ឲ្យ​យើង​សុចរិត ដូច​នេះ យើង​ត្រូវតែ​ប្រព្រឹត្ត​ដោយ​សុចរិត​ ។
យើង​មិន​អាច​ធ្វើ​ជា​អ្នក​ទទួល​សេចក្តី​សុចរិត​នៃ​ព្រះគ្រីស្ទ ដោយ​មិន​រស់នៅ​ដោយ​សុចរិត ធ្វើ​ជា​ភស្តុតាង​បង្ហាញថា យើង​បាន​ទទួល​សេចក្តី​សុចរិត​នោះ​ឡើយ​ ។ លោក ​ស៊ីនឃ្លែរ ហ្វឺគូសិន (Sinclair Ferguson) បាន​មាន​ប្រសាសន៍​ថា «ឥឡូវ​នេះ យើង​គឺជា​អ្នក​ទទួល​ការ​រាប់​ជា​សុចរិត (ឬ​សេចក្តី​សុចរិត)ក្នុង​ព្រះគ្រីស្ទ ដែល​គ្មាន​នរណា​អាច​ដកហូត​បាន ដែល​សេចក្តី​សុចរិត​នេះ​នាំ​ទៅ​រក​ការ​លូត​លាស់ នៅ​ក្នុង​សេចក្តី​សុចរិត នៅ​ក្នុង​ជីវិត​យើង»22
ស្រដៀង​គ្នា​នេះ​ដែរ លោក ​ចន កាន់វីន (John Calvin) បាន​សរសេរ​ថា «ទោះ​ព្រះរាជបុត្រា​នៃ​ព្រះ​ល្អ​ឥត​ខ្ចោះ ក៏​ទ្រង់​នៅតែ​ទទួលយក​ភាព​ទុរយស និង​ភាព​អា​ម៉ាស​នៃ​បាប​យើង ហើយក៏​បាន​គ្រប​ដណ្តប់​ពីលើ​យើង​ដោយ​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់» ។ 23
ព្រះគ្រីស្ទ​បាន​ទទួល​បាប​របស់​យើង ប្រទាន​យើង​នូវ​ភាព​គ្រប់​លក្ខណ៍​របស់​ព្រះអង្គ ហើយ​បន្ទាប់មក​ប្រទាន​អំណាច​យើង ដោយ​ព្រះ​វិញ្ញាណ​ទ្រង់ «ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះអម្ចាស់» (កូល៉ុស ១:១០) ។
ក្រុម​គ្រីស្ទបរិស័ទ​ភួរីទិន បាន​បក​ស្រាយ​ថា សេចក្តី​សុចរិត​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង និង​សេចក្តី​សុចរិត​ដែល​ធ្វើ​ការ​ក្នុង​ជីវិត​យើង​ ។ ត្រង់​ចំណុច​នេះ ពួកគេ​បាន​ព្យាយាម​បង្ហាញ​ភាព​ខុស​គ្នា​រវាង​សេចក្តី​សុចរិត​ដែល​ព្រះគ្រីស្ទ​ប្រទាន និង​សេចក្តី​សុចរិត​សកម្ម​ដែល​បង្ហាញ​ចេញ​មក​ក្នុង​ជីវិត​យើង ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​ ។ ក្នុង​នាម​យើង​ជា​អ្នកជឿ យើង​មាន​សេចក្តី​សុចរិត​ទាំង​ពីរ​ប្រភេទ​នេះ ដោយ​ការ​ដឹង​គុណ​ ។ ទោះ​អ្នក​ចង់​ប្រើ​ពាក្យ​បច្ចេកទេស ដើម្បី​បក​ស្រាយ​ដូច​ម្តេច​ក៏ដោយ ក៏​យើង​នៅតែ​ត្រូវ​ចងចាំ​ជា​និច្ច​ថា ដំណឹង​ល្អ​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ មិនមែន​ជា​បណ្ណ​អនុញ្ញាត​មិន​គិត​ថ្លៃ សម្រាប់​ឲ្យ​យើង​ប្រើ​ជា​លេស ដើម្បី​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​ទេ​ ។ ទេ ដំណឹង​ល្អ​ត្រាស់ហៅ​យើង និង​ផ្តល់​អំណាច​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ ។ គន្លឹះ​គឺ​ស្ថិត​នៅ​ត្រង់ថា ដំណឹង​ល្អ​តែងតែ​បង្វែរ​យើង​ឲ្យ​ត្រឡប់​ទៅ​រក​ព្រះយេស៊ូវ​វិញ​ ។ ខណៈ​ពេល​ដែល​យើង​ពឹង​ផ្អែកលើ​ព្រះគ្រីស្ទ ដើម្បី​ទទួល​បាន​សេចក្តី​សុចរិត ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​អាច «ចោល​អស់​ទាំង​បន្ទុក​នឹង​អំពើបាប ដែល​រុំ​យើង​ជុំវិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ» ហើយ​ប្រទាន​កម្លាំង​ឲ្យ​យើង​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅមុខ​យើង ដោយ​អំណត់ (ហេព្រើរ ១២:១-២) ។ ដូច​នេះ នៅ​ថ្ងៃ​នេះ ចូរ​ប្រាកដ​ថា អ្នក​មិន​ទុក​ចិត្ត​លើ​ការ​ខំ​រស់នៅ​ឲ្យ​បាន​សុចរិត ដើម្បី​ឲ្យ​បាន​សង្គ្រោះ ឬ​ព្រះពរ​ពី​ព្រះអម្ចាស់​នោះ​ទេ​ ។ ប៉ុន្តែ ចូរ​ប្រាកដ​ថា អ្នក​មិន​រស់នៅ​ក្តៅៗ​មិន​ក្តៅ​ត្រជាក់​មិន​ត្រជាក់ ក្នុង​ការ​ដេញ​តាម​ការ​រស់នៅ ដែល​សុចរិត​នោះ​ឡើយ​ ។ ព្រះអង្គ​បាន​រាប់​អ្នក​ជា​សុចរិត​ហើយ ដូច​នេះ ចូរ​ចេញទៅ និង​រស់នៅ​ដោយ​សុ​ចរិត​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ អេភេសូរ ៥:៨-១៥
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ១៤-១៦ និង ១កូរិនថូស ៦

ប្រភេទ