
ផ្លូវនៃសន្តិភាព
ដោយAlistair Begg
March 8, 2026
«កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្ដី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្ដីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ» ។ លូកា ១៩:៤១-៤២
បទគម្ពីរលូកា ជំពូក១៩ បានផ្តល់ឱកាសសម្រាប់ឲ្យយើងពិនិត្យមើលការបកស្រាយរបស់ទេវវិទូពីសម័យដើមមួយចំនួន អំពី «ព្រះភ័ក្ត្ររបស់ព្រះ ក្នុងសាច់ឈាមជាមនុស្ស» ។
កាលព្រះរាជបុត្រានៃព្រះចូលទៅក្នុងទីក្រុងយេរូសាឡិម ជាទីក្រុងរបស់ព្រះ ទ្រង់ក៏បានព្រះកន្សែង ។ តើហេតុអ្វី ? គឺដោយសារព្រះអង្គអាណិតប្រជាជនក្នុងទីក្រុងនោះ ដែលនឹងទទួលសេចក្តីជំនុំជម្រះ នៅពេលខាងមុខ ។
ព្រះយេស៊ូវស្រឡាញ់ទីក្រុងនេះ ហើយព្រះអង្គជ្រាបថា ប្រជាជនដែលមកស្វាគមន៍ព្រះអង្គ មិនបានយល់អំពីប្រភេទនៃសន្តិភាពដែលទ្រង់នឹងប្រទានពួកគេទេ គឺសន្តិភាព ឬសេចក្តីសុខសាន្តដែលពួកគេអាចទទួលបាន តាមរយៈការស្គាល់ព្រះអង្គ ហើយមនុស្សជាច្រើននឹងបដិសេធព្រះអង្គ និងបដិសេធសន្តិភាពដែលព្រះអង្គប្រទាន ។
បញ្ហានេះមិនមានន័យថា សាសន៍យូដាមិនចង់បានសន្តិភាពនោះទេ ។ ជាការពិតណាស់ ពួកគេស្រេកឃ្លានសន្តិភាព ។ ប៉ុន្តែ ពួកគេគិតស្មានថា សន្តិភាពនោះនឹងកើតមានតាមរយៈកងទ័ព ឬនយោបាយ ដោយសង្ឃឹមថា ការយាងមកដល់របស់ព្រះយេស៊ូវ នឹងនាំឲ្យពួកគេមានជ័យជម្នះមកលើអំណាចរបស់ចក្រភពរ៉ូម៉ាំង ។ ពួកគេគិតថា សន្តិភាពដែលពួកគេត្រូវការបំផុត គឺជាសន្តិភាពជាមួយមនុស្ស ។ ពួកគេមិនបានដឹងទេថា នៅក្នុងការចង់បានសន្តិភាពនោះ ពួកគេកំពុងបដិសេធព្រះរាជសារ ដែលព្រះយេស៊ូវបាននាំមក និងបដិសេធមិនព្រមទទួលសន្តិភាពដ៏ធំប្រសើរដែលព្រះអង្គកំពុងបង្កើតឲ្យមាននោះ ។ ដូចនេះ ព្រះយេស៊ូវបានព្រះកន្សែង ដោយសារភាពល្ងង់ខ្លៅ និងងងឹតងងល់របស់ពួកគេ ។
តាមពិត យើងក៏មានលក្ខណៈមិនខុសពីពួកសាសន៍យូដាដែលបានឃើញព្រះអង្គ នៅសប្តាហ៍បរិសុទ្ធទីមួយ ។ តាមនិស្ស័យសាច់ឈាម យើងក៏មានភាពខ្វាក់ខាងវិញ្ញាណ ដោយសារអំពើបាបរបស់យើង ។ យើងច្រើនតែគិតថា អំពើបាបគឺជាការអ្វីដែលយើងមិនគួរធ្វើ តែយើងនៅតែធ្វើ ឬជាការអ្វីដែលយើងខកខានមិនបានធ្វើ ទោះយើងដឹងថា យើងមិនគួរធ្វើក៏ដោយ ។ ប៉ុន្តែ តាមពិត អំពើបាបមាននៅក្នុងចិត្តយើង មុននឹងវាក្លាយទៅជាការប្រព្រឹត្ត ។ វាធ្វើឲ្យយើងងងឹតងងល់ មិនដឹងថា យើងជាខ្មាំងសត្រូវរបស់ព្រះទេ ។ យើងមិនអាចមើលដឹងថា យើងត្រូវការសន្តិភាពរបស់ព្រះអង្គទេ ។ យើងមិនអាចមើលដឹងថា យើងខ្វះសន្តិភាពជាមួយអ្នកដទៃ ដោយសារយើងខ្វះសន្តិភាពជាមួយព្រះអាទិកររបស់យើង ។ យើងមិនអាចមើលឃើញរបៀបដែលព្រះទ្រង់បានប្រទានសន្តិភាពតាមរយៈព្រះយេស៊ូវឡើយ ។
មនុស្សម្នាក់ៗខ្វះសន្តិភាព នៅក្នុងចិត្តរបស់ខ្លួន ក៏ដូចជាក្នុងគ្រួសារ សហគមន៍ និងប្រទេសជាតិ ។ មានតែទំនាក់ទំនងជាមួយព្រះអង្គម្ចាស់នៃសន្តិភាពទេ ដែលអាចបង្ហាញឲ្យយើងដឹងថា ព្រះដែលបានយាងមកដើម្បីមានជ័យជម្នះមកលើបាប ទ្រង់នឹងយាងមកម្តងទៀត ដើម្បីគ្រប់គ្រង និងសោយរាជ្យធ្វើជាក្សត្រ ដែលបានយាងមក ក្នុងលក្ខណៈជាហោរាដែលប្រកាសព្រះបន្ទូល ចូលទៅក្នុងភាពល្ងង់ខ្លៅ និងភាពងងឹតងងល់របស់យើង ។
ព្រះគម្ពីរប៊ីបបានចែងថា ជាដំបូងយើងត្រូវផ្សះផ្សាឲ្យជាជាមួយព្រះជាមុនសិន ទើបយើងអាចរកឃើញសន្តិភាពរបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានសន្តិភាពនោះ នៅក្នុងព្រះយេស៊ូវ និងព្រះរាជកិច្ចរបស់ព្រះអង្គ ។ ដូចនេះ ចូរយើងជញ្ជឹងគិតអំពីសន្តិភាពដែលយើងមានជាមួយព្រះអាទិករដោយអំណរ ដោយសារការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះរាជបុត្រាព្រះអង្គ ។ ចូរអរព្រះគុណព្រះអង្គ ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គបានបើកភ្នែកអ្នក ឲ្យមើលឃើញអ្វី ដែលបាបបានលាក់បាំងមិនឲ្យពួកបណ្តាជននៅទីក្រុងយេរូសាឡិមមើលឃើញ ។ ហើយចូរអធិស្ឋានថា ចិត្តរបស់អ្នកនឹងមានសេចក្តីអាណិត ដូចព្រះអង្គដែរ ដើម្បីឲ្យអ្នកសម្រក់ទឹកភ្នែក សម្រាប់អ្នកដែលកំពុងស្វែងរកសន្តិភាព នៅកន្លែងខុស ហើយសូមឲ្យទឹកភ្នែកអ្នកបណ្តាលចិត្តអ្នកឲ្យប្រកាន់ខ្ជាប់នូវសន្តិភាពដែលព្រះយេស៊ូវបានយាងមក ដើម្បីប្រទាន និងសុគតដើម្បីបង្កើតឲ្យមានសន្តិភាព ។
ខគម្ពីរជញ្ជឹងគិត៖ កូល៉ុស ១:១៥-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៨-១០ និង ១កូរិនថូស ៤