នំម៉ាណាប្រចាំថ្ងៃ
ព្រះ​អង្គ​ឈរ​នៅ​ស្ថាន​សួគ៌

ព្រះ​អង្គ​ឈរ​នៅ​ស្ថាន​សួគ៌

ដោយAlistair Begg

March 12, 2026

«តែ​ទ្រង់​មាន​ការងារ​ជា​សង្ឃ​ឥត​ផ្ទេរ​ឡើយ ពីព្រោះ​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច​វិញ ដោយហេតុ​នោះ​បានជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយសារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ» ។ ហេព្រើរ ៧:២៤-២៥
ការងារ​ថ្វាយ​ដង្វាយ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ក្នុង​នាម​ជា​ស​ម្តេច​សង្ឃ​របស់​យើង គឺជា​កិច្ចការ​ដែល​បាន​សម្រេច​ហើយ គឺជា​ការ​ថ្វាយ​ដង្វាយ​លោះ​បាប តែមួយដង​ជា​សម្រេច​ ។ គេ​មិន​ចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ម្តង​ទៀត ហើយក៏​មិន​ត្រូវ​ធ្វើ​អ្វី​បន្ថែម​ពីលើ​កិច្ចការ​នេះ​ដែរ​ ។ ប៉ុន្តែ តើ​ហេតុ​អ្វី «បានជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយសារ​ទ្រង់ ?»
ទីមួយ គឺ​ដោយសារ​តួនាទី​របស់​ព្រះគ្រីស្ទ​ជា​ស​ម្តេច​សង្ឃ​របស់​យើង គឺជា​ដំណោះ​ស្រាយ​សម្រាប់​ការ​បះបោរ​របស់​យើង​ ។ ក្នុង​ជម្រៅ​ចិត្ត​យើង យើង​ម្នាក់ៗ​ដឹង​ថា យើង​បាន​បដិសេធ​មិន​ព្រម​ពឹង​ផ្អែកលើ​ព្រះអង្គ ហើយ​ផ្ទុយ​ទៅវិញ​ យើង​ព្យាយាម​រស់នៅ​ដោយ​ឯករាជ្យ​ ។ ក្នុង​ការ​ព្យាយាម​រស់នៅ​ដោយ​ឯករាជ្យ យើង​បង្ហាញ​ចិត្ត​របស់​យើង​ដ៏​រឹង​ទទឹង ដែល​ផ្ដោត​ទៅលើ​ខ្លួនឯង​ ។ យើង​គិត​ដោយ​អំនួត​ថា «ខ្ញុំ​មិន​ត្រូវ​ការ​អ្នក​ជួយ​សង្គ្រោះ​ខ្ញុំ​ទេ​ ។ ខ្ញុំ​មិន​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់​ធ្វើ​អ្វី​ជំនួស​ខ្ញុំ​ទេ​ ។ ខ្ញុំ​អាច​ធ្វើ​កិច្ចការ​នេះ ដោយ​ខ្លួនឯង​បាន» ។ ប៉ុន្តែ ទោះ​តាម​ពិត យើង​បាន​ទាស់​ប្រឆាំង​នឹង​ព្រះអង្គ​ហើយ ក៏ដោយ ក៏​ព្រះអង្គ​នៅតែ​ស្វែងរក និង​ជួយ​សង្គ្រោះ​យើង យ៉ាង​អស្ចារ្យ​ ។ ព្រះយេស៊ូវ​បាន​នាំមក​នូវ​ការ​ផ្សះផ្សា ឲ្យ​យើង​បានជា​នឹង​ព្រះ ជា​ដំណោះ​ស្រាយ​សម្រាប់​ការ​ដាច់​ចេញពី​ព្រះអង្គ ដែល​មាន​មុខ​ពីរ​គឺ យើង​ដាច់​ចេញ​ពី​ព្រះអង្គ​នៅ​ខាង​យើង ដោយសារ​បាប​របស់​យើង ហើយ​ដាច់​ចេញ នៅ​ខាង​ព្រះអង្គ ដោយ​យើង​ស្ថិត​នៅ​ក្រោម​សេចក្តី​ក្រោធ​របស់​ព្រះអង្គ​ ។ ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ ដោយ​ទទួល​ទោស​នៃ​អំពើបាប​របស់​យើង ហើយ​ព្រះ​ទ្រង់​លែង​មាន​សេចក្តី​ក្រោធ​ចំពោះ​យើង ដោយសារ​ព្រះយេស៊ូវ​បាន​ថ្វាយ​ព្រះ​ជន្ម​ទ្រង់ ជា​ដង្វាយ​លោះ​បាប​ដ៏​ឥត​ខ្ចោះ​ ។
ទីពីរ ព្រះ​យេស៊ូវ​ជួយ​សង្គ្រោះ «ទាំងស្រុង» ព្រោះ​ព្រះអង្គ​បាន​បំផ្លាញ​អំណាច​ដែល​អារក្ស​បាន​ប្រើ ដើម្បី​បំពេញ​យើង​ដោយ​ការ​ភ័យ​ខ្លាច​ ។ ក្នុង​បទ​គម្ពីរ​ហេព្រើរ ជំពូក២ អ្នក​និពន្ធ​បាន​ពន្យល់​ថា «ដូច្នេះ ដែល​កូនចៅ​បាន​ប្រកប​ដោយ​សាច់ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អានោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺជា​អារក្ស ដោយ​ទ្រង់​សុគត ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់១ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ» (ខ.១៤-១៥) ។ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួចពី​ចំណង​របស់​សាតាំង ដោយ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ជា​អ្វី​ដែល​យើង​ខ្លាច​បំផុត​ ។ នៅពេល​ដែល​សាតាំង​ព្យាយាម​ចោទ​ប្រកាន់​យើង នៅ​ពីមុខ​ព្រះវរបិតា ព្រះ​យេស៊ូវ​អាច​ចង្អុល​បង្ហាញថា ពាក្យចោទ​ប្រកាន់​របស់​វា​គ្មានន័យ​អ្វី​ទេ បាន​សេចក្តី​ថា វា​គ្មាន​ពាក្យ​អ្វី​សម្រាប់​ចោទ​ប្រកាន់​យើង​ឡើយ ។ ហើយ​ព្រះ​រាជ​កិច្ច​​របស់​ព្រះ​យេស៊ូវ​ជា​ស​ម្តេច​សង្ឃ នៅតែ​បន្ត នៅ​ក្នុង​ការ​ទូល​អង្វរ​ជាប់​ជានិច្ច​ឲ្យ​យើង​ ។ ក្នុង​ព្រះយេស៊ូវ យើង​មាន​ស​ម្តេច​សង្ឃ​មួយ​អង្គ ដែល​ប្រទាន​ព្រះគុណ​ដល់​ជីវិត​យើង ជា​រៀង​រាល់​ថ្ងៃ តាមរយៈ​ការ​ទូល​អង្វរ​របស់​ព្រះអង្គ នៅ​ស្ថាន​សួគ៌​ ។ ខណៈ​ពេល​ដែល​ព្រះយេស៊ូវ​មាន​អំណរ​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះវរបិតា​នៅ​ថ្ងៃ​នេះ ក្នុង​ពេល​នេះ ព្រះអង្គ​មិន​ថ្វាយ​ដង្វាយ​លោះ​បាប​ទៀត​ទេ ប៉ុន្តែ ព្រះ​អង្គ​កំពុង​ទូល​អង្វរ​ឲ្យ​យើង នៅ​ចំពោះ​មុខ​ព្រះវរបិតា​ ។ យើង​អាច​ស្រមៃ​ថា ព្រះ​អង្គ​កំពុង​ឈរ​នៅ​ក្បែរ​ព្រះវរបិតា​ទ្រង់ ដោយ​មាន​បន្ទូល​ថា ម្នាក់​នេះ​ជា​កម្ម​សិទ្ធិ​របស់​ទូល​បង្គំ​ ។ ទូល​បង្គំ​បាន​ស្លាប់​ដើម្បី​គាត់​ហើយ​ ។ គាត់​បាន​គ្រប​បាំង​ដោយ​ព្រះ​លោហិត និង​សេចក្តី​សុចរិត​របស់​ទូល​បង្គំ​ ។
ដូច​នេះ «ពេលណា​សាតាំង​ល្បួង​ខ្ញុំ​ឲ្យ​អស់​សង្ឃឹម ហើយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​បាប​នៅ​ខាង​ក្នុង ខ្ញុំ​នឹង​មើល​ទៅលើ ហើយ​ឃើញ​ព្រះអង្គ ដែល​បាន​បង់​ថ្លៃ​លោះ​បាប​មួយដង​ជា​សម្រេច» ។ ដូច​នេះ «ខ្ញុំ​ដឹង​ថា ដរាបណា​ព្រះ​អង្គ​ឈរ​នៅ​ស្ថាន​សួគ៌ គ្មាន​អ្វី​អាច​ពង្រាត់​ខ្ញុំ​ចេញពី​ព្រះអង្គ​បានទេ» ។25 ព្រះយេស៊ូវ ជា​ស​ម្តេច​សង្ឃ​របស់​អ្នក​ជា​រៀង​រហូត ទ្រង់​ឈរ​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះវរបិតា​នៅ​ថ្ងៃ​នេះ ដោយ​មាន​បន្ទូល​អំពី​អ្នក និង​ដើម្បី​អ្នក​ ។ អ្នក​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច​ឡើយ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ហេព្រើរ ៧:២៣-៨:៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ២០-២១ និង ១កូរិនថូស ៧:២០-៤០

ប្រភេទ