នំម៉ាណាប្រចាំថ្ងៃ
ការ​គោរព​ចំពោះ​ព្រះវិហារ

ការ​គោរព​ចំពោះ​ព្រះវិហារ

ដោយAlistair Begg

March 13, 2026

«កាល​ទ្រង់​យាង​ចូល​ដល់​ក្នុង​ព្រះវិហារ​ហើយ នោះ​ទ្រង់​ចាប់​តាំង​ដេញ​ពួក​អ្នក​ដែល​លក់ដូរ​ចេញ ដោយ​បន្ទូល​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «‍ដំណាក់​អញ​ជាទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ ទ្រង់​ក៏​បង្រៀន​ក្នុង​ព្រះ​វិហារ​រាល់តែ​ថ្ងៃ តែ​ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​អ្នក​ធំ ក្នុង​បណ្ដាជន គេ​ខំ​ស្វែងរក​ឱកាស​នឹង​បំផ្លាញ​ទ្រង់​ចេញ
តែ​រក​ហេតុ​អ្វី​មិន​បាន​សោះ ពីព្រោះ​បណ្ដាជន​កំពុង​ប្រុង​ស្ដាប់​ទ្រង់​ណាស់» ។ លូកា ១៩:៤៥-៤៨
ចាប់​តាំង​ពីដើម​ដំបូង​នៃ​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែន​ដី ព្រះវិហារ​នៅ​ទីក្រុង​យេរូសាឡិម មាន​សារៈសំខាន់​ចំពោះ​ព្រះអង្គ​ ។ កាល​ព្រះអង្គ​ជា​ទារក លោក ​ស៊ីម្មាន​ជា​ចាស់ទុំ​បាន​ពរ​ទ្រង់​នៅ​ក្នុង​ដៃ ហើយ​ប្រកាស​នៅ​ក្នុង​ព្រះ​វិហារ​ថា គាត់​បាន​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​ហើយ (លូកា ២:២៥-៣៥) ។ កាល​ព្រះអង្គ​មាន​ព្រះ​ជន្ម១២ព្រះ​វស្សា ព្រះអង្គ​ក៏​បាន​ទៅ​រក​ដំណាក់​ព្រះវរបិតា​របស់​ទ្រង់ ហើយ​ធ្វើ​ការ​សន្ទនា​ជាមួយ​អ្នក​ដឹកនាំ​សាសនា (ខ.៤៦-៤៩) ។ ព្រះយេស៊ូវ​បាន​បង្ហាញ​ច្បាស់​ថា ព្រះ​អង្គ​មាន​ភាព​ជិត​ស្និទ្ធ និង​ក្តី​ស្រឡាញ់​ចំពោះ​ដំណាក់​នៃ​ព្រះវរបិតា​ទ្រង់ ហេតុ​នេះ​យើង ព្រះ​អង្គ​សោក​សង្រេង​នៅពេល​ដែល​ព្រះ​អង្គ​ទត​ឃើញ​គេ​បំពាន​ព្រះវិហារ ជាទី​កន្លែង​បរិសុទ្ធ​ ។ ទីក្រុង​យេរូសាឡិម គឺជា​កន្លែង​ដែល​ព្រះ​ទ្រង់​ជួប​រាស្រ្ត​របស់​ព្រះអង្គ​ ។ ដូច​នេះ នៅពេល​ដែល​ព្រះ​យេស៊ូវ​បាន​ទត​ឃើញ​មនុស្ស​ធ្វើ​ការ​លក់ដូរ ក្នុង​ទីធ្លា​ព្រះវិហារ ទ្រង់​មាន​ការ​សោក​សង្រេង និង​កំហឹង​ដ៏​សុចរិត​ ។ មនុស្ស​ដែល​ទទួល​ខុស​ត្រូវ ចំពោះ​ការ​បំពាន​ព្រះវិហារ ក៏​ជា​មនុស្ស​ដែល​បាន​ស្រែក​ដាក់​ព្រះអង្គ ក្នុង​ក្បួន​ដង្ហែ​នៃ​ជ័យ​ជម្នះ​របស់​ព្រះអង្គ ចូល​ទីក្រុង​យេរូសាឡិម​ ។ ពួកគេ​គ្មាន​ភាព​អាម៉ាស់ ក្នុង​ការ​កែ​ប្រែ​ព្រះវិហារ​ទៅ​ជា​កន្លែង​ដូរ​លុយ ព្រោះ​ពួកគេ​ចង់​បាន​ប្រាក់​កំរៃ ហើយ​ពួក​គេ​ក៏​បដិសេធ​មិន​ព្រម​ទទួល​សត្វ​ជា​ដង្វាយ​របស់​អ្នក​ថ្វាយបង្គំ​ព្រះ​នៅ​ព្រះវិហារ ដោយ​បង្ខំ​ពួក​គេ​ឲ្យ​ទិញ​សត្វ​ធ្វើ​ជា​ដង្វាយ ដោយ​តម្លៃ​មិន​ត្រឹម​ត្រូវ​ ។ របៀប​ដែលគេ​កំពុង​ប្រើ​ទី​ធ្លា​ព្រះវិហារ មាន​ការ​ប្រាស​ចាក​បំណង​ព្រះទ័យ​ព្រះវរបិតា​របស់​ទ្រង់​យ៉ាង​ខ្លាំង បានជា​ព្រះ​អង្គ​ត្រូវ​តែ​កែ​តម្រង់​ពួកគេ ដោយ​ជៀស​មិន​រួច ក្នុង​នាម​ព្រះ​អង្គ​ជា​ស​ម្តេច​សង្ឃ​ដ៏​ខ្ពស់​បំផុត​ ។ ដោយសារ ព្រះយេស៊ូវ​បាន​យល់​ច្បាស់ អំពី​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះអង្គ​អាច​មាន​បន្ទូល​ដោយ​អំណាច​ដែលគេ​មិន​អាច​បដិសេធ​បាន ហើយ​ក្រើន​រំឭក​ពួក​បណ្តាជន​ឲ្យ​ប្រើ​ព្រះវិហារ ដោយ​គោលបំណង​ដ៏​បរិសុទ្ធ ដោយ​ព្រះអង្គ​បាន​ប្រើ​ខ​គម្ពីរ​យោង​ដែល​ពួកគេ​បាន​ស្គាល់ និង​មិន​អាច​បដិសេធ​បាន គឺ​ខ​គម្ពីរ​ដែល​បាន​ចែងថា «ដំណាក់​អញ​នឹង​បាន​ហៅ​ជាទី​អធិស្ឋាន» (អេសាយ ៥៦:៧ និង មើល​យេរេមា ៧:១១) ។ 
រឿង​បន្ទាប់​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នោះ គឺ​ទ្រង់​បាន​យក​ខ្សែ​មក​ធ្វើ​ជា​រំពាត់ បណ្តេញ​សត្វ​ដែលគេ​កំពុង​លក់ដូរ និង​ផ្កាប់​តុ​របស់​អ្នក​ដូរ​លុយ (យ៉ូហាន ២:១៥) ដែល​ទង្វើ​រទាំង​នេះ សុទ្ធ​តែ​សុ​ចរិត​ ។ ការ​ដែល​ព្រះ​យេស៊ូវ​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំង ចំពោះ​ព្រះ​កិត្តិនាម​របស់​ព្រះវរបិតា គឺ​បាន​ធ្វើ​ឲ្យ​ព្រះទ័យ​ទ្រង់​ឈឺ​ចាប់​យ៉ាង​ខ្លាំង (ខ.១៧) ។ ហើយ​យើង​ដឹង​ថា ព្រះយេស៊ូវ​បាន​ព្រះ​កន្សែង​នឹង​មនុស្ស​នៅ​ទីក្រុង​នេះ (លូកា ១៩:៤១-៤៤) ។ ព្រះ​អង្គ​សង្គ្រោះ​បាន​កាន់​ខ្សែ​នោះ​ធ្វើ​ជា​រំពាត់​ក្នុង​ព្រះ​ហស្ត តែ​ទន្ទឹង​នឹង​នោះ​ទ្រង់​ក៏​មាន​ទឹក​ភ្នែក​នៅ​ក្នុង​ព្រះ​នេត្រ​ផង​ដែរ​ ។ 
ព្រះយេស៊ូវ​គឺជា​ព្រះរាជបុត្រា​ដ៏​ឥត​ខ្ចោះ ដែល​ខ្វល់​អំពី​ការ​ថ្វាយ​ព្រះ​សិរី​ល្អ​ដល់​ព្រះវរបិតា​ទ្រង់ លើស​អ្វី​ផ្សេង​ទៀត ហើយ​ព្រះ​អង្គ​មាន​សេចក្តី​ក្រោធ​បំផុត ចំពោះ​ការ​កុហក ភាព​លោភលន់ និង​ការ​ដេញ​តាម​អំណាច ជា​រនាំង​នៅ​ចន្លោះ​ព្រះវរបិតា និង​មនុស្ស​មាន​បាប​ដែល​ត្រូវ​ការ​ព្រះគុណ​ ។ ព្រះអង្គ​ទតមើល​មនុស្ស​ដែល​បដិសេធ​ព្រះ ហើយ​ព្រះ​កន្សែង ព្រោះ​ព្រះ​អង្គ​ជ្រាប​ថា ពួកគេ​បាន​ធ្លាក់​ចូល​ក្នុង​បាប​ដល់​កំរិត​ណា​ហើយ​ ។ ព្រះអង្គ​ទតមើល​មនុស្ស​ដែល​ដាក់​រនាំង​នោះ មិន​ឲ្យ​អ្នក​ដទៃ​ចូល​ជួប​ព្រះ ហើយ​ព្រះ​អង្គ​មាន​សេចក្តី​ក្រោធ ព្រោះ​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​ព្រះវរបិតា​ទទួល​ការ​សរសើរ តាម​ដែល​សក្ដិសម និង​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ទ្រង់​ទទួល​សេចក្តី​សង្គ្រោះ​ ។ យើង​ក៏​គួរ​តែ​ទួញ​សោក​នឹង​មនុស្ស​បាត់បង់ ហើយ​មាន​កំហឹង​ចំពោះ​អ្នក​ដែល​កាច់​មួល​សេចក្តី​ពិត ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​​ ។ យើង​ក៏​គួរតែ​អធិស្ឋាន​សូម​ឲ្យ​មាន​ចិត្ត​ឧស្សាហ៍​នៅ​ក្នុង​ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ខណៈ​ពេល​ដែល​យើង​អរ​ព្រះគុណ​ព្រះអង្គ ដែល​ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​យាង​មក ដើម្បី​បង្ហាញ​សេចក្តី​ឧស្សាហ៍​ចំពោះ​ព្រះវរបិតា​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់​ជា​រៀង​រហូត​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ អេសាយ ៥៦:១-៨
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ២២-២៤ និង ១កូរិនថូស ៨

ប្រភេទ