នំម៉ាណាប្រចាំថ្ងៃ
ព្រះគ្រីស្ទ​មាន​ជ័យ​ជម្នះ

ព្រះគ្រីស្ទ​មាន​ជ័យ​ជម្នះ

ដោយAlistair Begg

March 14, 2026

«អ្នកណា​ដែល​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូចជា​ទ្រង់​ក៏​សុចរិត​ដែរ តែ​អ្នកណា​ដែល​ប្រព្រឹត្ត​អំពើបាប​វិញ នោះ​គឺ​មកពី​អារក្ស​ទេ ពីព្រោះ​អារក្ស​បាន​ធ្វើបាប ចាប់​តាំង​ពីដើម​រៀងមក ដោយហេតុ​នោះ​បានជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ» ។ ១យ៉ូហាន ៣:៧-៨
ទំព័រ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​និយាយ​អំពី​ការ​ទន្ទឹង​រង់​ចាំ​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច​នៃ​ការ​យាង​មក​របស់​ព្រះ​មែស៊ី តែ​ក៏បាន​និយាយ​ផង​ដែរ​អំពី​អារក្ស ដែល​ជា​តួ​អង្គ​នៃ​ស្រមោល​ដ៏​ងងឹត​ ។ ពេល​ដែល​យើង​មើល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​រក​ឃើញថា ការ​យាង​មក​នៃ​ព្រះគ្រីស្ទ បាន​នាំ​សាតាំង​ចេញពី​ស្រមោល​ទៅ​កណ្តាល​វាល​ ។ 
ព្រះ​គម្ពីរប៊ីប​បាន​បើក​បង្ហាញថា អារក្ស​គឺជា​អ្នក​បណ្តាល​ឲ្យ​មាន​បាប និង​ទុក្ខសោក​ ។ តាម​ពិត ពាក្យ​អារក្ស​ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសាក្រិក​មាន​ឫស​គុល នៅ​ក្នុង​ពាក្យ​ដែល​មានន័យថា «បោះ» គឺ​ដូច​ក្នុង​ន័យ​ពាក្យ «បោះ​ពាក្យ​សម្តី​មួល​បង្កាច់»​ ។ យើង​ដឹង​ថា អារក្ស​មួល​បង្កាច់​សេចក្តី​ពិត អំពី​ព្រះគ្រីស្ទ និង​ចារិក​លក្ខណៈ​របស់​ព្រះ​ ។ ទន្ទឹម​នឹង​នោះ យើង​អាច​បក​ប្រែ​ពាក្យ​សាតាំង​ថា «ខ្មាំង​សត្រូវ» ហើយ​អាច​សំដៅ​ទៅលើ​សត្រូវ​ដែល​កំពុង​ពួន​សម្ងំ​រង់​ចាំ​វាយ​ឆ្មក់​ ។ យើង​ក៏​អាច​ដឹង​ថា ការ​ភ័យ​ខ្លាច ការ​សង្ស័យ និង​គំនិត​អាក្រក់​របស់​យើង ដែល​គ្មាន​ហេតុផល មាន​ប្រភព​មកពី​អារក្ស​ ។ វា​ជា​អ្នក​បោក​បញ្ឆោត អ្នកចោទ​ប្រកាន់ អ្នក​កុហក និង​អ្នក​រារាំង​ ។ វា​ធ្វើ​ឲ្យ​អ្នក​មិន​ជឿ​មាន​គំនិត​ដែល​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​អ្នកជឿ​មាន​គំនិត​ស្រពិចស្រពិល ដោយ​ធ្វើ​ឲ្យ​ពួកគេ​នឹក​ឃើញ​កំហុស និង​បរាជ័យ​របស់​ខ្លួន​ ។
សាតាំង​គឺជា​ខ្មាំង​សត្រូវ​ដែល​មាន​អំណាច ប៉ុន្តែ វា​ក៏​ជា​ខ្មាំង​សត្រូវ​ដែល​បាន​បរាជ័យ​ផង​ដែរ​ ។ យើង​ត្រូវ​ស្គាល់​អំណាច​ពិត​ប្រាកដ​នៃ​អារក្ស តាមរយៈ​ការ​យល់​ដឹង​អំពី​ជ័យ​ជម្នះ​របស់​ព្រះអម្ចាស់យេស៊ូវ​ ។ អារក្ស​បាន​ជាប់​ច្រវាក់ ដោយសារ​ឈើ​ឆ្កាង​របស់​ព្រះគ្រីស្ទ​ហើយ​ ។ នៅ​ក្នុង​ច្រវាក់​នោះ វា​អាច​គ្រហឹម​ដាក់​យើង ហើយ​ស្រវា​ចាប់​យើង ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ កិច្ច​ការ​របស់​វា​នឹង​ត្រូវ​ព្រះគ្រីស្ទ​បំផ្លាញ​អស់​ ។ សាវ័ក​យ៉ូហាន​បាន​ធានា​យើង​ថា «យើង​ដឹង​ថា អ្នកណា​ដែល​កើត​ពី​ព្រះ​មក នោះ​មិន​ចេះ​ធ្វើបាប​ទេ អ្នក​នោះ​ឯង​ជា​អ្នក​រក្សា​ខ្លួន​វិញ ហើយ​មេ​កំណាច​នឹង​ពាល់​អ្នក​នោះ​មិន​បាន​ឡើយ» (១យ៉ូហាន ៥:១៨) ។
នៅ​តាម​ផ្ទះ​នីមួយៗ មនុស្ស​ជា​ច្រើន​មាន​វិធី​បោះចោល​សំរាម​ជា​ជំហានៗ ដោយ​ពី​ដំបូង​ពួកគេ​ប្រមូល​សំរាម​នៅ​ក្នុង​ធុង​សំរាម យក​ទៅ​ទុក​នៅមុខ​ផ្ទះ ហើយ​បន្ទាប់មក ឡាន​ដឹក​សំរាម​ក៏​មក​ប្រមូល​ចេញពី​មុខ​ផ្ទះ​នោះ ទៅ​កន្លែង​ចាក់​ស​ម្រាម ជា​កន្លែង​ចុង​ក្រោយ​របស់​វា​ ។ ក្នុង​ន័យ​ពិត​ខាង​វិញ្ញាណ អារក្ស​ក៏​មាន​វាសនា​មិន​ខុសពី​សំរាម​នោះ​ឡើយ ដោយ​ព្រះ​ទ្រង់​ប្រមូល​វា​ចេញទៅ​ក្រៅ ទុក​ឲ្យ​វា​រង់​ចាំ​ថ្ងៃ​ដែល​ទ្រង់​នឹង​ទម្លាក់​វា​ចូល​ទី​កន្លែង​ចុង​ក្រោយ​របស់​វា នៅ​ថ្ងៃ​ដែល​ព្រះគ្រីស្ទ​យាងមក​ម្តង​ទៀត (វិវរណៈ ២០:១០) ។ ព្រះអង្គ​មិន​ទាន់​បាន​បំផ្លាញ​វា​នៅឡើយ​ទេ ប៉ុន្តែ ទ្រង់​បាន​ទម្លាក់​វា​ចេញពី​អំណាច ហើយ​វា​ក៏​បរាជ័យ​ហើយ​ដែរ​ ។
ក្នុង​ការ​ប៉ះ​ទង្គិច​ដែល​យើង​ជួប​ប្រទះ យើង​ត្រូវ​ដឹង​ថា «យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់ឈាម​ទេ គឺ... ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ» (អេភេសូរ ៦:១២) ។ ហើយ​អ្នក​ដែល​មិន​បាន​ដឹង​អំពី​រឿង​នេះ គួរតែ​ដឹង​នៅពេល​នេះ​ ។ យើង​ម្នាក់ៗ​ចាំបាច់​ត្រូវ​ក្រើន​រំឭក​ខ្លួន​ឯង​ថា មាន​ការ​តយុទ្ធ​ពិត​ប្រាកដ​មួយ កំពុង​កើត​មាន ហើយ​យើង​មាន​ចំណែក​នៅ​ក្នុង​នោះ ហើយ​យើង​រាល់​គ្នា​ក៏​ចាំបាច់​ត្រូវ​នឹក​ចាំ​ថា ក្នុង​ការ​ត​យុទ្ធ​នោះ «ព្រះរាជបុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ» ។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា អារក្ស​មិន​មែន​ជា​អ្នក​សម្រេច​ចុង​ក្រោយ​នោះ​ឡើយ​ ។ វា​បាន​បរាជ័យ​ហើយ ហើយ​ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​សូម​ឲ្យ​អ្នក​បាន​រួចពី​សេចក្តី​អាក្រក់ (យ៉ូហាន ១៧:១៥) ។ សូម​ឲ្យ​ការ​ដឹង​ដូច​នេះ បាន​បណ្តាល​ចិត្ត​អ្នក​ឲ្យ​ឈរ​មាំមួន ទាស់​ប្រឆាំង​នឹង​ឧបាយកល​របស់​វា ហើយ​រត់​ទៅ​រក​ព្រះគ្រីស្ទ ដើម្បី​ទទួល​ការ​អត់​ទោស ពេល​ដែល​អ្នក​ចាញ់​ការ​កុហក​របស់​វា​ ។ នេះ​ជា​របៀប​ដែល​យើង​ត្រូវ​រស់នៅ ដោយ​នឹក​ចាំ​ថា​ព្រះគ្រីស្ទ​បាន​ឈ្នះ​ហើយ! 


ខគម្ពីរ​ជញ្ជឹង​គិត៖ លូកា ៤:១-១៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ២៥-២៧ និង ១កូរិនថូស ៩

ប្រភេទ