នំម៉ាណាប្រចាំថ្ងៃ
ត្រូវ​ការ​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ

ត្រូវ​ការ​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ

ដោយAlistair Begg

March 15, 2026

«ប៉ុល​ក៏​ចាត់​គេ ពី​មីលេត​ទៅ​ឯ​ក្រុង​អេភេសូរ ដើម្បី​នឹង​ហៅ​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​នោះ​មក» ។ កិច្ចការ ២០:‌១៧
ក្នុង​ពាក់​កណ្តាល​សតវត្សរ៍ទី២០ និកាយ​អង់គ្លីខិន​នៅ​ប្រទេស​អង់គ្លេស បាន​បញ្ចេញ​របាយ​ការណ៍​មួយ ដែល​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​ជំនឿ​នៅ​ប្រទេស​អង់គ្លេស​ ។ គោលដៅ​របស់​ពួកគេ គឺ​ដើម្បី​ស្វែង​យល់​អំពី​ការ​អ្វី​ដែល​កំពុង​កើត​ឡើង ក្នុង​សង្កាត់​ទាំងឡាយ​នៃ​សហគមន៍​របស់​ពួក​ជំនុំ​អង់គ្លីខិន​ ។ ក្នុង​របាយ​ការណ៍​នោះ អ្នក​និពន្ធ​បាន​ឈាន​ទៅ​ដល់​ប្រធានបទ​អំពី​ភាពជា​អ្នក​ដឹកនាំ​យ៉ាង​ឆាប់​រហ័ស ដែល​ក្នុង​នោះ ពួកគេ​បាន​សង្កេត​ឃើញថា «អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​ច្រើនតែ​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល» ។26 ពាក្យ «ខាង​វិញ្ញាណ» គឺជា​ពាក្យ​ដ៏​សំខាន់​ ។ បើ​ពួក​ជំនុំ​ចង់​រីក​លូតលាស់ ក្នុង​លោកិយ ពួកគេ​ត្រូវតែ​មាន​បុរស​ខាង​វិញ្ញាណ ដែល​មាន​តួនាទី​ជា​អ្នក​ដឹកនាំ​ ។ ទោះ​គេ​បាន​បោះពុម្ព​ផ្សាយ​របាយការណ៍​នោះ​តាំងពី​យូរ​មក​ ហើយ​មាន​ការ​ប្រែ​ប្រួល​ជា​ច្រើន​បាន​កើត​ឡើង ចាប់​តាំងពី​ពេល​នោះ​មក​ក៏ដោយ ក៏​អ្នក​ដឹកនាំ​ដែល​មាន​ភាព​ពេញវ័យ​ខាង​វិញ្ញាណ នៅតែ​មាន​ភាព​ចាំបាច់​ជា​យុទ្ធ​សាស្រ្ត ទោះ​ពួកគេ​កំពុង​បម្រើ​ព្រះ​នៅ​ប្រទេស​ណា ហើយ​មាន​និកាយ​អ្វី​ក៏ដោយ​ ។ ពួកជំនុំ​នីមួយៗ​នៃ​ព្រះយេស៊ូវគ្រីស្ទ មិន​អាច​មាន​ការ​រីក​លូតលាស់​ទៅ​បាន​ឡើយ បើ​អ្នក​ដឹកនាំ​របស់​ពួកគេ​មិន​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ​ទេ​នោះ​ ។
ក្រុម​កីឡាករ​នីមួយៗ​មាន​កាពីទែន ឬ​អ្នក​ដឹកនាំ​រៀងៗ​ខ្លួន​ ។ សមាជិក​ម្នាក់ៗ​របស់​ក្រុម​ទាំង​នោះ​អាច​មាន​តម្លៃ​ស្មើ​គ្នា ប៉ុន្តែ ពួកគេ​ត្រូវ​មាន​អ្នក​ដឹកនាំ​ ។ បើ​គ្មាន​កាពីទែន​ទេ ក្រុម​កីឡាករ​នឹង​បាត់បង់​ទិសដៅ ហើយ​ច្រើនតែ​ខ្វះ​វិន័យ ដែល​ពួកគេ​ត្រូវ​មាន ដើម្បី​ប្រកួត​ឈ្នះ​ ។ ការ​ប្រគំតន្ត្រី​ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ បើ​គ្មាន​អ្នក​ដឹកនាំ​វង់តន្ត្រី​ទេ ការ​ប្រគំ​តន្ត្រី​អាច​បាត់បង់​ភាព​ស៊ីសង្វាក់ និង​ភាព​ចុះ​សម្រុង​គ្នា​ ។ 
អ្នក​ដឹកនាំ​ពិតជា​មាន​តួនាទី​ដ៏​ចាំបាច់ ក្នុង​ផ្នែក​នីមួយៗ​នៃ​ជីវិត ហើយ​រាស្រ្ត​របស់​ព្រះ​ក៏​ត្រូវ​ការ​អ្នក​ដឹកនាំ​ផង​ដែរ​ ។ ព្រះយេស៊ូវ​គឺជា​អ្នក​ដឹកនាំ​របស់​ពួក​សាវ័ក​ទាំង១២នាក់​ ។ កាល​ព្រះ​អង្គ​យាង​ឡើង​ស្ថាន​សួគ៌​វិញ សាវ័ក​ពេត្រុស និង​យ៉ាកុប​ក៏បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​របស់​ពួក​សាវ័ក និង​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡិម​ ។ ពួក​សាវ័ក​ក៏បាន​បង្កើត​ឲ្យ​មាន​អ្នក​ដឹកនាំ ក្នុង​ពួក​ជំនុំ​តាម​តំបន់​ផ្សេងៗ​ ។ កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក ​ទីតុស គាត់​មាន​ការ​គិតគូរ​យ៉ាង​ម៉ត់ចត់​អំពី​ប្រភេទ​បុរស ដែល​ត្រូវ​ទទួល​ការ​តែងតាំង​ធ្វើ​ជា​អ្នក​ដឹកនាំ​ពួក​ជំនុំ (ទីតុស ១:៥-៩) ។ បើ​ពួកគេ​បាន​ជ្រើសរើស​មនុស្ស​ខុស​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ នោះ​ពួក​ជំនុំ​នឹង​ទទួល​រង​ផល​វិបាក​ដែល​ពិបាក​ស្តា​ឡើង​វិញ​ ។ ហើយ​នៅពេល​ដែល​គាត់​នៅសល់​ពេល​វេលា​តិចតួច នៅ​ជិត​ទីក្រុង​អេភេសូរ គាត់​ក៏បាន​ស្នើ «ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ» នៅ​ទីក្រុង​អេភេសូរ ឲ្យ​ទៅ​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ទីក្រុង​ពីមីលេត​ ។
បើ​គ្មាន​អ្នក​ដឹកនាំ​ល្អ​ទេ ភាព​វឹកវរ​ងាយ​នឹង​កើត​ឡើង​ ។ បញ្ហា​ជា​ច្រើន​ដែល​មិន​អាច​ដោះ​ស្រាយ​បាន ក្នុង​ជីវិត​នៃ​ពួក​ជំនុំ​ក្នុង​តំបន់ អាច​បណ្តាល​មកពី​អ្នក​ដឹកនាំ​មិន​ល្អ​ ។ ផ្ទុយ​ទៅវិញ យើង​អាច​ដឹង​ថា អ្នក​ដឹកនាំ​ដែល​មាន​ប្រសិទ្ធភាព​នាំមក​នូវ​ដំណោះ​ស្រាយ​ដ៏​ល្អ​សម្រាប់​បញ្ហា​ក្នុង​ពួក​ជំនុំ ស្ទើរតែ​គ្រប់​ពេល​ទាំង​អស់​ ។ 
បើ​ភាព​ជោគជ័យ​ពឹង​ផ្អែក​ទៅលើ​គុណ​ភាព​នៃ​អ្នក​ដឹកនាំ នោះ​គ្រីស្ទបរិស័ទ​គួរតែ​ខ្វល់​យ៉ាង​ខ្លាំង អំពី​អ្នក​ដឹកនាំ ក្នុង​ពួក​ជំនុំ​របស់​ពួកគេ​ ។ ព្រះគ្រីស្ទ​បាន​បង់​ថ្លៃលោះ​ពួក​ជំនុំ ដោយ​ព្រះ​លោហិត​ទ្រង់ ហើយ​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​បង្ហាញ​សិរី​ល្អ​របស់​ទ្រង់​ដល់​លោកិយ និង​ពិភព​ខាង​វិញ្ញាណ តាមរយៈ​ពួក​ជំនុំ (អេភេសូរ ៣:‌១០) ។ ដូច​នេះ ចូរ​ចំណាយ​ពេល​អធិស្ឋាន​ឲ្យ​អ្នក​ដឹកនាំ​របស់​អ្នក​ ។ ចូរ​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ត​ពួកគេ​យ៉ាង​សកម្ម ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់ និង​ឧស្សាហ៍ ក្នុង​ការងារ​របស់​ពួកគេ​ ។ ចូរ​ឲ្យ​អ្នក​ដឹកនាំ​មាន​អំណរ មិនមែន​ស្រែក​ថ្ងូរ ក្នុង​ការ​ដឹកនាំ​អ្នក​ឡើយ (ហេព្រើរ ១៣:‌១៧) ដើម្បី​ប្រយោជន៍​ពួកគេ និង​ប្រយោជន៍​របស់​អ្នក​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ កិច្ចការ ២០:១៧-៣៥
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ យ៉ូប ២៨-២៩ និង ១កូរិនថូស ១០:១-១៨
 

ប្រភេទ