
ខ្ញុំបានជ្រើសរើសអ្នក
ដោយAlistair Begg
March 16, 2026
«គឺឯងដែលអញបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងឯងថា ឯងជាអ្នកបំរើរបស់អញ អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ ។ កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ» ។ អេសាយ ៤១:៩-១០
យើងងាយនឹងជួបការល្បួងឲ្យគិតថា យើងមានសារៈសំខាន់ ដោយសារអ្វីដែលយើងសម្រេចបាន ទីកន្លែងដែលបានទៅដល់ ឬកន្លែងដែលយើងកំពុងឆ្ពោះទៅរក ក្នុងជីវិតនេះ ។ ប៉ុន្តែ កត្តាទាំងនេះមិនសំខាន់ទេ នៅពេលដែលយើងពិចារណាអំពីអ្វីដែលពិតជាសំខាន់ និងស្ថិតស្ថេរសម្រាប់យើង ដែលបានចាក់ឫសក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ប៉ុណ្ណោះ ។ ទំនាក់ទំនងនេះមិនផ្អែកទៅលើការគិតផ្សង ឬការមានគំនិតលើកដំកើងខ្លួនឯងនោះទេ ។ ទេ ទំនាក់ទំនងនេះផ្អែកទៅលើភាពប្រាកដប្រជានៃសេចក្តីពិតដែរថា ព្រះអង្គបានជ្រើសរើសយើង ហើយមិនបោះបង់ចោលយើងឡើយ ។
តើយើងមានហេតុផលអ្វី ដែលព្រះទ្រង់ត្រូវបដិសេធយើងឬទេ ? បើសេចក្តីសញ្ញាដែលព្រះទ្រង់តាំងជាមួយយើង និងទទួលយកយើង ផ្អែកទៅលើការប្រព្រឹត្តជារៀងរាល់ថ្ងៃ នោះគ្មាននរណាម្នាក់អាចនៅជាប់ក្នុងទំនាក់ទំនងជាមួយព្រះអង្គ បានរយៈពេល២៤ម៉ោងឡើយ ។ ប៉ុន្តែ សេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយយើង មានភាពអស្ចារ្យនៅត្រង់ចំណុចដែលថា សេចក្តីសញ្ញានោះបានតាំងឡើង ផ្អែកទៅលើការជ្រើសរើសរបស់ព្រះអង្គ ។ ព្រះអង្គបានជ្រើសរើសយើង ព្រះអង្គបានត្រាស់ហៅយើង តាំងពីមុនកំណើតផែនដី ហើយព្រះអង្គនឹងមិនបោះបង់ចោលយើងឡើយ ។
មុនពេលយើងអាចស្តាប់បង្គាប់តាម និងដកពិសោធន៍នឹងព្រះគុណព្រះ យើងត្រូវមានការយល់ដឹងអំពីព្រះគុណទ្រង់ ។ ព្រះគុណគឺជាថ្នាំបន្សាបសម្រាប់ការភ័យខ្លាច និងការថប់បារម្ភគ្រប់យ៉ាង ។ យើងនឹងមិនអាចជម្នះការព្រួយបារម្ភ ដោយគ្រាន់តែសូត្រពាក្យវិជ្ជមានឲ្យខ្លួនឯងស្តាប់ម្តងហើយម្តងទៀត ហើយយើងក៏នឹងមិនមានជ័យជម្នះមកលើការភ័យខ្លាច ដោយគ្រាន់តែទទួលការលើកទឹកចិត្តរបស់អ្នកដទៃ ឲ្យស្តាប់បង្គាប់តាមព្រះគម្ពីរប៊ីបនោះឡើយ ។ វិធីសាស្រ្តទាំងអស់នេះនឹងនាំមកនូវការខកចិត្ត និងការសង្ស័យ ហើយថែមទាំងការអស់សង្ឃឹមទៀតផង ។
យើងប្រហែលជាមានគំនិតដែលគួរឲ្យភ័យខ្លាចផុសឡើង ធ្វើឲ្យយើងគិតថា ខ្ញុំខ្លាច និងមានអារម្មណ៍ថាពិបាកពេក ហើយខ្ញុំមិនដឹងថា ត្រូវធ្វើអ្វី ឬខ្ញុំខ្សោយ ហើយខ្ញុំមិនសំខាន់ ខ្ញុំមិនដឹងថា ត្រូវបន្តដំណើរដោយរបៀបណាទេ ។ ពេលណាយើងមានអារម្មណ៍ដូចនេះ យើងត្រូវតែក្រើនរំឭកខ្លួនឯងអំពីព្រះគុណព្រះ ដែលបានមានបន្ទូលមកយើងថា ខ្ញុំបានត្រាស់ហៅអ្នក ។ ខ្ញុំបានជ្រើសរើសអ្នក ។ ខ្ញុំស្រឡាញ់អ្នក ។ ខ្ញុំមិនបានបដិសេធន៍អ្នកទេ ។ មានតែព្រះគុណព្រះទេ ដែលអាចជួយយើងជម្នះការភ័យខ្លាចរបស់យើង ហើយជួយយើងឲ្យមានទំនុកចិត្តដូចនេះបាន ។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ ជួយឲ្យយើងមានទស្សនៈត្រឹមត្រូវអំពីរឿងអ្វីផ្សេងទៀត ដោយបង្រៀនយើងឲ្យផ្ដោតគំនិតទៅលើអ្វីដែលព្រះទ្រង់បានសន្យាថា យើងនឹងទទួលបានអស់កល្បជានិច្ច និងរស់នៅដោយការយល់ដឹងអំពីការពិតនេះ ។
តើមានទឹកទន្លេនៅពីមុខអ្នក ដែលអ្នកគិតថា ខ្លួនមិនអាចឆ្លងរួចឬទេ ? តើមានភ្នំអ្វីដែលអ្នកមិនអាចជីករូងធ្វើផ្លូវឆ្លងទៅចុងម្ខាងទៀតឬទេ ? តើអ្នកមានការភ័យខ្លាច ចំពោះកិច្ចការថ្មីមួយ ដែលកំពុងរង់ចាំអ្នកឬទេ ? តើអ្នកបានប្រឈមមុខដាក់ទុក្ខលំបាកជាប់ជានិច្ចឬ ? ចូរចាំថា សេចក្តីពិតរបស់ព្រះមិនដែលផ្លាស់ប្តូរទេ ។ គោលបំណងរបស់ព្រះអង្គមិនផ្លាស់ប្តូរ ។ ព្រះរាជបុត្រាទ្រង់មិនប្រែប្រួល ។ ព្រះដែលមិនប្រែប្រួល គឺជាព្រះដែលគង់នៅជាមួយអ្នក និងកាន់ខាងអ្នក ។ ចូរស្តាប់ព្រះអង្គមានបន្ទូលក្នុងពេលនេះថា «ខ្ញុំបានជ្រើសរើសអ្នក ហើយមិនបោះបង់ចោលអ្នកទេ ចូរកុំភ័យខ្លាច ដ្បិតខ្ញុំនៅជាមួយអ្នក ។ ចូរកុំអស់សង្ឃឹម ដ្បិតខ្ញុំជាព្រះរបស់អ្នក» ។
ខគម្ពីរជញ្ជឹងគិត៖ ១យ៉ូហាន ៣:១-៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៣០-៣១ និង ១កូរិនថូស ១០:១៩-៣៣