
ផែនការរបស់ព្រះតាំងពីដើមមក
ដោយAlistair Begg
April 13, 2026
«ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ» ។ ហេព្រើរ ១០:១៤
គេពិបាកយល់អំពីពេលវេលាចុងក្រោយដ៏ឈឺចាប់របស់ព្រះគ្រីស្ទនៅលើឈើឆ្កាងរបស់ចក្រភពរ៉ូម៉ាំង ។ ការវាយដំ ធ្វើទារុណកម្ម និងការបន្ទាបបន្ថោក ដែលព្រះអង្គបានរងទ្រាំ សុទ្ធតែជាទោសដែលឧក្រិដ្ឋជនអាក្រក់បំផុតត្រូវទទួល ។ ហេតុនេះហើយ មុនពេលព្រះអង្គដាច់ដង្ហើម ព្រះអង្គបានស្រែកដោយសម្លេងឮខ្លាំងថា Tetelestai! ដែលមានន័យថា «ការស្រេចហើយ» (យ៉ូហាន ១៩:៣០) ។
ប៉ុន្តែ ការស្រែកដូចនេះ មានន័យដូចម្តេច? តើព្រះយេស៊ូវគ្រាន់តែកំពុងប្រកាសអំពីការសុគតរបស់ព្រះអង្គឬ? តើនេះជាការទទួលស្គាល់ថា ភាពសាហាវព្រៃផ្សៃ និងការឈឺចាប់នៃទារុណកម្មនេះបានបញ្ចប់ហើយឬ? ឬនេះជាសម្លេងស្រែកនៃការចុះចាញ់?
ត្រង់ចំណុចនេះ ព្រះគម្ពីរប៊ីបបានបញ្ជាក់ច្បាស់ថា ព្រះបន្ទូលចុងក្រោយរបស់ព្រះយេស៊ូវមុនពេលព្រះអង្គសុគត គឺជាសម្លេងស្រែកនៃជ័យជម្នះ គឺជាការទទួលស្គាល់ជ័យជម្នះ (កូល៉ុស ២:១៥ ហេព្រើរ ១០:១២-១៤ និង ១ពេត្រុស ៣:១៨) ។ ព្រះអង្គបានសម្រេចព្រះរាជកិច្ចដែលព្រះអង្គបានយាងមកធ្វើ នៅផែនដី ។ ក្នុងពិភពនៃភាពអស់កល្បជានិច្ច ក្នុងសេចក្តីប្រកប និងភាពសុខដុមដ៏ឥតខ្ចោះរវាងអង្គនីមួយៗនៃព្រះត្រៃឯក ព្រះវរបិតាបានរៀបផែនការ ព្រះរាជបុត្រា ជាមួយព្រះវិញ្ញាណបរិសុទ្ធបានស្ម័គ្រព្រះទ័យ ដែលជាផ្លូវតែមួយ ហើយពេលនោះ គោលបំណងរបស់ទ្រង់ក៏បានសម្រេច ។
ដូចនេះ យើងត្រូវចងចាំជានិច្ចថា ការសុគតដោយការលះបង់របស់ព្រះគ្រីស្ទ គឺស្របតាមផែនការរបស់ព្រះវរបិតា ។ ព្រះគ្រីស្ទបានសម្រេចព្រះទ័យទទួលយកទោសនៃបាបរបស់មនុស្ស «តាំងពីមុនកំណើតផែនដី» (១ពេត្រុស ១:២០) ។ ហោរាអេសាយក៏បានថ្លែងទំនាយថា «ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់» (អេសាយ ៥៣:១០) ។ នេះគឺជាទំនាយអំពីការរងទុក្ខរបស់ព្រះដ៏ជាអ្នកបម្រើ ដែលត្រូវយាងមក ។ ចាប់តាំងពីអស់កល្បរៀងមក ព្រះវរបិតាបានជ្រើសរើសព្រះរាជបុត្រាឲ្យធ្វើជាដង្វាយលោះបាបរបស់មនុស្សជាច្រើន ។
ផែនការរបស់ព្រះវរបិតា គឺស្របនឹងការលះបង់របស់ព្រះរាជបុត្រា ។ កាលព្រះយេស៊ូវយាងចូលប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ព្រះអង្គជ្រាបច្បាស់អំពីតួនាទី និងបេសកកម្មរបស់ព្រះអង្គ គឺដូចដែលព្រះអង្គបានមានបន្ទូលថា «ខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែននឹងធ្វើតាមចិត្តខ្ញុំទេ គឺតាមបំណងព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក» (យ៉ូហាន ៦:៣៨) ។ ការលះបង់របស់ព្រះអម្ចាស់យេស៊ូវ មិនមែនជាការបង្ខំនោះទេ ។ ផ្ទុយទៅវិញ ព្រះអង្គលះបង់ព្រះជន្មទ្រង់ ដោយជ្រាបច្បាស់ អំពីការចុះចូលផែនការរបស់ព្រះវរបិតា ដោយស្ម័គ្រព្រះទ័យ ។
សេចក្តីពិត និងធាតុពិតនៃផែនការសង្គ្រោះនេះ ក៏បានសម្រេចក្នុងជីវិតយើង ដោយព្រះវិញ្ញាណធ្វើបន្ទាល់ ។ ព្រះវិញ្ញាណនៃព្រះធ្វើបន្ទាល់តាមរយៈព្រះបន្ទូលព្រះ ដោយរំឭកយើង អំពីភាពអស្ចារ្យនៃការអ្វីដែលព្រះទ្រង់បានសម្រេច សម្រាប់យើង តាមរយៈព្រះរាជកិច្ចរបស់ព្រះគ្រីស្ទ ដែលបានសម្រេចនៅលើឈើឆ្កាង (ហេព្រើរ ១០:១៥) ។ ដង្វាយលោះបាបរបស់ព្រះគ្រីស្ទ គឺមានន័យថា អ្នកបានគ្រប់លក្ខណ៍នៅចំពោះព្រះ ។ ព្រះទ្រង់បានដកបាបរបស់អ្នកចេញ ហើយអ្នកបានដណ្តប់វិញ្ញាណអ្នក ដោយសេចក្តីសុចរិតនៃព្រះរាជបុត្រាទ្រង់ ។ ការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ មិនមែនជាការផែនការដែលព្រះអង្គបានត្រៀមទុកប្រើដូចកង់សាគួរនោះទេ ។ សេចក្តីពិតបានបង្ហាញយ៉ាងច្បាស់! តាំងពីអស់កល្បជានិច្ចមក ព្រះត្រៃឯកបានកំណត់ថា ផ្លូវទៅកាន់កាល់វ៉ារីនឹងបានធ្វើជាផ្លូវនៃសេចក្តីសង្គ្រោះ ។ ចូរក្រាបនៅចំពោះសេចក្តីល្អ និងប្រាជ្ញានៃផែនការប្រោសលោះរបស់ព្រះ ដោយទូលសូមព្រះវិញ្ញាណបរិសុទ្ធជួយអ្នក ឲ្យយល់កាន់តែច្បាស់ និងឲ្យតម្លៃកាន់តែជ្រាលជ្រៅ មកលើអត្ថន័យនៃការរងទុក្ខរបស់ព្រះរាជបុត្រានៃព្រះ ដើម្បីដកបាបរបស់អ្នកចេញ ។
ខគម្ពីរជញ្ជឹងគិត៖ អេសាយ ៥២:១៣-៥៣:១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លេវីវិន័យ ១៩-២០ និង ហេព្រើរ ១៣