
ការកម្សាន្តចិត្តតាមផ្លូវរបស់ព្រះ
ដោយAlistair Begg
April 28, 2026
«សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្ដីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ» ។ ២កូរិនថូស ១:៣-៤
ទុក្ខលំបាកដែលព្រះទ្រង់អនុញ្ញាតឲ្យកើតមាន ក្នុងជីវិតយើង គឺបានជួយយើង និងប្រទានលទ្ធភាពឲ្យយើងអាចកម្សាន្តចិត្តអ្នកដទៃ ក្នុងទុក្ខលំបាករបស់ពួកគេផងដែរ ។ ប៉ុន្តែ យើងអាចមានលទ្ធភាពដូចនេះបាន ដោយសារការកម្សាន្តចិត្ត ដែលយើងទទួលបានពីព្រះ ក្នុងទុក្ខលំបាករបស់យើង ។ ជាការពិតណាស់ ក្នុងភាពស្រទន់ និងសេចក្តីមេត្តា ព្រះទ្រង់បានកម្សាន្តចិត្តយើង ជាពិសេស «ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ» ។
បើយើងត្រូវបង្ហាញសេចក្តីអាណិត ចំពោះអ្នកដែលកំពុងរងទុក្ខ ជាដំបូងយើងត្រូវតែជម្នះចិត្តដែលចេះតែងាកទៅរកភាពល្វីងជូរចត់ និងការផ្ដោតទៅលើបញ្ហានៅក្នុងចិត្ត ដោយសារទុក្ខលំបាកដែលយើងជួប ។ ព្រះគម្ពីរសញ្ញាចាស់ បានចែងអំពីរឿងដែលនិយាយអំពីក្មេងស្រីសាសន៍អ៊ីស្រាអែលម្នាក់ ដែលជាចំណាប់ខ្មាំងរបស់សាសន៍ស៊ីរី ត្រូវគេយកទៅរស់នៅឆ្ងាយពីគ្រួសាររបស់ខ្លួន និងបង្ខំឲ្យធ្វើការជាអ្នកបម្រើ ។ ចិត្តរបស់គាត់ងាយនឹងមានភាពល្វីងជូរចត់ កំហឹង និងគំនុំ ប៉ុន្តែ នៅពេលដែលនាងបានដឹងថា ម្ចាស់របស់នាងបានឆ្លងជំងឺឃ្លង់ នាងក៏បានលើកទឹកចិត្តគាត់ឲ្យទៅស្វែងរកការប្រោសឲ្យជាពីព្រះអម្ចាស់ ដោយថែមទាំងបាននាំគាត់ទៅរកមនុស្សដែលអាចជួយគាត់បាន (២ពង្សាវតាក្សត្រ ៥:១-៣) ។ តើហេតុអ្វីនាងអាចមានក្តីអាណិតយ៉ាងដូចនេះ ដល់ថ្នាក់នាងស្ម័គ្រចិត្តចង្អុលបង្ហាញគាត់ទៅរកការកម្សាន្តចិត្ត? យ៉ាងហោចណាស់ នាងប្រាកដជាមានទឹកចិត្តដូចនេះ នៅពេលដែលនាងបានឃើញម្ចាស់របស់នាងមានការជ្រួលច្របល់ និងឈឺក្បាល បទពិសោធន៍របស់នាងប្រាកដជាបានធ្វើឲ្យនាងមានចិត្តទន់ ដោយមានចិត្តអាណិតចំពោះក្តីកង្វល់របស់គាត់ ។
ម្យ៉ាងទៀត យើងត្រូវជៀសវាងការឆ្លើយតប ដោយការវែកញែកស៊ីជម្រៅពេក ឬរាក់កំផែលពេក ដែលច្រើនតែធ្វើឲ្យមានការឈឺចាប់ ជាជាងប្រោសឲ្យជា ។ ការពិភាក្សាបែបទស្សនវិជ្ជាស៊ីជម្រៅ អំពីលក្ខណៈនៃទុក្ខវេទនា អាចនាំឲ្យគេគិត ប៉ុន្តែ មានតែដំណឹងល្អទេ ដែលអាចជួយចិត្តរបស់មនុស្ស ឲ្យមានការសម្រាក ។ យើងចាំបាច់ត្រូវរំឭកខ្លួនឯងថា ផ្លូវរបស់ព្រះខ្ពស់លើសការយល់ដឹងរបស់យើង ។ យើងមិនអាចឆ្លើយគ្រប់សំណួរបានទេ ។ យើងមិនត្រូវភ្លេចថា ការបង្ហាញការអាណិត យ៉ាងស្ងាត់ស្ងៀម ក៏អាចជួយកម្សាន្តចិត្តគេផងដែរ ។ វិធីដែលមានប្រយោជន៍បំផុត ដែលមិត្តភក្តិរបស់លោក យ៉ូបបានប្រើ ក្នុងការចូលទៅក្នុងទុក្ខលំបាករបស់គាត់ និងការកម្សាន្តចិត្តគាត់ គឺនៅពេលដែលពួកគេគ្រាន់តែ «អង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅលោក១ម៉ាត់សោះ» (យ៉ូប ២:១៣) ។ តាមពិត ពួកគេមិនបានប្រើតួនាទីជាមិត្តល្អរបស់គាត់ឡើយ នៅពេលដែលពួកគេចាប់ផ្តើមបើកមាត់និយាយទៅកាន់គាត់!
ការកម្សាន្តចិត្តល្អបំផុត ដែលយើងអាចផ្តល់ឲ្យអ្នកដទៃ ក្នុងទុក្ខលំបាករបស់ពួកគេ គឺជាការចង្អុលបង្ហាញពួកគេទៅរកព្រះគ្រីស្ទ ដោយចិត្តសុភាព និងដោយអាណិតពួកគេចំពោះទុក្ខលំបាករបស់ពួកគេ ព្រោះមានតែព្រះគ្រីស្ទទេ ដែលអាចចូលទៅក្នុងការឈឺចាប់របស់យើងយ៉ាងពេញលេញបាន ។ ក្នុងនាមព្រះអង្គជាក្សត្រដែលយាងឡើងស្ថានសួគ៌វិញ និងជាសម្តេចសង្ឃ ព្រះអង្គអាច «អាណិតអាសូរ ដល់សេចក្ដីកម្សោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ» (ហេព្រើរ ៤:១៥) ។
តើមានរបួសអ្វីខ្លះ ក្នុងជីវិតអ្នក ដែលអ្នកមិនដែលបានបង្ហាញចេញមក ជាការសោកសង្រេងក្នុងជម្រៅចិត្ត ដែលអ្នកមិនដែលបានថ្វាយដល់ព្រះ? នៅថ្ងៃនេះ ចូលទូលសូមព្រះអម្ចាស់ជួយអ្នកផ្ទេរបន្ទុករបស់អ្នកទៅព្រះអង្គជាថ្មី ។ ចូរទូលសូមព្រះអង្គជួយអ្នកឲ្យយល់អំពីទុក្ខលំបាករបស់អ្នក តាមរយៈអត្ថន័យនៃឈើឆ្កាង ដើម្បីឲ្យអ្នកអាចមានចិត្តស្ញប់ស្ញែង ចំពោះសេចក្តីអាណិតដ៏អស្ចារ្យរបស់ព្រះអង្គ ហើយនឹងបានធ្វើជាព្រះពរដល់អ្នកដទៃ ។
ខគម្ពីរជញ្ជឹងគិត៖ ២ពង្សាវតាក្សត្រ ៥:១-៥,៩-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៣-៤ និង វិវរណៈ ១៥