នំម៉ាណាប្រចាំថ្ងៃ
ការ​មាន​ប្រតិកម្ម​ទីពីរ

ការ​មាន​ប្រតិកម្ម​ទីពីរ

ដោយAlistair Begg

April 29, 2026

«តែ​ដំណើរ​ដែលគេ​សូម​ឲ្យ​តាំង​ស្ដេច​ឡើង​សំរាប់​គ្រប់​គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូអែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា» ។ ១សាំយ៉ូអែល ៨:៦
តើ​អ្នក​នឹង​មាន​ប្រតិកម្ម​ដូច​ម្តេច នៅពេល​ដែល​អ្នក​មិន​សប្បាយ​ចិត្ត ដោយសារ​រឿង​អ្វីមួយ? 
ហោរា​សាំយូអែល​មិន​សប្បាយ​ចិត្ត នៅពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ស្នើសុំ​ឲ្យ​មាន​ស្តេច​ ។ រឿង​នេះ​មិន​ពិបាក​យល់​ទេ​ ។ ការ​ស្នើសុំ​នោះ​ក៏​មាន​លក្ខណៈ​ជា​ការ​ប្រមាថ​មក​លើ​គាត់​ដោយ​ផ្ទាល់​ផង​ដែរ​ ។ ហោរា​សាំយូអែល​បាន​កាត់ក្តី​ឲ្យ​ប្រជាជន​បាន​ល្អ ដោយ​បង្ហាញ​ភាពជា​អ្នក​ដឹកនាំ​ដែល​ល្អ​បំផុត​ ។ គាត់​បាន​បង្រៀន​អំពី​ការ​ប្រែ​ចិត្ត ហើយ​ពួក​បណ្តាជន​ក៏បាន​ប្រែ​ចិត្ត​ ។ កាល​គាត់​បាន​អធិស្ឋាន​ឲ្យ​ពួកគេ កងទ័ព​សាសន៍​ភីលីស្ទីន​ក៏បាន​បរាជ័យ ដោយ​មិន​បាន​លើក​អាវុធ​ការពារ ឬ​វាយ​ប្រហារ​ឡើយ (១សាំយ៉ូអែល ៧:៥-១០) ។ ទី​បំផុត គេ​បាន​ដាក់​ថ្ម​ចំណាំ ជា​សញ្ញា​បង្ហាញ​អំពី​សេចក្តី​ល្អ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល ដើម្បី​ជា​ការ​ក្រើន​រំឭក (ខ.១២-១៣) ។ លោក ​សាំយូអែល​បាន​ធ្វើ​អស់ពី​ចិត្ត ហើយ​ការ​ប្រឹង​ប្រែង​របស់​គាត់​ក៏បាន​ទទួល​លទ្ធផល​ដែរ​ ។
ប៉ុន្តែ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​ជោគជ័យ​ទាំង​អស់​នេះ​បាន​កន្លង​ផុត​ទៅ ហោរា​សាំយូអែល​ក៏​មាន​វ័យ​ចាស់ ហើយ​អ្នក​ដឹកនាំ​អ៊ីស្រាអែល​ក៏បាន​សម្រេច​ចិត្ត​ថា ពេល​នោះ​ជា​ពេល​ដែល​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​ ។ ពួកគេ​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ដក​លោក ​សាំយូអែល​ចេញ ហើយ​បន្ត​ដំណើរ​ទៅមុខ​ទៀត​ ។
យើង​អាច​យល់​ឃើញថា លោក ​សាំយូអែល​ឆ្លើយតប​ភ្លាមៗ ដោយ​ការ​មិន​សប្បាយ​ចិត្ត និង​មាន​កំហឹង​ ។ ប៉ុន្តែ គាត់​មិន​បាន​ឲ្យ​អារម្មណ៍​គាត់​ដឹកនាំ​គាត់​នោះ​ទេ​ ។ ផ្ទុយ​ទៅវិញ គាត់​មាន​ប្រតិកម្ម​ឆ្លើយតប​ទីពីរ ដោយ​ការ​អធិស្ឋាន​ ។ ការ​មិន​ពេញ​ចិត្ត​របស់​លោក ​សាំយូអែល ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ទៅ​ពិភាក្សា​ជាមួយ​ព្រះ អំពី​អ្វីៗ​ដែល​កំពុង​កើត​ឡើង ហើយ​ស្វែងរក​ការ​ប្រឹក្សា​យោបល់ និង​ជំនួយ​ពី​ព្រះអង្គ​ ។
យើង​ក៏​ឃើញ​ការ​ឆ្លើយតប​ទីមួយ និង​ទីពីរ​ស្រដៀង​នេះ​ផង​ដែរ ក្នុង​កណ្ឌ​គម្ពីរ​នេហេមា​ ។ កាល​ហោរា​នេហេមា បាន​ទទួល​ដំណឹង អំពី​ការ​បំផ្លិច​បំផ្លាញ និង​ភាព​វឹកវរ​នៅ​ទីក្រុង​យេរូសាឡិម គាត់​ក៏​បាន​អង្គុយ​យំ​ ។ ប៉ុន្តែ បន្ទាប់មក គាត់​ក៏​បាន​អធិស្ឋាន​តម អស់​ជា​ច្រើន​ថ្ងៃ (នេហេមា ១:១-៤) ។ ការ​ឆ្លើយតប​ទីមួយ​របស់​គាត់ គឺជា​ការ​យំ ហើយ​ការ​ឆ្លើយតប​ទីពីរ គឺជា​ការ​អធិស្ឋាន​ ។
ហោរា​សាំយូអែល និង​ហោរា​នេហេមា បាន​ធ្វើ​ជា​គំរូ ដែល​បាន​ជំរុញ​ចិត្ត​យើង​រាល់​គ្នា​ ។ ពេលណា​អ្នក​ជួប​រឿង​ដែល​ធ្វើ​ឲ្យ​មិន​សប្បាយ​ចិត្ត អ្នក​ប្រហែល​ជា​មាន​ប្រតិកម្ម​ឆ្លើយតប​ទីមួយ ចំពោះ​ស្ថានភាព​នោះ ដោយ​កំហឹង ទុក្ខ​ព្រួយ ឬ​ការ​ខក​ចិត្ត ចុះ​ចំណែកឯ​ការ​ឆ្លើយ​តប​ទី​ពីរ​វិញ? អ្នក​ប្រហែល​ជា​ចង់​ប្រាប់​គេ​គ្រប់​គ្នា​ថា អ្នក​មាន​ការ​ខក​ចិត្ត​ខ្លាំង​ប៉ុណ្ណា ឬ​មាន​ការ​អាណិត​ខ្លួនឯង ឬ​ក៏​បញ្ចេញ​កំហឹង​ ។ ប៉ុន្តែ ការ​យំ ឬ​ការ​ខក​ចិត្ត​គឺជា​ការ​ឆ្លើយតប​ជា​ធម្មតា​ទេ ប៉ុន្តែ យើង​មិន​អាច​បន្ត​មាន​អារម្មណ៍​ដូច​នេះ​ទៀត​ទេ ហើយ​យើង​ត្រូវ​ប្រាកដ​ថា យើង​មាន​ប្រតិ​កម្ម​ឆ្លើយ​តប​ទីពីរ ដោយ​ការ​អធិស្ឋាន​វិញ​ ។ ពេលណា​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ចូរ​មាន​ប្រតិកម្ម​ឆ្លើយតប​ទីពីរ ដោយ​អធិស្ឋាន​ទៅ​កាន់​ព្រះអង្គ អំពី​ការ​អ្វី​ដែល​កំពុង​កើត​ឡើង ដោយ​ស្វែងរក​គំនិត​ប្រាជ្ញា និង​ជំនួយ​ពី​ព្រះអង្គ នៅ​ចំពោះ​មុខ​នៃ​បញ្ហា​នៅ​ចំពោះ​មុខ​អ្នក​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ នេហេមា ១:១-១១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ជន​គណនា ៥-៦ និង វិវរណៈ ១៦

ប្រភេទ