
ការមានប្រតិកម្មទីពីរ
ដោយAlistair Begg
April 29, 2026
«តែដំណើរដែលគេសូមឲ្យតាំងស្ដេចឡើងសំរាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា» ។ ១សាំយ៉ូអែល ៨:៦
តើអ្នកនឹងមានប្រតិកម្មដូចម្តេច នៅពេលដែលអ្នកមិនសប្បាយចិត្ត ដោយសាររឿងអ្វីមួយ?
ហោរាសាំយូអែលមិនសប្បាយចិត្ត នៅពេលដែលប្រជាជនអ៊ីស្រាអែលស្នើសុំឲ្យមានស្តេច ។ រឿងនេះមិនពិបាកយល់ទេ ។ ការស្នើសុំនោះក៏មានលក្ខណៈជាការប្រមាថមកលើគាត់ដោយផ្ទាល់ផងដែរ ។ ហោរាសាំយូអែលបានកាត់ក្តីឲ្យប្រជាជនបានល្អ ដោយបង្ហាញភាពជាអ្នកដឹកនាំដែលល្អបំផុត ។ គាត់បានបង្រៀនអំពីការប្រែចិត្ត ហើយពួកបណ្តាជនក៏បានប្រែចិត្ត ។ កាលគាត់បានអធិស្ឋានឲ្យពួកគេ កងទ័ពសាសន៍ភីលីស្ទីនក៏បានបរាជ័យ ដោយមិនបានលើកអាវុធការពារ ឬវាយប្រហារឡើយ (១សាំយ៉ូអែល ៧:៥-១០) ។ ទីបំផុត គេបានដាក់ថ្មចំណាំ ជាសញ្ញាបង្ហាញអំពីសេចក្តីល្អ ដែលព្រះទ្រង់មានចំពោះប្រជាជាតិអ៊ីស្រាអែល ដើម្បីជាការក្រើនរំឭក (ខ.១២-១៣) ។ លោក សាំយូអែលបានធ្វើអស់ពីចិត្ត ហើយការប្រឹងប្រែងរបស់គាត់ក៏បានទទួលលទ្ធផលដែរ ។
ប៉ុន្តែ រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីជោគជ័យទាំងអស់នេះបានកន្លងផុតទៅ ហោរាសាំយូអែលក៏មានវ័យចាស់ ហើយអ្នកដឹកនាំអ៊ីស្រាអែលក៏បានសម្រេចចិត្តថា ពេលនោះជាពេលដែលត្រូវមានការផ្លាស់ប្តូរ ។ ពួកគេបានត្រៀមជាស្រេចដើម្បីដកលោក សាំយូអែលចេញ ហើយបន្តដំណើរទៅមុខទៀត ។
យើងអាចយល់ឃើញថា លោក សាំយូអែលឆ្លើយតបភ្លាមៗ ដោយការមិនសប្បាយចិត្ត និងមានកំហឹង ។ ប៉ុន្តែ គាត់មិនបានឲ្យអារម្មណ៍គាត់ដឹកនាំគាត់នោះទេ ។ ផ្ទុយទៅវិញ គាត់មានប្រតិកម្មឆ្លើយតបទីពីរ ដោយការអធិស្ឋាន ។ ការមិនពេញចិត្តរបស់លោក សាំយូអែល ក៏បានបណ្តាលចិត្តគាត់ឲ្យទៅពិភាក្សាជាមួយព្រះ អំពីអ្វីៗដែលកំពុងកើតឡើង ហើយស្វែងរកការប្រឹក្សាយោបល់ និងជំនួយពីព្រះអង្គ ។
យើងក៏ឃើញការឆ្លើយតបទីមួយ និងទីពីរស្រដៀងនេះផងដែរ ក្នុងកណ្ឌគម្ពីរនេហេមា ។ កាលហោរានេហេមា បានទទួលដំណឹង អំពីការបំផ្លិចបំផ្លាញ និងភាពវឹកវរនៅទីក្រុងយេរូសាឡិម គាត់ក៏បានអង្គុយយំ ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានអធិស្ឋានតម អស់ជាច្រើនថ្ងៃ (នេហេមា ១:១-៤) ។ ការឆ្លើយតបទីមួយរបស់គាត់ គឺជាការយំ ហើយការឆ្លើយតបទីពីរ គឺជាការអធិស្ឋាន ។
ហោរាសាំយូអែល និងហោរានេហេមា បានធ្វើជាគំរូ ដែលបានជំរុញចិត្តយើងរាល់គ្នា ។ ពេលណាអ្នកជួបរឿងដែលធ្វើឲ្យមិនសប្បាយចិត្ត អ្នកប្រហែលជាមានប្រតិកម្មឆ្លើយតបទីមួយ ចំពោះស្ថានភាពនោះ ដោយកំហឹង ទុក្ខព្រួយ ឬការខកចិត្ត ចុះចំណែកឯការឆ្លើយតបទីពីរវិញ? អ្នកប្រហែលជាចង់ប្រាប់គេគ្រប់គ្នាថា អ្នកមានការខកចិត្តខ្លាំងប៉ុណ្ណា ឬមានការអាណិតខ្លួនឯង ឬក៏បញ្ចេញកំហឹង ។ ប៉ុន្តែ ការយំ ឬការខកចិត្តគឺជាការឆ្លើយតបជាធម្មតាទេ ប៉ុន្តែ យើងមិនអាចបន្តមានអារម្មណ៍ដូចនេះទៀតទេ ហើយយើងត្រូវប្រាកដថា យើងមានប្រតិកម្មឆ្លើយតបទីពីរ ដោយការអធិស្ឋានវិញ ។ ពេលណានរណាម្នាក់ធ្វើឲ្យអ្នកខកចិត្ត ចូរមានប្រតិកម្មឆ្លើយតបទីពីរ ដោយអធិស្ឋានទៅកាន់ព្រះអង្គ អំពីការអ្វីដែលកំពុងកើតឡើង ដោយស្វែងរកគំនិតប្រាជ្ញា និងជំនួយពីព្រះអង្គ នៅចំពោះមុខនៃបញ្ហានៅចំពោះមុខអ្នក ។
ខគម្ពីរជញ្ជឹងគិត៖ នេហេមា ១:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៥-៦ និង វិវរណៈ ១៦