
អត្ថន័យរបស់ជីវិត
ដោយAlistair Begg
May 5, 2026
««ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ» ។ សាស្តា ១:២
កាលខ្ញុំទៅលេងភូមិតូចមួយ ក្នុងប្រទេសអង់គ្លេស ខ្ញុំបានទៅដល់កន្លែងបញ្ចុះសពមួយ ។ ខណៈពេលដែលខ្ញុំកំពុងតែដើរ នៅចន្លោះផ្នូរទាំងនោះ ខ្ញុំបានសង្កេតមើលអក្សរដែលគេបានឆ្លាក់នៅលើផ្ទាំងថ្មផ្លាកឈ្មោះផ្នូរ ដែលគេបានដាប់តាំងពីយូរមកហើយ ។ សពខ្លះបានរស់នៅដល់អាយុ៩១ឆ្នាំ ហើយខ្លះទៀតបាន៨៤ឆ្នាំ ខណៈពេលដែលអ្នកដទៃទៀតមិនបានឆ្លងផុតអាយុ២០ឆ្នាំ ។ ប៉ុន្តែ នៅពេលដែលប្រៀបធៀបអាយុរបស់ពួកគេ ខ្ញុំឃើញថា ជាមធ្យមពួកគេរស់នៅបានប្រហែល៧០ ទៅ៨០ឆ្នាំ គឺដូចដែលព្រះគម្ពីរប៊ីបបានចែង «កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ» (ទំនុកដំកើង ៩០:១០) ។ ហើយពេលវេលាបានកន្លងផុតទៅយូរឆ្នាំមកហើយ ចាប់តាំងពីពេលដែលពួកគេបានលាចាកលោក ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពផុយស្រួយនៃជីវិត ដែលធ្វើឲ្យខ្ញុំចោទសួរសំណួរមួយ ដែលយើងរាល់គ្នាសួរនៅពេលណាមួយ : តើជីវិតនេះមានតែប៉ុណ្ណេះទេឬ ?
កណ្ឌគម្ពីរសាស្តាបានលើកឡើង នូវសំណួរស៊ីជម្រៅនេះ ដោយផ្តល់ឲ្យយើងនូវសេចក្តីពិតដ៏រឹងមាំ ។ តាមពិត មនុស្សភាគច្រើនមិនចូលចិត្តការពិតទេ ។ យើងចូលចិត្តការស្រមើស្រមៃ ការឆ្ពិនភ្នែក និងការបង្វែរអារម្មណ៍ ។ ប៉ុន្តែ ស្តេចសាឡូម៉ូន ដែលជាអ្នកនិពន្ធម្នាក់ទៀតរបស់កណ្ឌគម្ពីរសាស្តា បានចាប់ផ្តើមការបង្រៀនរបស់ខ្លួន ដោយលើកទឹកចិត្តយើង ឲ្យពិចារណា អំពីភាពឥតន័យរបស់ជីវិត ដែលនិយាយត្រង់ៗថា «ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ» ។
ស្តេចសាឡូម៉ូនបានព្យាយាមបកស្រាយប្រធានបទ ដែលទ្រង់បានលើកឡើងនេះ ដោយបង្ហាញយើងថា ជីវិតមនុស្សមានពេញទៅដោយភាពច្រំដែល គួរឲ្យធុញទ្រាន់ : «តើមនុស្សមានកំរៃអ្វីខ្លះ ពីអស់ទាំងការដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ? មនុស្សដំណ១កន្លងបាត់ទៅ ហើយដំណ១ទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប» (សាស្តា ១:៣-៤) ។
អាចនិយាយម្យ៉ាងទៀតថា ជីវិតមនុស្សគ្រាន់តែជាដំណើរវិលជុំដូចទ្រនិចនាឡិការដែលបន្តរវិលជាច្រើនជុំ រហូតដល់ពេលអ្នកស្លាប់ ។ ទោះអ្នកជានរណា ទោះអ្នកជានាយកប្រតិបត្តិ ជាគ្រូបង្រៀន ឬស្រ្តីមេផ្ទះក្តី ជីវិត «នៅក្រោមពន្លឺថ្ងៃ» មានទុក្ខលំបាកជាច្រើន រហូតដល់ពេលអ្នកស្លាប់ ។
តើបញ្ហានេះធ្វើឲ្យអ្នកមានចិត្តថប់បារម្ភដែរឬទេ ? អ្នកគួរតែព្រួយបារម្ភ បើអ្នកមិនជឿថា ព្រះមានពិតមែនទេនោះ ។ ពេលណាយើងដកព្រះចេញពីសមីការនៃជីវិត នោះជីវិតយើងមិនមានន័យអ្វីទេ ។ មានមនុស្សខ្លះបានព្យាយាមគេចចេញពីការពិត តាមរយៈសារធាតុញៀន ឬតាមរយៈការសប្បាយ និងការកម្សាន្តលើសលប់ ។ ការប្រព្រឹត្តដូចនេះអាចមានលក្ខណៈចម្លែកសម្រាប់យើង ប៉ុន្តែ វាជាការឆ្លើយតបរបស់មនុស្សដែលបានទទួលការពិតដែលធ្ងន់ធ្ងរ តែមិនពេញលក្ខណៈ ។
កណ្ឌគម្ពីរនាងអេសធើរបានជំរុញយើង ឲ្យពិចារណាអំពីអត្ថន័យរបស់ជីវិត ផ្អែកទៅលើសេចក្តីស្លាប់ ។ ប៉ុន្តែ ពេលណាយើងអានព្រះគម្ពីរប៊ីបទាំងមូល យើងនឹងរកឃើញថា អ្នកអាចទទួលបានជីវិតអស់កល្ប ដោយទទួលជឿព្រះអង្គ ដែលមានបន្ទូលថា «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦) ។ មានតែតាមរយៈព្រះយេស៊ូវទេ ដែលអ្នកនឹងរកឃើញជីវិតមានន័យ និងរកឃើញមូលហេតុដែលអ្វីៗដែលយើងធ្វើថ្វាយព្រះ មិនមែនអសារឥតការ ។ ជីវិតយើងនឹងចូលដំណាក់កាលមួយទៀត បន្ទាប់ពីយើងស្លាប់ទៅ ។ ទាល់តែយើងបានយល់ឃើញដូចនេះ ទើបយើងអាចរស់នៅដោយអំណរ ហើយប្រឈមមុខដាក់ដំណើរឡើងចុះនៃជីវិត ដោយទស្សនៈត្រឹមត្រូវ ក្នុងលោកិយនេះ ។
ខគម្ពីរជញ្ជឹងគិត៖ សាស្តា ១:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ២០-២២ និង វិវរណៈ ២២