នំម៉ាណាប្រចាំថ្ងៃ
អ្នក​មាន​អ្នក​គង្វាល​ម្នាក់

អ្នក​មាន​អ្នក​គង្វាល​ម្នាក់

ដោយAlistair Begg

May 9, 2026

«នោះ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ​ឯ​ទី​ស្ងាត់​ដោយឡែក​ទៅ​ ។ ឯ​ហ្វូង​មនុស្ស​គេ​ឃើញ​ទ្រង់​ចេញទៅ ហើយ​មាន​គ្នា​ច្រើន​បាន​ស្គាល់​ទ្រង់ បានជា​មាន​មនុស្ស​ពី​គ្រប់​ក្រុង​ទាំង​ប៉ុន្មាន នាំ​គ្នា​រត់​ទៅ​មុន ប្រជុំ​គ្នា​ឯ​ទ្រង់​ ។ កាល​ព្រះយេស៊ូវ​បាន​ឡើង​ពី​ទូក​មក នោះ​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ជាធំ ក៏​មាន​ព្រះហឫទ័យ​ក្ដួល​អាណិត​ដល់​គេ ពីព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ពី​សេចក្ដី​ជា​ច្រើន» ។ ម៉ាកុស ៦:៣២-៣៤
ព្រះយេស៊ូវ​មាន​ទម្លាប់​គេច​ចេញពី​ហ្វូង​មនុស្ស ពី​មួយ​ពេល​ទៅ​មួយ​ពេល ដើម្បី​សម្រាក ឲ្យ​មាន​ភាព​ស្រស់​ថ្លា និង​ជជែក​ជាមួយ​ព្រះវរបិតា​របស់​ទ្រង់​ដែល​គង់នៅ​ស្ថាន​សួគ៌​ ។ ក្នុង​បទ​គម្ពីរ​ម៉ាកុស​ជំពូក៦ ព្រះអង្គ​ក៏បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​ឲ្យ​យក​គំរូ​តាម​ព្រះអង្គ បន្ទាប់​ពី​ពួក​គេ​បាន​ខិតខំ​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​ប្រាប់​ពួក​គេ​ថា «ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយឡែក នឹង​ឈប់​សំរាក​បន្តិច​សិន» (ម៉ាកុស ៦:៣១) ។ ប៉ុន្តែ ក្នុង​ឱកាស​ពេល​នោះ ព្រះយេស៊ូវ និង​ពួក​សាវ័ក​បាន​ទៅដល់​កន្លែង​ដែល​ត្រូវ​សម្រាក តែ​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំ​គ្នា​ ។ គេ​ប្រហែល​មិន​បាន​រំពឹង​ថា នឹង​មាន​មនុស្ស​ច្រើន​យ៉ាង​នេះ​ទេ ប៉ុន្តែ ពួក​សិស្ស​ពិតជា​មិន​បាន​រៀប​ផែនការ​ទុកជា​មុន​ទេ ។ ពួកគេ​គ្មាន​ឱកាស​សម្រាក​ទេ​ ។ តែ​ព្រះយេស៊ូវ​មិន​បាន​ឆ្លើយតប ដោយ​ការ​ធុញ​ទ្រាន់ ឬ​ចាប់​ទុក​ពួក​បណ្តា​ជន​ជា​មនុស្ស​រំខាន​នោះ​ទេ​ ។ ផ្ទុយ​ទៅវិញ ព្រះអង្គ «មាន​សេចក្តី​អាណិត​ចំពោះ​ពួកគេ» ។ ត្រង់​ចំណុច​នេះ ព្រះ​គម្ពីរ​ដើម​ភាសាក្រិក​បាន​ប្រើ​ពាក្យ​ដែល​បង្ហាញ​ពី​អារម្មណ៍​ជ្រាល​ជ្រៅ​បំផុត​របស់​ព្រះអង្គ​ ។ តើ​ហេតុ​អ្វី ? «ព្រោះ​គេ​ធៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល» ។ ជា​ការ​ពិត​ណាស់ ពួក​គេ​ប្រហែល​ជា​មាន​លក្ខណៈ​ដូច​សត្វ​ចៀម ដែល​ពួកគេ​រាប់​ពាន់​នាក់ មាន​សំលៀក​បំពាក់​ពណ៌​ដិត​ខ្លាំង ជា​ប្រជាជន​នៅ​មជ្ឈិម​បូព៌ា មក​ផ្តុំ​គ្នា​រប៉ាត់រប៉ាយ នៅ​ទីវាល​ ។ ប៉ុន្តែ ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ពួកគេ​ត្រូវ​ការ​អ្នក​គង្វាល​វិញ្ញាណ​របស់​ពួកគេ​ ។ ពួកគេ​ត្រូវ​ការ​អ្នក​គង្វាល​ម្នាក់​ជួយ​ពួកគេ​បន្ត​ដំណើរ​ជីវិត​ទៅមុខ​ទៀត ដោយ​សុខ​សាន្ត​អស់​មួយ​ជីវិត​ ។ ព្រះ​យេស៊ូវ​បាន​យាង​មក ធ្វើ​ជា​អ្នក​គង្វាល​នោះ ដែល​កំពុង​ស្វែង​រក​ចៀម​បាត់​បង់ ទាំង​អ្នក និង​ខ្ញុំ​ ។ 
ព្រះយេស៊ូវ​ក៏បាន​បន្ត​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស ទាំង​ខាង​រូបកាយ និង​វិញ្ញាណ ដោយ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះអង្គ​គឺជា​អ្នក​គង្វាល ដែល​ឲ្យ​យើង​សម្រាក​នៅ​វាល​ស្មៅ​ខៀវ​ខ្ចី នាំ​យើង​ទៅ​ក្បែរ​ទឹក​ហូរ​គ្រឿនៗ និង​ស្អាង​វិញ្ញាណ​យើង​ឡើង​វិញ (ទំនុក​ដំកើង ២៣:១-៣) ។ ព្រះ​អង្គ​គឺជា​ក្សត្រ​ដែល​កំពុង​អញ្ជើញ​រាស្រ្ត​ទ្រង់​ចូល​នគរ​ទ្រង់ ហើយក៏​ជា​អ្នក​គង្វាល​ដែល​កំពុង​អញ្ជើញ​ហ្វូង​ចៀម​ចូល​ក្រោល​ទ្រង់​ ។ ពួក​សាវ័ក​ចង់​បណ្តេញ​ពួក​គេ​ឲ្យ​ត្រឡប់​ទៅវិញ តែ​ព្រះអង្គ​បាន​ប្រាប់​ពួកគេ ឲ្យ​រក​កន្លែង​អង្គុយ (ម៉ាថាយ ៦:៣៦,៣៩) ។ នេះ​គឺជា​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង: ព្រះ​អង្គ​ទត​ឃើញ​យើង ឃ្លាន ស្រេក​ទឹក វង្វេង និង​បាត់បង់ ហើយ​ព្រះអង្គ​ក៏​បាន​ស្វាគមន៍​យើង ទោះ​ព្រះអង្គ​ត្រូវ​លះបង់​ព្រះ​ជន្ម​ក៏ដោយ​ ។ តើ​យើង​អាច​ស្វែងរក​សេចក្តី​ស្រឡាញ់​ជ្រាល​ជ្រៅ​ជាង​នេះ នៅ​កន្លែងណា ? 
ឱ​វិញ្ញាណ​របស់​មនុស្ស​ទាំងឡាយ ហេតុ​អ្វី​អ្នក​ខ្ចាត់ខ្ចាយ
ដូច​ហ្វូង​ចៀម​ដែល​មាន​ការ​ភ័យ​ខ្លាច ? 
ឱ​ចិត្ត​ដែល​ល្ងង់​ខ្លៅ ហេតុ​អ្វី​អ្នក​វង្វេង
ចេញពី​សេចក្តី​ស្រឡាញ់​ដែល​ពិត និង​ជ្រាល​ជ្រៅ​យ៉ាង​នេះ ?36
នៅ​ថ្ងៃ​នេះ ចូរ​មើលទៅ​ការ​ដឹកនាំ​របស់​អ្នក​គង្វាល​របស់​អ្នក មិនមែន​ក្នុង​លក្ខណៈ​ជា​ការ​កៀប​សង្កត់​ជីវិត​អ្នក តែ​ជា​ទង្វើ​ប្រកបដោយ​ព្រះគុណ​ចំពោះ​អ្នក​ ។ បើ​អ្នក​មាន​ការ​ភាន់​ច្រឡំ​អំពី​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ទៅមុខ ចូរ​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ដឹកនាំ​អ្នក​កាត់​តាម​ផ្លូវ​នោះ ក្នុង​ជីវិត​នេះ និង​អស់​កល្ប​ជានិច្ច​ ។ ពេលណា​អ្នក​ពិបាក​ស្រឡាញ់​អ្នក​ដទៃ ចូរ​ទូល​សូម​ព្រះអង្គ​ប្រទាន​អ្នក​នូវ​ចិត្ត​ដែល​អាណិត ចំពោះ​ចៀម​បាត់​បង់ ដែល​កំពុង​ត្រូវ​ការ​អ្នក​គង្វាល​ដែល​គង់នៅ​ស្ថាន​សួគ៌​ ។ អ្នក​ជា​គ្រីស្ទបរិស័ទ ដូច​នេះ​អ្នក​មាន​អ្នក​គង្វាល​ម្នាក់​កំពុង​ថែរក្សា​អ្នក​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ទំនុក​ដំកើង ២៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ជន​គណនា ៣២-៣៤ និង ម៉ាថាយ ៤

ប្រភេទ