
ការឆ្លើយតបដោយអំនួតពីរយ៉ាង ចំពោះដំណឹងល្អ
ដោយAlistair Begg
May 25, 2026
«អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» ។ ១កូរិនថូស ១:៣១
មនុស្សឆ្លើយតប ចំពោះដំណឹងល្អ តាមរបៀបមិនត្រឹមត្រូវពីរយ៉ាងគឺ ការតាំងខ្លួនជាមនុស្សសុចរិត និងការគិតថាខ្លួនឯងមានបាបធ្ងន់ពេក ។ ការតាំងខ្លួនជាមនុស្សសុចរិត គឺជាការបដិសេធន៍មិនព្រមទទួលស្គាល់ថា ខ្លួនត្រូវការព្រះគ្រីស្ទ ហើយការគិតថាខ្លួនឯងមានបាបធ្ងន់ពេក គឺជាការបដិសេធន៍មិនព្រមជឿថា ព្រះគ្រីស្ទមានសមត្ថភាពអត់ទោសបាបឲ្យពួកគេ ។ បញ្ហាទាំងពីរនេះ សុទ្ធតែមានឫសគុលនៅក្នុងអំនួត ។
ការតាំងខ្លួនជាមនុស្សសុចរិត គឺជាការឆ្លើយតបថា «ខ្ញុំគឺជាមនុស្សល្អ ។ ខ្ញុំមិនប្រាកដថា ខ្ញុំត្រូវការការអត់ទោសបាបនោះទេ ។ ការអត់ទោសបាបប្រហែលជាមានប្រយោជន៍សម្រាប់អ្នកខ្លះ តែខ្ញុំសូមនិយាយត្រង់ៗថា ខ្ញុំមិនត្រូវការការអត់ទោសបាបទេ» ។ មនុស្សដែលឆ្លើយតបដូចនេះ ប្រហែលជាបានឃើញចំណុចខ្វះខាតរបស់ខ្លួនឯងបន្តិចបន្តួចដែរ ហើយក៏បានព្យាយាមកែលម្អចំណុចទាំងនេះ ដោយបញ្ចេញអាកប្បកិរិយាល្អ ។ ពួកគេប្រហែលជាទៅព្រះវិហារ ដើម្បីសន្សំពិន្ទុបន្ថែមទៀត ដើម្បីឲ្យបានកន្លែងអង្គុយកាន់តែល្អមួយកំរិតទៀត នៅស្ថានសួគ៌ ។ ប៉ុន្តែ ពួកគេនៅតែគិតថា ពួកគេនឹងបានទៅស្ថានសួគ៌ ដោយការប្រឹងប្រែង និងលក្ខណៈសម្បត្តិល្អៗដែលពួកគេមាន ។ យើងអាចដឹងច្បាស់ថា ការឆ្លើយតបនេះមានពេញដោយអំនួត ព្រោះវាជាការគិតថា ខ្ញុំល្អខ្លាំងណាស់ ខ្ញុំមិនត្រូវការដំណឹងល្អទេ ។ ហើយវាក៏មិនខុសពីការគិតថា ការលះបង់របស់ព្រះគ្រីស្ទ គឺជាគំរូដ៏ល្អនៃក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើង តែមិនមានភាពចាំបាច់ ដើម្បីឲ្យយើងបានសង្គ្រោះទេ ។
ការគិតថាខ្លួនឯងមានបាបធ្ងន់ពេក គឺជាការឆ្លើយតបថា «ខ្ញុំមានបាបធ្ងន់ពេក ខ្ញុំមិនមានសង្ឃឹមថា ព្រះអាចសង្គ្រោះខ្ញុំបានទេ ។ ខ្ញុំអាក្រក់ពេក មិនសមនឹងទទួលការអត់ទោសបាបទេ ។ វាជាការល្អណាស់ ដែលព្រះបានអត់ទោសឲ្យអ្នក តែខ្ញុំសូមនិយាយដោយស្មោះត្រង់ថា ព្រះមិនអាចអត់ទោសឲ្យខ្ញុំបានទេ» ។ មនុស្សដែលឆ្លើយតបយ៉ាងដូចនេះ មិនអាចជឿថា ព្រះយេស៊ូវអាចស្រឡាញ់ និងអត់ទោសឲ្យពួកគេឡើយ ។ យើងអាចមើលឃើញការឆ្លើយតបនេះ មានសេចក្តីអំនួតច្បាស់ជាងការឆ្លើយតបទីមួយទៀត ប៉ុន្តែ ការឆ្លើយតបទាំងពីរពិតជាកើតមាន ក្នុងជីវិតពិតមែន ព្រោះយើងមានការភ័យខ្លាចពេកចំពោះដំណឹងល្អ បានជាការប្រព្រឹត្តបាននាំចិត្តយើងចេញឆ្ងាយពេកពីព្រះយេស៊ូវ ។ ហេតុនេះហើយ យើងជឿថា ការលះបង់របស់ព្រះគ្រីស្ទមានភាពអស្ចារ្យសម្រាប់អ្នកដែលល្អជាងយើង តែមិនអាចគ្រប់គ្រាន់ដើម្បីជួយយើងបានទេ ។
យើងត្រូវដឹងថា អំនួតបានរារាំងពួកគេមិនឲ្យចូលមករកព្រះគ្រីស្ទ ពេលណានរណាម្នាក់មានអារម្មណ៍ថា ខ្លួនល្អពេក ឬអាក្រក់ពេក មិនអាចទទួលយកដំណឹងល្អបាន (ហើយគ្រីស្ទបរិស័ទក៏មិនអាចជៀសរួចពីការល្បួងនេះដែរ) ។ ពួកគេមានទំនុកចិត្ត និងអំនួត ចំពោះការប្រព្រឹត្តល្អ ឬការប្រព្រឹត្តអាក្រក់ ។ ទោះជាយ៉ាងណាក៏ដោយ អំនួតធ្វើឲ្យគេមើលរំលងការពិតដែលថា យើងមិនអាចល្អពេក ឬអាក្រក់ពេក បានជាព្រះមិនអាចជួយសង្គ្រោះនោះឡើយ ។ អ្នកដែលតាំងខ្លួនជាមនុស្សសុចរិតក្នុងចំណោមយើង ចាំបាច់ត្រូវដឹងថា សូម្បីតែនៅថ្ងៃដែលល្អបំផុត ក៏យើងនៅតែមានពេញទៅដោយចំណុចខ្វះខាតលើសលទ្ធភាពដែលយើងអាចដឹង ។ មនុស្សដែលគិតថាខ្លួនមានបាបធ្ងន់ពេក ក្នុងចំណោមយើង ក៏ត្រូវដឹងផងដែរថា សូម្បីនៅថ្ងៃដែលអាក្រក់បំផុត ក៏ព្រះគុណព្រះនៅតែអាចឈោងមករកយើងដែរ ។
ការឆ្លើយតបទាំងពីរនេះបានមើលរំលង សេចក្តីពិតស្នូលនៃដំណឹងល្អ ដែលបានបញ្ជាក់ថា ឈើឆ្កាងរបស់ព្រះគ្រីស្ទបានផ្តួលរំលំការលើកដំកើងខ្លួនឯង ហើយនាំអ្នកចេញពីការបន្ទាបបន្ថោកខ្លួនឯង ។ ពេលណាអ្នកជួបការល្បួងឲ្យអួតអំពីតម្លៃខ្លួនឯង ចូរចាំថា អ្វីដែលអ្នកត្រូវការខ្លាំងបំផុត គឺសេចក្តីសង្គ្រោះ ដែលមានតែព្រះយេស៊ូវទេ ដែលអាចប្រទានឲ្យបាន ។ ពេលណាអ្នកជួបការល្បួងឲ្យអស់សង្ឃឹម ក្នុងភាពគ្មានតម្លៃ ចូរចាំថា អ្វីដែលអ្នកត្រូវការខ្លាំងបំផុត គឺសេចក្តីសង្គ្រោះ ដែលអ្នកអាចទទួលបាន ដោយសារព្រះគ្រីស្ទតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវទុកចិត្ត និងអួតតែពីព្រះគ្រីស្ទប៉ុណ្ណោះ ហើយទោះអួតអំពីព្រះអង្គច្រើនយ៉ាងណា ក៏មិនអាចលើសលប់ដែរ!
ខគម្ពីរជញ្ជឹងគិត៖ ម៉ាកុស ២:១៣-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១០-១១ និង ម៉ាថាយ ១៣:៣១-៥៨