នំម៉ាណាប្រចាំថ្ងៃ
អាថ៌កំបាំង​នៃ​ការ​អធិស្ឋាន

អាថ៌កំបាំង​នៃ​ការ​អធិស្ឋាន

ដោយAlistair Begg

June 4, 2026

«ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន ដោយ​ព្រះ​វិញ្ញាណ​រាល់​ពេល​រាល់​វេលា» ។ អេភេសូរ ៦:១៨
បើ​ព្រះ​ទ្រង់​បាន​កំណត់​រួច​ទៅ​ហើយ​ថា ព្រះ​អង្គ​នឹង​ធ្វើ​អ្វី​ខ្លះ តើ​ហេតុ​អ្វី​យើង​នៅ​តែ​ចាំ​បាច់​ត្រូវ​អធិស្ឋាន? តើ​ការ​អធិស្ឋាន​អាច​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ? តើ​យើង​អាច​ផ្លាស់​ប្តូរ​ព្រះ​ទ័យ​ព្រះ ដោយ​ការ​អធិស្ឋាន​របស់​យើង​ដែរ​ឬ​ទេ? មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ធ្លាប់​បាន​សួរ ឬ​យ៉ាង​ហោច​ណាស់​បាន​គិត​អំពី​សំណួរ​នេះ ។ យើង​គិត​តាម​បែប​ជា​មនុស្ស​មាន​ដែន​កំណត់ ហើយ​តាម​ធម្មតា យើង​គិត​អំពី​ព្រះ តាម​ការ​យល់​ដឹង​របស់​យើង ។ ហេតុ​នេះ​ហើយ ជួន​កាល ព្រះ​គម្ពីរ​ពិពណ៌នា​អំពី​ព្រះ ដោយ​ប្រើ​ភាសា​របស់​មនុស្ស ដែល​យើង​អាច​យល់​បាន ។ ឧទាហរណ៍ ជួន​កាល ព្រះ​គម្ពីរ​ប៊ីប​បាន​ពិពណ៌នា​អំពី​ព្រះ​អង្គ ដោយ​និយាយ​តាម​ភាសា​របស់​មនុស្ស ដែល​ហាក់​ដូច​ជា​មាន​ន័យ​ថា ព្រះ​អង្គ​មាន​ការ​ប្រែប្រួល​ (១​សាំយូអែល ១៥:១០-១១,​៣៥) ប៉ុន្តែ តាម​រយៈ​ទីបន្ទាល់​របស់​ព្រះ​អង្គ ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល យើង​អាច​សន្និដ្ឋាន​ថា ព្រះ​អង្គ​មិន​ដែល​ផ្លាស់​ប្តូរ​ព្រះ​ទ័យ​ឡើយ ។ 
កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ពន្យល់​ច្បាស់​ថា «ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់ប្រែ​ក៏​គ្មាន​ដែរ»​ (យ៉ាកុប ១:១៧) ។ ហើយ​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់​ក៏​បាន​យល់​ស្រប​នឹង​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​ផង​ដែរ​ថា «ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល តើ​មិន​សំរេច​តាម​ទេ​ឬ​អី?» (ជន​គណនា ២៣:​‌១៩) ។ ដូច​នេះ ពេល​ណា​ព្រះ​អង្គ​ហាក់​ដូច​ជា​ផ្លាស់​ប្តូរ​ព្រះ​ទ័យ តាម​ពិត កាលៈទេសៈ​និង​អាកប្ប​កិរិយា​របស់​មនុស្ស​ទេ ដែល​មាន​ការ​ផ្លាស់​ប្តូរ ហើយ​ព្រះ​អង្គ​គ្រាន់​តែ​ឆ្លើយ​តប តាម​របៀប​ខុស​ពី​មុន ហើយ​នៅ​តែ​រក្សា​ចារិក​លក្ខណៈ​របស់​ព្រះ​អង្គ​ដដែល ។ ដូច​នេះ បើ​ព្រះ​ទ្រង់​មិន​ដែល​កែប្រែ​គំនិត​ទ្រង់ តែ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​រាស្រ្ត​ព្រះ​អង្គ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​អធិស្ឋាន នោះ​យើង​អាច​សន្និដ្ឋាន​ថា ក្នុង​ការ​គ្រប់គ្រង​របស់​ព្រះ​អង្គ ដោយ​អធិបតេយ្យភាព ព្រះ​អង្គ​បាន​សម្រេច​លទ្ធផល​ចុង​ក្រោយ និង​កំណត់​មធ្យោបាយ​ដែល​លទ្ធផល​នោះ​នឹង​សម្រេច​បាន ។ ដូច​នេះ លទ្ធផល​ដែល​ព្រះ​ទ្រង់​បាន​កំណត់​ក្នុង​ផែនការ​ទ្រង់ នឹង​មិន​កើត​មាន ដោយ​មធ្យោបាយ​ផ្សេង​ឡើយ ហើយ​ការ​អធិស្ឋាន​គឺ​ជា​មធ្យោបាយ​ដែល​លទ្ធផល​នោះ​នឹង​សម្រេច​បាន ។ (សេចក្តី​ពិត​នេះ​ហាក់​ដូច​ជា​អាថ៌កំបាំង ព្រោះ​វា​ជា​ការ​អាថ៌កំបាំង​មែន) ។ 
ចូរ​យើង​គិត​អំពី​លទ្ធផល​ចុង​ក្រោយ ដ៏​អស់​កល្ប ដែល​មាន​ចែង​ក្នុង​បទគម្ពីរ វិវរណៈ ៧:៩-១០ យ៉ាង​ដូច​នេះ​ថា «ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ ។ គេ​បន្លឺ​សំឡេង​ថា សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង» ។ តើ​ព្រះ​ទ្រង់​នឹង​នាំ​មនុស្ស​ច្រើន​រាប់​មិន​អស់ ឲ្យ​ជួបជុំ​នៅ​ពី​មុខ​បល្ល័ង្ក​ទ្រង់ ដោយ​មិន​ខ្វល់​អំពី​ការ​អ្វី​ដែល​នរណា​ម្នាក់​និយាយ ឬ​ធ្វើ​ឬ? ទេ! បើ​មិន​ដូច្នោះ​ទេ តើ​ហេតុ​អ្វី​ព្រះ​យេស៊ូវ​មាន​​បន្ទូល​ទៅ​កាន់​សិស្ស​ព្រះ​អង្គ​ថា «ចូល​សូម​អង្វរ​ដល់​ព្រះ​អម្ចាស់​នៃ​ចំរូត ឲ្យ​ទ្រង់​ចាត់​អ្នក​ច្រូត​មក​ក្នុង​ចំរូត​ទ្រង់»​ (ម៉ាថាយ ៩:៣៨)? ក្នុង​ផែនការ​របស់​ព្រះ ការ​អធិស្ឋាន​របស់​រាស្រ្ត​ទ្រង់ គឺ​ជា​មធ្យោបាយ​ដែល​ទ្រង់​ប្រើ ដើម្បី​រើស​តាំង​អ្នក​បម្រើ​ទ្រង់ ឲ្យ​ចេញ​ទៅ​ប្រកាស​ព្រះ​បន្ទូល​ទ្រង់ ។ ហើយ​បុរស និង​ស្ត្រី​ដែល​កំពុង​ទទួល​ព្រះ​បន្ទូល​ព្រះ​ពី​អ្នក​ប្រកាស​ទាំង​នោះ​ (រ៉ូម ១០:១៧) គឺ​ជា​មធ្យោបាយ​ដែល​ព្រះ​ទ្រង់​ប្រើ ដើម្បី​សម្រេច​គោល​បំណង ដែល​ព្រះ​អង្គ​មាន​តាំង​ពី​អស់​កល្ប​ជានិច្ច ដើម្បី​ឲ្យ​ជ្រើស​តាំង​រាស្រ្ត​របស់​ព្រះ​អង្គ ។
សរុប​មក របៀប​ដែល​ព្រះ​ទ្រង់​ប្រើការ​អធិស្ឋាន​របស់​រាស្រ្ត​ទ្រង់ ក្នុង​ផែនការ​របស់​ទ្រង់ នៅ​តែ​ជា​រឿង​អាថ៌កំបាំង ។ យើង​មិន​មាន​ចម្លើយ​គ្រប់​យ៉ាង សម្រាប់​សំណួរ​ទាំង​អស់​អំពី​ការ​អធិស្ឋាន យ៉ាង​ហោច​ណាស់​ក្នុង​ពេល​សព្វ​ថ្ងៃ ។ តែ​មិន​ថ្វី​ទេ ព្រោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​បាន​កំណត់​យក​ការ​អធិស្ឋាន ធ្វើ​ជា​មធ្យោបាយ ដើម្បី​សម្រេច​គោល​បំណង​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ ។ ហើយ​ការ​ដឹង​ដូច​នេះ គឺ​ល្មម​នឹង​បណ្តាល​ចិត្ត​យើង​ឲ្យ​លត់​ជង្គង់​ចុះ ដើម្បី​ឲ្យ​យើង​បាន​អរសប្បាយ​នឹង​ឯក​សិទ្ធិ​ក្នុង​ការ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ប្រើការ​អធិស្ឋាន​របស់​យើង ដើម្បី​សម្រេច​គោល​បំណង ដើម្បី​ជួយ​សង្គ្រោះ​រាស្រ្ត​ទ្រង់ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ កូល៉ុស ៤:២-៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ហូសេ ១២-១៤ និង ម៉ាថាយ ២០:១-១៦

ប្រភេទ