
វដ្ដនៃជីវិតដដែលៗ
ដោយAlistair Begg
June 12, 2026
«មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ» ។ សាស្ដា ៣:១
បទគម្ពីរសាស្ដាជំពូក៣ មានខគម្ពីរ៨ខដំបូងដែលផ្តល់ឲ្យយើងនូវការពិពណ៌នា អំពីវដ្ដនៃជីវិត ហើយគេបាននិយាយថា ខគម្ពីរទាំងនេះមានសេចក្តីថ្លែងការ២៨យ៉ាង ដែលសេចក្តីថ្លែងការ១៤យ៉ាងវិជ្ជមាន និង១៤យ៉ាងអវិជ្ជមាន ដែលស៊ីសងគ្នាទៅ មិនមានសល់អ្វីសោះ ។ ទស្សនៈដែលបានលើកឡើងក្នុងខគម្ពីរទាំងនេះ បានឆ្លុះបញ្ចាំងអំពីទុក្ខលំបាក ដែលមនុស្សជាច្រើនមាន នៅក្នុងការស្វែងយល់អំពីអត្ថន័យរបស់វដ្ដនៃជីវិត ក្នុងលោកិយនេះ ដោយមិនងាកទៅរកគំនិតអវិជ្ជមាន ។
យើងដឹងថា មានពេលសម្រាប់កើត និងពេលសម្រាប់ស្លាប់ ។ យើងមិនអាចគ្រប់គ្រងកំណើតរបស់យើង ហើយក៏មិនអាចគ្រប់គ្រងដំណើររបស់យើងចាកចេញពីផែនដី ហើយបញ្ហាស្ថិតនៅត្រង់ថា យើងចូលចិត្តគ្រប់គ្រងបញ្ហារបស់យើង ។ នៅចន្លោះចំណុចទាំងពីរ ដែលជាការកើត និងការស្លាប់ យើងអាចសាបព្រោះ យើងអាចប្រមូលផល យើងអាចបោសស្លឹកឈើ ប៉ុន្តែ សូម្បីតែក្នុងសកម្មភាពទាំងនេះ ក៏យើងមិនមានការគ្រប់គ្រងទាំងស្រុងដែរ ។ រុក្ខជាតិដុះនៅក្នុងរដូវផ្លារីក រដូវក្តៅទ្រទ្រង់ពួកវា ហើយនៅរដូវស្លឹកឈើជ្រុះ យើងបោសសម្អាតស្លឹកឈើ ។ ធម្មជាតិមានវដ្ដមួយ ដែលដៃរបស់យើងមិនអាចគ្រប់គ្រងបាន ។
ដូចនេះ បញ្ហាធំបំផុតរបស់យើង ស្ថិតនៅត្រង់ថា យើងកំពុងរស់នៅក្នុងវដ្ដមិនចេះចប់ ពេញមួយជីវិត ហើយបន្តរស់នៅ បន្ទាប់ពីយើងបានលាកចាកលោកទៅ ។ ពេលយើងយល់អំពីការពិតនេះ យើងត្រូវទទួលស្គាល់ថា សមត្ថភាពយើងមានដែនកំណត់យ៉ាងខ្លាំង ហើយដឹងថា ជីវិតយើងមានសារៈសំខាន់តិចណាស់ នៅក្នុងរឿងដ៏ធំសម្បើមមួយ ។ តើយើងឆ្លើយតបដូចម្តេច? យើងក៏បានឆ្លើយតបតាមវិធីមួយ ដោយប្រើសម្លេងរំខាន និងការជាប់រវល់ ដើម្បីបន្លប់ខ្លួនឯង ។ យើងមិនចង់ប្រឈមមុខដាក់ភាពដាច់ខាតរបស់វដ្ដនៃជីវិត ឬប្រឈមមុខដាក់ចុងបញ្ចប់នៃជីវិតទេ ។ យើងចង់ឲ្យអ្វីមួយបន្លប់យើងមិនឲ្យគិតពីវា ។
ប៉ុន្តែ យើងត្រូវឆ្លើយតប ដោយការគោរពប្រតិបត្តិព្រះ ដែលនាំឲ្យស្កប់ចិត្តជាង គឺដោយរស់នៅ ដោយដឹងថា ព្រះដែលស្គាល់យើង ទ្រង់ជ្រាបថា យើងកំពុងនៅទីណា យើងកំពុងគិតអំពីអ្វី មានអារម្មណ៍ដូចម្តេច និងព្យាយាមស្វែងយល់អត្តន័យជីវិត ដែលយើងបានឆ្លងកាត់ ។ ជីវិតរបស់អ្នកគឺជាសៀវភៅដែលបើកចំហ នៅចំពោះព្រះ ហើយដោយសារព្រះគុណព្រះអង្គប៉ុណ្ណោះ ដែលអ្នកដឹងថា អ្នកមិនគ្រប់គ្រងជីវិតខ្លួនឯងទេ ហើយក៏មិនចាំបាច់ត្រូវគ្រប់គ្រងដែរ ព្រោះព្រះអង្គជាអ្នកគ្រប់គ្រងហើយ ។
សារៈសំខាន់ និងសុវត្ថិភាពរបស់អ្នក មិនកើតចេញពីសមត្ថភាពរបស់អ្នក ក្នុងការគ្រប់គ្រងជីវិតខ្លួនឯងទេ ព្រោះទោះអ្នកធ្វើអ្វីក៏ដោយ រដូវកាលទាំងឡាយនឹងកន្លងផុតទៅ ហើយថ្ងៃណាមួយ ជីវិតអ្នកក៏ត្រូវអស់ ។ ដូចនេះ ទោះអ្នកស្ថិតក្នុងរដូវកាលណាក៏ដោយ អ្នកអាចរកឃើញសន្តិភាពពិតប្រាកដ ដោយស្គាល់ និងស្រឡាញ់ព្រះអង្គ ដែលគ្រប់គ្រងប្រវត្តិសាស្រ្តទាំងមូល ។ ទោះអ្នកនៅសល់អ្វីខ្លះក៏ដោយនៅថ្ងៃនេះ ចូរអ្នកអរសប្បាយនឹងអ្វីក៏ដោយដែលព្រះទ្រង់ប្រទានដោយអំណាចគ្រប់គ្រងរបស់ទ្រង់ និងព្យាយាមស្តាប់បង្គាប់ព្រះអង្គ ក្នុងការទាំងអស់នោះ ហើយសម្រាកក្នុងព្រះអង្គ ដែលរៀបចំរដូវកាលទាំងអស់ ដើម្បីជាប្រយោជន៍ដល់អ្នក និងដើម្បីសិរីល្អទ្រង់ ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ៩០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ២០-២១ និង ម៉ាថាយ ២៤:១-២៨