
ព្រះទ្រង់កំពុងធ្វើការក្នុងអ្នក
ដោយAlistair Begg
June 23, 2026
«ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើសនឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ» ។ ទីតុស ២:១១-១២
បញ្ហាចម្បងនៃជីវិតរបស់យើង គឺមិនស្ថិតនៅត្រង់ថា យើងមិនសប្បាយចិត្ត ឬបានដើរខុសបន្តិចបន្តួចនោះទេ ។ យើងអាចដឹងថា បញ្ហារបស់យើងមិនមែនស្ថិតនៅត្រង់ថា យើងគ្រាន់តែមានភាពខ្វះចន្លោះខ្លះៗ ដែលត្រូវការការបំពេញ ដោយការកម្សាន្តសប្បាយ ឬការធ្វើអំពើសប្បុរសធម៌ឡើយ ។ ហើយក៏មិនមែនស្ថិតនៅត្រង់ថា យើងវង្វេងផ្លូវ ហើយគ្រាន់តែត្រូវការការចង្អុលបង្ហាញទិសដៅបន្តិចបន្តួច ឬយើងមិនឲ្យតម្លៃខ្លួនឯង ហើយចាំបាច់ត្រូវគិតវិជ្ជមានឲ្យបានច្រើនជាងមុននោះទេ ។ តាមន័យព្រះគម្ពីរប៊ីប បញ្ហារបស់យើងស្ថិតនៅត្រង់ថា ពីកំណើតមក យើង «ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសម្រើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ នឹងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ» (ទីតុស ៣:៣) ។
នេះជាសណ្ឋានពិតរបស់យើង ។ បញ្ហានេះជ្រៅជាង និងរាលដាលធំជាង លើសពីការគិតរបស់យើង ។ ទោះយើងមានអាយុ៣ឆ្នាំ ឬ៨៣ឆ្នាំ នៅពេលដែលយើងបានទទួលជឿព្រះយេស៊ូវគ្រីស្ទក៏ដោយ មុនពេលយើងទទួលជឿព្រះអង្គ នៅចំពោះព្រះ យើងស្ថិតក្នុងសណ្ឋានដែលអស់សង្ឃឹមបំផុត ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងព្រះគុណទ្រង់ ព្រះអង្គលាងសម្អាត និងកែប្រែយើងជាថ្មី តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយឲ្យយើង «បានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច» (ទីតុស ៣:៤-៧) ។ ព្រះគុណទ្រង់មានភាពធំធេងហួសក្តីស្រមៃរបស់យើង ។ ប៉ុន្តែ នៅពេលដែលយើងបាន «រាប់ជាសុចរិត ដោយសារព្រះគុណទ្រង់» (ទីតុស ៣:៧) តើមានរឿងអ្វីកើតឡើង? គឺព្រះអង្គធ្វើការក្នុងយើងជាប់ជានិច្ច និងកាន់តែច្រើនឡើង ដើម្បីបំបាត់ភាពល្ងង់ខ្លៅ និងការមិនស្តាប់បង្គាប់របស់យើង ។ ព្រះគុណព្រះបានមករកយើង ក្នុងសណ្ឋានបែបណា នោះក៏មិនចាកចោលយើង ឲ្យស្ថិតក្នុងសណ្ឋានបែបនោះឡើយ ដ្បិតព្រះគុណទ្រង់បង្រៀនយើង «ឲ្យលះចោលសេចក្ដីទមិលល្មើសនឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ» (ទីតុស ២:១២) ។
យើងឧបមាថា មានបងប្អូនរួមជំនឿថ្មីម្នាក់ ឈ្មោះចច (George) ។ គាត់បានក្លាយជាគ្រីស្ទបរិស័ទ២ថ្ងៃហើយ ។ កាលសប្តាហ៍មុន លោក ចច រស់នៅក្នុងការបោកបញ្ឆោត គាត់កំពុងឆ្ពោះទៅរកសេចក្តីហិនវិនាស ក៏មានពេញដោយសេចក្តីសម្អប់ និងវង្វេងក្នុងការថ្វាយបង្គំរូបព្រះ ហើយក៏មានពេញដោយភាពត្រេកត្រអាលយ៉ាងខ្លាំង ។ ភ្លាមៗនោះ គាត់ក៏បានឮពីព្រះគ្រីស្ទ ។ ព្រះវិញ្ញាណរបស់ព្រះក៏បានឲ្យគាត់កើតជាថ្មី ហើយពេលនេះ លោក ចច ក៏បានចូលរួមជាមួយពួកជំនុំ ។ លោក ចច បានសង្គ្រោះហើយ តែគាត់មិនទាន់បានផ្លាស់ប្រែទាំងស្រុងនៅឡើយទេ ។ ព្រះទ្រង់មានកិច្ចការដែលកំពុងធ្វើក្នុងជីវិតគាត់ ។ ជាការពិតណាស់ គាត់មានភាពរញ៉ែរញ៉ច្រើន ដែលត្រូវលាងសម្អាត ។ គាត់មានការភាន់ភាំងខ្លះៗក្នុងគំនិតគាត់ ដោយមិនដឹងច្បាស់អំពីអត្ថន័យនៃការដើរតាមព្រះគ្រីស្ទ ។
យើងរាល់គ្នាមានលក្ខណៈដូចលោក ចច ក្នុងកំរិតណាមួយ ។ ទោះយើងបានជឿព្រះយេស៊ូវបានប៉ុន្មានឆ្នាំក៏ដោយ ព្រះទ្រង់មានកិច្ចការដែលកំពុងធ្វើក្នុងជីវិតយើង ។ យើងត្រូវការព្រះគម្ពីរប៊ីបដឹកនាំយើង ។ យើងត្រូវការអវយវៈដទៃទៀតនៃរូបកាយព្រះគ្រីស្ទជួយយើង ។ យើងចាំបាច់ត្រូវទុកចិត្តថា ព្រះទ្រង់នឹងតាមព្រះបន្ទូលសន្យា ហើយបញ្ចប់ការល្អដែលព្រះអង្គបានចាប់ផ្តើមធ្វើក្នុងយើង (ភីលីព ១:៦)។ ដំណើរការអាចហាក់ដូចជាមានល្បឿនយឺត នៅពេលខ្លះ ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះអង្គកំពុងធ្វើការ ហើយអ្នកនឹងបានទៅដល់ផ្ទះនៃស្ថានសួគ៌ ។ ទំរាំដល់ពេលនោះ ចូរពិចារណាអំពីសណ្ឋាននៃជីវិតអ្នក ដែលដាច់ចេញពីព្រះគ្រីស្ទ ព្រោះការពិចារណានេះនឹងធ្វើឲ្យអ្នកបន្ទាបខ្លួន ។ ចូរចាំការអ្វីដែលព្រះគុណព្រះបានធ្វើ ក្នុងការជួយសង្គ្រោះអ្នក ព្រោះការនឹកចាំនេះនឹងលើកទឹកចិត្តអ្នក ។ ចូរមើលរបៀបដែលព្រះវិញ្ញាណជួយអ្នកឲ្យចម្រើនឡើង ក្នុងការគោរពប្រតិបត្តិព្រះ ដ្បិតការមើលឃើញដូចនេះ នឹងជួយឲ្យអ្នកមានទំនុកចិត្តជាថ្មី ។ ហើយចូរសូមព្រះអម្ចាស់ បន្តការប្រែអ្នក បន្តិចម្តងៗ ដោយព្រះគុណទ្រង់ ខណៈពេលដែលអ្នកកំពុងរង់ចាំការលេចមក នៃព្រះអង្គសង្គ្រោះរបស់អ្នក និងរង់ចាំថ្ងៃ ដែលសិរីល្អដ៏ឥតខ្ចោះរបស់ព្រះអង្គនឹងលេចមក (ទីតុស ២:១៣-១៤) ។
ខគម្ពីរជញ្ជឹងគិត៖ ទីតុស ៣:៣-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៤៨-៤៩ និង ភីលីព ១