
វិនិយោគក្នុងភាពអស់កល្ប
ដោយAlistair Begg
June 25, 2026
«បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្ដល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា កាលមានសេចក្ដីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្ដីអំណរជាបរិបូរ នឹងសេចក្ដីកំសត់ទុគ៌តរបស់គេ បានបណ្ដាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ» ។ ២កូរិនថូស ៨:១-២
ទុក្ខលំបាកគឺជាមធ្យោបាយដ៏សំខាន់ ដែលព្រះទ្រង់ប្រើ ដើម្បីកែប្រែចារិកលក្ខណៈរបស់យើង តែក៏ជាមធ្យោបាយដែលព្រះអង្គប្រើ ដើម្បីបើកបង្ហាញចារិកលក្ខណៈរបស់យើងផងដែរ ។ ព្រះគម្ពីរប៊ីបមានឧទាហរណ៍ជាច្រើន ដែលនិយាយអំពីទុក្ខលំបាក ដែលឆ្លុះបញ្ចាំងភាពកម្សោយនៃចារិកលក្ខណៈរបស់មនុស្ស តែក៏មានឧទាហរណ៍នៃទុក្ខលំបាកដែលបង្ហាញឲ្យឃើញការគោរពប្រតិបត្តិព្រះផងដែរ ។ ក្នុងចំណោមឧទាហរណ៍ទាំងនោះ មានឧទាហរណ៍របស់ពួកជំនុំនៅស្រុកម៉ាសេដូនជាដើម ។ សាវ័ក ប៉ុលមានប្រសាសន៍ថា អ្នកជឿព្រះសម័យដើមទាំងនោះ «មានសេចក្ដីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង» និង «សេចក្ដីកំសត់ទុគ៌ត» ។ តើទុក្ខលំបាកទាំងនោះបានបើកបង្ហាញអ្វីខ្លះ? គឺ «សេចក្តីអំណរជាបរិបូរ» និង «ចិត្តសទ្ធាដ៏លើសលប់» ។
គំរូរបស់ពួកជំនុំនៅទីក្រុងម៉ាសេដូន គឺសក្ដិសមនឹងឲ្យយើងយកមកពិចារណា ។ មូលហេតុដែលសាវ័ក ប៉ុលបានលើកយកពួកគេមកនិយាយ គឺដោយសារគាត់ចង់ឲ្យពួកជំនុំនៅទីក្រុងកូរិនថូសយកគំរូតាមពួកគេ ដើម្បីឲ្យពួកគេ «បានធ្វើគុណនេះរឹតតែច្រើនឡើង» (២កូរិនថូស ៨:៧) ។ ចូរយើងពិចារណាអំពីមូលហេតុដែលគេគួរយកតម្រាប់តាមពួកជំនុំនៅស្រុកម៉ាសេដូន :
១. ពួកគេ «បានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង» (២កូរិនថូស ៨:៥) ។ អំពើសប្បុរសធម៌របស់ពួកគេ គ្រាន់តែជាការបង្ហាញភាពស្មោះស្ម័គ្រចំពោះព្រះគ្រីស្ទ ។ ក្នុងនាមព្រះអង្គជាព្រះអម្ចាស់លើគ្រប់ទាំងអស់ ព្រះអង្គគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ។
២. ពួកគេឲ្យដល់អ្នកខ្វះខាត ជាការឆ្លើយតបចំពោះព្រះគុណព្រះ «ដែលបានផ្ដល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូន» ។
៣. ពួកគេឲ្យដល់អ្នកខ្វះខាត «ហួសកម្លាំងគេផង» (ខ.៣) ។ ពួកគេស្ម័គ្រចិត្តលះបង់ភាពសុខស្រួល ដើម្បីបំពេញតម្រូវការរបស់អ្នកដទៃ ។
៤. ពួកគេឲ្យ «ដោយស្ម័គ្រពីចិត្ត» (ខ.៣) មិនមែនដោយការជំរុញពីអ្នកដទៃនោះទេ ។
៥. ពួកគេដាក់ដង្វាយឲ្យអ្នកខ្វះខាត «ទាំងទទូចអង្វរ» ឲ្យគេទទួលអំណោយទាំងនោះ (ខ.៤) ដោយសារពួកគេមានចិត្តចង់ឲ្យ មិនមែនឲ្យដោយសារពួកគេមានកាតព្វកិច្ចដែលត្រូវឲ្យនោះទេ ។
សាវ័ក ប៉ុលចង់ឲ្យយើងប្រៀបធៀបខ្លួនយើង ជាមួយពួកជំនុំនៅស្រុកម៉ាសេដូន ដើម្បីបណ្តាលចិត្តយើងឲ្យសួរខ្លួនឯងនូវសំណួរដែលមានដូចជាៈ
១. តើខ្ញុំបានថ្វាយខ្លួនដាក់ដល់ព្រះអង្គជាទីមួយទេ?
២. តើខ្ញុំកំពុងតែឲ្យដល់អ្នកដទៃ ជាការឆ្លើយតបចំពោះព្រះគុណព្រះឬទេ?
៣. តើខ្ញុំកំពុងតែឲ្យដល់អ្នកដទៃ ដោយមិនខ្លាចបាត់បង់ភាពសុខស្រួលឬ?
៤. តើខ្ញុំកំពុងតែឲ្យ ដោយគ្មានការជំរុញពីខាងក្រៅឬ?
៥. តើខ្ញុំតែងតែឆេះឆួលចង់បានឯកសិទ្ធិបម្រើពួកបរិសុទ្ធឬទេ?
យើងមិនដឹងថា ពួកជំនុំនៅទីក្រុងកូរិនថូសបានឆ្លើយតបដូចម្តេចខ្លះទេ ។ តែយើងអាចដឹងច្បាស់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យយើងឆ្លើយតប ដោយការលះបង់ដ៏ស្មោះត្រង់ និងអំណរ ដើម្បីនគរព្រះ ។ នៅទីបំផុត យើងនឹងបានឈរនៅចំពោះព្រះអង្គ ហើយយើងនឹងបានដឹងថា អ្វីៗគ្រប់យ៉ាងដែលផ្តល់ទំនុកចិត្តខាងលោកិយ មិនមានន័យអ្វីឡើយ ទោះនោះជាគណនីសន្សំ ភាគហ៊ុន ការវិនិយោគលើអចលនទ្រព្យ ឬប្រាក់ចូលនិវត្តន៍ក៏ដោយ ។ នៅថ្ងៃនោះ យើងនឹងទទួលបានទ្រព្យសម្បត្តិដែលយើងបានសន្សំនៅស្ថានសួគ៌ តាមរយៈការទ្រទ្រង់របស់យើង ដល់ការងារដំណឹងល្អ (ម៉ាថាយ ៦:១៩-២១) ។ តើការដាក់ដង្វាយរបស់អ្នកបើកបង្ហាញអំពីចារិកលក្ខណៈរបស់អ្នក យ៉ាងណាខ្លះ?
ខគម្ពីរជញ្ជឹងគិត៖ ២កូរិនថូស ៨:១-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៥១-៥២ និង ភីលីព ៣