នំម៉ាណាប្រចាំថ្ងៃ
ការ​យល់​អត្ថន័យ​នៃ​សេរី​ភាព​ក្នុង​ព្រះគ្រីស្ទ

ការ​យល់​អត្ថន័យ​នៃ​សេរី​ភាព​ក្នុង​ព្រះគ្រីស្ទ

ដោយAlistair Begg

July 10, 2026

«ឯ​ក្រិត្យ​វិន័យ​របស់​ព្រះយេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ សេចក្ដី​បន្ទាល់​នៃ​ព្រះយេហូវ៉ា​ជា​ពិត ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា​ ។ សេចក្ដី​បញ្ញត្ត​របស់​ព្រះយេហូវ៉ា​សុទ្ធ​តែ​ទៀង​​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ត​រីករាយ​សប្បាយ ក្រិត្យ​ក្រម​នៃ​ព្រះយេហូវ៉ា​ជា​សុទ្ធសាធ ក៏​បំភ្លឺ​ភ្នែក ... មួយ​ទៀត ទូល​បង្គំ ជា​អ្នក​បំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត ដោយសារ​សេចក្ដី​ទាំង​នោះ​ដែរ ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ» ។ ទំនុក​ដំកើង ១៩:៧-៨
ជា​ញឹក​ញាប់ គ្រីស្ទបរិស័ទ​ច្រើនតែ​មាន​ទំនាក់​ទំនង​ដែល​ពិបាក​យល់ ជា​មួយ​ក្រឹត្យ​វិន័យ​របស់​ព្រះ​ ។ 
ជួនកាល យើង​​​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​ដែល​ថា យើង​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ​វិន័យ ប៉ុន្តែ យើង​ស្ថិត​នៅ​ក្រោម​ព្រះគុណ​ព្រះ​វិញ (រ៉ូម ៦:១៤) តែ​យើង​យល់​ឃើញថា ក្រឹត្យ​វិន័យ​ទាំង​នោះ គឺ​សម្រាប់​តែ​គ្រា​សញ្ញា​ចាស់​ទេ​ ។ កាល​នោះ គេ​យល់​ខុស​ថា រាស្រ្ត​របស់​ព្រះ​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ដប់​ប្រការ ប៉ុន្តែ ឥឡូវ យើង​អាច​ធ្វើ​អ្វី​ក៏បាន ព្រោះ​យើង​រស់នៅ​ក្នុង​សេរី​ភាព​ ។ ប៉ុន្តែ បើ​យើង​មាន​ទស្សនៈ​ដូច​នេះ យើង​ពិបាក​យល់ អំពី​សេចក្តី​ស្រឡាញ់​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង មាន​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ​ ។ គាត់​មិន​បាន​ចាត់​ទុក​ក្រឹត្យ​វិន័យ​ជា​អ្វី​ដែល​គាត់​ត្រូវតែ​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ទទួល​ស្គាល់​ថា ក្រឹត្យ​វិន័យ​គឺជា​ប្រភព​នៃ​ការ​ស្អាង​ឡើង​វិញ និង​ក្តី​អំណរ ព្រម​ទាំង​​ព្រះពរ​ ។ អ្នកជឿ​ព្រះ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ត្រូវ​មាន​ទស្សនៈ​ដូច​នេះ​ផង​ដែរ​ ។ ជា​ការ​ពិត​ណាស់ យើង​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ​វិន័យ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​ទទួលយក​យើង​ទៀត​ទេ តែ​យើង​នៅតែ​មើល​ឃើញថា ក្រឹត្យ​វិន័យ​គឺ​ជា​មធ្យោបាយ​សម្រាប់​ឲ្យ​យើង​រស់នៅ​ថ្វាយ​ព្រះ​ ។ ព្រះ​ទ្រង់​បាន​លោះ​យើង ដើម្បី​ឲ្យ​យើង​អាច​ក្លាយ​ជា​ផល​ដំបូង​នៃ​ស្នា​ព្រះ​ហស្ត​ថ្មី​របស់​ព្រះអង្គ ដែល​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ ដោយ​ធ្វើ​តាម​បំណង​ព្រះទ័យ​ទ្រង់ ហើយ​និយាយ​រួម យើង​រក​ឃើញ​បំណង​ព្រះទ័យ​ទ្រង់ ក្នុង​ក្រឹត្យ​វិន័យ​របស់​ទ្រង់!
ព្រះយេស៊ូវ​បាន​ប្រាប់​យើង​ថា «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច» (យ៉ូហាន ៨:៣១-៣២) ។ យើង​អាច​ដក​ពិសោធន៍​ជាមួយ​អំណាច​នៃ​ព្រះបន្ទូល​ព្រះ​ដែល​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព នៅ​ពេលណា​យើង​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត ដោយ​ការ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះយេស៊ូវ​ ។ សាវ័ក​យ៉ាកុប​បាន​ពិពណ៌នា​ថា ក្រឹត្យ​វិន័យ​របស់​ព្រះ​ល្អ​ឥត​ខ្ចោះ ហើយ​ផ្តល់​ឲ្យ​យើង​នូវ​សេរី​ភាព (យ៉ាកុប ១:២៥) ។ ក្នុង​ព្រះគ្រីស្ទ ក្រឹត្យ​វិន័យ​នោះ មិន​នៅ​ក្រៅ​ខ្លួន​យើង ក្នុង​លក្ខណៈ​អក្សរ​ដែល​បាន​ចារ​​​នៅ​លើ​បន្ទះ​ថ្ម​ទៀត​ទេ​ ។ តែ​សព្វថ្ងៃ​នេះ ក្រឹត្យ​វិន័យ​ទ្រង់​បាន​ចារ​នៅ​ក្នុង​ចិត្ត​យើង ដូច​មាន​សេចក្តី​ចែងថា «ព្រះវិញ្ញាណបរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ...«‍ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា​អញ​នឹង​ដាក់​ក្រិត្យ​វិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​នឹង​កត់ទុក​នៅ​ក្នុង​គំនិត​គេ​ផង‍»» (ហេព្រើរ ១០:១៥-១៦) ។ 
អ្វី​ដែល​យើង​ត្រូវ​យល់​នោះ​គឺ សេរី​ភាព​ដែល​យើង​មាន​ក្នុង​ព្រះគ្រីស្ទ បាន​ចង​​ភ្ជាប់​ដោយ​ផ្ទាល់​ជាមួយនឹង​ការ​សម្រេច​ចិត្ត​របស់​យើង​ ។ មនុស្ស​ដែល​មិន​ស្តាប់​បង្គាប់ គិត​ស្មានថា ខ្លួន​មាន​សេរី​ភាព ប៉ុន្តែ តាម​ពិត ពួកគេ​កំពុង​នៅ​ជាប់​ក្នុង​ចំណង​របស់​បាប​ ។ មនុស្ស​ដែល​ស្តាប់​បង្គាប់ អាច​មាន​អារម្មណ៍​ថា មាន​ការ​ឃាត់​ឃាំង​ពួកគេ ប៉ុន្តែ ពួកគេ​រស់នៅ​ក្នុង​សេរី​ភាព មិនមែន​ជា​ទាសករ​របស់​និស្ស័យ​សាច់ឈាម​ទៀត​ទេ​ ។ ពេលណា​យើង​មាន​ការ​ស្តាប់​បង្គាប់​កាន់តែ​ខ្លាំង យើង​ក៏​មាន​សេរី​ភាព​កាន់តែ​ខ្លាំង ព្រោះ​កាលណា​យើង​ស្តាប់​បង្គាប់​ព្រះអាទិករ​របស់​យើង​កាន់តែ​ខ្លាំង ដែល​ទ្រង់​បាន​ប្រាប់​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត ឲ្យ​អរ​សប្បាយ​នឹង​ព្រះពរ (លោកុប្បត្តិ ១:២៨) នោះ​យើង​ក៏​រស់នៅ​ជា​មនុស្ស ដែល​កាន់​តែ​សម​ស្រប​នឹង​បំណង​ព្រះទ័យ​ទ្រង់​ ។ 
អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង​យល់​អំពី​បញ្ហា​នេះ បានជា​គាត់​អាច​អរ​សប្បាយ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ ។ យើង​ក៏​ត្រូវ​អរ​សប្បាយ​ដូច​គាត់​ផង​ដែរ​ ។ បើ​អ្នក​ចង់​មាន​សេរី​ភាព​រួចពី​ការ​ប្រកាន់​ទោស​ខ្លួនឯង ភាព​ស្រើបស្រាល ការ​ភ័យ​ខ្លាច ភាព​ឯកោ ភាព​គ្មាន​គោលដៅ និង​ភាព​ទ​ទេ អ្នក​ត្រូវតែ​នៅ​ជាប់​ក្នុង​សេចក្តី​ពិត​ ។ នៅពេល​ដែល​អ្នក​ដើរ​ដោយ​ស្តាប់​បង្គាប់​ក្រឹត្យ​វិន័យ​របស់​ព្រះ អ្នក​នឹង​រក​ឃើញ​សេរី​ភាព ដែល​ធ្វើ​ឲ្យ​វិញ្ញាណ​អ្នក​មាន​កម្លាំង​ឡើង​វិញ ដោយ​នាំមក​នូវ​ក្តី​អំណរ​គ្មាន​ទី​បញ្ចប់ និង​ព្រះពរ​លើស​ការ​ស្រមៃ​របស់​អ្នក​ ។ តើ​អ្នក​មាន​ការ​ពិបាក ក្នុង​ការ​រស់នៅ​ក្រោម​ក្រឹត្យ​វិន័យ​របស់​ព្រះ នៅ​ថ្ងៃ​នេះ ដូច​ម្តេច​ខ្លះ? អ្នក​នឹង​បាន​ដក​ពិសោធន៍​នឹង​សេរី​ភាព ដែល​បាន​ពី​ការ​ស្តាប់​បង្គាប់​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ យេរេមា ៣១:៣១-៣៤
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ​៖ នាងរស់ និង កិច្ចការ ៨:២៦-៤០ 
 

ប្រភេទ